

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រាប់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារតែសង្គ្រាមឈ្លានពានឱ្យទៅទាមទារសំណង ពីយោធាថៃដោយខ្លួនឯង ទៅតាមទំហំនៃការខូចខាត ដោយអះអាងថា រដ្ឋាភិបាល របស់លោក គ្មានសំណងនោះទេ។ ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត ក៏បានឌឺដងមកលើគណបក្សប្រឆាំង ដែលរិះគន់កងទ័ព និងបក្សកាន់អំណាចរឿងធ្វើឱ្យបាត់បង់ទឹកដី។ អ្នកឃ្លាំមើលយល់ថា ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត គឺគ្រាន់តែជាវោហារសាស្ត្រនយោបាយ ដើម្បីគេចវេះពីការទទួលខុសត្រូវ រឿងការពារទឹកដី និងជីវភាពពលរដ្ឋ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងពិធីសម្ពាធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិ លេខ ១០ ក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី១ ខែតុលា ដោយស្នើសុំការយោគយល់ពីពលរដ្ឋដែលរងផលប៉ះពាល់ដោយសារតែសង្គ្រាមឈ្លានពានរបស់យោធាថៃ រួមនឹងគ្រួសារកងទ័ពដែលជួបការលំបាកផ្នែកសេដ្ឋកិច្ច ប៉ុន្តែយ៉ាងណា លោកអះអាងថា រដ្ឋាភិបាលរបស់លោកមិនទុក ពលរដ្ឋណាមួយចោលនោះទេ តាមរយៈការផ្ដល់ប្រាក់ឧបត្ថម្ភ មួយចំនួន រួចមកហើយ។
ទន្ទឹមគ្នានោះ លោកបានឆ្លើយតបចំពោះការរិះគន់របស់ពលរដ្ឋ រឿងផ្ដល់ប្រាក់ឧបត្ថម្ភតិចពេក សម្រាប់គ្រួសារដែលរងគ្រោះ ដោយមួយគ្រួសារបានត្រឹមតែ ១លានរៀល ទៅ២លានរៀល ខណៈដែល ផ្ទះសម្បែងរបស់ពលរដ្ឋខ្លះ ដែលរងការខួចខាតនោះមាន តម្លៃរាប់ពាន់ដុល្លារ។ លោក ហ៊ុន ម៉ាណែត បានឆ្លើយតបដោយសម្ដីចំអកថា ប្រសិនបើពលរដ្ឋ ណាចង់បានសំណងច្រើនឱ្យទៅទាមទារពីយោធាថៃ ដោយខ្លួនឯង ព្រោះរដ្ឋាភិបាលគ្មានថវិកាសងនោះទេ។
លោក ហ៊ុន ម៉ាណែត៖ «ខ្ញុំអត់មានទិន្នន័យទាំងអស់ទេ តែយើងជួយ។ បាទ កន្លែងខ្លះប៉ះពីរលានរៀល បីលានរៀល តាមទំហំអញ្ចឹងទៅ សូមយោគយល់។ មិនមែនជាថ្លៃសំណងទេ បងប្អូនខ្លះថាហេ ផ្ទះវិឡាមួយប៉ុណ្ណាប៉ុណ្ណី អស់រាប់សែន គេបាញ់អស់ហើយ ហើយរដ្ឋឱ្យតែប៉ុណ្ណឹង អត់ទេ ទៅទារពីអ្នកបាញ់ទៅ។ រដ្ឋជួយឧបត្ថម្ភការលំបាក ហើយរដ្ឋក៏បេះពីមាត់ពីកអីដែរ។ »
បន្ថែមពីលើនោះ លោក ហ៊ុន ម៉ាណែត បានប្រើវោហារសាស្ត្រឌឺដង និងជេរប្រមាថមកលើអ្នករិះគន់នៅក្រៅប្រទេសដែលស្ដីបន្ទោសមកលើរដ្ឋាភិបាលថា មិនខ្វល់ពីកងទ័ព និងការពារបូរណភាពទឹកដីឱ្យបានត្រឹមត្រូវ។ លោកបានហៅអ្នករិះគន់ទាំងនោះជាមនុស្សដែលគ្មានចំណេះដឹង ហើយតាំងខ្លួនជាអ្នករិះគន់ ជាពិសេសការរិះគន់ មកលើរដ្ឋាភិបាលថា បានបណ្ដែតបណ្ដោយឱ្យកងទ័ពជួរមុខខ្មែរ ស្លាប់ជាបន្តបន្ទាប់ ហើយថែមទាំងបិទបាំងព័ត៌មាន និងបញ្ហាកងទ័ពគ្មានស្បៀងអាហារ បរិភោគគ្រប់គ្រាន់ជាដើម។ លោក ហ៊ុន ម៉ាណែត ចាត់ទុកការចោទប្រកាន់នេះ ថាជារឿងមិនពិត ហើយថាជាចេតនា បំបាក់ទឹកចិត្តកងទ័ព។

បន្ថែមពីលោកនោះ លោក ហ៊ុន ម៉ាណែត បានព្រមានថា នរណាក៏ដោយដែលហ៊ានរិះគន់លោកលោកនឹងតបតដោយពាក្យសម្ដីអសុរោះវិញ ព្រោះលោកក៏មានសិទ្ធិការពារខ្លួនដែរ។ ជាមួយគ្នានោះ លោកបាន រិះគន់មកលើ ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា លោក សម រង្សី ដែលបានរិះគន់ រដ្ឋាភិបាលត្រកូលហ៊ុនកន្លងទៅ រឿងដែលថា មិនអើពើ ពង្រឹងវិស័យកងទ័ព ឱ្យបានត្រឹមត្រូវ ទើបធ្វើឱ្យ អំឡុងពេលផ្ទុះ សង្គ្រាមជាមួយថៃពុំមានយុទ្ធសាស្ត្រ សង្គ្រាមច្បាស់លាស់ រហូតការបាញ់តបតសត្រូវ ក៏មិនចំគោលដៅ ហើយចំតែ ជនស៊ីវិលថៃជាដើម។
លោក ហ៊ុន ម៉ាណែត ចាត់ទុកការរិះគន់របស់លោក សម រង្សី ជាងមួយឆ្នាំមកហើយនេះ ថាមានចេតនាគាំទ្រទៅលើភាគីថៃ ដើម្បីផលប្រយោជន៍នយោបាយខ្លួន។ លោក ថានេះគឺជារឿងដ៏ឈឺចាប់បំផុត ដែលមិនគួរឱ្យកើតមាននោះទេ។ លោកអំពាវនាវឱ្យពលរដ្ឋត្រូវបញ្ឈប់ការរិះគន់មកលើកងទ័ព ហើយប្រសិនបើមានបញ្ហាពាក់ព័ន្ធកងទ័ព ឱ្យទាក់ទងមកលោកផ្ទាល់។
លោក ហ៊ុន ម៉ាណែត៖ «បែបជាមេដឹកនាំនៅក្រៅប្រទេសមួយ រដ្ឋាភិបាលស្អី ២៣តុលាស្អី។ បាទ បង្កើតរដ្ឋាភិបាលដឹងស្អីខ្លះទេនៅខាងក្រៅ បង្កើតច្រើនណាស់ តាំងពីជំនាន់សម្តេចតេជោ ឥឡូវមកដល់ជំនាន់ខ្ញុំ ។ បង្កើតតែរដ្ឋាភិបាលហ្នឹងឯង។ តែ ឡើងមេក្រូ ប្រាប់ថាទាហានយើងបាញ់សម្លាប់ប្រជាជនគេ ដោយអយុត្តិធម៌ ដោយអាក្រក់។ អញ្ចឹងស្មើនឹងខ្លួនឯងជាខ្មែរ ហ្នឹង ទៅវាយប្រហារកងទ័ពខ្លួនឯង យកពាក្យរបស់គេមកវាយប្រហារ។ នេះគឺ ជាអំពើអី អំពើក្បត់ជាតិធំណាស់»។
អ្នកឃ្លាំមើលយល់ថា ការព្យាយាមពង្រីកបញ្ហា ដើម្បីវាយប្រហារ និងបកអាក្រាតមកលើអ្នករិះគន់ និងមន្ត្រីបក្សប្រឆាំងរបស់ លោក ហ៊ុន ម៉ាណែត គ្រាន់តែជាល្បិចនយោបាយរបស់ លោក ហ៊ុន ម៉ាណែត ដើម្បីគេចវេះពីការរិះគន់របស់ពលរដ្ឋរឿងធ្វើឱ្យបាត់បង់ទឹកដី ហើយថែមទាំងមិនព្រមប្ដឹងថៃ ទៅកាន់តុលាការអន្តរជាតិ ជាដើម។ ដូច្នេះ ពួកគាត់ថា លោក ហ៊ុន ម៉ាណែត មានតែ រកវិធីរិះគន់គណបក្សប្រឆាំង ដើម្បីបង្វែរការចាប់អារម្មណ៍របស់ពលរដ្ឋ ខណៈដែលរដ្ឋាភិបាលបក្សកាន់អំណាច កំពុងជាប់គាំងមិនទាមទារទឹកដីដែលបាត់បង់មកវិញ និងកំពុងតែរងសម្ពាធពីសហគមន៍អន្តរជាតិ រឿងបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធ អនឡាញនៅកម្ពុជា។

អ្នកតាមដានផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី យល់ថា ការប្រាប់ពលរដ្ឋឱ្យទៅទារសំណងពីយោធាថៃ របស់ លោក ហ៊ុន ម៉ាណែត គឺជាការរុញបន្ទុកទៅលើអ្នកដែលកំពុងរងគ្រោះ ជាអ្នកទទួលខុសត្រូវ ខណៈដែលពលរដ្ឋ គ្មានសិទ្ធិអំណាច និងមធ្យោបាយដើម្បីទាមទារសំណងពីភាគីថៃនោះទេ។ លោកបន្តថា ករណីនេះគឺមានតែ រដ្ឋាភិបាលចេញមុខប្រមូលភស្តុតាង កត់ត្រាការខូចខាត និងដឹកនាំការទាមទារសំណងតាមផ្លូវការទូត និងយន្តការអន្តរជាតិដែលសមស្របប៉ុណ្ណោះ។ បន្ថែមពីលើនោះ លោកយល់ថា ការជួយសង្គ្រោះពលរដ្ឋ និងការទាមទារឱ្យភាគីថៃទទួលខុសត្រូវ គឺជាកិច្ចការ ដែលរដ្ឋាភិបាលត្រូវធ្វើជាចាំចាប់។
ទន្ទឹមគ្នានោះ លោកយល់ថា លោក ហ៊ុន ម៉ាណែត មិនគួរប្រើប្រាស់វេទិកា ដើម្បីតបតការរិះគន់របស់ពលរដ្ឋ និងបក្សប្រឆាំង ដោយការជេរប្រមាថ និងឌឺដងសម្ដីគ្នានោះទេ គួរតែបង្ហាញលទ្ធផលការងារជាក់ស្ដែង ទើបសាកសមជាមេដឹកនាំ ដែលមានទំនួលខុសត្រូវខ្ពស់។
លោក សេង វណ្ណលី៖ «ចំណែកការអះអាងថា គេជេរមក លោកត្រូវជេរតបវិញ គឺមិនសមនឹងការទទួលខុសត្រូវរបស់នាយករដ្ឋមន្ត្រីសោះឡើយ។ លោកមានសិទ្ធិបកស្រាយ និងការពារកេរ្តិ៍ឈ្មោះ ប៉ុន្តែតំណែងដឹកនាំប្រទេសទាមទារឱ្យចេះគ្រប់គ្រងអារម្មណ៍ និងឆ្លើយតបដោយភស្តុតាង។ បើការរិះគន់ខុស ត្រូវបង្ហាញថាខុសត្រង់ណា បើមានចំណុចត្រឹមត្រូវ ត្រូវទទួលស្គាល់ និងកែតម្រូវ។ ការរិះគន់ការសម្រេចចិត្តរបស់រដ្ឋាភិបាល ឬការដឹកនាំកងទ័ព ក៏មិនអាចចាត់ទុកថាជាការប្រមាថកងទ័ពទាំងមូលបានដែរ»។
ជាមួយគ្នានោះលោក សេង វណ្ណលី យល់ថា ពលរដ្ឋត្រូវការផ្ទះសម្បែងសុវត្ថិភាព និងចម្លើយច្បាស់លាស់អំពីការការពារទឹកដីរបស់រដ្ឋាភិបាល ដូច្នេះការប្រើពាក្យអសុរោះមិនអាចសង់ផ្ទះឱ្យអ្នករងគ្រោះ ឬដោះស្រាយបញ្ហាព្រំដែនបានទេ។ លោកបន្តថា សមត្ថភាពមេដឹកនាំត្រូវវាស់តាមការដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋ និងការទទួលខុសត្រូវចំពោះលទ្ធផលការងារ។ បើចង់ឱ្យពលរដ្ឋទុកចិត្ត លោក ហ៊ុន ម៉ាណែត ត្រូវបង្ហាញសកម្មភាព និងលទ្ធផលឱ្យបានច្បាស់ ជាជាងប្រើវេទិកាសាធារណៈដើម្បីជេរតបអ្នករិះគន់។
យោធាថៃបានបង្កសង្គ្រាមឈ្លានពានទឹកដីខ្មែរ កាលពីឆ្នាំ២០២៥ ដោយវាយគ្រប់គ្រងទឹកដី តាមព្រំដែន ជិត១០០ទីតាំង ក្រោយមានបទឈប់បាញ់។ ក្នុងនោះតំបន់ដែលរងផលប៉ះពាល់មកលើលំនៅឋានពលរដ្ឋច្រើនជាងគេគឺតំបន់បឹងត្រកួន ដែលមានភូមិចំនួន៦ស្ថិតក្នុង ស្រុកថ្មពួក និង នៅភូមិជោគជ័យ ព្រៃចាន់ ស្ថិតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្រៅពីនោះមាន នៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ តំបន់អានសេះ ខេត្តព្រះវិហារ និងតាមបណ្ដោយព្រំដែនជាច្រើនទៀត ក្នុងខេត្តឧត្តរមានជ័យ និងខេត្តបាត់ដំបង៕









