អ្នកឃ្លាំមើល​ថា សារ​ព្រមាន​របស់​ធនាគារ​ជាតិ​ជា​ការ​គំរាមកំហែង​ដល់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ

0
118
(រូបឆ្វេង) ទិដ្ឋភាពអតិថិជនក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) លើកបដាតវ៉ានៅមុខស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី១២ សីហា ២០២៦ និងរូបស្ដាំ អ្នកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែង​កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ រូប៖ ផ្ដល់ឱ្យ
(រូបឆ្វេង) ទិដ្ឋភាពអតិថិជនក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) លើកបដាតវ៉ានៅមុខស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី១២ សីហា ២០២៦ និងរូបស្ដាំ អ្នកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែង​កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ រូប៖ ផ្ដល់ឱ្យ

អ្នកឃ្លាំមើល​ចាត់​ទុក​ការ​ព្រមាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ថា ជា​ការ​គំរាមកំហែង និង​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា។ ពួកគាត់​លើកឡើង​ថា ធនាគារ​ជាតិ​នៃ​កម្ពុជា គួរ​ផ្ដោត​លើ​តួនាទី​របស់​ខ្លួន ដើម្បី​ត្រួត​ពិនិត្យ និង​ចាត់​វិធានការ​លើ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ឬ​ធនាគារ​ណា​ពាក់ព័ន្ធ​នឹង​អំពើ​លាង​លុយ​កខ្វក់ និង​បង្កក​លុយ​អតិថិជន​ជាជាង​ចេញ​សារ​ព្រមាន​ចំពោះ​អ្នក​រិះគន់។ ប្រតិកម្ម​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​ប្រកាស​ថា នឹង​ចាត់​វិធានការ​តាម​ច្បាប់​លើ​បុគ្គល​ទាំង​ឡាយ​ណា​ដែល​ផ្សព្វផ្សាយ ឬ​រិះគន់​ពាក់ព័ន្ធ​នឹង​វិបត្តិ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ​ដែល​កំពុង​ប្រឈម​បញ្ហា​នៅ​កម្ពុជា។

ស្រប​ពេល​អតិថិជន​នៃ​ក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់ លោក ហ៊ុន តូ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​របស់​អ្នក​មាន​អំណាច​ផ្សេង​ទៀត​បាន​បង្កក​លុយ​អតិថិជន​ជា​បន្តបន្ទាប់ ធនាគារ​ជាតិ​នៃ​កម្ពុជា​មិន​បាន​ចេញ​មុខ​ផ្ដល់​ដំណោះស្រាយ​ទេ ប៉ុន្តែ​ផ្ទុយទៅវិញ​បែរ​ជា​ប្រកាស​ចាត់​វិធានការ​លើ​អ្នក​រិះគន់​លើ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​កំពុង​មាន​វិបត្តិ​ទាំង​នោះ​ទៅ​វិញ។

ទិដ្ឋភាពអតិថិជនក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) លើកបដាតវ៉ានៅមុខស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី១២ សីហា ២០២៦។ រូប៖ ផ្ដល់ឱ្យ

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើង​ថា មាន​តែ​ក្នុង​ប្រទេស​កុម្មុយនិស្ត​ផ្ដាច់ការ​ប៉ុណ្ណោះ​ដែល​ធនាគារ​ជាតិ​ប្រកាស​ចាត់​វិធានការ​លើ​អ្នក​រិះគន់ បញ្ញវន្ត ឬ​អ្នក​វិភាគ​មិន​ឱ្យ​និយាយ និង​ផ្ដល់​ជា​ទស្សន​ទាន​ជុំវិញ​នឹង​បញ្ហា​ប្រឈម​នានា​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​អំពើ​ស្ថានភាព​សេដ្ឋកិច្ច​ជាតិ​ទាំង​មូល។ លោក​ចាត់​ទុក​ការ​ប្រកាស​របស់​ធនាគារ​ជាតិ​ថា គឺ​ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ដែល​មាន​ធានា​ដោយ​ច្បាប់។

លោក ស៊ឹង សែនករុណា៖ «ការ​បិទ​ធនាគារ​ធំៗ​មួយ​ចំនួន ធនាគារ​ដែល​មាន​បញ្ហា​កន្លង​មក គឺ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ច្បាស់លាស់​ជាមួយ​និង​អតិថិជន​របស់​ខ្លួន​ទេ ជាពិសេស​អ្នករងគ្រោះ​ដែល​ជា​ប្រជាពលរដ្ឋ និង​អាជីវករ និង​អ្នក​ដែល​ធ្វើ​ជំនួញ​ផ្សេងៗ​ពី​បរទេស​អី​ទាំង​អស់​ហ្នឹង ដែល​គេ​បាត់​ទំនុក​ចិត្ត ដូចជា​ធនាគារ ហួយ វ័ន (Huione) ធនាគារ ព្រីនស៍ (Prince) អី​ជា​ដើម និង​ធនាគារ​ផ្សេងៗ​ថ្មីៗ​ហ្នឹង​ទៀត។ ការ​បិទ ការ​បញ្ចប់​នូវ​សកម្មភាព​របស់​ធនាគារ​ទាំង​អស់​ហ្នឹង គឺ​ស្ថិត​ក្រោម​ការ​ទទួល​ខុសត្រូវ​របស់​ធនាគារ​ជាតិ ដែល​ជា​ស្ថាប័ន​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល ធ្វើ​យ៉ាងណា​ត្រូវ​ធានា​ទៅ​លើ​ការ​ខាតបង់​របស់​ប្រជាពលរដ្ឋ ឬ​ក៏​អតិថិជន​របស់​ធនាគារ​ទាំង​អស់​នោះ មិនមែន​ចេះ​តែ​បណ្ដែតបណ្ដោយ​ឱ្យ​ធនាគារ​ហ្នឹង​បិទ​ហើយ គ្មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​អតិថិជន​របស់​ខ្លួន ឬ​ក៏​ប្រជាពលរដ្ឋ​របស់​ខ្លួន​ទេ»។

ប្រតិកម្ម​របស់​អ្នកឃ្លាំមើល​រូប​នេះ​កើតឡើង​បន្ទាប់​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី២ ខែតុលា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ប្រតិកម្ម និង​ថ្កោល​ទោស​ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​រិះគន់​ពាក់ព័ន្ធ​នឹង​ស្ថានភាព និង​វិបត្តិ​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​តាម​បណ្ដាញ​សង្គម ព្រម​ទាំង​អំពាវនាវ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​តាម​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​បុគ្គល​ដែល​ពាក់ព័ន្ធ។

ធនាគារ​ជាតិ​នៃ​កម្ពុជា​ចាត់​ទុក​ការ​ផ្សព្វផ្សាយ​ព័ត៌មាន និង​ការ​រិះគន់​ពាក់ព័ន្ធ​នឹង​ការ​បិទ​ទ្វារ​ធនាគារ​មួយ​ចំនួន​ថា ជា​ការ​បំប៉ោង​ព័ត៌មាន​មិន​ពិត ដែល​មាន​គោលបំណង​បង្ក​ភាព​ច្របូកច្របល់​ដល់​សេដ្ឋកិច្ច បង្ក​ការ​យល់​ច្រឡំ ប៉ះពាល់​ដល់​ផល​ប្រយោជន៍​សាធារណជន និង​បំផ្លាញ​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​ធនាគារ​ទាំង​មូល។ ការ​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​ជនរងគ្រោះ និង​អ្នក​រិះគន់​អំពី​ស្ថានភាព​វិស័យ​ធនាគារ កើត​ឡើង​ស្រប​ពេល​ដែល​ធនាគារ​ជាតិ​ខ្លួន​ឯង បាន​ប្រកាស​ដក​អាជ្ញាប័ណ្ណ​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ឯកជន​មួយ​ចំនួន​បន្ទាប់​ពី​រក​ឃើញ និង​ចោទ​ប្រកាន់​ពី​សំណាក់​ស្ថាប័ន​អន្តរជាតិ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ឆបោក​តាម​អនឡាញ និង​ការ​លាង​លុយ​កខ្វក់។

អ្នកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែង​កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ រូប៖ គេហទំព័រ CPP

ជាមួយ​គ្នា​នេះ អតិថិជន​ដែល​រងគ្រោះ​ពី​ការ​បិទ​ទ្វារ ឬ​ដក​អាជ្ញាប័ណ្ណ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ចំនួន​ត្រូវ​បាន​ធនាគារ​ជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទុក​ឱ្យ​រស់​នៅ​ឯកោ និង​ចេញ​តវ៉ា​ស្វែងរក​ដំណោះស្រាយ និង​យុត្តិធម៌​ដោយ​ខ្លួនឯង។ ក្នុង​នោះ​រួមមាន​ទាំង​ក្រុម​អតិថិជន​នៃ​ក្រុមហ៊ុន ហួយវ័ន ផេ លោក ហ៊ុន តូ ដែល​បាន​ចេញ​តវ៉ា​ជា​ប្រចាំ ដើម្បី​ទាមទារ​លុយ​ញើស​ឈាម​ខ្លួន​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បង្កក បន្ទាប់​ពី​ស្ថាប័ន​នេះ​ត្រូវ​បាន​ដក​អាជ្ញាប័ណ្ណ។

ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ដក​អាជ្ញាប័ណ្ណ​ធនាគារ​យ៉ាង​ហោច​ចំនួន ៤ អំឡុង​ពេល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត អះអាង​ថា ដាក់​ចេញ​យុទ្ធនាការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការ​ឆបោក​តាម​អនឡាញ។ ក្នុង​នោះ​រួមមាន​ធនាគារ ស៊ីស៊ីយូ (CCU Bank) ធនាគារ ហេង ហ្វឹង (Heng Feng Bank) ធនាគារ អេចអេច ឬ ហេង ហ៊ី (HH Bank) និងធនាគារ ធានស៊ី អ៊ិនធើណេសិនណល ថេកណូឡូជី (Tian Xu International Technology)។ ចំណាត់​ការ​ដក​អាជ្ញាប័ណ្ណ​ធនាគារ​ទាំង​នេះ​កើត​ឡើង​បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ឆបោក​តាម​អនឡាញ និង​ការ​លាង​លុយ​កខ្វក់។

បន្ទាប់​ពី​មាន​ចំណាត់​ការ​នេះ និង​ស្រប​ពេល​ដែល​សេដ្ឋកិច្ច​ជាតិ​កំពុង​ដុនដាប​ផង​នោះ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ក៏​បាន​បន្ត​បោះពុម្ព​លុយ​ក្រដាស ៥ម៉ឺន និង ១០ម៉ឺន​ថ្មី ឱ្យ​ចរាចរ​ជាមួយ​ក្រដាស​ប្រាក់​ចាស់ៗ​ដែល​មាន​ស្រាប់​សម្រាប់​ចាក់​ចូល​សេដ្ឋកិច្ច​ជាតិ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសថ្មីៗ​នេះ​ថា ការ​បោះពុម្ព និង​ដាក់​ឱ្យ​ចរាចរ​ក្រដាស​ប្រាក់​ថ្មី​មិនមែន​ដោយសារ​រដ្ឋាភិបាល​ខ្វះខាត​លុយ​នោះ​ទេ ប៉ុន្តែ​ជា​ការ​រៀបចំ​ឡើង ដើម្បី​ពង្រឹង​សុវត្ថិភាព សោភ័ណភាព និង​ជំនួស​ក្រដាស​ប្រាក់​ចាស់​ដែល​ខូច ឬ​ដាច់​រហែក។ ទោះ​ជា​យ៉ាង​ណា ទាំង​លោក ហ៊ុន ម៉ាណែត និង​ធនាគារ​ជាតិ​មិន​បាន​បញ្ជាក់​ចំនួន​លុយ​ដែល​បាន​បោះពុម្ព​ចុង​ក្រោយ​ដែល​ដាក់​ឱ្យ​ចរាចរ​ឡើយ។

ថ្វីត្បិត​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត អះអាង​ថា មិន​ខ្វះ​លុយ​សម្រាប់​ចាត់​ចែង ឬ​ចំណាយ​ក្នុង​ស្ថាប័ន​រដ្ឋ​ក៏​ដោយ ក៏​រដ្ឋាភិបាល​របស់​លោក​ចំណាយ​លុយ​ច្រើន​ជាង​ចំណូល​ដែល​រក​បាន។ គម្រោង​កញ្ចប់​ថវិកា​របស់​រដ្ឋ​សម្រាប់​ឆ្នាំ ២០២៦ រដ្ឋាភិបាល​រំពឹង​ទទួល​ចំណូល ប្រមាណ ជាង ៨ពាន់​លាន​ដុល្លារ និង​គ្រោង​ចំណាយ​ថវិកា​រដ្ឋ​សរុប​ជាង ១០ ពាន់​លាន​ដុល្លារ​អាមេរិក​នៃ​ទំហំ​ផលិត​ផល​សរុប (GDP) សម្រាប់​ចំណាយ​លើ​ប្រាក់​ខែ​មន្ត្រី​រាជការ និង​ពង្រឹង​លើ ក្រសួង​ស្ថាប័ន​សំខាន់ៗ។

ទាក់ទង​នឹង​រឿង​នេះ​ដែរ លោក ស៊ឹង សែនករុណា មើល​ឃើញ​ថា ការ​បន្ត​បោះពុម្ព​លុយ​បន្ថែម​ដោយ​គ្មាន​តម្លាភាព និង​ព្យាយាម​លាក់​បាំង​ព័ត៌មាន​នេះ​អាច​មិនមែន​ជា​ការ​បោះពុម្ព ដើម្បី​ជំនួស​ក្រដាង​ប្រាក់​ចាស់ៗ​ឡើយ ប៉ុន្តែ​លោក​ថា អាច​បណ្ដាល​មក​ពី​វិបត្តិ​ថវិកា​ជាតិ និង​ដើម្បី​ទប់ទល់​នឹង​បញ្ហា​សេដ្ឋកិច្ច​កំពុង​ដុនដាប​ស្រាប់។

លោក ស៊ឹង សែនករុណា៖ «នេះ​គឺ​ជា​រឿង​អ្វី​ដែល​កើតឡើង​ក្នុង​វិបត្តិ​នៃ​នយោបាយ​ក្នុង​ការ​ដឹកនាំ​បែប​ចរិត​កុម្មុយនិស្ត​ផ្ដាច់ការ ដឹកនាំ​បែប​ជិះ​សេះ​លែង​ដៃ ដែល​យើង​មើល​ឃើញ​ថា ក្នុង​ទម្រង់​ដឹកនាំ​រដ្ឋ​បែប​ហ្នឹង ច្បាស់​ណាស់​សេដ្ឋកិច្ច​នឹង​មិន​រីក​ចម្រើន​ទេ មេដឹកនាំ​បែប​ទាំង​អស់​ហ្នឹង ទោះ​បី​ថា បច្ចុប្បន្ន​នៅ​មាន​ភាព​ខ្លាំងក្លា ថ្ងៃ​អនាគត​ខាង​មុខ នឹង​អាច​មាន​បញ្ហា​ជាមួយ​ប្រជាពលរដ្ឋ ជាពិសេស​អ្នក​ក្រោម​បង្គាប់​របស់​ខ្លួន​ដែរ បើសិនជា​អត់​ថវិកា​ទ្រទ្រង់ បើក​បៀវត្សរ៍​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច ជីវភាព​គ្រួសារ​របស់​ប្រជាពលរដ្ឋ គ្រួសារ​របស់​មន្ត្រីរាជការ កងទ័ព​អី​ទាំង​អស់​ហ្នឹង ហើយ​អ្វី​ដែល​នឹង​ឆ្លើយតប​ត្រឡប់ នឹង​ប៉ះពាល់​ត្រឡប់ គឺ​ប៉ះពាល់​ទៅ​ដល់​ការ​ទទួល​ខុសត្រូវ​របស់​មេដឹកនាំ​ខ្លួន​ឯង»។

ខណៈ​កម្ពុជា​កំពុង​រួម​រឹត​ដោយ​អំពើ​ឧក្រិដ្ឋកម្ម និង​បញ្ហា​អំពើ​ពុករលួយ​គ្រួសារ​បក្ខពួក កាល​ពី​ចុង​ឆ្នាំ២០២៤ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ក៏​បាន​បោះ​ពុម្ព​លុយ​ប្រមាណ ១ពាន់​លាន​ដុល្លារ ដើម្បី​ចាក់​បញ្ចូល​ក្នុង​ចរន្ត​សេដ្ឋកិច្ច​កម្ពុជា។ រដ្ឋាភិបាល​នៃ​ក្រុមហ៊ុន​គ្រួសារ​ត្រកូល ហ៊ុន បន្ត​បោះ​ពុម្ព​លុយ​ជា​បន្តបន្ទាប់​នេះ​ក៏​ស្រប​ពេល​ដែល​មន្ត្រី​គ្រាក់ៗ​មន្ត្រី​មួយ​ចំនួន​ដែល​ជា​អ្នក​កាន់​ហិប​លុយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដូចជា សមាជិក​ព្រឹទ្ធសភា​លោក លី យ៉ុងផាត់ និង​លោក កុក អាន ជាដើម ត្រូវ​បាន​អាមេរិក​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ទារុណកម្ម និង​បើក​មជ្ឈមណ្ឌល​ឆបោក​អនឡាញ​នៅ​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ