

ចលនាមាតាធម្មជាតិ ស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើអន្តរាគមន៍ទៅសាលាឧទ្ធរណ៍ឱ្យកំណត់កាលបរិច្ឆេទសវនាការថ្មី សម្រាប់សកម្មជនចលនាមាតាធម្មជាតិទាំង៥នាក់ បន្ទាប់ពីពួកគាត់ជាប់ពន្ធនាគារលើសពី ២ឆ្នាំ។ ការស្នើសុំនេះ ធ្វើឡើងដោយសារសាលាឧទ្ធរណ៍ បានប្រកាសលើកពេលសវនាការលើសំណុំរឿងរបស់សកម្មជនចលនាមាតាធម្មជាតិ ដោយគ្មានពេលកំណត់ ដោយគ្រាន់តែផ្អែកលើធុរៈផ្ទាល់ខ្លួន របស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ។
ចលនាមាតាធម្មជាតិ លើកឡើងថា សកម្មជនបរិស្ថាននៃចលនានេះទាំង៥នាក់ បានជាប់ពន្ធនាគារ អស់រយៈពេល លើសពី ៨២០ថ្ងៃ ឬ ច្រើនជាង ២ឆ្នាំហើយ ខណៈសំណុំរឿងរបស់ពួកគាត់ នៅតែរង់ចាំការជនុំជម្រះនៅសាលាឧទ្ធរណ៍ភ្នំពេញនៅឡើយ។
ចលនាមាតាធម្មជាតិ បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយភ្ជាប់រូបថត អ្នកទាំង ៥ រូប កាលពីថ្ងៃទី០១ ខែតុលា ដោយស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ចាត់វិធានការអន្តរាគមន៍ជាបន្ទាន់ ដើម្បីជំរុញឱ្យមានការកំណត់កាលបរិច្ឆេទសវនាការថ្មី សម្រាប់ពួកគាត់។ បន្ថែមលើនេះ ចលនាមាតាធម្មជាតិ ក៏ស្នើឲ្យសាលាឧទ្ធរណ៍ភ្នំពេញ កំណត់ថ្ងៃសវនាការ ក្នុងពេលឆាប់ៗ ហើយមិនត្រូវពន្យារពេល ដោយគ្មានហេតុផលសមស្របនោះទេ។
ប្រពន្ធសកម្មជនបរិស្ថាន លោក ថុន រដ្ឋា គឺលោកស្រី ប៉ាត់ រស្មី ចាត់ទុកការពន្យារពេលសវនាការសំណុំរឿងសកម្មជនបរិស្ថាន ៥ នាក់ ថា គឺជារឿងអយុត្តិធម៌ និងធ្វើឱ្យក្រុមគ្រួសារពួកគាត់ទាំងអស់គ្នា កាន់តែឈឺចាប់ ខណៈការបំបែកសកម្មជនទាំង ៥នាក់ ទៅដាក់ឃុំក្នុងពន្ធនាគារផ្សេងគ្នា ជាចំណាត់ការដែលទទួលយកមិនបានទៅហើយ។
លោកស្រី មានប្រសាសន៍ថា លោកស្រី មិនអស់ចិត្តទេ នៅពេលរដ្ឋាភិបាលអាចលើកលែងទោសឲ្យឧក្រិដ្ឋជនធំៗ ឲ្យមានសេរីភាពបាន ប៉ុន្តែបែរជានៅបន្តដាក់ពន្ធនាគារលើសកម្មជនបរិដ្ឋាន និង អ្នកទោសមនសិការផ្សេងទៀត ដែលមានស្មារតីលះបង់ដើម្បីជាតិទៅវិញ។
លោកស្រី ប៉ាត រស្មី៖ «យើងមើលឃើញថា ឧកញ៉ាមួយចំនួនមានអំណាច ដែលប្រព្រឹត្តអំពើពុករលួយ បែរជារស់នៅសុខស្រួល។ ពួកគាត់អ្នកស្រឡាញ់ជាតិអ្នកការពារធនធានធម្មជាតិ ជាយុវជនដែលអាចនិយាយបានថា ជាយុវជនជាទំពាំស្នង ឫស្សីសម្រាប់កូនចៅជំនាន់ក្រោយហ្នឹង បែរជាត្រូវមកជាប់ពន្ធនាគារដោយអយុត្តិធម៌ អ៊ីចឹងធ្វើឱ្យពួកគាត់ ក៏ដូចជាក្រុមគ្រួសារហ្នឹង មានការឈឺចាប់មែនទែន»។
ទូរទស្សន៍អាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយជុំវិញរឿងនេះ ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក សេង ឌីណា និង អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង បានទេ នៅថ្ងៃទី២ ខែតុលា។ ទោះជាយ៉ាងណារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ធ្លាប់លើកឡើងថា ការពន្យាពេលទុកសំណុំរឿងចោលយូរឆ្នាំ ក៏ជារឿងអយុត្តិធម៌ សម្រាប់ជនរងគ្រោះដែរ ។
សាលាឧទ្ធរណ៍ កាលពីថ្ងៃទី០២ ខែមិថុនា បានប្រកាសលើកពេលសវនាការលើសំណុំរឿងសកម្មជនចលនាមាតាធម្មជាតិទាំង ៥ នាក់ ដោយគ្មានពេលកំណត់ ដោយតុលាការគ្រាន់តែសំអាងលើធុរៈផ្ទាល់ខ្លួនរបស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ។
សកម្មជនបរិស្ថានទាំង ៥ នាក់ រួមមាន កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុធ កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា និង លោក យីម លាងហ៊ី។ ពួកគាត់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗ ចន្លោះ ពី ៦ឆ្នាំ ដល់ ៨ឆ្នាំពីបទ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ» ក្រោយពីពួកគាត់ បានប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិ និង ធ្វើសកម្មភាពការពារធនធានធម្មជាតិ។
ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក នី សុខា ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២ ខែតុលា ថា ការពន្លឿននីតិវិធី នៅក្នុងការកាត់សេចក្ដី ឲ្យឆាប់រហ័ស និងអាចទទួលយកបាន សម្រាប់សកម្មជនបរិស្ថាន សិទ្ធិមនុស្ស និង សង្គមដទៃទៀត គឺជារឿងចាំបាច់ ដែលតុលាការត្រូវពិចារណា ពីព្រោះពលរដ្ឋគ្រប់រូបមានសិទ្ធិទទួលបានការជម្រះក្ដីដោយយុត្តិធម៌។
លោក នី សុខា យល់ថា មកដល់ពេលនេះ កម្ពុជាក៏គួរតែដោះលែងសកម្មជនបរិស្ថាន សិទ្ធិមនុស្សសកម្មជនសង្គម សកម្មជននយោបាយ និង អ្នកសារព័ត៌មានជាដើមដើម្បីបន្ថូរបន្ថយបរិយាកាសនយោបាយ នៅមុនពេលបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨។
លោក នី សុខា៖ «សកម្មជនច្រើនណាស់ ពិសេសសកម្មជនបរិស្ថាន បើសិនជាយើងនៅបន្តអូសបន្លាយពេលវេលាក្នុងការមិនបានសម្រេចអីឱ្យបានច្បាស់លាស់។ យើងដឹងហើយណាស់ ទាំងអ្នករាយការណ៍ពិសេសក្ដី ទាំងអីក្ដី គឺថា គេបានធ្វើការរិះគន់ ហើយនឹងគេកំពុងតែពិនិត្យមើលប្រទេសកម្ពុជាយើង។ ដូច្នេះ បើសិន ជាយើង នៅតែបន្តអូសបន្លាយរឿងទាំងអស់នេះទៀត ខ្ញុំថា មិនមែនជាល្អសម្រាប់ប្រទេសកម្ពុជាយើងទេ»។
ក្នុងសេចក្ដីសម្រេចកម្រាស់ ១៦ទំព័របស់ខ្លួន កាលពីខែកុម្ភៈ អង្គការសហប្រជាជាតិរកឃើញថា ការឃុំខ្លួនសកម្មជនបរិស្ថានទាំង ៥នាក់ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិពលរដ្ឋ និងមិនយុត្តិធម៌ ដោយសារតែការចាប់ខ្លួនពួកគាត់ ពុំមានមូលដ្ឋានច្បាប់។ អង្គការសហប្រជាជាតិ បានស្នើជាបន្ទាន់ឱ្យមានការដោះលែងសកម្មជនបរិស្ថានទាំង ៥នាក់ ដោយអនុលោមតាមសេចក្ដីប្រកាសជាសកល ស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលកម្ពុជាផ្ដល់សច្ចាប័ន កាលពីឆ្នាំ១៩៩២ ។
ជាមួយគ្នានេះ ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សអន្តរជាតិ កាលពីពេលថ្មីៗនេះ បានជំរុញ ឱ្យ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) លើកយកបញ្ហា សិទ្ធិពលរដ្ឋ និង សិទ្ធិ នយោបាយ នៅក្នុងកិច្ចប្រជុំរបស់ខ្លួន ដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោះលែង សកម្មជនចលនាមាតាធម្មជាតិទាំង៥រូប។
រីឯអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) កាលពីចុងខែកក្កដា បានជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បើកទូលាយលំហសេរីភាពសង្គម ស៊ីវិល និងធានាការគោរពសិទ្ធិនយោបាយ។ លោក ថម អេនឌ្រូ បានរំឭកលោក ហ៊ុន ម៉ាណែត ចំៗអំពីការផ្ដល់សេរីភាព ដល់ជនរងគ្រោះជាង១០០ នាក់ ដែល កំពុង ជាប់ពន្ធនាគារនៅកម្ពុជា ដោយសារការប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួន៕









