អ្នកឃ្លាំមើល​រិះគន់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ថា ជា​អ្នករំលោភ​រដ្ឋធម្មនុញ្ញ​ធ្ងន់ធ្ងរ​ចាប់តាំងពី​៣៣​ឆ្នាំមុន​

0
92
ប្រធានព្រឹទ្ធសភា​លោក ហ៊ុន សែន ថ្លែងពីជួបជនភៀសសឹក​ នៅខេត្ត​បន្ទាយមានជ័យ កាលពីថ្ងៃទី៩ មិថុនា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ប្រធានព្រឹទ្ធសភា​លោក ហ៊ុន សែន ថ្លែងពីជួបជនភៀសសឹក​ នៅខេត្ត​បន្ទាយមានជ័យ កាលពីថ្ងៃទី៩ មិថុនា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

​គិត​ត្រឹម​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២៦ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២ ត្រូវបាន​បង្កើតឡើង​អស់​រយៈពេល​៣៣​ឆ្នាំ​មកហើយ​។ ក្នុងអំឡុងពេល​ជាង​៣​ទសវត្សរ៍​នេះ អ្នកឃ្លាំមើល​រិះគន់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ថា​ជា​អ្នក​ដែល​រំលោភ​រដ្ឋធម្មនុញ្ញ​ធ្ងន់ធ្ងរ ក្នុងនោះ​រួមមាន​ការកែប្រែ​រដ្ឋធម្មនុញ្ញ​ដើម្បី​បម្រើ​ផលប្រយោជន៍​នយោបាយ​បក្ស​កាន់អំណាច និង​ដើម្បី​គាបសង្កត់​ទៅលើ​បក្សប្រឆាំង ឬ​ក្រុម​មានមតិ​ផ្ទុយ​ជាដើម ។​

​អ្នកឃ្លាំមើល​យល់ថា ចាប់តាំងពី​កម្ពុជា បានរៀបចំ​រដ្ឋធម្មនុញ្ញ​ឡើងវិញ នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៣​មក ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា នៅតែ​ល្អប្រសើរ ជាពិសេស​ការលើកកម្ពស់​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស តាមរយៈ​ការបើក​លំហ​ឱ្យ​ពលរដ្ឋ និង​អ្នកនយោបាយ​គ្រប់​និន្នាការ​ចូលរួម​ប្រកួតប្រជែង​នយោបាយ តាមរយៈ​ការបោះឆ្នោត និង ការធានា​នូវ​យុត្តិធម៌​សង្គម ក៏ប៉ុន្តែ​ជាង​៣០​ឆ្នាំ​មកនេះ រដ្ឋាភិបាល​បក្ស​កាន់អំណាច កាន់តែ​រំលោភ​លើ​ស្មារតី​រដ្ឋធម្មនុញ្ញ តាមរយៈ​ការរំលាយ​គណបក្សប្រឆាំង ការចាប់ខ្លួន​អ្នកនយោបាយ និង​ពលរដ្ឋ តាម​ទំនើងចិត្ត​។

អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណ​លី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២៤ ខែកញ្ញា​ថា បញ្ហា​ធំ​របស់​កម្ពុជា គឺ​អ្នកកាន់អំណាច​និយាយថា​គោរព​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្ដែង​នៅមាន​គម្លាត ដូចជា​រដ្ឋធម្មនុញ្ញ​បានចែង​ពី​ការធានា​សិទ្ធិ​ពលរដ្ឋ និង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ប៉ុន្តែ​ពលរដ្ឋ​ដែល​ប្រើ​សិទ្ធិ​រិះគន់​ដោយ​សន្តិវិធី ត្រូវ​រង​ការគំរាមកំហែង ឬ​ចាប់​ដាក់ពន្ធនាគារ ដូច្នេះ​ការ​ប្រារព្ធ​ទិវា​រដ្ឋធម្មនុញ្ញ​គឺមាន​ត្រឹមតែ​សំបក​ក្រៅ​ប៉ុណ្ណោះ។

លោក​បន្តថា ការប្រើ​ច្បាប់​ដើម្បី​ដាក់​សម្ពាធ​លើ​អ្នកនយោបាយ​ប្រឆាំង សកម្មជន​សិទ្ធិមនុស្ស និង​អ្នកការពារ​បរិស្ថាន ដូចជា​ករណី​សកម្មជន​មាតា​ធម្មជាតិ​៥​រូប ដែល​កំពុង​ជាប់ពន្ធនាគារ គឺជា​ឧទាហរណ៍​ដ៏​គួរឱ្យ​បារម្ភ​។ បន្ថែម​ពីលើ​នោះ លោក​មើលឃើញថា បញ្ហា​ការកែ​ច្បាប់​ដើម្បី​បង្កើន​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​បង្រួម​សិទ្ធិ អ្នកដទៃ ក៏​ជា​រឿង​ដ៏​ធ្ងន់ធ្ងរ​ដែល​រដ្ឋាភិបាល​ប​ក្ស​កាន់អំណាច តែងតែ​ធ្វើឡើង ដោយ​បំពាន​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា​។

លោក សេង វណ្ណលី៖ «បើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត ចង់​បង្ហាញថា​គោរព​រដ្ឋធម្មនុញ្ញ​ពិត ត្រូវ​ធានា​ឱ្យ​អ្នក​ជាប់ឃុំ​ដោយសារ​ការបញ្ចេញមតិ​ដោយ​សន្តិវិធី​ទទួលបាន​សេរីភាព បញ្ឈប់​ការ​គំរាម​អ្នក​រិះគន់ និង​បើក​ឱ្យ​បក្សប្រឆាំង អ្នកសារព័ត៌មាន និង​សង្គម​ស៊ីវិល​ធ្វើការ​ដោយ​សេរី​។ ត្រូវ​ទុកឱ្យ​តុលាការ​សម្រេច​ក្ដី​ដោយ​ឯករាជ្យ ហើយ​ស៊ើបអង្កេត​អ្នកប្រព្រឹត្ត​ខុស​ដោយ​មិន​រើសមុខ ទោះជា​មន្ត្រី​ធំ អ្នកមានអំណាច ឬ​អ្នក​ជិតស្និទ្ធ​របស់ខ្លួន​ក៏ដោយ​»។

រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ត្រូវបាន​បង្កើតឡើង​ដោយមាន​ការចូលរួម​ពី​អ្នកនយោបាយ​សំខាន់ៗ​មកពី​គណបក្ស ហ្វ៊ុនស៊ិនប៉ិច (FUNCINPEC) គណបក្ស​ប្រជាជន​កម្ពុជា (CPP) គណបក្ស​របស់​លោកតា សឺ​ន សាន នៅក្រោយ​ការបោះឆ្នោត​ឆ្នាំ​១៩៩៣ ​ដែលមាន​ការសម្របសម្រួល​ដោយផ្ទាល់​ពី​អាជ្ញាធរ​បណ្ដោះអាសន្ន​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ឬ​ហៅថា​UNTAC ក្រោយពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។

ទោះជា​យ៉ាងណា អ្នកវិភាគ​យល់ថា ចាប់តាំងពី​កម្ពុជា ដាក់ឱ្យ​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ​ជា​ផ្លូវការ​មក​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ រិះរក​វិធី​កែប្រែ​ច្បាប់ ក្នុង​គោលដៅ ដើម្បី​ពង្រីក​អំណាច និង​ធ្វើទុក្ខបុកម្នេញ​មកលើ​គណបក្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង អ្នក​រិះគន់​រដ្ឋាភិបាល​។ ជាក់ស្ដែង គិត​ត្រឹម​ឆ្នាំ​២០២៥ រដ្ឋធម្មនុញ្ញ​កម្ពុជា​ត្រូវបាន​រដ្ឋាភិបាល ធ្វើ​វិសោធនកម្ម​ចំនួន ១១ លើក​ហើយ​។ ការធ្វើ​វិសោធនកម្ម​ចុងក្រោយបង្អស់​គឺ​លើ​មាត្រា​៣៣ ពាក់ព័ន្ធ ការដក​សញ្ជាតិ​ពលរដ្ឋ​ខ្មែរ ពី​កំណើត កាលពី​ខែកក្កដា ឆ្នាំ​២០២៥។

អ្នកឃ្លាំមើល​យល់ថា ចំពោះ​ការធ្វើ​វិសោធនកម្ម​ជា​បន្តបន្ទាប់ ជាពិសេស​ចាប់តាំងពី​ការធ្វើ​វិសោធនកម្ម​លើក​ទី​៩ ឆ្នាំ​២០២១ ដល់​លើក​ទី​១១ ឆ្នាំ​២០២៥ បាន​បង្ក​ជា​ក្ដីបារម្ភ​សម្រាប់​ជាតិ ដូចជា ការធ្វើ​វិសោធនកម្ម​លើក​ទី​១០ លើ​មាត្រា ១១៩ ថ្មី ស្ដីពី ការតែងតាំង​នាយករដ្ឋមន្ត្រី រង​ការ​រិះគន់ថា អំណាច​ក្នុងការ​ចាត់តាំង​នាយករដ្ឋមន្ត្រី​ត្រូវបាន​ផ្ទេរ​ទៅឱ្យ​បក្សនយោបាយ​ដែលមាន​អាសនៈ​ច្រើនជាងគេ​នៅក្នុង​រដ្ឋសភា ជា​អ្នកស្នើ​ផ្ទាល់​។ ចំណុច​នេះ​ធ្វើឱ្យ​ថយចុះ​តួនាទី​ត្រួតពិនិត្យ និង​ការជជែក​ដេញដោល​ជា​សាធារណៈ​នៅក្នុង​រដ្ឋសភា។

ចំណែក ការធ្វើ​វិសោធនកម្ម​លើ​មាត្រា​៩៨​ថ្មី ពាក់ព័ន្ធ ការដក​សេចក្ដីទុកចិត្ត លើ​រដ្ឋាភិបាល គឺ​តម្រូវឱ្យមាន​សំឡេងឆ្នោត​ភាគី​ច្រើន ទើប​អាច​ធ្វើបាន ដែល​ករណីនេះ​ធ្វើឱ្យ​គណបក្សប្រឆាំង ឬ​ក្រុមតំណាងរាស្ត្រ​ភាគតិច​ពិបាក​ក្នុងការ​កោះហៅ ឬ​ដក​សេចក្ដីទុកចិត្ត​ពី​មន្ត្រី​រដ្ឋាភិបាល ដែលនាំឱ្យ​ប៉ះពាល់​ដល់​យន្តការ​សម​តុល្យ​អំណាច​។ រីឯ​ការធ្វើ​វិសោធនកម្ម​លើក​ទី​១១​លើ​មាត្រា ៣៣ ថ្មី​ជុំវិញ​ការដក​សញ្ជាតិ​ខ្មែរ​ពី​បុគ្គល ដែល​រដ្ឋាភិបាល​ចោទប្រកាន់ថា​មានទោស​ក្បត់ជាតិ ឬ​គប់គិត​ជាមួយ​បរទេស ជាដើម ក៏​រង​ការ​រិះគន់ថា អាច​នឹងត្រូវ​យកមក​ប្រើប្រាស់​ជា​ឧបករណ៍​នយោបាយ ដើម្បី​ធ្វើទុក្ខបុកម្នេញ​លើ​ដៃគូ​នយោបាយ និង​អ្នក​រិះគន់​រដ្ឋាភិបាល ដែល​រស់នៅ​ក្រៅប្រទេស។

អ្នកវិភាគ និង​គណបក្សប្រឆាំង តែងតែ​លើកឡើងថា ការធ្វើ​វិសោធនកម្ម​សំខាន់ៗ​មួយចំនួន ត្រូវបាន​ធ្វើឡើង​យ៉ាងគំហុក ដោយ​ខ្វះ​ការពិគ្រោះ​យោបល់​ឱ្យបាន​ទូលំទូលាយ និង​ស៊ីជម្រៅ​ជាមួយ​សង្គម​ស៊ីវិល ភាគី​ពាក់ព័ន្ធ ឬ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ជាមុន​។ ពួកគាត់​មើលឃើញថា រដ្ឋាភិបាល​ត្រកូល​ហ៊ុន បាន​យក​រដ្ឋធម្មនុញ្ញ​កម្ពុជា ធ្វើជា​ឧបករណ៍​នយោបាយ របស់​បក្ស​កាន់អំណាច​ដើម្បី​តាម​កម្ទេច​អ្នកនយោបាយ​បក្សប្រឆាំង និង​ចាប់​ពលរដ្ឋ​ដាក់គុក​។

ឆ្លើយតប​ជុំវិញ​ការរិះគន់​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ធីរិទ្ធិ បាន​បដិសេធ​ដោយ​អះអាងថា រដ្ឋាភិបាល តែងតែ​គោរព និង​ផ្ដល់​តម្លៃ​ខ្ពស់​លើ​ស្មារតី​រដ្ឋធម្មនុញ្ញ កម្ពុជា​។ លោក​បន្តថា ការចាប់ខ្លួន អ្នកនយោបាយ​បក្សប្រឆាំង និង​អ្នក​រិះគន់ គឺជា​ការអនុវត្ត​ច្បាប់ ស្របតាម​រដ្ឋធម្មនុញ្ញ ខណៈ​អ្នក​ដែល​រិះគន់ តាម​អំពើ​ចិត្ត​ទៅវិញ​ទេ ដែលជា​អ្នករំលោភ​ស្មារតី រដ្ឋធម្មនុញ្ញ។

លោក ជា ធីរិទ្ធិ​៖ «​ហើយ​នៅពេលដែល​ចាប់ខ្លួន ក្រុម​របស់​ពួកគេ​តែងតែ​លើកឡើងថា បំពាន​សិទ្ធិ គ្មាន​សិទ្ធិមនុស្ស រំលោភ​រដ្ឋធម្មនុញ្ញ​។ សិទ្ធិ​បញ្ចេញមតិ ឬក៏​សិទ្ធិមនុស្ស​ដែល​យើង​មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ តើ​យើង​បានគិត​ទេ​នៅពេល​និយាយ​ទៅ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នកដទៃ​? តើ​នោះ​មិនមែនជា​ការរំលោភ​លើ​សិទ្ធិ​រដ្ឋធម្មនុញ្ញ​ទេ ឬក៏​យ៉ាងម៉េច​? ស្មារតី​រដ្ឋធម្មនុញ្ញ​យ៉ាងម៉េច​? ឬក៏​ថា រដ្ឋធម្មនុញ្ញ​ហ្នឹង​ការពារ​បុគ្គល​ដែល​បរិហារ​និយាយ​ប៉ះពាល់​ដល់​សិទ្ធិ​គេ ឬក៏​យ៉ាងម៉េច​? អញ្ចឹង ខ្ញុំ​គិតថា រឿងនេះ​ដដែលៗ​ទេ ហើយ​សង្ឃឹមថា ប្រជាពលរដ្ឋ អាច​យល់បាន​ហើយ »។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែន​ករុណា យល់ថា ចាប់តាំងពី​តុលាការ​កំពូល​បានប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការបន្ត​ធ្វើទុក្ខបុកម្នេញ​អ្នកនយោបាយ និង​ពលរដ្ឋ​ជា​បន្ត​បន្ទាប់មក​ស្មារតី​រដ្ឋធម្មនុញ្ញ ត្រូវបាន​រដ្ឋាភិបាល​ផាត់​ចោល ដោយ​ប​ម្លែ​ង​មកជា​ឧបករណ៍​នយោបាយ​ដើម្បី​ទុកជា​រនាំង​ការពារ​អំណាច​ដែល​ធ្វើឱ្យ​អំពើ​អយុត្តិធម៌ កាន់តែ​កើតមានឡើង​ច្រើន​នៅ​សង្គម​សព្វថ្ងៃ​។

លោក ស៊ឹង សែន​ករុណា​៖ «​មិនមែន​ដឹកនាំ​ទៅតាម​អារម្មណ៍​របស់​អ្នកនយោបាយ មេដឹកនាំ​នយោបាយ ដើម្បី​ធ្វើយ៉ាងណា​ការពារ​នូវ​អំណាច និង​ផលប្រយោជន៍​របស់ខ្លួន​តែប៉ុណ្ណោះ​ទេ​។ អញ្ចឹង យើង​អត់​ចង់ឃើញ​ប្រទេស​កម្ពុជា​យើង​នៅក្នុង​ស្ថានភាព​បែបនេះ​ទេ​។ យើង​ចង់​ឲ្យ​មានការ​គោរព​នូវ​សិទ្ធិ​នយោបាយ បើក​លំហ​នូវ​សេរីភាព​ផ្នែក​នយោបាយ ការអនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ឲ្យ​មាន​យុត្តិធម៌​សង្គម ការពារ​ធនធាន​រប​ស់​ជាតិ នោះ​គឺជា​អ្វីដែល​យើង​ចង់បាន​… »​។

លោក សេង វណ្ណ​លី យល់ថា រដ្ឋាភិបាល​មិនអាច​ទាមទារ​ឱ្យ​ពលរដ្ឋ​គោរព​ច្បាប់ ខណៈ​អ្នកកាន់អំណាច​គេច​ពី​ការទទួលខុសត្រូវ​បាន​ទេ​។ លោក​អះអាងថា រដ្ឋធម្មនុញ្ញ​មានតម្លៃ​ពិត នៅពេល​អាច​ការពារ​ព​ល​រដ្ឋ​ពី​ការរំលោភ​អំណាច និង​ដាក់​អ្នកកាន់អំណាច​ឱ្យនៅ​ក្រោម​ច្បាប់​។ លោក​យល់​ថាបើ​អ្នក​រិះគន់​នៅតែ​ភ័យខ្លាច ហើយ​អ្នកមានអំណាច​នៅតែ​អាចធ្វើ​អ្វី​តាម​អំពើ​ចិត្ត នោះ​ពាក្យ​ថា គោរព​រដ្ឋធម្មនុញ្ញ គ្រាន់តែ​ជា​ពាក្យ​សម្រាប់​និយាយ​ក្នុង​ពិធីការ​ប៉ុណ្ណោះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ