

ទាហានខ្មែរលើកឡើងថា កម្ពុជាអាចនឹងបន្តបាត់បង់ទឹកដីជាច្រើនទីតាំងបន្ថែមទៀតនៅតំបន់ព្រំដែនច្រកជាំ ដែលស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បន្ទាប់ពីតំណាងរបស់កម្ពុជាបានឯកភាពជាមួយយោធាថៃ នៅក្នុងកិច្ចប្រជុំ (RBC) មិនឱ្យភាគីណាមួយពង្រីកទីតាំងនៅក្នុងតំបន់នេះនោះឡើយ។ ទាហានខ្មែរថា ការឯកភាពនេះបានអនុវត្តឡើងតែចំពោះភាគីកម្ពុជាតែម្ខាងប៉ុណ្ណោះ ខណៈភាគីយោធាថៃនៅតែធ្វើសកម្មភាពឈូសឆាយ និងពង្រីកទីតាំងតាមអំពើចិត្តនៅក្នុងតំបន់ច្រកជាំនេះ។
ទាហានខ្មែរបានកត់សម្គាល់ថា ចាប់តាំងពីផ្អាកផ្ទុះអាវុធនៅតាមព្រំដែនអស់រយៈពេលជិតមួយឆ្នាំមកនេះ រដ្ឋាភិបាលកម្ពុជាកាន់តែចរចាទ្វេភាគីជាមួយថៃ គឺកាន់តែធ្វើឱ្យបាត់បង់ទឹកដីបន្ថែមទៅកាន់ភាគីថៃ។
ទាហានខ្មែរម្នាក់ ដែលកំពុងឈរជើងនៅតំបន់ព្រំដែនក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា យោធាថៃ និងក្រុមប្រជាពលរដ្ឋថៃ នៅតែបន្តធ្វើសកម្មភាពឈូសឆាយនៅក្នុងទឹកដីកម្ពុជានៅតំបន់ភ្នំបេង និងតំបន់ទំនប់តាទុំ ដោយភាគីថៃមិនបានអនុវត្តទៅការព្រមព្រៀង ដែលភាគីទាំងពីរបានចរចាគ្នានៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគរវាងកម្ពុជា-ថៃ (RBC) នោះឡើយ។ លោកបន្តថា សកម្មភាពរបស់ភាគីថៃនៅតំបន់ភ្នំបេង និងទំនប់តាទុំ រួមមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ស្តូប សាលាសំណាក់ រូបសំណាក និងលេណដ្ឋានយោធា។
ការលើកឡើងរបស់ទាហានខ្មែររូបនេះធ្វើឡើងបន្ទាប់ពី យោធាកម្ពុជា និងថៃ បានបើកកិច្ចប្រជុំក្រៅផ្លូវការ របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) កាលពីថ្ងៃទី២៩ ខែកញ្ញា នៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ តាមការអញ្ជើញរបស់យោធភូមិទី៤ កម្ពុជា ដើម្បីដោះស្រាយបញ្ហានៅតាមព្រំដែន ជាពិសេសនៅតំបន់ច្រកជាំ ដែលកងកម្លាំងរបស់ភាគីទាំងពីរបានប្រឈមមុខដាក់គ្នា។ នៅក្នុងកិច្ចប្រជុំនេះ តំណាងកម្ពុជាដឹកនាំដោយ លោក និត ណារ៉ុង ជាប្រធានលេខាធិការ (RBC) ភាគីកម្ពុជា និងគណៈប្រតិភូថៃដឹកនាំដោយ លោក កាំផាក់ណាត វ៉ាផាន់ស៊ុ (Kampanat Wapansu) រួមទាំងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់ភាគីទាំងពីរ។
តាមសេក្ដីប្រកាសរបស់ក្រសួងការពារជាតិកម្ពុជា ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការអនុវត្តបទឈប់បាញ់ ដែលភាគីទាំងពីបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហានានាឈានទៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក។ ទោះជាយ៉ាងណា ក្រៅតែបង្ហាញពីព័ត៌មានបែបពិធីការនោះ ក្រសួងការពារជាតិមិនបានបង្ហាញអំពីលទ្ធផលលម្អិតនៅកិច្ចប្រជុំនោះឡើយ។
ចំណែកកងទ័ពភូមិភាគទី២ របស់ថៃ បានចេញសេចក្ដីប្រកាសនៅថ្ងៃនេះថា នៅក្នុងកិច្ចប្រជុំនោះ ភាគីកម្ពុជាបានស្នើឱ្យភាគីថៃគោរពតាមបទឈប់បាញ់ និងបញ្ឈប់សកម្មភាពពង្រីកទីតាំងនៅក្នុងទីតាំងដែលភាគីទាំងពីរកំពុងឈរជើង។ ក្រៅពីនេះ ភាគីទាំងពីរបានឯកភាពគ្នា លើការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹងព្រំដែន និងដោះស្រាយបញ្ហាដោយសន្តិវិធី។
ការចរចាក្នុងក្របខណ្ឌថ្នាក់តំបន់រវាងភាគីកម្ពុជា និងថៃនេះ ធ្វើឡើងបន្ទាប់ពីកងកម្លាំងនៃប្រទេសទាំងពីរបានប៉ះទង្គិចពាក្យសម្ដីគ្នានៅតំបន់ព្រំដែនភ្នំបេង និងទំនប់តាទុំ ដែលបង្កឡើងដោយភាគីប្រជាពលរដ្ឋ និងយោធាថៃបានចូលទៅឈូសឆាយ និងសាងសង់សំណង់ក្នុងតំបន់នេះ ដែលធ្វើឱ្យកងកម្លាំកម្ពុជាបានចេញមករារាំង និងជីកប្រឡាយ រាយបន្លាលួស ដើម្បីទប់ស្កាត់សកម្មភាពរបស់ភាគីថៃ។ ក៏ប៉ុន្តែបន្ទាប់ពីចរចាទល់មុខគ្នាកាលពីថ្ងៃទី១៥ ខែកញ្ញា មេបញ្ជាកម្ពុជាបាន ដាក់បញ្ជាឱ្យកងកម្លាំងដេលកំពុងឈរជើងនៅទីតាំងជាក់ស្ដែងដកថយ និងលុបលេណដ្ឋាន រើបន្លាលួសទៅតាមការចង់បានរបស់ភាគីថៃ។
យ៉ាងណាក៏ដោយចុះ ទាហានខ្មែរបានអះអាងថា ទោះបីជាមានកិច្ចព្រមព្រៀងគ្នាមិនឱ្យពង្រីកទីតាំងយ៉ាងណាក្ដី ក៏យោធាថៃមិនបានផ្អាក ឬកាត់បន្ថយសកម្មភាពកែប្រែក្នុងទីតាំងជាក់ស្ដែងនៅតំបន់ភ្នំបេង និងទំនប់តាទុំ នោះឡើយ ផ្ទុយទៅវិញភាគីបានពង្រីកសកម្មភាពលើសដើម ដោយមានការប្រើប្រាស់គ្រឿងចក្រកាយថ្មតាមជម្រាលភ្នំដើម្បីសាងសង់ផ្លូវ និងមានការដឹកសម្ភារៈសំណង់ជាច្រើនចូលក្នុងទីតាំងទាំងនេះថែមទៀតផង។ ប្រភពបន្តថា ទីតាំងដែលយោធាថៃបានចូលមកឈូសឆាយនេះ មានមួយចំនួនគឺជាមូលដ្ឋានចាស់របស់ទាហានខ្មែរ និងមួយចំនួនគឺជាទីតាំងដែលភាគីកម្ពុជាបានឈរជើងក្រោយពីមានបទឈប់បាញ់កាលពីចុងឆ្នាំ២០២៥។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា និងរដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា ដើម្បីផ្ទៀងផ្ទាត់អំពីរឿងនេះបានទេ នៅថ្ងៃទី៣០ ខែកញ្ញា។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថានៅក្នុងកិច្ចចរចាក្របខណ្ឌ RBC រវាងកម្ពុជា និងថៃនេះ មានភាពមិនស្មើគ្នានោះឡើយ ដោយភាគីកម្ពុជាហាក់បានយកទឹកដីមួយផ្នែក ទៅចរចាដើម្បីដុះដូរយកសន្តិភាពដែលមានភាពផុយពីយោធាថៃដូច្នេះដែរ។ លោកបន្តថា យោធាថៃនឹងមិនស្ដាប់តាមការស្នើសុំរបស់ភាគីកម្ពុជានោះឡើយ ដរាបណាកម្លាំងការពារជាតិរបស់កម្ពុជានៅតែមានភាពទន់ខ្សោយ និងមេដឹកនាំកម្ពុជា នៅតែមានភាពទន់ជ្រាយ។
លោក ម៉ែន ណាត៖ «តាមរយៈសេចក្តីរាយការណ៍បានបង្ហាញថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានតវ៉ាថាថៃរំលោភឈ្លានពានតំបន់ភ្នំបេង និងទំនប់តាទុំ។ ហើយដល់ពេលលទ្ធផលនៃការចរចារបស់គណៈកម្មការតំបន់ បែរជាខាងកម្ពុជាដកថយ។ អញ្ចឹងបង្ហាញថាក្រសួងការបរទេស និងក្រសួងការពារជាតិធ្វើការអត់ស៊ីចង្វាក់គ្នាទេ»។
ទាហានខ្មែរអះអាងថា បច្ចុប្បន្ននេះកងកម្លាំងរបស់កម្ពុជា ដែលកំពុងឈរជើងនៅតំបន់ច្រកជាំ កំពុងបាត់បង់សមត្ថភាពឈរជើងការពារនៅក្នុងតំបន់នេះ បន្ទាប់ពីយោធាថៃបានដណ្ដើមយកទីតាំងសំខាន់ៗ ដោយមិនមានការផ្ទុះអាវុធនោះឡើយ។ ទាហានខ្មែរអះអាងថា បច្ចុប្បន្ននេះ កងកម្លាំងរបស់កម្ពុជាមិនអាចធ្វើសកម្មភាពរារាំងការឈ្លានពានរបស់ភាគីថៃបានឡើយ ដោយទាហានខ្មែរបានត្រឹមឈរមើលពីចម្ងាយ ខណៈមេបញ្ជាក្នុងតំបន់ក៏មិនអនុញ្ញាតឱ្យថតបង្ហោះ ឬផ្សព្វផ្សាយពីសកម្មភាពនេះ ចេញទៅក្រៅនោះឡើយ៕









