ថៃ​បន្ត​រាយ​បន្លាលួស និង​សង់​សំណង់​នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្ត​ឧត្តរមានជ័យ និង​ព្រះវិហារ

0
136
ទិដ្ឋភាពទាហានថៃរាយបន្លាលួស នៅតំបន់មុំបី ខេត្តព្រះវិហារ កាលពីថ្ងៃទី១ តុលា ២០២៦។ រូប៖ យោធាថៃ
ទិដ្ឋភាពទាហានថៃរាយបន្លាលួស នៅតំបន់មុំបី ខេត្តព្រះវិហារ កាលពីថ្ងៃទី១ តុលា ២០២៦។ រូប៖ យោធាថៃ

យោធា​ថៃ​បាន​បន្ត​ធ្វើ​សកម្មភាព​រាយ​បន្លា​លួស ឈូសឆាយ និង​សាងសង់​សំណង់​ជា​ច្រើន​ទីតាំង នៅ​តាម​ព្រំដែន​កម្ពុជា ទោះបីជា​ភាគី​ថៃ​ទើប​បាន​ឯកភាព​គ្នា​ជាមួយ​កម្ពុជា នៅក្នុង​កិច្ច​ប្រជុំ​ថ្នាក់​តំបន់ RBC ដោយ​សន្យា​ថា​មិន​ពង្រីក​ទីតាំង​បន្ថែម​នោះ​ឡើយ។ អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​ភាគី​កម្ពុជា​រក​វិធី​ទប់ស្កាត់​សកម្មភាព​ឈ្លានពាន​របស់​ថៃ​នៅលើ​ទីតាំង​ជាក់ស្ដែង ជា​ជាង​ការ​ចរចា​ដែល​មាន​ភាព​មិន​ច្បាស់លាស់ និង​គ្មាន​ទម្ងន់​ផ្នែក​ច្បាប់​ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ភាគី​ថៃ​គោរព​តាម។

បើ​ទោះជា​តំណាង​ភាគី​កម្ពុជា និង​ថៃ ទើបតែ​បាន​ចាប់​ដៃគ្នា​នៅ​ច្រក​ជាំសាង៉ាំ ដោយ​ឯកភាព​មិន​ពង្រីក​ទីតាំង​ឈរ​ជើង​បន្ថែម​ទៀត​ក៏​ដោយ ភាគី​ថៃ​មិន​បាន​អនុវត្ត​តាម​កិច្ច​ចរចា​នេះ​ឡើយ។

ទាហាន​ខ្មែរ​ម្នាក់​ដែល​កំពុង​ឈរជើង​នៅ​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ី​សេរី នៅក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា យោធា​ថៃ​បាន​ពង្រីក​សកម្មភាព​ចូល​រាយ​បន្លា​លួស និង​ឈូសឆាយ​សាងសង់​ផ្លូវ ដោយ​រំលោភ​ចូល​កាន់តែ​ជ្រៅ​ក្នុង​ទឹកដី​កម្ពុជា នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​២ និង​លេខ​៣ ស្ថិត​ក្នុង​តំបន់​ទំនប់​តាទុំ និង​ភ្នំ​បេង ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​អន្លង់វែង។ ទាហាន​ជើង​ចាស់​រូប​នេះ​បន្ត​ថា ទីតាំង​ទំនប់​តាទុំ ដែល​ភាគី​ថៃ​កំពុង​ធ្វើ​សកម្មភាព​ឈ្លានពាន​នេះ គឺ​ជា​អតីត​ទី​បញ្ជា​ការដ្ឋាន​កងទ័ព និង​ជា​ជំរំ​ជនភៀសខ្លួន​មួយ​របស់​ចលនា​តស៊ូ​សីហនុនិយម ឬ​គណបក្ស​ហ៊្វុនស៊ិនប៉ិច (FUNCINPEC) កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ មុនពេល​ដែល​បន្ទាយ​នេះ ត្រូវ​កងទ័ព​វៀតណាម និង​កងទ័ព​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បើក​ការ​វាយប្រហារ​យ៉ាង​ខ្លាំងក្លា។

ក្រៅ​ពី​តំបន់​អន្លង់វែង យោធា​ថៃ​បាន​បន្ត​ធ្វើ​សកម្មភាព​កាយ​ថ្ម​តាម​ជ្រលង​ភ្នំ សាងសង់​ផ្លូវ លេណដ្ឋាន​បេតុង រោង​សំណាក់ និង​បន្ទប់ទឹក ក្នុង​ទីតាំង​ដែល​យោធា​ថៃ​កំពុង​កាន់កាប់​ដោយ​ខុស​ច្បាប់ ក្រោយ​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន មាន​ដូចជា​តំបន់​ប្រាសាទ​ខ្នារ និង​ភ្នំ​គីង្គក់ ភូមិ​អូរខ្លាឃ្មុំ និង​ភូមិ​រួតចំប៉ី ជាដើម។ ចំណែក​នៅ​តំបន់​ប្រាសាទ​តាក្របី និង​ភ្នំ​៣៥០ វិញ ក្រុម​ប្រជាពលរដ្ឋ និង​យោធា​ថៃ​បាន​សាងសង់ សាលាសំណាក់ និង​បន្ទប់ទឹក អចិន្ត្រៃយ៍​ជា​ច្រើន​ទីតាំង។ ក្រៅពី​នេះ ភាគី​ថៃ​បាន​ឈូសឆាយ កាយ​ប្រឡាយ សាងសង់​លេណដ្ឋាន នៅក្នុង​តំបន់​ប្រាសាទ​តាក្របី ដែល​ទាហាន​ខ្មែរ​បាន​អះអាង​ថា គឺជា​ការ​រៀបចំ​ទីតាំង​យុទ្ធសាស្ត្រ​ដើម្បី​ប្រឆាំង​រថពាសដែក។

ងាក​មក​តំបន់​ព្រំដែន​ខេត្ត​ព្រះវិហារ​វិញ យោធា​ថៃ​បាន​បន្ត​សាងសង់​លេណដ្ឋាន ផ្លូវ​យុទ្ធសាស្ត្រ និង​កាយ​ប្រឡាយ​នៅលើ​ទឹកដី​កម្ពុជា​មួយ​ផ្នែក ដែល​យោធា​ថៃ​កំពុង​កាន់កាប់​ដោយ​ខុសច្បាប់ នៅ​តំបន់​អានសេះ តំបន់​មុំបី ភ្នំ​៧៤៧ ភ្នំ​ខ្មោច ភ្នំ​៥០០ និង​តំបន់​តាសឹម​ជាដើម។

សកម្មភាព​សាងសង់ និង​ការ​កែប្រែ​ភូមិសាស្ត្រ​ជាក់ស្ដែង របស់​យោធា​ថៃ​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​នេះ ធ្វើឡើង​បន្ទាប់ពី​តំណាង​កងកម្លាំង​ភាគី​កម្ពុជា និង​ថៃ បាន​បើក​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា-ថៃ (RBC) កាលពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា នៅ​ច្រក​អន្តរជាតិ​ជាំ-សាង៉ាំ ស្ថិត​ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។ កិច្ចប្រជុំ​នេះ បាន​ធ្វើឡើង​តាម​ការ​អញ្ជើញ​របស់​យោធ​ភូមិភាគ​ទី​៤ កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​តាម​ព្រំដែន ជាពិសេស​នៅ​តំបន់​ច្រក​ជាំ ជា​តំបន់​ដែល​កងកម្លាំង​របស់​ភាគី​ទាំងពីរ​បាន​ប្រឈមមុខ​ដាក់​គ្នា និង​មាន​ការ​ឈ្លានពាន​ពីសំណាក់​ភាគី​ថៃ ដែល​បាន​ធ្វើ​សកម្មភាព​ឈូសឆាយ និង​ពង្រីក​ទីតាំង​ឈរជើង​ក្នុង​តំបន់​នេះ​តាំងពី​ដើម​ខែ​ឧសភា។

ទោះជា​បែបនេះ​ក្ដី ទាហាន​ខ្មែរ​អះអាង​ថា មុននឹង​ឈាន​ដល់​កិច្ច​ចរចា​នេះ ទាហាន​ខ្មែរ​បាន​ទទួល​បញ្ជា​ឱ្យ​ដកថយ​ពី​ទីតាំង​ចាស់ នៅ​តំបន់​ភ្នំ​បេង និង​ទំនប់​តាទុំ តាម​ការ​ចង់បាន​របស់​ភាគី​ថៃ​រួច​បាត់​ទៅ​ហើយ ខណៈ​នៅ​ក្រោយ​ការ​ចរចា​នេះ​ទៀត​សោត ភាគី​ថៃ​ក៏​នៅតែ​ធ្វើ​សកម្មភាព ពង្រីក​ទីតាំង​ឈរជើង​ដដែល។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា និង​រដ្ឋមន្ត្រី​ទទួល​បន្ទុក រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន លោក ឡាំ ជា ដើម្បី​ផ្ទៀងផ្ទាត់​អំពី​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២ ខែ​តុលា។

ចំណែក​ស្ថាប័ន​ពាក់ព័ន្ធ និង​មេដឹកនាំ​កំពូល​ក៏​មិន​បាន​ចេញ​សេចក្ដីថ្លែងការណ៍​អំពី​រឿង​នេះ​នោះ​ទេ ដោយ​ក្រុម​មេដឹកនាំ រួម​មាន​ប្រធាន​ព្រឹទ្ធសភា គឺ​លោក ហ៊ុន សែន បាន​ផ្ដោត​ទៅលើ​ការ​បង្ហោះ​សំណេរ​នៅលើ​បណ្ដាញ​សង្គម ដើម្បី​សរសើរ​ស្នាដៃ​ក្រោម​ការ​ដឹកនាំ​រដ្ឋាភិបាល​របស់​កូន​ប្រុស​លោក ខណៈ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត វិញ លោក​ហាក់​ដូចជា ផ្ដោត​ទៅលើ​ការ​វាយប្រហារ​សំឡេង​អ្នក​ប្រឆាំង ដែល​ជា​ខ្មែរ​ដូចគ្នា​ទៅ​វិញ។

ងាក​មក​បញ្ហា​ព្រំដែន​វិញ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ជំរុញ​ឱ្យ​ភាគី​កម្ពុជា​រក​វិធី​ទប់ស្កាត់​សកម្មភាព​ឈ្លានពាន​របស់​ថៃ​នៅលើ​ទីតាំង​ជាក់ស្ដែង ជា​ជាង​ការ​ចរចា​ដែល​មាន​ភាព​មិន​ច្បាស់លាស់ និង​គ្មាន​ទម្ងន់​ផ្នែក​ច្បាប់ ដែល​អាច​ដាក់​សម្ពាធ​ឱ្យ​ភាគី​ថៃ​គោរព​តាម​នោះ​ឡើយ។

លោក ម៉ែន ណាត ៖ «ប្រទេស​កម្ពុជាទទួលយក​លទ្ធផល​របស់​ខ្លួន​ហើយបែរជា​ភាគី​ថៃ​នៅតែ​រុល​ចូល​ដដែលតើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គិត​យ៉ាងម៉េចក្នុង​ស្ថានភាព​ហានិភ័យ​ព្រំដែនដែល​កំពុង​តែ​ទទួល​ការ​ឈ្លានពាន​មិន​ឈប់ឈរគេ​ឈ្លានពាន​គ្រប់គ្រង ១៤ទីតាំង ឥឡូវ​នេះ​វា​ចូល​ជិត១០០ទីតាំង​ទៅហើយគេ​គ្រប់គ្រង​ក្នុង​ដី​ខ្មែរ​រីក​ធំ​ទៅៗហើយ​រដ្ឋាភិបាល​កម្ពុជា​អត់​មាន​ឃើញ​ដំណោះស្រាយ​អី​ទេក្នុង​រឿង​នេះប៉ុន្តែ​ឃើញ​មាន​ដំណោះស្រាយ​មួយ​ក្នុង​រឿង​បង្ក្រាប​ខ្មែរ​គ្នាឯង»។

ទាហាន​ខ្មែរ​លើកឡើង​ថា ស្ទើរតែ​រៀងរាល់​ថ្ងៃ​ទៅ​ហើយ ដែល​កម្ពុជា​បាន​បាត់បង់​ទីតាំង​នៅ​តាម​បណ្ដោយ​ព្រំដែន​ទៅកាន់​ភាគី​ថៃ ដោយសារតែ​អភិក្រម«ស្ងាត់​តែ​មិន​ស្ងៀម» និង​គោល​ជំហរ​ទន់ជ្រាយ ក្នុង​ការ​ទប់ស្កាត់​សកម្មភាព​នៅលើ​ទីតាំង​ជាក់ស្ដែង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ