

តុលាការខេត្តព្រះវិហារកោះហៅសហគមន៍រងគ្រោះដីធ្លី ដែលមានវិវាទជាមួយក្រុមហ៊ុន សាន់តាណា នៅស្រុកឆែប ខេត្តព្រះវិហារ ឲ្យចូលបំភ្លឺពាក់ព័ន្ធបទគំរាមសម្លាប់ និងលួចទ្រព្យសម្បត្តិអ្នកដទៃ។ សហគមន៍អះអាងថា ពលរដ្ឋមិនបានគំរាមសម្លាប់ និងលួចទ្រព្យសម្បត្តិដូចការចោទប្រកាន់របស់តុលាការនោះឡើយ។
ពលរដ្ឋអះអាងថា តុលាការខេត្តព្រះវិហារបានចេញដីកាកោះហៅពលរដ្ឋឲ្យចូលបំភ្លឺពាក់ព័ន្ធបទចោទ គំរាមកំហែងថានឹងសម្លាប់ និងលួចយកសម្ភារៈធ្វើស្រែរបស់អ្នកដទៃនៅសាលាដំបូងខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែកញ្ញា ប៉ុន្តែពលរដ្ឋបានស្នើសុំពន្យាពេលទៅតុលាការរួចហើយ ពីព្រោះពលរដ្ឋមិនទាន់មានមេធាវី ដើម្បីចូលបំភ្លឺនោះឡើយ។ លើសពីនោះពលរដ្ឋច្រានចោលការចោទប្រកាន់របស់តុលាការដោយអះអាងថា ពលរដ្ឋបាននាំគ្នាដើរល្បាត និងទប់ស្កាត់ក្រុមឈ្មួញមិនឲ្យឈូសឆាយធ្វើស្រែសម្ការ នៅលើដីធ្លីកំពុងមានទំនាស់ ពីព្រោះដីស្រែទាំងអស់នោះ ស្ថិតនូវរង់ចាំរកដំណោះស្រាយនៅឡើយ។
តំណាងពលរដ្ឋដែលរងពាក្យបណ្ដឹង លោក សោម ណៃ អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១ ខែតុលាថា ពលរដ្ឋជិត១០នាក់រងពាក្យបណ្ដឹង ពីបទគំរាមសម្លាប់ និងលួចសម្ភារៈរបស់អ្នកដទៃ និងត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺ ប៉ុន្តែពួកលោកបានដាក់លិខិតពន្យាពេលទៅថ្ងៃខាងមុខរួចរាល់ហើយ។ លោកថា នៅថ្ងៃចុះល្បាត មានពលរដ្ឋជាង៤០នាក់ បានហាមឃាត់មនុស្សមួយក្រុមមិនស្គាល់អត្តសញ្ញាណ ដែលបានធ្វើស្រែសម្ការៈនៅលើព្រៃសហគមន៍និងដីធ្លីរបស់ពួកគាត់ដែលកំពុងមានវិវាទ។ លោកថា ពលរដ្ឋបានសួរនាំ និងបានដកហូតសម្ភារៈធ្វើស្រែចម្ការៈទាំងនោះ យកទៅប្រគល់ឲ្យមន្ត្រីបរិស្ថាន និងអាជ្ញាធរមូលដ្ឋាននៅតំបន់នោះដើម្បីរក្សាទុក ប៉ុន្តែមន្ត្រីទាំងនោះបានបដិសេធមិនទទួលយកវត្ថុតាងទាំងនេះឡើយ ទើបពលរដ្ឋរក្សាទុកសម្ភារៈទាំងនោះនៅវត្តបណ្ដោះអាសន្ន។ លោកថាពលរដ្ឋគ្មានបំណងយកសម្ភារៈទាំងអស់ទៅណាឡើយ ហើយមិនបានគំរាមសម្លាប់នរណានោះដែរ។
លោក សោម ណៃ៖ «សុំឲ្យតុលាការទម្លាក់បទចោទ ដែលពាក្យមិនពិតនៅក្នុងពាក្យបណ្ដឹង អ្នកណាជាអ្នកប្ដឹង វាមិនមានសាច់រឿងដែលត្រូវប្ដឹងនោះទេ ពីព្រោះពួកគាត់មិនមែនទៅលួចទេ ទៅគ្នាឡើង៤០នាក់ជាងហើយ ទៅលួចយ៉ាងម៉េច នាំគ្នាទៅទប់ស្កាត់ និងយកមកថែរក្សាទុក ចំណែកមន្ត្រីទាំងអស់គេចខ្លួនបាត់ស្រមោល មិនមាននរណាដោះស្រាយឲ្យប្រជាពលរដ្ឋនោះទេ ងាកៗប្ដឹង ងាកៗប្ដឹង រងកម្មវេទនាមិនចេះចប់ទេ»។
តំណាងពលរដ្ឋរូបនេះលើកឡើងទៀតថា ក្រុមមនុស្សដែលដាក់គ្រឿងចក្រ និងសម្ភារៈធ្វើស្រែចម្ការ បានសារភាពថា ពួកគេស៊ីឈ្នួលឲ្យមានអ្នកអំណាចម្នាក់នៅរាជធានីភ្នំពេញ ឲ្យមកធ្វើស្រែនៅលើដីទាំងអស់នេះ ប៉ុន្តែពួកគេមិនបានបញ្ហាឈ្មោះបុគ្គលម្នាក់នេះឡើយ។
ជុំវិញរឿងនេះទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី ដើម្បីសុំការឆ្លើយតបបាននោះទេ នៅថ្ងៃទី០១ ខែតុលា។ ទោះជាយ៉ាងណា កាលពីថ្ងៃទី០៨ ខែកញ្ញា តុលាការខេត្តព្រះវិហារបានចេញដីកាកោះហៅ លោក សោម ណៃ រស់នៅភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ឲ្យចូលបំភ្លឺពាក់ព័ន្ធដំណើររឿង គំរាមកំហែងថានឹងសម្លាប់ និងលួចយកសម្ភារៈធ្វើស្រែ នៅថ្ងៃទី២៣ ខែកញ្ញា។ នេះបើតាមដីកាកោះ របស់សាលាដំបូងដែលទូរទស្សន៍អាស៊ីសេរីទទួលបាននៅថ្ងៃទី១ ខែតុលា។
លោក សោម ណៃ អះអាងទៀតថា ដីធ្លី និងដីព្រៃសហគមន៍ មានវិវាទជាមួយក្រុមឈ្មួញមានអំណាចអស់រយៈពេល៣ឆ្នាំមកហើយ នៅមិនទាន់មានដំណោះស្រាយសមរម្យឲ្យប្រជាពលរដ្ឋនោះទេ អាជ្ញាធរពាក់ព័ន្ធតែងតែពន្យារពេលមិនរកដំណោះស្រាយឲ្យពលរដ្ឋនោះឡើយ។ លើសពីនោះអាជ្ញាធរខេត្តអះអាងថា ដីធ្លីទាំងនោះមិនមែនជារបស់បុគ្គលអ្នកមានអំណាចណាម្នាក់នោះឡើយ ប៉ុន្តែពលរដ្ឋឆ្ងល់ថា ហេតុអ្វីបានអាជ្ញាធរមិនរកដំណោះស្រាយ និងបញ្ចប់វិវាទមួយនេះ។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យិន ម៉េងលី សោកស្ដាយដែលអាជ្ញាធរមិនអាចសហការជាមួយពលរដ្ឋ ក្នុងការទប់ស្កាត់បទល្មើសឈូសឆាយ ខណៈដីធ្លីមួយចំនួនកំពុងស្ថិតក្នុងវិវាទនៅឡើយ។ លោកថា ប្រសិនបើសកម្មភាពឈូសឆាយបំផ្លាញព្រៃឈើដែលជាសម្បត្តិរបស់រដ្ឋ ពលរដ្ឋមានសិទ្ធិហាមឃាត់ និងចាប់វត្ថុតាងទាំងនោះប្រគល់ទៅឲ្យមន្ត្រីពាក់ព័ន្ធចាត់វិធានការតាមច្បាប់ មិនមែនជាទង្វើផ្ទុយពីច្បាប់នោះឡើយ។
លោក យិន ម៉េងលី៖ «ប្រសិនបើគាត់ធ្វើរបៀបនេះទីមួយពលរដ្ឋគាត់លែងចូលរួមហើយក្នុងការការពារព្រៃឈើការពារទ្រព្យសម្បត្តិសាធារណៈហើយពីព្រោះនៅពេលចាប់ហើយមិនដឹងយកទៅប្រគល់ឲ្យនរណាហើយខ្លួនឯងមានទោសអញ្ចឹងធ្វើឲ្យការចូលរួមក្នុងការការពារនឹងវាលែងសកម្មហើយ»។
ដីព្រៃសហគមន៍ និងដីស្រែចម្ការៈរបស់ពលរដ្ឋស្ថិតនៅឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ជិត៥ពាន់ហិកតារ (៤,៩៥៧)ត្រូវបានក្រុមហ៊ុនសាន់តាណារបស់អភិបាលរងខេត្តព្រះវិហារ លោក អ៊ុក គឹមសាន ដាក់គ្រឿងចក្រឈូសឆាយរំលោភយក និងគំរាមកំហែងពលរដ្ឋមិនឲ្យចេញតវ៉ា។ លើសពីនោះក្រុមហ៊ុននេះ លួចកាប់ឈើធ្វើអាជីវកម្មក្នុងតំបន់ព្រៃការពារថែមទៀត។ ពលរដ្ឋថា អស់រយៈពេលជាង៣ឆ្នាំមកហើយ ដែលពលរដ្ឋមានវិវាទជាមួយក្រុមហ៊ុន សាន់តាណា ហើយអាជ្ញាធរនៅតំបន់នោះមិនទាន់រកដំណោះស្រាយឲ្យពលរដ្ឋនោះទេ៕









