តុលាការ​ចោទ​ប្រកាន់​សមាជិក​គណបក្ស​កម្លាំង​ជាតិ​លោក ចក់ សារ៉ាយ ពី​បទ​រួម​គំនិត​ក្បត់

0
8
ប្រធាន​យុវជន​បក្ស​កម្លាំង​ជាតិ ស្រុក​ជីក្រែង ខេត្តសៀមរាប លោក ចក់ សារ៉ាយ (ឆ្វេង) ទទួលលិខិតតែងតាំងពីថ្នាក់ដឹកនាំ។ រូប៖ បណ្ដាញសង្គម
ប្រធាន​យុវជន​បក្ស​កម្លាំង​ជាតិ ស្រុក​ជីក្រែង ខេត្តសៀមរាប លោក ចក់ សារ៉ាយ (ឆ្វេង) ទទួលលិខិតតែងតាំងពីថ្នាក់ដឹកនាំ។ រូប៖ បណ្ដាញសង្គម

ប្រធាន​យុវជន​គណបក្ស​កម្លាំង​ជាតិ​ស្រុក​ជីក្រែង ខេត្តសៀមរាប លោក ចក់ សារ៉ាយ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ពី​បទ​រួមគំនិត​ក្បត់ និង​បទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា ៤៥៣ និង ៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​លោក​ត្រូវ​បាន​បញ្ជូន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ( ​ម​១) ​ព្រៃ​ស ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​គណបក្ស​កម្លាំងជាតិ។

អនុប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក សុខ គឹមសេង កត់សម្គាល់​ថា សកម្មភាព​របស់​លោក ចក់ សា​រ៉ា​យ កន្លងមក​លោក​មើល​មិន​ឃើញ​ថា ជា​រូបភាព​បទល្មើស​រហូត​ចោទប្រកាន់​ធ្ងន់ធ្ងរ​បែបនេះ​នោះ​ទេ​។ មួយវិញទៀត យុវជន​រូប​នេះ​ជា​ក្មេង​កំព្រា​ឪពុកម្ដាយ មិនអាច​មានលទ្ធភាព​ប្រព្រឹត្តិ​ទង្វើ​ទាំងអស់​នេះ​បាន​ឡើយ។ លោក​ថា អាជ្ញាធរ​គួរ​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់ ប្រសិនបើ​គ្រាន់តែ​ការរិះគន់​បន្តិចបន្តួច​គួរ​មានការ​យោគយល់ និង​ធ្វើ​ការអប់រំ មិន​គួរ​ចោទប្រកាន់​បែប​នេះ​ឡើយ​។​

លោក សុខ គឹមសេង៖ «កន្លងមក​ខ្ញុំ​មិនទាន់​ឃើញ​គាត់​ធ្វើ​សកម្មភាព​ណាមួយ​ឲ្យ​មាន​ភាព​វឹកវរ ឬ​ទាក់ទង​រួម​ជាមួយ​នរណា ខ្ញុំ​អត់​ដែល​ឃើញ​ព័ត៌មាន​នឹង​ណា ខ្ញុំ​ពិបាក​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ ពីព្រោះ​ថា​វា​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​ប្រជាពលរដ្ឋ ប្រជាជន​ម្នាក់ ក្មេង​កំព្រា ហើយ​គាត់​គ្រាន់តែ​ស្រឡាញ់​គោលការណ៍​ប្រជាធិបតេយ្យ សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ប៉ុណ្ណឹង​ឯង ប៉ុន្តែ​ខ្ញុំ​យល់ឃើញ​ថា បើសិនជា​ការ​បញ្ចេញ​មតិ​ទៅ​មានការ​ឆ្គាំឆ្គង​អ្វី គួរតែ​ណែនាំ​ទៅ​បាន​ហើយ»។

ទោះជា​យ៉ាងណា​មួយរយ​:​ចុងក្រោយ​នៅមុន​ពេល​ចាប់ខ្លួន លោក ចក់ សារ៉ាយ បាន​សរសេរ​សារ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​លើកឡើង​ថា នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ឈប់​ខ្លាច​អ្នកនយោបាយ ពេលនោះ​ហើយ​ដែល​អ្នកនយោបាយ​ត្រូវ​ខ្លាច​ប្រជាពលរដ្ឋ​។ លើស​ពី​នោះ លោក​ក៏បាន​ចែករំលែក​ព័ត៌មាន និង​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​កម្លាំង​ជាតិ។

ប្រធាន​យុវជន​បក្ស​កម្លាំង​ជាតិ ស្រុក​ជីក្រែង ខេត្តសៀមរាប លោក ចក់ សារ៉ាយ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ពី​ក្រសួងមហាផ្ទៃ ចុះ​ចាប់ខ្លួន កាលពី​ព្រលប់ ថ្ងៃទី​១៧ ខែកញ្ញា ដោយ​គ្មាន​ដីកា នៅផ្ទះ​របស់​លោក ក្នុងភូមិ​ដូន​សុខ ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​គណបក្ស​កម្លាំង​ជាតិ និង​សង្គម​ស៊ីវិល ចាត់ទុក​ការ​ចាប់ខ្លួន លោក ចក់ សារ៉ាយ  ​ដោយ​គ្មាន​ដីកា និង​បញ្ជាក់​មូលហេតុ​ត្រឹមត្រូវ​តាំងពី​ដំបូង​ជា​ទង្វើ ផ្ទុយ​ពី​ច្បាប់ និង​មិន​គោរព​សិទ្ធិមនុស្ស៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ