ចលនាមាតាធម្មជាតិស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើអន្តរាគមន៍ទៅ​សាលាឧទ្ធរណ៍ ឱ្យកំណត់សវនាការ សកម្មជនបរិស្ថាន៥នាក់

0
106
(ពីឆ្វេងទៅស្ដាំ) សកម្មជន​ចលនា​មាតា​ធម្មជាតិ ៥រូប គឺ​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី ​លោក លី ចាន់ដារ៉ាវុត និង​កញ្ញា ភួន កែវរស្មី ដែល​នឹង​ត្រូវ​ចូលរួម​សវនាការ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១១ ខែមិថុនា ឆ្នាំ២០២៤។ RFA
(ពីឆ្វេងទៅស្ដាំ) សកម្មជន​ចលនា​មាតា​ធម្មជាតិ ៥រូប គឺ​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី ​លោក លី ចាន់ដារ៉ាវុត និង​កញ្ញា ភួន កែវរស្មី ដែល​នឹង​ត្រូវ​ចូលរួម​សវនាការ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១១ ខែមិថុនា ឆ្នាំ២០២៤។ RFA

ចលនាមាតាធម្មជាតិ ស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើអន្តរាគមន៍ទៅ​សាលាឧទ្ធរណ៍ឱ្យ​កំណត់កាល​បរិច្ឆេទ​សវនាការថ្មី សម្រាប់សកម្មជនចលនាមាតា​ធម្មជាតិទាំង៥នាក់ បន្ទាប់ពីពួកគាត់ជាប់ពន្ធនាគារ​លើសពី ២ឆ្នាំ។ ការស្នើសុំនេះ ធ្វើឡើងដោយសារសាលាឧទ្ធរណ៍ បានប្រកាសលើកពេលសវនាការលើ​សំណុំ​រឿង​របស់សកម្មជនចលនាមាតាធម្មជាតិ ដោយគ្មានពេលកំណត់ ដោយគ្រាន់​តែផ្អែកលើធុរៈផ្ទាល់ខ្លួន របស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ។

ចលនាមាតាធម្មជាតិ លើកឡើងថា​ សកម្មជនបរិស្ថាននៃចលនានេះទាំង៥នាក់ បានជាប់ពន្ធនាគារ អស់រយៈពេល លើសពី ៨២០ថ្ងៃ ឬ ច្រើនជាង ២ឆ្នាំហើយ ខណៈសំណុំរឿងរបស់ពួកគាត់ នៅតែរង់ចាំការ​ជនុំជម្រះ​នៅ​សាលាឧទ្ធរណ៍​ភ្នំពេញនៅឡើយ។

ចលនាមាតាធម្មជាតិ បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយភ្ជាប់រូបថត អ្នកទាំង ៥ រូប កាលពីថ្ងៃទី០១ ខែតុលា ដោយស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ចាត់វិធានការអន្តរាគមន៍ជាបន្ទាន់ ដើម្បីជំរុញឱ្យមានការ​កំណត់កាល​បរិច្ឆេទសវនាការថ្មី សម្រាប់ពួកគាត់។ បន្ថែមលើនេះ ចលនាមាតាធម្មជាតិ ក៏ស្នើឲ្យសាលាឧទ្ធរណ៍ភ្នំពេញ កំណត់ថ្ងៃសវនាការ ក្នុងពេលឆាប់ៗ ហើយមិនត្រូវ​ពន្យារពេល ដោយគ្មានហេតុផលសមស្របនោះទេ។ 

ប្រពន្ធសកម្មជនបរិស្ថាន លោក ថុន រដ្ឋា គឺលោកស្រី ប៉ាត់ រស្មី ចាត់ទុកការ​ពន្យារពេលសវនាការ​សំណុំរឿង​សកម្មជនបរិស្ថាន ៥ នាក់ ថា គឺជារឿងអយុត្តិធម៌ និងធ្វើឱ្យក្រុមគ្រួសារពួកគាត់ទាំងអស់គ្នា កាន់តែឈឺចាប់ ខណៈការបំបែក​សកម្មជនទាំង ៥នាក់ ទៅដាក់ឃុំក្នុងពន្ធនាគារផ្សេងគ្នា ជាចំណាត់ការដែលទទួល​យកមិនបានទៅហើយ។ 

លោកស្រី មានប្រសាសន៍ថា លោកស្រី មិនអស់ចិត្តទេ នៅពេលរដ្ឋាភិបាល​អាចលើកលែងទោសឲ្យឧក្រិដ្ឋជន​ធំៗ ឲ្យមានសេរីភាពបាន ប៉ុន្តែបែរជានៅ​បន្ត​ដាក់​ពន្ធនាគារលើសកម្មជនបរិដ្ឋាន និង អ្នកទោសមនសិការផ្សេង​ទៀត ដែល​មានស្មារតីលះបង់ដើម្បីជាតិទៅវិញ។ 

លោកស្រី ប៉ាត​ រស្មី៖ «យើងមើលឃើញថា ឧកញ៉ាមួយចំនួនមានអំណាច ដែល​ប្រព្រឹត្ត​អំពើពុករលួយ បែរជារស់នៅសុខស្រួល។ ពួកគាត់អ្នកស្រឡាញ់ជាតិអ្នក​ការពារ​ធនធាន​ធម្មជាតិ ជាយុវជនដែលអាចនិយាយបានថា ជាយុវជនជាទំពាំស្នង ឫស្សី​សម្រាប់កូនចៅជំនាន់ក្រោយហ្នឹង បែរជាត្រូវមកជាប់ពន្ធនាគារដោយ​អយុត្តិធម៌ អ៊ីចឹងធ្វើឱ្យពួកគាត់ ក៏ដូចជាក្រុមគ្រួសារហ្នឹង មានការឈឺចាប់មែនទែន»។

ទូរទស្សន៍អាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយជុំវិញរឿងនេះ ពីអ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌លោក សេង ឌីណា  និង អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង បានទេ នៅថ្ងៃទី២ ខែតុលា។ ទោះជាយ៉ាងណា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ធ្លាប់លើកឡើងថា ការពន្យាពេល​ទុកសំណុំរឿងចោល​យូរឆ្នាំ ក៏ជារឿងអយុត្តិធម៌ សម្រាប់ជនរងគ្រោះដែរ ។

សាលាឧទ្ធរណ៍ កាលពីថ្ងៃទី០២ ខែមិថុនា បានប្រកាសលើកពេលសវនាការ​លើ​សំណុំរឿងសកម្មជន​ចលនា​មាតាធម្មជាតិទាំង ៥ នាក់  ដោយគ្មានពេលកំណត់ ដោយតុលាការគ្រាន់តែសំអាងលើធុរៈផ្ទាល់ខ្លួន​របស់​ប្រធានក្រុមប្រឹក្សា​ជំនុំជម្រះ។

សកម្មជនបរិស្ថានទាំង ៥ នាក់ រួមមាន កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុធ កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា  និង លោក យីម លាងហ៊ី។ ពួកគាត់ ត្រូវបាន​សាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗ ចន្លោះ ពី ៦ឆ្នាំ ដល់ ៨ឆ្នាំពីបទ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ» ក្រោយពី​ពួកគាត់ បានប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិ និង ធ្វើសកម្មភាពការពារ​ធនធាន​ធម្មជាតិ។

ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក នី សុខា​ ប្រាប់ទូរទស្សន៍​អាស៊ីសេរីនៅថ្ងៃទី២ ខែតុលា ថា ការពន្លឿននីតិវិធី នៅក្នុងការកាត់សេចក្ដី ឲ្យឆាប់រហ័ស និងអាចទទួលយកបាន សម្រាប់សកម្មជនបរិស្ថាន សិទ្ធិមនុស្ស និង សង្គមដទៃទៀត គឺជារឿងចាំបាច់ ដែលតុលាការត្រូវពិចារណា ពីព្រោះពលរដ្ឋ​គ្រប់រូបមាន​សិទ្ធិ​ទទួលបានការជម្រះក្ដីដោយយុត្តិធម៌។

លោក នី សុខា យល់ថា មកដល់ពេលនេះ កម្ពុជាក៏គួរតែដោះលែង​សកម្មជន​បរិស្ថាន សិទ្ធិមនុស្សសកម្មជនសង្គម សកម្មជននយោបាយ និង អ្នកសារព័ត៌មាន​ជាដើមដើម្បីបន្ថូរបន្ថយបរិយាកាសនយោបាយ នៅមុនពេលបោះឆ្នោត​ឆ្នាំ២០២៧ និងឆ្នាំ២០២៨។ 

លោក​​ នី សុខា៖​ «សកម្មជនច្រើនណាស់ ពិសេសសកម្មជនបរិស្ថាន បើសិន​ជា​យើងនៅបន្តអូសបន្លាយ​ពេលវេលាក្នុងការមិនបានសម្រេចអីឱ្យបានច្បាស់លាស់។ យើង​ដឹង​ហើយណាស់ ទាំងអ្នករាយការណ៍ពិសេសក្ដី  ទាំងអីក្ដី គឺថា គេបាន​ធ្វើការ​រិះគន់ ហើយនឹងគេកំពុងតែពិនិត្យមើលប្រទេសកម្ពុជាយើង។ ដូច្នេះ បើសិន ជាយើង នៅតែបន្តអូសបន្លាយរឿងទាំងអស់នេះទៀត ខ្ញុំថា មិនមែន​ជា​ល្អ​សម្រាប់​ប្រទេសកម្ពុជាយើងទេ»។

ក្នុងសេចក្ដីសម្រេចកម្រាស់ ១៦ទំព័របស់ខ្លួន កាលពីខែកុម្ភៈ អង្គការសហប្រជាជាតិ​រកឃើញថា ការឃុំខ្លួនសកម្មជនបរិស្ថានទាំង ៥នាក់ គឺជាការរំលោភយ៉ាង​ធ្ងន់ធ្ងរ​លើសិទ្ធិពលរដ្ឋ និងមិនយុត្តិធម៌ ដោយសារតែការចាប់ខ្លួនពួកគាត់ ពុំមានមូលដ្ឋាន​ច្បាប់។ អង្គការសហប្រជាជាតិ បានស្នើជាបន្ទាន់ឱ្យមានការដោះលែង​សកម្មជន​បរិស្ថានទាំង ៥នាក់ ដោយអនុលោមតាមសេចក្ដីប្រកាសជាសកល ស្ដីពីសិទ្ធិ​មនុស្ស និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែល​កម្ពុជា​ផ្ដល់សច្ចាប័ន កាលពីឆ្នាំ១៩៩២ ។

ជាមួយគ្នានេះ ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សអន្តរជាតិ កាលពីពេលថ្មីៗនេះ បានជំរុញ ឱ្យ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) លើកយកបញ្ហា សិទ្ធិពលរដ្ឋ និង សិទ្ធិ នយោបាយ នៅក្នុងកិច្ចប្រជុំរបស់ខ្លួន ដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោះលែង សកម្មជនចលនាមាតាធម្មជាតិទាំង៥រូប។

រីឯអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) កាលពីចុងខែកក្កដា បានជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បើកទូលាយលំហសេរីភាពសង្គម ស៊ីវិល និងធានាការគោរពសិទ្ធិនយោបាយ។ លោក ថម អេនឌ្រូ បានរំឭកលោក ហ៊ុន ម៉ាណែត ចំៗអំពីការផ្ដល់សេរីភាព ដល់ជនរងគ្រោះជាង១០០ នាក់ ដែល កំពុង ជាប់ពន្ធនាគារនៅកម្ពុជា ដោយសារការប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ