

យោធាថៃបានបន្តធ្វើសកម្មភាពរាយបន្លាលួស ឈូសឆាយ និងសាងសង់សំណង់ជាច្រើនទីតាំង នៅតាមព្រំដែនកម្ពុជា ទោះបីជាភាគីថៃទើបបានឯកភាពគ្នាជាមួយកម្ពុជា នៅក្នុងកិច្ចប្រជុំថ្នាក់តំបន់ RBC ដោយសន្យាថាមិនពង្រីកទីតាំងបន្ថែមនោះឡើយ។ អ្នកឃ្លាំមើលជំរុញឱ្យភាគីកម្ពុជារកវិធីទប់ស្កាត់សកម្មភាពឈ្លានពានរបស់ថៃនៅលើទីតាំងជាក់ស្ដែង ជាជាងការចរចាដែលមានភាពមិនច្បាស់លាស់ និងគ្មានទម្ងន់ផ្នែកច្បាប់ដើម្បីដាក់សម្ពាធឱ្យភាគីថៃគោរពតាម។
បើទោះជាតំណាងភាគីកម្ពុជា និងថៃ ទើបតែបានចាប់ដៃគ្នានៅច្រកជាំសាង៉ាំ ដោយឯកភាពមិនពង្រីកទីតាំងឈរជើងបន្ថែមទៀតក៏ដោយ ភាគីថៃមិនបានអនុវត្តតាមកិច្ចចរចានេះឡើយ។
ទាហានខ្មែរម្នាក់ដែលកំពុងឈរជើងនៅព្រំដែនខេត្តឧត្តរមានជ័យ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី នៅក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា យោធាថៃបានពង្រីកសកម្មភាពចូលរាយបន្លាលួស និងឈូសឆាយសាងសង់ផ្លូវ ដោយរំលោភចូលកាន់តែជ្រៅក្នុងទឹកដីកម្ពុជា នៅចំណុចបង្គោលព្រំដែនលេខ២ និងលេខ៣ ស្ថិតក្នុងតំបន់ទំនប់តាទុំ និងភ្នំបេង ដែលស្ថិតនៅក្នុងស្រុកអន្លង់វែង។ ទាហានជើងចាស់រូបនេះបន្តថា ទីតាំងទំនប់តាទុំ ដែលភាគីថៃកំពុងធ្វើសកម្មភាពឈ្លានពាននេះ គឺជាអតីតទីបញ្ជាការដ្ឋានកងទ័ព និងជាជំរំជនភៀសខ្លួនមួយរបស់ចលនាតស៊ូសីហនុនិយម ឬគណបក្សហ៊្វុនស៊ិនប៉ិច (FUNCINPEC) កាលពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ មុនពេលដែលបន្ទាយនេះ ត្រូវកងទ័ពវៀតណាម និងកងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជា បើកការវាយប្រហារយ៉ាងខ្លាំងក្លា។
ក្រៅពីតំបន់អន្លង់វែង យោធាថៃបានបន្តធ្វើសកម្មភាពកាយថ្មតាមជ្រលងភ្នំ សាងសង់ផ្លូវ លេណដ្ឋានបេតុង រោងសំណាក់ និងបន្ទប់ទឹក ក្នុងទីតាំងដែលយោធាថៃកំពុងកាន់កាប់ដោយខុសច្បាប់ ក្រោយផ្ទុះសង្គ្រាមតាមព្រំដែន មានដូចជាតំបន់ប្រាសាទខ្នារ និងភ្នំគីង្គក់ ភូមិអូរខ្លាឃ្មុំ និងភូមិរួតចំប៉ី ជាដើម។ ចំណែកនៅតំបន់ប្រាសាទតាក្របី និងភ្នំ៣៥០ វិញ ក្រុមប្រជាពលរដ្ឋ និងយោធាថៃបានសាងសង់ សាលាសំណាក់ និងបន្ទប់ទឹក អចិន្ត្រៃយ៍ជាច្រើនទីតាំង។ ក្រៅពីនេះ ភាគីថៃបានឈូសឆាយ កាយប្រឡាយ សាងសង់លេណដ្ឋាន នៅក្នុងតំបន់ប្រាសាទតាក្របី ដែលទាហានខ្មែរបានអះអាងថា គឺជាការរៀបចំទីតាំងយុទ្ធសាស្ត្រដើម្បីប្រឆាំងរថពាសដែក។
ងាកមកតំបន់ព្រំដែនខេត្តព្រះវិហារវិញ យោធាថៃបានបន្តសាងសង់លេណដ្ឋាន ផ្លូវយុទ្ធសាស្ត្រ និងកាយប្រឡាយនៅលើទឹកដីកម្ពុជាមួយផ្នែក ដែលយោធាថៃកំពុងកាន់កាប់ដោយខុសច្បាប់ នៅតំបន់អានសេះ តំបន់មុំបី ភ្នំ៧៤៧ ភ្នំខ្មោច ភ្នំ៥០០ និងតំបន់តាសឹមជាដើម។
សកម្មភាពសាងសង់ និងការកែប្រែភូមិសាស្ត្រជាក់ស្ដែង របស់យោធាថៃនៅតាមតំបន់ព្រំដែនកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីតំណាងកងកម្លាំងភាគីកម្ពុជា និងថៃ បានបើកកិច្ចប្រជុំក្រៅផ្លូវការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) កាលពីថ្ងៃទី២៩ ខែកញ្ញា នៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ កិច្ចប្រជុំនេះ បានធ្វើឡើងតាមការអញ្ជើញរបស់យោធភូមិភាគទី៤ កម្ពុជា ដើម្បីដោះស្រាយបញ្ហានៅតាមព្រំដែន ជាពិសេសនៅតំបន់ច្រកជាំ ជាតំបន់ដែលកងកម្លាំងរបស់ភាគីទាំងពីរបានប្រឈមមុខដាក់គ្នា និងមានការឈ្លានពានពីសំណាក់ភាគីថៃ ដែលបានធ្វើសកម្មភាពឈូសឆាយ និងពង្រីកទីតាំងឈរជើងក្នុងតំបន់នេះតាំងពីដើមខែឧសភា។
ទោះជាបែបនេះក្ដី ទាហានខ្មែរអះអាងថា មុននឹងឈានដល់កិច្ចចរចានេះ ទាហានខ្មែរបានទទួលបញ្ជាឱ្យដកថយពីទីតាំងចាស់ នៅតំបន់ភ្នំបេង និងទំនប់តាទុំ តាមការចង់បានរបស់ភាគីថៃរួចបាត់ទៅហើយ ខណៈនៅក្រោយការចរចានេះទៀតសោត ភាគីថៃក៏នៅតែធ្វើសកម្មភាព ពង្រីកទីតាំងឈរជើងដដែល។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា និងរដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា ដើម្បីផ្ទៀងផ្ទាត់អំពីរឿងនេះបានទេ នៅថ្ងៃទី២ ខែតុលា។
ចំណែកស្ថាប័នពាក់ព័ន្ធ និងមេដឹកនាំកំពូលក៏មិនបានចេញសេចក្ដីថ្លែងការណ៍អំពីរឿងនេះនោះទេ ដោយក្រុមមេដឹកនាំ រួមមានប្រធានព្រឹទ្ធសភា គឺលោក ហ៊ុន សែន បានផ្ដោតទៅលើការបង្ហោះសំណេរនៅលើបណ្ដាញសង្គម ដើម្បីសរសើរស្នាដៃក្រោមការដឹកនាំរដ្ឋាភិបាលរបស់កូនប្រុសលោក ខណៈលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត វិញ លោកហាក់ដូចជា ផ្ដោតទៅលើការវាយប្រហារសំឡេងអ្នកប្រឆាំង ដែលជាខ្មែរដូចគ្នាទៅវិញ។
ងាកមកបញ្ហាព្រំដែនវិញ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ជំរុញឱ្យភាគីកម្ពុជារកវិធីទប់ស្កាត់សកម្មភាពឈ្លានពានរបស់ថៃនៅលើទីតាំងជាក់ស្ដែង ជាជាងការចរចាដែលមានភាពមិនច្បាស់លាស់ និងគ្មានទម្ងន់ផ្នែកច្បាប់ ដែលអាចដាក់សម្ពាធឱ្យភាគីថៃគោរពតាមនោះឡើយ។
លោក ម៉ែន ណាត ៖ «ប្រទេសកម្ពុជាទទួលយកលទ្ធផលរបស់ខ្លួនហើយបែរជាភាគីថៃនៅតែរុលចូលដដែលតើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គិតយ៉ាងម៉េចក្នុងស្ថានភាពហានិភ័យព្រំដែនដែលកំពុងតែទទួលការឈ្លានពានមិនឈប់ឈរគេឈ្លានពានគ្រប់គ្រង ១៤ទីតាំង ឥឡូវនេះវាចូលជិត១០០ទីតាំងទៅហើយគេគ្រប់គ្រងក្នុងដីខ្មែររីកធំទៅៗហើយរដ្ឋាភិបាលកម្ពុជាអត់មានឃើញដំណោះស្រាយអីទេក្នុងរឿងនេះប៉ុន្តែឃើញមានដំណោះស្រាយមួយក្នុងរឿងបង្ក្រាបខ្មែរគ្នាឯង»។
ទាហានខ្មែរលើកឡើងថា ស្ទើរតែរៀងរាល់ថ្ងៃទៅហើយ ដែលកម្ពុជាបានបាត់បង់ទីតាំងនៅតាមបណ្ដោយព្រំដែនទៅកាន់ភាគីថៃ ដោយសារតែអភិក្រម«ស្ងាត់តែមិនស្ងៀម» និងគោលជំហរទន់ជ្រាយ ក្នុងការទប់ស្កាត់សកម្មភាពនៅលើទីតាំងជាក់ស្ដែង៕









