លោក ហ៊ុន ម៉ាណែត ប្រាប់​ពលរដ្ឋ​​​ឱ្យ​ទៅ​ទារ​​សំណង​ពី​​​យោធា​ថៃ​​ដែល​​​ធ្វើ​ឱ្យ​ខូច​ខាត​ផ្ទះ​សម្បែង​​​ ​​ព្រោះ​រដ្ឋាភិបាល​​​គ្មាន​​សំណង​នោះ​ទេ

0
177
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) និង​នាយករដ្ឋមន្ត្រី​ថៃ​លោក អនុទីន ចាន់វីរៈគុល (Anutin Charnvirakul) នៅ​ថ្ងៃ​ចុះហត្ថលេខា​លើ​សេចក្ដី​ប្រកាស​រួម នា​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី​២៦ តុលា ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) និង​នាយករដ្ឋមន្ត្រី​ថៃ​លោក អនុទីន ចាន់វីរៈគុល (Anutin Charnvirakul) នៅ​ថ្ងៃ​ចុះហត្ថលេខា​លើ​សេចក្ដី​ប្រកាស​រួម នា​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី​២៦ តុលា ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ​​​ប្រាប់​ពលរដ្ឋ​​​​​ដែល​រង​ផល​ប៉ះពាល់​​​ដោយ​សារ​តែ​​​​​សង្គ្រាម​ឈ្លានពាន​​​​​​ឱ្យ​ទៅ​ទាមទារ​សំណង​ ពី​​​យោធា​ថៃ​​ដោយ​ខ្លួន​ឯង​​​​​​​​ ទៅ​តាម​​ទំហំ​នៃ​ការ​ខូច​ខាត​​ ​​​ដោយ​អះអាង​ថា រដ្ឋាភិបាល​ ​របស់​លោក ​​​​គ្មាន​សំណង​​​នោះ​ទេ។ ជាមួយ​គ្នា​នោះ​ លោក​ ហ៊ុន ម៉ាណែត ​​​​ក៏​បាន​​ឌឺ​ដង​​​មក​​លើ​​គណបក្ស​ប្រឆាំង​​​ ​​ដែល​​​​រិះគន់​​​​​​​កងទ័ព ​​​​​​និង​​បក្ស​កាន់​អំណាច​​​​​រឿង​​​​​​​​​ធ្វើ​ឱ្យ​បាត់បង់​ទឹក​ដី។ អ្នក​ឃ្លាំមើល​​​​​យល់​ថា​​ ​​​ការ​ថ្លែង​របស់​លោក​ ​ហ៊ុន​ ម៉ាណែត​ ​គឺ​​គ្រាន់​តែ​ជា​វោហារសាស្ត្រ​​នយោបាយ ដើម្បី​គេច​វេះ​ពី​ការ​ទទួល​ខុស​​ត្រូវ​​​ ​​រឿង​ការ​ពារ​ទឹកដី​ និង​​​​​​ជីវភាព​​ពលរដ្ឋ។

​​​​​​​​​​​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បាន​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពាធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​​ជាតិ លេខ ១០ ​ក្នុង​ខេត្ត​ពោធិ៍សាត់​​ នៅ​ថ្ងៃ​ទី​១​ ខែ​តុលា​​ ដោយ​ស្នើ​សុំ​ការ​យោគយល់​​​​​​ពី​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​​ដោយសារ​តែ​សង្គ្រាម​ឈ្លានពាន​របស់​យោធា​ថៃ ​រួម​នឹង​គ្រួសារ​កងទ័ព​ដែល​ជួប​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​​ ប៉ុន្តែ​​យ៉ាងណា លោក​អះអាង​ថា​ ​រដ្ឋាភិបាល​​​​​​របស់​លោក​​​មិន​​​ទុក​​​ ពលរដ្ឋ​ណា​មួយ​ចោល​នោះ​ទេ ​​​​​​ ​តាម​រយៈ​ការ​​​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ ​​មួយ​ចំនួន​​​​​​​ រួច​​មក​ហើយ។

ទន្ទឹម​គ្នា​នោះ​ លោក​បាន​​ឆ្លើយ​តប​ចំពោះ​ការ​​​រិះគន់​​របស់​ពលរដ្ឋ​​​ ​​​​​រឿង​​​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​តិច​ពេក​​ ​សម្រាប់​គ្រួសារ​ដែល​​រង​គ្រោះ​ ដោយ​មួយ​គ្រួសារ​បាន​​ត្រឹម​តែ​ ១លានរៀល ទៅ​២​លាន​រៀល​​​​​ ខណៈ​​​​​ដែល​​ ផ្ទះ​សម្បែង​របស់​​ពលរដ្ឋ​​​​​ខ្លះ​​ ​ដែល​រង​ការ​​​ខួច​ខាត​​​​​​​​នោះ​​មាន​ ​តម្លៃ​រាប់​ពាន់​​ដុល្លារ​។​​ លោក ហ៊ុន ម៉ាណែត បាន​ឆ្លើយ​តប​​ដោយ​សម្ដី​​​​ចំអក​​​ថា ប្រសិន​បើ​​ពលរដ្ឋ​ ​ណា​​ចង់​បាន​សំណង​ច្រើន​ឱ្យ​ទៅ​ទាម​​ទារ​​ពី​​យោធា​ថៃ​​ ​ដោយ​ខ្លួន​ឯង​ ព្រោះ​រដ្ឋាភិបាល​គ្មាន​ថវិកា​សង​​នោះ​ទេ។

លោក ហ៊ុន ម៉ាណែត៖ «ខ្ញុំ​អត់​មាន​ទិន្នន័យ​​​ទាំង​អស់​​ទេ​ ​តែ​​យើង​ជួយ​។ បាទ កន្លែង​ខ្លះ​ប៉ះ​ពីរ​លាន​រៀល​ បី​លាន​រៀល​ តាម​ទំហំ​អញ្ចឹង​ទៅ សូម​យោគ​យល់។​ មិន​មែន​ជា​ថ្លៃ​សំណង​ទេ បង​ប្អូន​ខ្លះ​ថា​ហេ ផ្ទះ​វិឡា​មួយ​ប៉ុណ្ណាប៉ុណ្ណី​​ អស់​រាប់​សែន គេ​បាញ់​អស់​ហើយ ហើយ​រដ្ឋ​ឱ្យ​តែ​ប៉ុណ្ណឹង អត់​ទេ​ ទៅ​ទារ​ពី​អ្នក​បាញ់​ទៅ។ រដ្ឋ​ជួយ​ឧបត្ថម្ភ​ការ​លំបាក ហើយ​រដ្ឋ​ក៏​បេះ​ពី​មាត់​ពី​ក​អី​ដែរ​។ »​

បន្ថែម​ពី​លើ​នោះ​ លោក ហ៊ុន ម៉ាណែត បាន​​ប្រើ​វោហារសាស្ត្រ​​​​​​​​​​​​ឌឺដង និង​ជេរ​ប្រមាថ​​មក​លើ​អ្នក​​រិះគន់​នៅ​ក្រៅ​ប្រទេស​ដែល​​​ស្ដីបន្ទោស​មក​លើ​​រដ្ឋាភិបាល​ថា មិន​​​​​ខ្វល់​​​​​ពី​​កងទ័ព ​និង​​​​​​​​​​ការពារ​​បូរណភាព​ទឹក​ដី​​​​ឱ្យ​បាន​​ត្រឹម​ត្រូវ។ លោក​បាន​​ហៅ​អ្នក​រិះគន់​ទាំង​នោះ​ជា​​មនុស្ស​​​​​ដែល​គ្មាន​ចំណេះ​ដឹង​​​​ ហើយ​តាំង​ខ្លួន​​ជា​អ្នក​រិះគន់​​​​​​ ជា​ពិសេស​ការ​រិះគន់​ ​​មក​​​លើ​​រដ្ឋាភិបាល​​​​​​ថា បាន​​​​​បណ្ដែតបណ្ដោយ​ឱ្យ​កង​ទ័ព​ជួរ​មុខ​​​ខ្មែរ​ ​​​​​​​ស្លាប់​​ជា​​បន្តបន្ទាប់ ​​​ហើយ​ថែម​ទាំង​បិទ​បាំង​​​ព័ត៌មាន​​​​​​​​​​ ​​​និង​​បញ្ហា​កង​ទ័ព​​​​​​​​គ្មាន​​ស្បៀង​​អាហារ​​​​​​​​​​ ​​​​បរិភោគ​​គ្រប់គ្រាន់​​​​​ជា​ដើម។ លោក ហ៊ុន ម៉ាណែត ចាត់​ទុក​​ការ​ចោទ​ប្រកាន់​នេះ​ ថា​ជា​រឿង​មិន​ពិត​ ហើយ​​​ថា​​​ជា​​ចេតនា​​ ​បំបាក់​ទឹក​ចិត្ត​កងទ័ព។

ជនភៀសសឹក​នៅខេត្ត​បន្ទាយមានជ័យ ពេលមកចាប់ឆ្នោតទទួលផ្ទះបណ្ដោះអាសន្នដែលអាជ្ញាធររៀបចំជូន កាលពីថ្ងៃទី១៨ មីនា ២០២៦។ រូប៖ ហ្វេសប៊ុក អ៊ុំ វិណារ៉ា

បន្ថែម​ពី​លោក​នោះ លោក ហ៊ុន ម៉ាណែត បាន​ព្រមាន​ថា​​ នរណា​ក៏​ដោយ​ដែល​​ហ៊ាន​រិះគន់​លោក​​លោក​នឹង​តប​ត​​​​ដោយ​​​ពាក្យ​សម្ដី​អសុរោះ​​​វិញ​ ព្រោះ​​​​លោក​​ក៏​មាន​សិទ្ធិ​ការពារ​ខ្លួន​​​ដែរ​​​​​។ ជា​មួយ​គ្នា​នោះ​ ​​​​​លោក​បាន​​​ ​រិះគន់​​មក​លើ​​ ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា​ លោក សម រង្សី ដែល​បាន​​រិះគន់​ ​​រដ្ឋាភិបាល​​​​​​ត្រកូល​ហ៊ុន​​​កន្លង​​ទៅ​​​​​ ​​រឿង​ដែល​ថា​​ ​មិន​​អើ​ពើ​ ពង្រឹង​វិស័យ​​កងទ័ព​​​​ ឱ្យ​បាន​​ត្រឹម​ត្រូវ​ ​​​​ទើប​​​​ធ្វើ​ឱ្យ​ ​អំឡុង​ពេល​ផ្ទុះ​ ​​​​​​សង្គ្រាម​​​ជា​មួយ​ថៃ​​ពុំ​មាន​​យុទ្ធ​សាស្ត្រ​​ ​​​សង្គ្រាម​​​​​ច្បាស់លាស់ រហូត​​​​​​ការ​បាញ់​​​​​​តបត​សត្រូវ​​​ ក៏​មិន​ចំ​គោល​ដៅ​ ​​​​​ហើយ​​​​ចំ​តែ​ ​​ជន​ស៊ីវិល​ថៃ​​​ជា​ដើម។

លោក​ ហ៊ុន ម៉ាណែត ចាត់​ទុក​​​​ការ​រិះគន់​របស់​​លោក សម រង្សី ​​​ជាង​​មួយ​​ឆ្នាំ​មក​ហើយ​​នេះ​​ ​​ថា​​​មាន​​ចេតនា​​គាំទ្រ​ទៅ​លើ​​​ភាគី​ថៃ​​ ​ ដើម្បី​​ផល​ប្រយោជន៍​នយោបាយ​ខ្លួន​។​ លោក​ ​​​​ថា​​នេះ​​គឺ​ជា​​រឿង​ដ៏​ឈឺ​ចាប់​​បំផុត​​​ ​​​​​​ដែល​​មិន​គួរ​ឱ្យ​​​​​​កើត​មាន​នោះ​ទេ។ លោក​​អំពាវនាវ​ឱ្យ​​​ពលរដ្ឋ​​ត្រូវ​​​បញ្ឈប់​ការ​​​​​​​រិះគន់​​​មក​លើ​​​កងទ័ព​​​ ​​ហើយ​ប្រសិន​បើ​មាន​បញ្ហា​​​ពាក់ព័ន្ធ​កងទ័ព​ ឱ្យ​ទាក់ទង​មក​​​​​លោក​​ផ្ទាល់។

លោក ហ៊ុន ម៉ាណែត៖ «បែប​ជា​មេ​ដឹកនាំ​នៅ​ក្រៅ​ប្រទេស​មួយ​ ​​ រដ្ឋាភិបាល​ស្អី ​២៣​តុលា​​​ស្អី។ ​បាទ បង្កើត​រដ្ឋាភិបាល​ដឹង​ស្អី​ខ្លះ​ទេ​​នៅ​ខាង​ក្រៅ​​ បង្កើត​ច្រើន​ណាស់ តាំង​ពី​ជំនាន់​សម្តេចតេជោ ឥឡូវ​មក​ដល់​ជំនាន់​ខ្ញុំ​​ ។​​​​ បង្កើត​តែ​​រដ្ឋាភិបាល​​​ហ្នឹង​ឯង​។ តែ ឡើង​មេក្រូ​ ប្រាប់​ថា​ទាហាន​យើង​បាញ់​សម្លាប់​ប្រជាជន​គេ ដោយ​អយុត្តិធម៌ ដោយ​អាក្រក់។ អញ្ចឹង​ស្មើ​នឹង​ខ្លួន​ឯង​ជា​ខ្មែរ ​​​ហ្នឹង ទៅ​វាយ​ប្រហារ​កងទ័ព​ខ្លួន​ឯង យក​ពាក្យ​របស់​គេ​មក​វាយ​ប្រហារ។ នេះ​គឺ​ ជា​អំពើ​អី អំពើ​ក្បត់​ជាតិ​ធំ​ណាស់»។

អ្នកឃ្លាំមើល​​យល់​ថា ការ​ព្យាយាម​ពង្រីក​បញ្ហា​ ដើម្បី​​វាយ​ប្រហារ​ ​និង​បក​អាក្រាត​​​មក​លើ​អ្នក​​រិះគន់​ ​និង​មន្ត្រី​បក្ស​ប្រឆាំង​​របស់​ លោក ហ៊ុន ម៉ាណែត​​​ គ្រាន់​តែ​ជា​ល្បិច​នយោបាយ​របស់​ លោក ហ៊ុន ម៉ាណែត ដើម្បី​គេច​វេះ​ពី​ការ​​​រិះគន់​​​របស់​​​​​ពលរដ្ឋ​រឿង​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី​​​ ​​ ហើយ​​​ថែម​ទាំង​មិន​ព្រម​ប្ដឹង​ថៃ ទៅ​កាន់​​តុលាការអន្តរជាតិ​ ជាដើម។ ដូច្នេះ​​ ​ពួក​គាត់​ថា​​ ​លោក ហ៊ុន ម៉ាណែត មាន​តែ​ ​​​រក​វិធី​រិះគន់​​​​​គណ​បក្ស​ប្រឆាំង​​​ ដើម្បី​​​​​បង្វែរ​ការ​ចាប់អារម្មណ៍​​របស់​​ពលរដ្ឋ​​​​ ខណៈ​ដែល​រដ្ឋាភិបាល​បក្ស​កាន់​អំណាច​ កំពុង​ជាប់​គាំង​​​​​មិន​ទាមទារ​ទឹកដី​ដែល​​​បាត់បង់​មក​វិញ​ ​​និង​កំពុង​តែ​រង​សម្ពាធ​ពី​​​សហគមន៍​អន្តរជាតិ រឿង​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​​​​ប្រព័ន្ធ អនឡាញ​​នៅ​កម្ពុជា។

ពលរដ្ឋជាជនភៀសសឹកខ្មែរ ជិះតាមគោយន្តដឹកសមាជិកគ្រួសារ និងសម្ភារៈប្រើប្រាស់គេចពីការឈ្លានរបស់យោធាថៃ នៅក្នុង​ខេត្ត​ឧត្ដរមានជ័យ នៅថ្ងៃទី១០ ធ្នូ ២០២៥។ រូប៖ ​ហ្វេសប៊ុកលោក ម៉េត មាសភក្ដី

អ្នក​តាមដាន​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ​​​ លោក សេង វណ្ណលី យល់​ថា​​ ការ​ប្រាប់​ពលរដ្ឋ​ឱ្យ​ទៅ​ទារ​សំណង​ពី​យោធា​ថៃ ​​របស់​ លោក ហ៊ុន ម៉ាណែត​ គឺ​ជា​ការ​រុញ​បន្ទុក​ទៅ​លើ​អ្នក​ដែល​កំពុង​រង​គ្រោះ​​ ជា​​អ្នក​ទទួល​ខុស​ត្រូវ​​ ​ ខណៈ​ដែល​​ពលរដ្ឋ ​​​គ្មាន​​សិទ្ធិ​​អំណាច និង​មធ្យោបាយ​​ដើម្បី​​ទាមទារ​​សំណង​​​​ពី​ភាគី​ថៃ​នោះ​ទេ​។​ លោក​បន្ត​ថា ករណី​នេះ​គឺ​មាន​តែ​ រដ្ឋាភិបាល​​ចេញ​មុខ​ប្រមូល​ភស្តុតាង កត់ត្រា​ការ​ខូចខាត និង​ដឹកនាំ​ការ​ទាមទារ​សំណង​តាម​ផ្លូវ​ការទូត និង​យន្តការ​​​​អន្តរជាតិ​​ដែល​សម​ស្រប​ប៉ុណ្ណោះ។ បន្ថែម​ពី​លើ​នោះ លោក​យល់​ថា​ ការ​ជួយ​សង្គ្រោះ​ពលរដ្ឋ និង​ការ​ទាមទារ​ឱ្យ​ភាគី​​ថៃ​ទទួល​ខុស​ត្រូវ គឺ​ជា​កិច្ចការ​ ​ដែល​រដ្ឋាភិបាល​ត្រូវ​​ធ្វើ​ជា​ចាំចាប់។

ទន្ទឹម​គ្នា​នោះ លោក​យល់​ថា ​លោក ហ៊ុន ម៉ាណែត ​មិន​គួរ​ប្រើ​ប្រាស់​វេទិកា ដើម្បី​​​តបត​ការ​រិះគន់​របស់​ពលរដ្ឋ​​ ​និង​បក្ស​ប្រឆាំង​ ដោយ​ការ​ជេរ​ប្រមាថ និង​ឌឺ​ដង​សម្ដី​គ្នា​នោះ​ទេ ​គួរតែ​បង្ហាញ​លទ្ធផល​ការងារ​ជាក់​ស្ដែង ទើប​សាកសម​ជា​មេដឹកនាំ ដែល​មាន​ទំនួល​ខុស​ត្រូវ​​ខ្ពស់។

លោក សេង វណ្ណលី៖ «​ចំណែក​ការ​អះអាង​​ថា គេ​ជេរ​មក​ លោក​ត្រូវ​ជេរ​តប​វិញ គឺ​មិន​សម​នឹង​ការ​ទទួល​ខុស​ត្រូវ​របស់​នាយករដ្ឋមន្ត្រី​សោះ​ឡើយ។ លោក​មាន​សិទ្ធិ​បក​ស្រាយ និង​ការពារ​កេរ្តិ៍ឈ្មោះ ប៉ុន្តែ​តំណែង​ដឹកនាំ​ប្រទេស​ទាមទារ​ឱ្យ​ចេះ​គ្រប់គ្រង​អារម្មណ៍ និង​ឆ្លើយ​តប​ដោយ​ភស្តុតាង​។ បើ​ការ​រិះគន់​ខុស ត្រូវ​បង្ហាញ​ថា​ខុស​ត្រង់​ណា​ បើ​មាន​ចំណុច​ត្រឹម​ត្រូវ ត្រូវ​ទទួល​ស្គាល់ និង​កែ​តម្រូវ។ ការ​រិះគន់​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល ឬ​ការ​ដឹកនាំ​កងទ័ព ក៏​មិន​អាច​ចាត់​ទុក​ថា​ជា​ការ​ប្រមាថ​កងទ័ព​ទាំង​មូល​បាន​ដែរ»។

​​ជាមួយ​គ្នា​នោះ​លោក សេង វណ្ណលី យល់​ថា ពលរដ្ឋ​ត្រូវ​ការ​ផ្ទះ​សម្បែង​សុវត្ថិភាព និង​ចម្លើយ​ច្បាស់​លាស់​អំពី​ការ​ការពារ​ទឹកដី​​​របស់​រដ្ឋាភិបាល ដូច្នេះ​ការ​​ប្រើ​​ពាក្យ​អសុរោះ​មិន​អាច​សង់​ផ្ទះ​ឱ្យ​អ្នក​រងគ្រោះ ឬ​ដោះស្រាយ​បញ្ហា​ព្រំដែន​បាន​ទេ​។ លោក​បន្ត​ថា​​​ សមត្ថភាព​មេដឹកនាំ​ត្រូវ​វាស់​តាម​ការ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ពលរដ្ឋ និង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​លទ្ធផល​ការងារ។ បើ​ចង់​ឱ្យ​ពលរដ្ឋ​ទុក​ចិត្ត លោក ហ៊ុន ម៉ាណែត ​ត្រូវ​បង្ហាញ​សកម្មភាព និង​លទ្ធផល​ឱ្យ​បាន​ច្បាស់ ជា​ជាង​ប្រើ​វេទិកា​សាធារណៈ​ដើម្បី​ជេរ​តប​អ្នក​រិះគន់។

យោធា​ថៃ​បាន​បង្ក​សង្គ្រាម​ឈ្លានពាន​ទឹក​ដី​​​ខ្មែរ​​ ​កាលពី​​​ឆ្នាំ​២០២៥ ​​ដោយ​​​​​វាយ​​​​​​គ្រប់គ្រង​​ទឹកដី​​ ​​​តាម​ព្រំដែន​​ ជិត​១០០​ទីតាំង ក្រោយ​មាន​បទ​ឈប់​បាញ់​។ ក្នុង​នោះ​តំបន់​ដែល​​រង​ផល​ប៉ះពាល់​​​​​មក​លើ​លំនៅឋាន​ពលរដ្ឋ​​ច្រើនជាង​គេ​​​គឺ​​​​​តំបន់​បឹង​ត្រកួន​ ដែល​មាន​ភូមិ​ចំនួន​៦​​​​​ស្ថិត​ក្នុង​​ ​ស្រុក​ថ្មពួក​ និង​​​ នៅ​ភូមិ​ជោគជ័យ ព្រៃចាន់ ​ស្ថិត​នៅ​ស្រុក​​អូរជ្រៅ​​ ​ខេត្ត​បន្ទាយ​មានជ័យ។ ក្រៅ​ពី​នោះ​មាន​​ នៅ​តំបន់​ថ្មដា ខេត្ត​ពោធិ៍សាត់ តំបន់​អានសេះ​ ខេត្ត​ព្រះវិហារ​ និង​​តាម​​បណ្ដោយ​​ព្រំដែន​ជា​ច្រើន​​ទៀត ​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ ​​និង​ខេត្ត​បាត់ដំបង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ