

អ្នកឃ្លាំមើលចាត់ទុកការព្រមានរបស់ធនាគារជាតិនៃកម្ពុជាថា ជាការគំរាមកំហែង និងប៉ះពាល់ដល់សិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជា។ ពួកគាត់លើកឡើងថា ធនាគារជាតិនៃកម្ពុជា គួរផ្ដោតលើតួនាទីរបស់ខ្លួន ដើម្បីត្រួតពិនិត្យ និងចាត់វិធានការលើគ្រឹះស្ថានហិរញ្ញវត្ថុ ឬធនាគារណាពាក់ព័ន្ធនឹងអំពើលាងលុយកខ្វក់ និងបង្កកលុយអតិថិជនជាជាងចេញសារព្រមានចំពោះអ្នករិះគន់។ ប្រតិកម្មនេះធ្វើឡើង បន្ទាប់ពីធនាគារជាតិនៃកម្ពុជាប្រកាសថា នឹងចាត់វិធានការតាមច្បាប់លើបុគ្គលទាំងឡាយណាដែលផ្សព្វផ្សាយ ឬរិះគន់ពាក់ព័ន្ធនឹងវិបត្តិរបស់គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដែលកំពុងប្រឈមបញ្ហានៅកម្ពុជា។
ស្របពេលអតិថិជននៃក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់ លោក ហ៊ុន តូ និងគ្រឹះស្ថានហិរញ្ញវត្ថុរបស់អ្នកមានអំណាចផ្សេងទៀតបានបង្កកលុយអតិថិជនជាបន្តបន្ទាប់ ធនាគារជាតិនៃកម្ពុជាមិនបានចេញមុខផ្ដល់ដំណោះស្រាយទេ ប៉ុន្តែផ្ទុយទៅវិញបែរជាប្រកាសចាត់វិធានការលើអ្នករិះគន់លើគ្រឹះស្ថានហិរញ្ញវត្ថុដែលកំពុងមានវិបត្តិទាំងនោះទៅវិញ។

ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើងថា មានតែក្នុងប្រទេសកុម្មុយនិស្តផ្ដាច់ការប៉ុណ្ណោះដែលធនាគារជាតិប្រកាសចាត់វិធានការលើអ្នករិះគន់ បញ្ញវន្ត ឬអ្នកវិភាគមិនឱ្យនិយាយ និងផ្ដល់ជាទស្សនទានជុំវិញនឹងបញ្ហាប្រឈមនានាក្នុងវិស័យហិរញ្ញវត្ថុ និងអំពើស្ថានភាពសេដ្ឋកិច្ចជាតិទាំងមូល។ លោកចាត់ទុកការប្រកាសរបស់ធនាគារជាតិថា គឺជាការគំរាមកំហែងធ្ងន់ធ្ងរលើសិទ្ធិសេរីភាពបញ្ចេញមតិដែលមានធានាដោយច្បាប់។
លោក ស៊ឹង សែនករុណា៖ «ការបិទធនាគារធំៗមួយចំនួន ធនាគារដែលមានបញ្ហាកន្លងមក គឺគ្មានការទទួលខុសត្រូវច្បាស់លាស់ជាមួយនិងអតិថិជនរបស់ខ្លួនទេ ជាពិសេសអ្នករងគ្រោះដែលជាប្រជាពលរដ្ឋ និងអាជីវករ និងអ្នកដែលធ្វើជំនួញផ្សេងៗពីបរទេសអីទាំងអស់ហ្នឹង ដែលគេបាត់ទំនុកចិត្ត ដូចជាធនាគារ ហួយ វ័ន (Huione) ធនាគារ ព្រីនស៍ (Prince) អីជាដើម និងធនាគារផ្សេងៗថ្មីៗហ្នឹងទៀត។ ការបិទ ការបញ្ចប់នូវសកម្មភាពរបស់ធនាគារទាំងអស់ហ្នឹង គឺស្ថិតក្រោមការទទួលខុសត្រូវរបស់ធនាគារជាតិ ដែលជាស្ថាប័នអនុវត្តច្បាប់របស់រដ្ឋាភិបាល ធ្វើយ៉ាងណាត្រូវធានាទៅលើការខាតបង់របស់ប្រជាពលរដ្ឋ ឬក៏អតិថិជនរបស់ធនាគារទាំងអស់នោះ មិនមែនចេះតែបណ្ដែតបណ្ដោយឱ្យធនាគារហ្នឹងបិទហើយ គ្មានការទទួលខុសត្រូវចំពោះអតិថិជនរបស់ខ្លួន ឬក៏ប្រជាពលរដ្ឋរបស់ខ្លួនទេ»។
ប្រតិកម្មរបស់អ្នកឃ្លាំមើលរូបនេះកើតឡើងបន្ទាប់ពីធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី២ ខែតុលា បានចេញសេចក្តីថ្លែងការណ៍ប្រតិកម្ម និងថ្កោលទោសចំពោះការផ្សព្វផ្សាយព័ត៌មានរិះគន់ពាក់ព័ន្ធនឹងស្ថានភាព និងវិបត្តិរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅតាមបណ្ដាញសង្គម ព្រមទាំងអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចតាមចាត់វិធានការផ្លូវច្បាប់លើបុគ្គលដែលពាក់ព័ន្ធ។
ធនាគារជាតិនៃកម្ពុជាចាត់ទុកការផ្សព្វផ្សាយព័ត៌មាន និងការរិះគន់ពាក់ព័ន្ធនឹងការបិទទ្វារធនាគារមួយចំនួនថា ជាការបំប៉ោងព័ត៌មានមិនពិត ដែលមានគោលបំណងបង្កភាពច្របូកច្របល់ដល់សេដ្ឋកិច្ច បង្កការយល់ច្រឡំ ប៉ះពាល់ដល់ផលប្រយោជន៍សាធារណជន និងបំផ្លាញទំនុកចិត្តលើប្រព័ន្ធធនាគារទាំងមូល។ ការព្រមានចាត់វិធានការតាមផ្លូវច្បាប់លើជនរងគ្រោះ និងអ្នករិះគន់អំពីស្ថានភាពវិស័យធនាគារ កើតឡើងស្របពេលដែលធនាគារជាតិខ្លួនឯង បានប្រកាសដកអាជ្ញាប័ណ្ណពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឯកជនមួយចំនួនបន្ទាប់ពីរកឃើញ និងចោទប្រកាន់ពីសំណាក់ស្ថាប័នអន្តរជាតិថា មានជាប់ពាក់ព័ន្ធនឹងបណ្ដាញឆបោកតាមអនឡាញ និងការលាងលុយកខ្វក់។

ជាមួយគ្នានេះ អតិថិជនដែលរងគ្រោះពីការបិទទ្វារ ឬដកអាជ្ញាប័ណ្ណគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនត្រូវបានធនាគារជាតិ និងស្ថាប័នពាក់ព័ន្ធទុកឱ្យរស់នៅឯកោ និងចេញតវ៉ាស្វែងរកដំណោះស្រាយ និងយុត្តិធម៌ដោយខ្លួនឯង។ ក្នុងនោះរួមមានទាំងក្រុមអតិថិជននៃក្រុមហ៊ុន ហួយវ័ន ផេ លោក ហ៊ុន តូ ដែលបានចេញតវ៉ាជាប្រចាំ ដើម្បីទាមទារលុយញើសឈាមខ្លួនដែលត្រូវបានក្រុមហ៊ុនបង្កក បន្ទាប់ពីស្ថាប័ននេះត្រូវបានដកអាជ្ញាប័ណ្ណ។
ធនាគារជាតិនៃកម្ពុជាបានដកអាជ្ញាប័ណ្ណធនាគារយ៉ាងហោចចំនួន ៤ អំឡុងពេលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អះអាងថា ដាក់ចេញយុទ្ធនាការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកតាមអនឡាញ។ ក្នុងនោះរួមមានធនាគារ ស៊ីស៊ីយូ (CCU Bank) ធនាគារ ហេង ហ្វឹង (Heng Feng Bank) ធនាគារ អេចអេច ឬ ហេង ហ៊ី (HH Bank) និងធនាគារ ធានស៊ី អ៊ិនធើណេសិនណល ថេកណូឡូជី (Tian Xu International Technology)។ ចំណាត់ការដកអាជ្ញាប័ណ្ណធនាគារទាំងនេះកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិពាក់ព័ន្ធនឹងបណ្ដាញឆបោកតាមអនឡាញ និងការលាងលុយកខ្វក់។
បន្ទាប់ពីមានចំណាត់ការនេះ និងស្របពេលដែលសេដ្ឋកិច្ចជាតិកំពុងដុនដាបផងនោះរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ក៏បានបន្តបោះពុម្ពលុយក្រដាស ៥ម៉ឺន និង ១០ម៉ឺនថ្មី ឱ្យចរាចរជាមួយក្រដាសប្រាក់ចាស់ៗដែលមានស្រាប់សម្រាប់ចាក់ចូលសេដ្ឋកិច្ចជាតិ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសថ្មីៗនេះថា ការបោះពុម្ព និងដាក់ឱ្យចរាចរក្រដាសប្រាក់ថ្មីមិនមែនដោយសាររដ្ឋាភិបាលខ្វះខាតលុយនោះទេ ប៉ុន្តែជាការរៀបចំឡើង ដើម្បីពង្រឹងសុវត្ថិភាព សោភ័ណភាព និងជំនួសក្រដាសប្រាក់ចាស់ដែលខូច ឬដាច់រហែក។ ទោះជាយ៉ាងណា ទាំងលោក ហ៊ុន ម៉ាណែត និងធនាគារជាតិមិនបានបញ្ជាក់ចំនួនលុយដែលបានបោះពុម្ពចុងក្រោយដែលដាក់ឱ្យចរាចរឡើយ។
ថ្វីត្បិតរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អះអាងថា មិនខ្វះលុយសម្រាប់ចាត់ចែង ឬចំណាយក្នុងស្ថាប័នរដ្ឋក៏ដោយ ក៏រដ្ឋាភិបាលរបស់លោកចំណាយលុយច្រើនជាងចំណូលដែលរកបាន។ គម្រោងកញ្ចប់ថវិការបស់រដ្ឋសម្រាប់ឆ្នាំ ២០២៦ រដ្ឋាភិបាលរំពឹងទទួលចំណូល ប្រមាណ ជាង ៨ពាន់លានដុល្លារ និងគ្រោងចំណាយថវិការដ្ឋសរុបជាង ១០ ពាន់លានដុល្លារអាមេរិកនៃទំហំផលិតផលសរុប (GDP) សម្រាប់ចំណាយលើប្រាក់ខែមន្ត្រីរាជការ និងពង្រឹងលើ ក្រសួងស្ថាប័នសំខាន់ៗ។
ទាក់ទងនឹងរឿងនេះដែរ លោក ស៊ឹង សែនករុណា មើលឃើញថា ការបន្តបោះពុម្ពលុយបន្ថែមដោយគ្មានតម្លាភាព និងព្យាយាមលាក់បាំងព័ត៌មាននេះអាចមិនមែនជាការបោះពុម្ព ដើម្បីជំនួសក្រដាងប្រាក់ចាស់ៗឡើយ ប៉ុន្តែលោកថា អាចបណ្ដាលមកពីវិបត្តិថវិកាជាតិ និងដើម្បីទប់ទល់នឹងបញ្ហាសេដ្ឋកិច្ចកំពុងដុនដាបស្រាប់។
លោក ស៊ឹង សែនករុណា៖ «នេះគឺជារឿងអ្វីដែលកើតឡើងក្នុងវិបត្តិនៃនយោបាយក្នុងការដឹកនាំបែបចរិតកុម្មុយនិស្តផ្ដាច់ការ ដឹកនាំបែបជិះសេះលែងដៃ ដែលយើងមើលឃើញថា ក្នុងទម្រង់ដឹកនាំរដ្ឋបែបហ្នឹង ច្បាស់ណាស់សេដ្ឋកិច្ចនឹងមិនរីកចម្រើនទេ មេដឹកនាំបែបទាំងអស់ហ្នឹង ទោះបីថា បច្ចុប្បន្ននៅមានភាពខ្លាំងក្លា ថ្ងៃអនាគតខាងមុខ នឹងអាចមានបញ្ហាជាមួយប្រជាពលរដ្ឋ ជាពិសេសអ្នកក្រោមបង្គាប់របស់ខ្លួនដែរ បើសិនជាអត់ថវិកាទ្រទ្រង់ បើកបៀវត្សរ៍ក្នុងការស្ដារសេដ្ឋកិច្ច ជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋ គ្រួសាររបស់មន្ត្រីរាជការ កងទ័ពអីទាំងអស់ហ្នឹង ហើយអ្វីដែលនឹងឆ្លើយតបត្រឡប់ នឹងប៉ះពាល់ត្រឡប់ គឺប៉ះពាល់ទៅដល់ការទទួលខុសត្រូវរបស់មេដឹកនាំខ្លួនឯង»។
ខណៈកម្ពុជាកំពុងរួមរឹតដោយអំពើឧក្រិដ្ឋកម្ម និងបញ្ហាអំពើពុករលួយគ្រួសារបក្ខពួក កាលពីចុងឆ្នាំ២០២៤ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ក៏បានបោះពុម្ពលុយប្រមាណ ១ពាន់លានដុល្លារ ដើម្បីចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចកម្ពុជា។ រដ្ឋាភិបាលនៃក្រុមហ៊ុនគ្រួសារត្រកូល ហ៊ុន បន្តបោះពុម្ពលុយជាបន្តបន្ទាប់នេះក៏ស្របពេលដែលមន្ត្រីគ្រាក់ៗមន្ត្រីមួយចំនួនដែលជាអ្នកកាន់ហិបលុយរបស់គណបក្សប្រជាជនកម្ពុជាដូចជា សមាជិកព្រឹទ្ធសភាលោក លី យ៉ុងផាត់ និងលោក កុក អាន ជាដើម ត្រូវបានអាមេរិកដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ទារុណកម្ម និងបើកមជ្ឈមណ្ឌលឆបោកអនឡាញនៅកម្ពុជា៕









