

ប្រធានយុវជនគណបក្សកម្លាំងជាតិស្រុកជីក្រែង ខេត្តសៀមរាប លោក ចក់ សារ៉ាយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទរួមគំនិតក្បត់ និងបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៥៣ និង ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ហើយលោកត្រូវបានបញ្ជូនឃុំខ្លួនបណ្ដោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ ( ម១) ព្រៃស ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីគណបក្សកម្លាំងជាតិ។
អនុប្រធានគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង កត់សម្គាល់ថា សកម្មភាពរបស់លោក ចក់ សារ៉ាយ កន្លងមកលោកមើលមិនឃើញថា ជារូបភាពបទល្មើសរហូតចោទប្រកាន់ធ្ងន់ធ្ងរបែបនេះនោះទេ។ មួយវិញទៀត យុវជនរូបនេះជាក្មេងកំព្រាឪពុកម្ដាយ មិនអាចមានលទ្ធភាពប្រព្រឹត្តិទង្វើទាំងអស់នេះបានឡើយ។ លោកថា អាជ្ញាធរគួរពិនិត្យឲ្យបានច្បាស់លាស់ ប្រសិនបើគ្រាន់តែការរិះគន់បន្តិចបន្តួចគួរមានការយោគយល់ និងធ្វើការអប់រំ មិនគួរចោទប្រកាន់បែបនេះឡើយ។
លោក សុខ គឹមសេង៖ «កន្លងមកខ្ញុំមិនទាន់ឃើញគាត់ធ្វើសកម្មភាពណាមួយឲ្យមានភាពវឹកវរ ឬទាក់ទងរួមជាមួយនរណា ខ្ញុំអត់ដែលឃើញព័ត៌មាននឹងណា ខ្ញុំពិបាកក្នុងការធ្វើអត្ថាធិប្បាយ ពីព្រោះថាវាធ្ងន់ធ្ងរណាស់សម្រាប់ប្រជាពលរដ្ឋ ប្រជាជនម្នាក់ ក្មេងកំព្រា ហើយគាត់គ្រាន់តែស្រឡាញ់គោលការណ៍ប្រជាធិបតេយ្យ សេរីភាពក្នុងការបញ្ចេញមតិប៉ុណ្ណឹងឯង ប៉ុន្តែខ្ញុំយល់ឃើញថា បើសិនជាការបញ្ចេញមតិទៅមានការឆ្គាំឆ្គងអ្វី គួរតែណែនាំទៅបានហើយ»។
ទោះជាយ៉ាងណាមួយរយ:ចុងក្រោយនៅមុនពេលចាប់ខ្លួន លោក ចក់ សារ៉ាយ បានសរសេរសារបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដោយលើកឡើងថា នៅពេលដែលប្រជាពលរដ្ឋឈប់ខ្លាចអ្នកនយោបាយ ពេលនោះហើយដែលអ្នកនយោបាយត្រូវខ្លាចប្រជាពលរដ្ឋ។ លើសពីនោះ លោកក៏បានចែករំលែកព័ត៌មាន និងចូលរួមសកម្មភាពនយោបាយជាមួយគណបក្សកម្លាំងជាតិ។
ប្រធានយុវជនបក្សកម្លាំងជាតិ ស្រុកជីក្រែង ខេត្តសៀមរាប លោក ចក់ សារ៉ាយ ត្រូវបានកម្លាំងសមត្ថកិច្ចពីក្រសួងមហាផ្ទៃ ចុះចាប់ខ្លួន កាលពីព្រលប់ ថ្ងៃទី១៧ ខែកញ្ញា ដោយគ្មានដីកា នៅផ្ទះរបស់លោក ក្នុងភូមិដូនសុខ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
គណបក្សកម្លាំងជាតិ និងសង្គមស៊ីវិល ចាត់ទុកការចាប់ខ្លួន លោក ចក់ សារ៉ាយ ដោយគ្មានដីកា និងបញ្ជាក់មូលហេតុត្រឹមត្រូវតាំងពីដំបូងជាទង្វើ ផ្ទុយពីច្បាប់ និងមិនគោរពសិទ្ធិមនុស្ស៕









