លោក ហ៊ុន ម៉ាណែត ណែនាំ​ឱ្យ​ពលរដ្ឋ​ផ្ដល់​តម្លៃ​ខ្ពស់​លើ​អតីត​យុទ្ធជន តែ​រដ្ឋាភិបាល​មិន​សូវ​អើពើ

0
112
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធី​សំណេះសំណាលជាមួយគ្រួសារយោធិន ១៨រូប ដែលយោធាចាប់ខ្លួន នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ កញ្ញា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធី​សំណេះសំណាលជាមួយគ្រួសារយោធិន ១៨រូប ដែលយោធាចាប់ខ្លួន នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ កញ្ញា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ណែនាំ​ឱ្យ​ពលរដ្ឋ​ផ្ដល់​តម្លៃ​​​​​ លើ​អតីត​យុទ្ធជន និង​​​កងទ័ព​​​​ចូល​និវត្តន៍​ ដែល​​ធ្លាប់​បាន​​​លះបង់​សាច់​ស្រស់​ ឈាម​ស្រស់​ ដើម្បី​ការពារ​បូរណភាព​​ទឹកដី​​​​ ​ខណៈ​ ​ដែល​​​​​​រដ្ឋាភិបាល​​​​​ត្រកូល​ហ៊ុន​​ ​រង​ការ​រិះគន់​ថា​​​មិន​សូវ​អើពើ​ជីវភាព​កងទ័ព​ ហើយ​បាន​​យក​ស្ថាប័ន​ការពារ​ជាតិ​មួយ​នេះ​ ឱ្យ​​ចាក់​ឫស​​​យ៉ាង​ជ្រៅ​​ ក្នុង​អំពើ​ពុករលួយ​​។ អ្នក​ឃ្លាំ​មើល​ចាត់​ទុក​ការ​​លើក​ឡើង​​​របស់​ លោក ហ៊ុន ម៉ាណែត​​​​​ ​គឺ​គ្រាន់​តែ​វោហារសាស្ត្រ​​នយោបាយ​ឱ្យ​តែ​​រួច​ពី​មាត់ ​​ដើម្បី​បិទ​បាំង​ ពី​ទោស​កំហុស​​​​ រឿង​មិន​​​យក​ចិត្ត​ទុក​​ដាក់​លើ​វិស័យ​កងទ័ព ​​ទើប​ច្បាំង​ចាញ់​​​​​​​​​យោធា​​ថៃ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ទី​០៥ ខែ​​​តុលា​​ ​​​បាន​​ថ្លែង​នៅ​​ក្នុង​​ពិធី​បើក​មហា​សន្និបាត សហព័ន្ធ​អតីត​យុទ្ធជន​បណ្ដា​ប្រទេស​អាស៊ាន (VECONAC) លើក​ទី ២៥ ​នៅ​​រាជធានី​ភ្នំពេញ​ថា​​​ ការ​ដឹង​គុណ ​​និង​ការ​លើក​កម្ពស់​ជីវភាព​អតីត​យុទ្ធជន និង​និវត្តជន មិន​មែន​គ្រាន់​តែ​ជា​កិច្ចការ​មនុស្សធម៌​​​​របស់​រដ្ឋាភិបាល​​នោះ​​ឡើយ តែ​ជា «កាតព្វកិច្ច​សីលធម៌​ និង​ជា​កតញ្ញុតា​ធម៌​ជាតិ» ដែល​អ្នក​ជំនាន់​ក្រោយ​ត្រូវ​តប​ស្នង​ចំពោះ​វីរជន និង​រៀមច្បង​ជំនាន់​មុន ​គ្រប់រូប។

លោក​បន្ត​អះអាង​ថា មហា​សន្និបាត​​​នេះ​​ មិន​ត្រឹម​តែ​ជា​កម្លាំង​មនុស្សធម៌​​​ ​ក្នុង​ការ​លើក​កម្ពស់​គុណ​ភាព​ជីវិត​​សុខុមាលភាព​​​​និង​ការ​គាំពារ​សង្គម​ជូន​​​អតីត​យុទ្ធជន និង​ជន​ពិការ​ដោយ​សារ​សង្គ្រាម​​នោះ​​​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​យន្តការ​តំបន់​ដ៏​មាន​ឥទ្ធិពល​មួយ​ក្នុង​ការ​រួម​ចំណែក ដល់​ការ​ថែ​រក្សា​សន្តិភាព​​ ស្ថិរភាព និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព​​​។​​​​​ លោក​ក៏​បាន​អួត​ថា​កន្លង​ទៅ​កម្ពុជា​បាន​ជួយ​ជា​ច្រើន​ដល់​គ្រួសារ​កងទ័ព និង​​អតីត​យុទ្ធជន ​តាមរយៈ​ ការ​ផ្ដល់​របប​សន្តិ​សុខ​សង្គម និង​សេវា​​ថែ​ទាំ​សុខភាព ការ​ឧបត្ថម្ភ​គ្រួសារ​ជន​ពលី មរណៈ​ ការ​ផ្ដល់​ដី​សម្បទាន​សង្គម​កិច្ច និង​​ការ​​សាង​សង់​លំនៅ​ឋាន​ ​ជាដើម។

លោក ហ៊ុន ម៉ាណែត៖ «មិនថា កម្ពុជា, ឥណ្ឌូចិន, ឬ តំបន់​អាស៊ី​ទាំង​មូល នោះ​ទេ។ យើង​ចាត់​ទុក អតីត​យុទ្ធជន ជា​អ្នក​ការពារ​ប្រវត្តិសាស្ត្រ, ឯករាជ្យ​ភាព, អធិបតេយ្យភាព, បូរណភាពទឹកដី និង​សិទ្ធិ​ស្វ័យ​សម្រេច​លើ​ការ​ជ្រើស​រើស​ផ្លូវ​អភិវឌ្ឍន៍ ដែល​សមស្រប​តាម បរិបទ​ប្រវត្តិសាស្ត្រ និង​វប្បធម៌ របស់​សង្គម​ជាតិ​នីមួយ​ៗ»។

ការ​លើក​ឡើង​របស់​​​​ លោក ហ៊ុន ម៉ាណែត​​នេះ​ធ្វើឡើង​ក្នុង​ ​​ពិធី​បើក​មហា​សន្និបាត សហព័ន្ធ​អតីត​យុទ្ធជន​បណ្ដា​ប្រទេស​អាស៊ាន​​​​ ​​លើក​ទី​២៤ ដែល​មាន​​តំណាង​​​​​ប្រទេស​ជា​សមាជិក​ចំនួន​១០​​​ ​​​ចូល​រួម ​ដូច​ជា​ប្រទេស​​ ​​ប្រ៊ុយណេ​ ឥណ្ឌូនេស៊ី ឡាវ ម៉ាទ្បេស៊ី ហ្វីលីពីន និង​ សិង្ហបុរី​ ជាដើម។មហា​សន្និបាត​នេះ​​​ ​គឺ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​​ផ្ទះ​​ ​​​ក្រោម​​​ប្រធានបទ «ជាង​៤​ទសវត្ស​នៃ​សហព័ន្ធ​អតីត​យុទ្ធជន​អាស៊ាន៖ រួម​គ្នា​កសាង​មិត្តភាព សាមគ្គីភាព និង​គាំទ្រ​អតីត​យុទ្ធជន»។

អ្នក​តាម​ដាន​ភូមិ​សាស្រ្ត​នយោបាយ​ លោក សេង វណ្ណលី យល់​ថា ការ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​គោរព និង​ផ្ដល់​តម្លៃ​ដល់​កងទ័ព និង​អតីត​យុទ្ធជន គឺ​ជា​រឿង​ត្រឹម​ត្រូវ។ ប៉ុន្តែ​​​​​លោក​ថា​​ លោក ហ៊ុន ម៉ាណែត ត្រូវ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​​​ តាម​រយៈ​ការ​ធានា​ជីវភាព​របស់​​​​កងទ័ព​​​ជា​​មុន​​​​​ ដូចជា​ការ​​​ផ្ដល់​ ​ប្រាក់​បៀវត្ស អាហារ ថ្នាំពេទ្យ ឧបករណ៍​ការពារ និង​ប្រាក់​សោធន​​​ឱ្យ​​បាន​សមរម្យ​​​ជាង​សព្វ​ថ្ងៃ​​នេះ​​​។ លោក​អះអាង​ថា​​ អ្នក​ដែល​លះបង់​ដើម្បី​ប្រទេស មិន​គួរ​ត្រូវ​រស់​ដោយ​រង់​ចាំ​អំណោយ ឬ​ការ​អាណិត​ម្ដង​ម្កាល ពី​មហាជន​​​ឡើយ។ ​​លោក​​យល់​ថា​​ ការ​ថែ​ទាំ​ពួក​គាត់ និង​គ្រួសារ គឺ​ជា​កាតព្វកិច្ច​របស់​រដ្ឋ មិន​មែន​ជា​គុណ​បំណាច់​ផ្ទាល់​ខ្លួន​របស់​មេដឹកនាំ​ណា​ម្នាក់​ទេ​។

​លោក សេង វណ្ណលី៖ «ដើម្បី​វាយ​តម្លៃ​ថា ការ​យក​ចិត្ត​ទុក​ដាក់​របស់​លោក ហ៊ុន ម៉ាណែត ជា​គោល​នយោបាយ​ពិត ឬ​គ្រាន់​តែ​ជា​វោហារសាស្ត្រ​នយោបាយ ត្រូវ​មើល​ថា មាន​ថវិកា​ច្បាស់លាស់ កាល​កំណត់​អនុវត្ត និង​លទ្ធផល​ដល់​កងទ័ព​កម្រិត​ណា។ តើ​អ្នក​រង​របួស​បាន​ព្យាបាល​គ្រប់​គ្រាន់ ឬ​ទេ? គ្រួសារ​អ្នក​ពលី​បាន​ការ​ឧបត្ថម្ភ​ទៀងទាត់ ឬ​ទេ? អតីត​យុទ្ធជន​បាន​ប្រាក់​សោធន និង​ជីវភាព​សមរម្យ ឬទេ? បើ​មាន​តែ​សុន្ទរកថា​លើក​តម្កើង ប៉ុន្តែ​បញ្ហា​ទាំង​នេះ​នៅ​តែ​គ្មាន​ដំណោះស្រាយ នោះ​ការ​រិះគន់​ថា​ជា​ការ​ឃោសនា​នយោបាយ មាន​មូលដ្ឋាន។ តម្លៃ​នៃ​ការ​គោរព​កងទ័ព ត្រូវ​ឃើញ​ក្នុង​ជីវភាព និង​សុវត្ថិភាព​របស់​ពួក​គាត់ មិន​អាច​វាស់​ត្រឹម​ពាក្យ​សរសើរ​លើ​វេទិកា​បាន​ទេ»។

​​បន្ថែម​ពី​លើ​នោះ​ ​​​​​​​អ្នក​ឃ្លាំមើល​ថា​​ ការ​​​​​​​អះអាង​របស់​ លោក ហ៊ុន ម៉ាណែត ​ដែល​ថា​​រដ្ឋាភិបាល​​​​​យក​ចិត្ត​ទុក​ដាក់​​ជា​មួយ​អតីត​យុទ្ធជន ​តាម​រយៈ​ការ​ផ្ដល់​ប្រាក់​សោធន និង​ការ​ផ្ដល់​លំនៅ​​ឋាន​ ជា​ដើម​ ​​គឺ​ជា​រឿង​ល្អ​ ក៏ប៉ុន្តែ​​​ ​​​គេ​ឃើញ​ថា​​ គម្រោង​ផ្ដល់​លំនៅឋាន​​​ ដល់​អតីត​យុទ្ធជន ​​​ភាគ​ច្រើន​​​​​ហាក់​​​ទទួល​​បរាជ័យ ​ព្រោះ​​​មាន​តែ​ផ្ទះ ​​​​ប៉ុន្តែ​​គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​ ​​​ផ្លូវ​ថ្នល់ ​ទឹក​ភ្លើង ​​សាលារៀន និង​មន្ទីរ​ពេទ្យ​ ​​ឱ្យ​បាន​​ត្រឹម​​​​ ​​ទើប​ធ្វើ​ឱ្យ​​​អតីត​យុទ្ធ​ជន​ខ្លះ​ ​បាន​​ត្រឹម​តែ​ចុះ​ឈ្មោះ​យក​ផ្ទះ​​​​​និង​ដី​ ប៉ុន្តែ​​​​​ ​​​​មិន​បាន​​​អាច​ ស្នាក់​នៅ​ទី​នោះ​បាន​​យូរ​នោះ​​ឡើយ​ ព្រោះ​​ជា​តំបន់​ដាច់ស្រយាល​​​។​​​​​​

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ចាត់​ទុក​ការ​លើកឡើង​របស់​ លោក ហ៊ុន ម៉ាណែត ​អំពី​អតីត​យុទ្ធជន​​គឺ​គ្រាន់​តែ​ពិធីការ​​​​ធ្វើ​​​​ដើម្បី​​​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​សំណាក់​សហគមន៍​អន្តរជាតិ។ លោក​ថា​ អ្វី​ដែល​​លោក ហ៊ុន ម៉ាណែត គួរ​ធ្វើ​នៅ​ពេល​នេះ ​​​ត្រូវ​​​​បង្ហាញ​​​​​សកម្មភាព​​ជាក់ស្ដែង ​​ដូច​ជា​ការ​​ដំឡើង​ប្រាក់​ ​បៀវត្សរ៍​ជូន​កងទ័ព​ ​​ឱ្យ​​បាន​ចន្លោះ​ពី​៦០០​ទៅ​៨០០​ដុល្លារ​​ក្នុង​១​ខែ​ ហើយ​​​អតីត​យុទ្ធជន​ត្រូវ​​ផ្ដល់​ប្រាក់ខែ​ចន្លោះ​ពី​៤០០ ទៅ​៥០០ដុល្លារក្នុង​១ខែ​ និង​ការ​ផ្ដល់​សេវា​គាំពារ​សង្គម​ផ្សេង​ៗ​ទៀត​ ដល់​គ្រួសារ​កងទ័ព​​ ដើម្បី​ឱ្យ​ពួក​គាត់​អាច​មាន​ជីវភាព​សមរម្យ​ក្នុង​គ្រួសារ​។​​ ​​​ពិសេស​ជាង​​នេះ​​លោក​ថា ​រដ្ឋាភិបាល​ត្រូវ​​​​​​​លុប​បាត់​អំពើពុករលួយ ក្នុង​ជួរ​កងទ័ព​​​ឱ្យ​អស់​ បើ​ពុំ​ដូច្នេះ​ទេ ការ​ថ្លែង​របស់​លោក ហ៊ុន ម៉ាណែត គ្រាន់​តែ​សារ​ប្រជាភិថុតិ។

លោក ម៉ែន ណាត៖ «​លោក ហ៊ុន ម៉ាណែត និយាយ​នៅ​ក្នុង​វេទិកា ទាំង​ផ្ទៃ​ក្នុង​ជាតិ ទាំង​លើ​វេទិកា​អន្តរជាតិ ហាក់​ដូច​ជា រដ្ឋាភិបាល​ហ្នឹង​យក​ចិត្ត​ទុក​ដាក់​សម្បើម​ណាស់ ទៅ​លើ​កងទ័ព ឃើញ​ទេ​? តែ​ផ្ទុយ​ទៅ​វិញ ដូច​ខ្ញុំ​លើក​ឡើង​ខាង​លើ​អញ្ចឹង រខេករខាក ធ្វើ​ឱ្យ​កងទ័ព​ហ្នឹង​បាក់ទឹកចិត្ត ធ្វើ​ឱ្យ​កងទ័ព​ហ្នឹង​រង​គ្រោះ ដោយ​សារ​ការ​មិន​យក​ចិត្ត​ពី ​រដ្ឋាភិបាល។»​

កន្លង​ទៅ​ ​​​ស្ថាប័ន​ការពារ​ជាតិ​រង​ការ​រិះគន់​ថា​ សម្បូរ​ដោយ​អំពើ​ពុករលួយ​​តាម​រយៈ​ការ​កិបកេង​ថវិកា​ពី​កងទ័ព ​​​​​​ពី​សំណាក់​​​​មេ​បញ្ជា​ការ​ ​​នៅ​​តាម​​​បន្ទាយ​នីមួយៗ​ ដោយ​​កាត់​ប្រាក់​ខែ​​​​​​​​ ដើម្បី​​ចំណាយ​​​លើ​​​​​​កម្មវិធី​​​​នយោបាយ​​​​​​និង​ការ​ជួប​ជុំ​ពិធី​​ផ្សេង​ៗ​​​ ​​​ ខណៈ​​​​កងទ័ព​ខ្លះ​មាន​តែ​ឈ្មោះ​ ​ស៊ី​ប្រាក់​ខែ​រដ្ឋ ប៉ុន្តែ​គ្មាន​វត្ត​មាន​​​​នោះ​ទេ​។ បន្ថែម​ពី​លើ​នោះ​ ​​​​​​​​​​តំណែង​ខ្ពស់​ៗ​​​​ ដូចជា​​ ​មេ​បញ្ជាការ ​ឬ​​អគ្គ​មេ​បញ្ជាការ​​ ​ជា​ដើម​ ត្រូវ​​បាន​​​​​​តែងតាំង​ដោយ​ខ្សែ​​​បក្ខពួក ​ឬ​​ ការ​សូក​ប៉ាន់​​លុយ​រាប់​ម៉ឺន​ដុល្លារ​​ ​ដើម្បី​ទិញ​ដំណែង​​​ ​ខណៈ​ដែល​កងទ័ព​​ដែល​​​ស្នាដៃ​ ការពារ​ជាតិ ​​​​​​បាន​​ត្រឹម​តែ​ជា​​កូន​ទាហាន​​​។​ បន្ថែម​ពី​លើ​នោះ​​ គេ​​សង្កេត​ឃើញ​ថា​​ ​​​វិស័យ​ការពារ​ជាតិ​នេះ​ បាន​​ចុះ​ខ្សោយ​​យ៉ាង​​​ខ្លាំង​​​​​​​​​​​ ​​​ហើយ​​ការ​​ធ្វើ​ទំនើប​កម្ម​យោធា​ក៏​គ្មាន​​​​ទាំង​លោក​ ហ៊ុន សែន ក៏​បាន​ទទួល​​ស្កាល​​ពី​កំហុស​នេះ​ដែរ។

ប៉ុន្តែ​យ៉ាង​ណា​ ការ​ទទួល​ស្គាល់​កំហុស របស់​ លោក​ ហ៊ុន សែន នេះ​​ គឺ​នៅ​ពេល​ដែល​កម្ពុជា​​​ ត្រូវ​បាន​ថៃ​បង្ក​សង្គ្រាម​​​ឈ្លានពាន​​​​​​វាយ​កាន់​កាប់​ទឹកដី​ខ្មែរ​អស់​ជាច្រើន​ទីតាំង។ ជា​មួយ​គ្នា​នោះ​ អ្នក​ឃ្លាំមើល​ ​​សង្កេត​ឃើញ​ថា បើ​ទោះ​​បី​ជា​ លោក ហ៊ុន ម៉ាណែត អះអាង​ក្ដែងៗ​​​​​ថា​ខ្វល់​ពី​កងទ័ព ​និង​ ​ព្យាយាម​​​ចេញ​មុខ​​ការពារ​កង​ទ័ព​ ពី​ការ​រិះគន់​ផ្សេង​ក្ដី​ ​ក៏​លោក ហ៊ុន ម៉ាណែត ​​​ពុំ​ទាន់​បាន​បង្ហាញ​​ ជា​​​​លទ្ធផល​ជាក់​​​ស្ដែង​ថា​តើ​ រដ្ឋាភិបាល​​​​ធ្វើ​អ្វី​ខ្លះ​ ដើម្បី​លើក​កម្ពស់​ជីវភាព​​កងទ័ព ​និង​ការ​ពង្រឹង​វិស័យ​កងទ័ព​ឱ្យ​បាន​រឹងមាំ​នោះ​ឡើយ ​ក្រៅ​តែ​ពី​​​​​ការ​ថ្លែង​សារ​នយោបាយ​​​​​ប្រជាភិថុតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ