

គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី២ ត្រូវបានបង្កើតឡើងអស់រយៈពេល៣៣ឆ្នាំមកហើយ។ ក្នុងអំឡុងពេលជាង៣ទសវត្សរ៍នេះ អ្នកឃ្លាំមើលរិះគន់រដ្ឋាភិបាលត្រកូលហ៊ុនថាជាអ្នកដែលរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ ក្នុងនោះរួមមានការកែប្រែរដ្ឋធម្មនុញ្ញដើម្បីបម្រើផលប្រយោជន៍នយោបាយបក្សកាន់អំណាច និងដើម្បីគាបសង្កត់ទៅលើបក្សប្រឆាំង ឬក្រុមមានមតិផ្ទុយជាដើម ។
អ្នកឃ្លាំមើលយល់ថា ចាប់តាំងពីកម្ពុជា បានរៀបចំរដ្ឋធម្មនុញ្ញឡើងវិញ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣មក ខ្លឹមសារនៃរដ្ឋធម្មនុញ្ញកម្ពុជា នៅតែល្អប្រសើរ ជាពិសេសការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការបើកលំហឱ្យពលរដ្ឋ និងអ្នកនយោបាយគ្រប់និន្នាការចូលរួមប្រកួតប្រជែងនយោបាយ តាមរយៈការបោះឆ្នោត និង ការធានានូវយុត្តិធម៌សង្គម ក៏ប៉ុន្តែជាង៣០ឆ្នាំមកនេះ រដ្ឋាភិបាលបក្សកាន់អំណាច កាន់តែរំលោភលើស្មារតីរដ្ឋធម្មនុញ្ញ តាមរយៈការរំលាយគណបក្សប្រឆាំង ការចាប់ខ្លួនអ្នកនយោបាយ និងពលរដ្ឋ តាមទំនើងចិត្ត។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២៤ ខែកញ្ញាថា បញ្ហាធំរបស់កម្ពុជា គឺអ្នកកាន់អំណាចនិយាយថាគោរពរដ្ឋធម្មនុញ្ញ ប៉ុន្តែការអនុវត្តជាក់ស្ដែងនៅមានគម្លាត ដូចជារដ្ឋធម្មនុញ្ញបានចែងពីការធានាសិទ្ធិពលរដ្ឋ និងប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ប៉ុន្តែពលរដ្ឋដែលប្រើសិទ្ធិរិះគន់ដោយសន្តិវិធី ត្រូវរងការគំរាមកំហែង ឬចាប់ដាក់ពន្ធនាគារ ដូច្នេះការប្រារព្ធទិវារដ្ឋធម្មនុញ្ញគឺមានត្រឹមតែសំបកក្រៅប៉ុណ្ណោះ។
លោកបន្តថា ការប្រើច្បាប់ដើម្បីដាក់សម្ពាធលើអ្នកនយោបាយប្រឆាំង សកម្មជនសិទ្ធិមនុស្ស និងអ្នកការពារបរិស្ថាន ដូចជាករណីសកម្មជនមាតាធម្មជាតិ៥រូប ដែលកំពុងជាប់ពន្ធនាគារ គឺជាឧទាហរណ៍ដ៏គួរឱ្យបារម្ភ។ បន្ថែមពីលើនោះ លោកមើលឃើញថា បញ្ហាការកែច្បាប់ដើម្បីបង្កើនអំណាចរបស់គណបក្សប្រជាជនកម្ពុជា និងបង្រួមសិទ្ធិ អ្នកដទៃ ក៏ជារឿងដ៏ធ្ងន់ធ្ងរដែលរដ្ឋាភិបាលបក្សកាន់អំណាច តែងតែធ្វើឡើង ដោយបំពានរដ្ឋធម្មនុញ្ញកម្ពុជា។
លោក សេង វណ្ណលី៖ «បើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចង់បង្ហាញថាគោរពរដ្ឋធម្មនុញ្ញពិត ត្រូវធានាឱ្យអ្នកជាប់ឃុំដោយសារការបញ្ចេញមតិដោយសន្តិវិធីទទួលបានសេរីភាព បញ្ឈប់ការគំរាមអ្នករិះគន់ និងបើកឱ្យបក្សប្រឆាំង អ្នកសារព័ត៌មាន និងសង្គមស៊ីវិលធ្វើការដោយសេរី។ ត្រូវទុកឱ្យតុលាការសម្រេចក្ដីដោយឯករាជ្យ ហើយស៊ើបអង្កេតអ្នកប្រព្រឹត្តខុសដោយមិនរើសមុខ ទោះជាមន្ត្រីធំ អ្នកមានអំណាច ឬអ្នកជិតស្និទ្ធរបស់ខ្លួនក៏ដោយ»។
រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ត្រូវបានបង្កើតឡើងដោយមានការចូលរួមពីអ្នកនយោបាយសំខាន់ៗមកពីគណបក្ស ហ្វ៊ុនស៊ិនប៉ិច (FUNCINPEC) គណបក្សប្រជាជនកម្ពុជា (CPP) គណបក្សរបស់លោកតា សឺន សាន នៅក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ដែលមានការសម្របសម្រួលដោយផ្ទាល់ពីអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា ឬហៅថាUNTAC ក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។
ទោះជាយ៉ាងណា អ្នកវិភាគយល់ថា ចាប់តាំងពីកម្ពុជា ដាក់ឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញជាផ្លូវការមករដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែ រិះរកវិធីកែប្រែច្បាប់ ក្នុងគោលដៅ ដើម្បីពង្រីកអំណាច និងធ្វើទុក្ខបុកម្នេញមកលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និង អ្នករិះគន់រដ្ឋាភិបាល។ ជាក់ស្ដែង គិតត្រឹមឆ្នាំ២០២៥ រដ្ឋធម្មនុញ្ញកម្ពុជាត្រូវបានរដ្ឋាភិបាល ធ្វើវិសោធនកម្មចំនួន ១១ លើកហើយ។ ការធ្វើវិសោធនកម្មចុងក្រោយបង្អស់គឺលើមាត្រា៣៣ ពាក់ព័ន្ធ ការដកសញ្ជាតិពលរដ្ឋខ្មែរ ពីកំណើត កាលពីខែកក្កដា ឆ្នាំ២០២៥។
អ្នកឃ្លាំមើលយល់ថា ចំពោះការធ្វើវិសោធនកម្មជាបន្តបន្ទាប់ ជាពិសេសចាប់តាំងពីការធ្វើវិសោធនកម្មលើកទី៩ ឆ្នាំ២០២១ ដល់លើកទី១១ ឆ្នាំ២០២៥ បានបង្កជាក្ដីបារម្ភសម្រាប់ជាតិ ដូចជា ការធ្វើវិសោធនកម្មលើកទី១០ លើមាត្រា ១១៩ ថ្មី ស្ដីពី ការតែងតាំងនាយករដ្ឋមន្ត្រី រងការរិះគន់ថា អំណាចក្នុងការចាត់តាំងនាយករដ្ឋមន្ត្រីត្រូវបានផ្ទេរទៅឱ្យបក្សនយោបាយដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា ជាអ្នកស្នើផ្ទាល់។ ចំណុចនេះធ្វើឱ្យថយចុះតួនាទីត្រួតពិនិត្យ និងការជជែកដេញដោលជាសាធារណៈនៅក្នុងរដ្ឋសភា។
ចំណែក ការធ្វើវិសោធនកម្មលើមាត្រា៩៨ថ្មី ពាក់ព័ន្ធ ការដកសេចក្ដីទុកចិត្ត លើរដ្ឋាភិបាល គឺតម្រូវឱ្យមានសំឡេងឆ្នោតភាគីច្រើន ទើបអាចធ្វើបាន ដែលករណីនេះធ្វើឱ្យគណបក្សប្រឆាំង ឬក្រុមតំណាងរាស្ត្រភាគតិចពិបាកក្នុងការកោះហៅ ឬដកសេចក្ដីទុកចិត្តពីមន្ត្រីរដ្ឋាភិបាល ដែលនាំឱ្យប៉ះពាល់ដល់យន្តការសមតុល្យអំណាច។ រីឯការធ្វើវិសោធនកម្មលើកទី១១លើមាត្រា ៣៣ ថ្មីជុំវិញការដកសញ្ជាតិខ្មែរពីបុគ្គល ដែលរដ្ឋាភិបាលចោទប្រកាន់ថាមានទោសក្បត់ជាតិ ឬគប់គិតជាមួយបរទេស ជាដើម ក៏រងការរិះគន់ថា អាចនឹងត្រូវយកមកប្រើប្រាស់ជាឧបករណ៍នយោបាយ ដើម្បីធ្វើទុក្ខបុកម្នេញលើដៃគូនយោបាយ និងអ្នករិះគន់រដ្ឋាភិបាល ដែលរស់នៅក្រៅប្រទេស។
អ្នកវិភាគ និងគណបក្សប្រឆាំង តែងតែលើកឡើងថា ការធ្វើវិសោធនកម្មសំខាន់ៗមួយចំនួន ត្រូវបានធ្វើឡើងយ៉ាងគំហុក ដោយខ្វះការពិគ្រោះយោបល់ឱ្យបានទូលំទូលាយ និងស៊ីជម្រៅជាមួយសង្គមស៊ីវិល ភាគីពាក់ព័ន្ធ ឬប្រជាពលរដ្ឋម្ចាស់ឆ្នោតជាមុន។ ពួកគាត់មើលឃើញថា រដ្ឋាភិបាលត្រកូលហ៊ុន បានយករដ្ឋធម្មនុញ្ញកម្ពុជា ធ្វើជាឧបករណ៍នយោបាយ របស់បក្សកាន់អំណាចដើម្បីតាមកម្ទេចអ្នកនយោបាយបក្សប្រឆាំង និងចាប់ពលរដ្ឋដាក់គុក។
ឆ្លើយតបជុំវិញការរិះគន់នេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធិ បានបដិសេធដោយអះអាងថា រដ្ឋាភិបាល តែងតែគោរព និងផ្ដល់តម្លៃខ្ពស់លើស្មារតីរដ្ឋធម្មនុញ្ញ កម្ពុជា។ លោកបន្តថា ការចាប់ខ្លួន អ្នកនយោបាយបក្សប្រឆាំង និងអ្នករិះគន់ គឺជាការអនុវត្តច្បាប់ ស្របតាមរដ្ឋធម្មនុញ្ញ ខណៈអ្នកដែលរិះគន់ តាមអំពើចិត្តទៅវិញទេ ដែលជាអ្នករំលោភស្មារតី រដ្ឋធម្មនុញ្ញ។
លោក ជា ធីរិទ្ធិ៖ «ហើយនៅពេលដែលចាប់ខ្លួន ក្រុមរបស់ពួកគេតែងតែលើកឡើងថា បំពានសិទ្ធិ គ្មានសិទ្ធិមនុស្ស រំលោភរដ្ឋធម្មនុញ្ញ។ សិទ្ធិបញ្ចេញមតិ ឬក៏សិទ្ធិមនុស្សដែលយើងមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ តើយើងបានគិតទេនៅពេលនិយាយទៅដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ? តើនោះមិនមែនជាការរំលោភលើសិទ្ធិរដ្ឋធម្មនុញ្ញទេ ឬក៏យ៉ាងម៉េច? ស្មារតីរដ្ឋធម្មនុញ្ញយ៉ាងម៉េច? ឬក៏ថា រដ្ឋធម្មនុញ្ញហ្នឹងការពារបុគ្គលដែលបរិហារនិយាយប៉ះពាល់ដល់សិទ្ធិគេ ឬក៏យ៉ាងម៉េច? អញ្ចឹង ខ្ញុំគិតថា រឿងនេះដដែលៗទេ ហើយសង្ឃឹមថា ប្រជាពលរដ្ឋ អាចយល់បានហើយ »។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា យល់ថា ចាប់តាំងពីតុលាការកំពូលបានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ និងការបន្តធ្វើទុក្ខបុកម្នេញអ្នកនយោបាយ និងពលរដ្ឋជាបន្តបន្ទាប់មកស្មារតីរដ្ឋធម្មនុញ្ញ ត្រូវបានរដ្ឋាភិបាលផាត់ចោល ដោយបម្លែងមកជាឧបករណ៍នយោបាយដើម្បីទុកជារនាំងការពារអំណាចដែលធ្វើឱ្យអំពើអយុត្តិធម៌ កាន់តែកើតមានឡើងច្រើននៅសង្គមសព្វថ្ងៃ។
លោក ស៊ឹង សែនករុណា៖ «មិនមែនដឹកនាំទៅតាមអារម្មណ៍របស់អ្នកនយោបាយ មេដឹកនាំនយោបាយ ដើម្បីធ្វើយ៉ាងណាការពារនូវអំណាច និងផលប្រយោជន៍របស់ខ្លួនតែប៉ុណ្ណោះទេ។ អញ្ចឹង យើងអត់ចង់ឃើញប្រទេសកម្ពុជាយើងនៅក្នុងស្ថានភាពបែបនេះទេ។ យើងចង់ឲ្យមានការគោរពនូវសិទ្ធិនយោបាយ បើកលំហនូវសេរីភាពផ្នែកនយោបាយ ការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ឲ្យមានយុត្តិធម៌សង្គម ការពារធនធានរបស់ជាតិ នោះគឺជាអ្វីដែលយើងចង់បាន… »។
លោក សេង វណ្ណលី យល់ថា រដ្ឋាភិបាលមិនអាចទាមទារឱ្យពលរដ្ឋគោរពច្បាប់ ខណៈអ្នកកាន់អំណាចគេចពីការទទួលខុសត្រូវបានទេ។ លោកអះអាងថា រដ្ឋធម្មនុញ្ញមានតម្លៃពិត នៅពេលអាចការពារពលរដ្ឋពីការរំលោភអំណាច និងដាក់អ្នកកាន់អំណាចឱ្យនៅក្រោមច្បាប់។ លោកយល់ថាបើអ្នករិះគន់នៅតែភ័យខ្លាច ហើយអ្នកមានអំណាចនៅតែអាចធ្វើអ្វីតាមអំពើចិត្ត នោះពាក្យថា គោរពរដ្ឋធម្មនុញ្ញ គ្រាន់តែជាពាក្យសម្រាប់និយាយក្នុងពិធីការប៉ុណ្ណោះ៕








