កងទ័ព​ខ្មែរ​បារម្ភ​ពី​ការ​បាត់បង់​ទឹកដី​មួយផ្នែក​នៅ​តំបន់​ព្រំដែន​ស្រុក​អន្លង់វែង ក្រោយ​កម្ពុជា​ឯកភាព​ជាមួយ​ថៃ​មិន​ពង្រីក​ទីតាំង

0
177
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ថ្លែង​នៅ​ទីក្រុង​សេប៊ូ ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ថ្លែង​នៅ​ទីក្រុង​សេប៊ូ ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត

ទាហាន​ខ្មែរ​លើកឡើង​ថា កម្ពុជា​អាចនឹង​បន្ត​បាត់បង់​ទឹកដី​ជាច្រើន​ទីតាំង​បន្ថែម​ទៀត​នៅ​តំបន់​ព្រំដែន​ច្រក​ជាំ ដែល​ស្ថិត​ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ បន្ទាប់ពី​តំណាង​របស់​កម្ពុជា​បាន​ឯកភាព​ជាមួយ​យោធា​ថៃ នៅក្នុង​កិច្ច​ប្រជុំ (RBC) មិន​ឱ្យ​ភាគី​ណាមួយ​ពង្រីក​ទីតាំង​នៅក្នុង​តំបន់​នេះ​នោះឡើយ។ ទាហាន​ខ្មែរ​ថា ការ​ឯកភាព​នេះ​បាន​អនុវត្ត​ឡើង​តែ​ចំពោះ​ភាគី​កម្ពុជា​តែ​ម្ខាង​ប៉ុណ្ណោះ ខណៈ​ភាគី​យោធា​ថៃ​នៅតែ​ធ្វើ​សកម្មភាព​ឈូសឆាយ និង​ពង្រីក​ទីតាំង​តាម​អំពើចិត្ត​នៅក្នុង​តំបន់​ច្រក​ជាំ​នេះ។

ទាហាន​ខ្មែរ​បាន​កត់សម្គាល់​ថា ចាប់​តាំងពី​ផ្អាក​ផ្ទុះ​អាវុធ​នៅ​តាម​ព្រំដែន​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​មក​នេះ រដ្ឋាភិបាល​កម្ពុជា​កាន់តែ​ចរចា​ទ្វេ​ភាគី​ជាមួយ​ថៃ គឺ​កាន់តែ​ធ្វើឱ្យ​បាត់បង់​ទឹកដី​បន្ថែម​ទៅកាន់​ភាគី​ថៃ។

ទាហាន​ខ្មែរ​ម្នាក់ ដែល​កំពុង​ឈរជើង​នៅ​តំបន់​ព្រំដែន​ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ី​សេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា យោធា​ថៃ និង​ក្រុម​ប្រជា​ពលរដ្ឋ​ថៃ នៅតែ​បន្ត​ធ្វើ​សកម្មភាព​ឈូសឆាយ​នៅក្នុង​ទឹកដី​កម្ពុជា​នៅ​តំបន់​ភ្នំ​បេង និង​តំបន់​ទំនប់​តាទុំ ដោយ​ភាគី​ថៃ​មិន​បាន​អនុវត្ត​ទៅ​ការ​ព្រមព្រៀង ដែល​ភាគី​ទាំងពីរ​បាន​ចរចា​គ្នា​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ​រវាង​កម្ពុជា-ថៃ (RBC) នោះ​ឡើយ។ លោក​បន្ត​ថា សកម្មភាព​របស់​ភាគី​ថៃ​នៅ​តំបន់​ភ្នំ​បេង និង​ទំនប់​តាទុំ រួម​មាន​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ស្តូប សាលាសំណាក់ រូបសំណាក និង​លេណដ្ឋាន​យោធា។

ការ​លើកឡើង​របស់​ទាហាន​ខ្មែរ​រូប​នេះ​ធ្វើឡើង​បន្ទាប់ពី យោធា​កម្ពុជា និង​ថៃ បាន​បើក​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ របស់​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា-ថៃ (RBC) កាលពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា នៅ​ច្រក​អន្តរជាតិ​ជាំ-សាង៉ាំ ស្ថិត​ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ តាម​ការ​អញ្ជើញ​របស់​យោធ​ភូមិ​ទី​៤ កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​តាម​ព្រំដែន ជាពិសេស​នៅ​តំបន់​ច្រក​ជាំ ដែល​កងកម្លាំង​របស់​ភាគី​ទាំងពីរ​បាន​ប្រឈមមុខ​ដាក់​គ្នា។ នៅក្នុង​កិច្ចប្រជុំ​នេះ តំណាង​កម្ពុជា​ដឹកនាំ​ដោយ លោក និត ណារ៉ុង ជា​ប្រធាន​លេខាធិការ (RBC) ភាគី​កម្ពុជា និង​គណៈប្រតិភូ​ថៃ​ដឹកនាំ​ដោយ លោក កាំផាក់ណាត វ៉ាផាន់ស៊ុ (Kampanat Wapansu) រួមទាំង​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) របស់​ភាគី​ទាំងពីរ។

តាម​សេក្ដី​ប្រកាស​របស់​ក្រសួងការពារជាតិ​កម្ពុជា ក្នុង​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​នេះ ភាគី​ទាំងពីរ​បាន​ពិភាក្សា​អំពី​ការ​អនុវត្ត​បទឈប់បាញ់ ដែល​ភាគី​ទាំងពី​បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ ក្នុង​នោះ​រួមទាំង​ការងារ​សម្របសម្រួល​ប្រតិបត្តិការ និង​ការ​ដោះស្រាយ​បញ្ហា​នានា​ឈាន​ទៅកសាង​ទំនុកចិត្ត​គ្នា​ទៅវិញទៅមក។ ទោះជា​យ៉ាងណា ក្រៅ​តែ​បង្ហាញ​ពី​ព័ត៌មាន​បែប​ពិធី​ការ​នោះ ក្រសួងការពារជាតិ​មិន​បាន​បង្ហាញ​អំពី​លទ្ធផល​លម្អិត​នៅ​កិច្ចប្រជុំ​នោះ​ឡើយ។

ចំណែក​កងទ័ព​ភូមិភាគ​ទី​២ របស់​ថៃ ​បាន​ចេញ​សេចក្ដី​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា នៅក្នុង​កិច្ច​ប្រជុំ​នោះ ភាគី​កម្ពុជា​បាន​ស្នើ​ឱ្យ​ភាគី​ថៃ​គោរព​តាម​បទឈប់បាញ់ និង​បញ្ឈប់​សកម្មភាព​ពង្រីក​ទីតាំង​នៅក្នុង​ទីតាំង​ដែល​ភាគី​ទាំងពីរ​កំពុង​ឈរជើង។ ក្រៅ​ពី​នេះ ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​ព្រំដែន និង​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។

ការ​ចរចា​ក្នុង​ក្របខណ្ឌ​ថ្នាក់​តំបន់​រវាង​ភាគី​កម្ពុជា និង​ថៃ​នេះ ធ្វើឡើង​បន្ទាប់ពី​កងកម្លាំង​នៃ​ប្រទេស​ទាំងពីរ​បាន​ប៉ះទង្គិច​ពាក្យ​សម្ដី​គ្នា​នៅ​តំបន់​ព្រំដែន​ភ្នំ​បេង និង​ទំនប់​តាទុំ ដែល​បង្កឡើង​ដោយ​ភាគី​ប្រជាពលរដ្ឋ និង​យោធា​ថៃ​បាន​ចូល​ទៅ​ឈូសឆាយ និង​សាងសង់​សំណង់​ក្នុង​តំបន់​នេះ ដែល​ធ្វើឱ្យ​កងកម្លាំ​កម្ពុជា​បាន​ចេញ​មក​រារាំង និង​ជីក​ប្រឡាយ រាយ​បន្លា​លួស ដើម្បី​ទប់ស្កាត់​សកម្មភាព​របស់​ភាគី​ថៃ។ ក៏​ប៉ុន្តែ​បន្ទាប់ពី​ចរចា​ទល់មុខ​គ្នា​កាលពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា មេ​បញ្ជា​កម្ពុជា​បាន ដាក់​បញ្ជា​ឱ្យ​កងកម្លាំង​ដេល​កំពុង​ឈរ​ជើង​នៅ​ទីតាំង​ជាក់ស្ដែង​ដកថយ និង​លុប​លេណ​ដ្ឋាន​ រើ​បន្លា​លួស​ទៅ​តាម​ការ​ចង់បាន​របស់​ភាគី​ថៃ។

យ៉ាងណា​ក៏ដោយ​ចុះ ទាហាន​ខ្មែរ​បាន​អះអាង​ថា ទោះបីជា​មាន​កិច្ចព្រមព្រៀង​គ្នា​មិន​ឱ្យ​ពង្រីក​ទីតាំង​យ៉ាងណា​ក្ដី ក៏​យោធា​ថៃ​មិន​បាន​ផ្អាក ឬ​កាត់បន្ថយ​សកម្មភាព​កែប្រែ​ក្នុង​ទីតាំង​ជាក់ស្ដែង​នៅ​តំបន់​ភ្នំ​បេង និង​ទំនប់​តាទុំ នោះ​ឡើយ ផ្ទុយទៅវិញ​ភាគី​បាន​ពង្រីក​សកម្មភាព​លើសដើម ដោយ​មាន​ការ​ប្រើប្រាស់​គ្រឿងចក្រ​កាយ​ថ្ម​តាម​ជម្រាល​ភ្នំ​ដើម្បី​សាងសង់​ផ្លូវ និង​មាន​ការ​ដឹក​សម្ភារៈ​សំណង់​ជា​ច្រើន​ចូលក្នុង​ទីតាំង​ទាំងនេះ​ថែមទៀត​ផង។ ប្រភព​បន្ត​ថា ទីតាំង​ដែល​យោធា​ថៃ​បាន​ចូល​មក​ឈូសឆាយ​នេះ មាន​មួយចំនួន​គឺជា​មូលដ្ឋាន​ចាស់​របស់​ទាហាន​ខ្មែរ និង​មួយចំនួន​គឺជា​ទីតាំង​ដែល​ភាគី​កម្ពុជា​បាន​ឈរ​ជើង​ក្រោយពី​មាន​បទឈប់បាញ់​កាលពី​ចុង​ឆ្នាំ​២០២៥។

ទូរទស្សន៍​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា និង​រដ្ឋមន្ត្រី​ទទួល​បន្ទុក រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន លោក ឡាំ ជា ដើម្បី​ផ្ទៀងផ្ទាត់​អំពី​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា​នៅក្នុង​កិច្ច​ចរចា​ក្របខណ្ឌ RBC រវាង​កម្ពុជា និង​ថៃ​នេះ មាន​ភាព​មិន​ស្មើគ្នា​នោះ​ឡើយ​ ​ដោយ​ភាគី​កម្ពុជា​ហាក់បាន​យក​ទឹកដី​មួយ​ផ្នែក ទៅ​ចរចា​ដើម្បី​ដុះ​ដូរ​យក​សន្តិភាព​ដែល​មាន​ភាព​ផុយពី​យោធា​ថៃ​ដូច្នេះ​ដែរ។ លោក​បន្ត​ថា យោធា​ថៃ​នឹង​មិន​ស្ដាប់​តាម​ការ​ស្នើសុំ​របស់​ភាគី​កម្ពុជា​នោះឡើយ ដរាបណា​កម្លាំង​ការពារ​ជាតិ​របស់​កម្ពុជា​នៅតែ​មាន​ភាព​ទន់ខ្សោយ និង​មេដឹកនាំ​កម្ពុជា នៅតែ​មាន​ភាព​ទន់ជ្រាយ។

លោក ម៉ែន ណាត៖ «តាម​រយៈ​សេចក្តី​រាយការណ៍​បាន​បង្ហាញ​ថា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​តវ៉ា​​ថា​ថៃ​រំលោភ​ឈ្លានពាន​តំបន់​ភ្នំ​បេង និង​ទំនប់​តាទុំ។ ហើយ​ដល់​ពេល​លទ្ធផល​នៃ​ការ​ចរចា​របស់​គណៈកម្មការ​តំបន់ បែរ​​ជា​ខាង​កម្ពុជា​ដក​ថយ។ អញ្ចឹង​​បង្ហាញ​ថា​ក្រសួងការបរទេស និង​ក្រសួងការពារជាតិ​​ធ្វើការ​អត់​ស៊ីចង្វាក់​គ្នា​ទេ»។

ទាហាន​ខ្មែរ​អះអាង​ថា បច្ចុប្បន្ន​នេះ​កងកម្លាំង​របស់​កម្ពុជា ដែល​កំពុង​ឈរជើង​នៅ​តំបន់​ច្រក​ជាំ កំពុង​បាត់បង់​សមត្ថភាព​ឈរជើង​ការពារ​នៅក្នុង​តំបន់​នេះ បន្ទាប់ពី​យោធា​ថៃ​បាន​ដណ្ដើម​យក​ទីតាំង​សំខាន់​ៗ ដោយ​មិន​មាន​ការ​ផ្ទុះ​អាវុធ​នោះឡើយ។ ទាហាន​ខ្មែរ​អះអាង​ថា បច្ចុប្បន្ន​នេះ កង​កម្លាំង​របស់​កម្ពុជា​មិន​អាច​ធ្វើ​សកម្មភាព​រារាំង​ការ​ឈ្លានពាន​របស់​ភាគី​ថៃ​បាន​ឡើយ ដោយ​ទាហាន​ខ្មែរ​បាន​ត្រឹម​ឈរ​មើល​ពី​ចម្ងាយ​ ​ខណៈ​មេបញ្ជា​ក្នុង​តំបន់​ក៏​មិន​អនុញ្ញាតឱ្យ​ថត​បង្ហោះ ឬ​ផ្សព្វផ្សាយ​ពី​សកម្មភាព​នេះ ចេញ​ទៅ​ក្រៅ​នោះឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ