

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំឱ្យពលរដ្ឋផ្ដល់តម្លៃ លើអតីតយុទ្ធជន និងកងទ័ពចូលនិវត្តន៍ ដែលធ្លាប់បានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី ខណៈ ដែលរដ្ឋាភិបាលត្រកូលហ៊ុន រងការរិះគន់ថាមិនសូវអើពើជីវភាពកងទ័ព ហើយបានយកស្ថាប័នការពារជាតិមួយនេះ ឱ្យចាក់ឫសយ៉ាងជ្រៅ ក្នុងអំពើពុករលួយ។ អ្នកឃ្លាំមើលចាត់ទុកការលើកឡើងរបស់ លោក ហ៊ុន ម៉ាណែត គឺគ្រាន់តែវោហារសាស្ត្រនយោបាយឱ្យតែរួចពីមាត់ ដើម្បីបិទបាំង ពីទោសកំហុស រឿងមិនយកចិត្តទុកដាក់លើវិស័យកងទ័ព ទើបច្បាំងចាញ់យោធាថៃ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី០៥ ខែតុលា បានថ្លែងនៅក្នុងពិធីបើកមហាសន្និបាត សហព័ន្ធអតីតយុទ្ធជនបណ្ដាប្រទេសអាស៊ាន (VECONAC) លើកទី ២៥ នៅរាជធានីភ្នំពេញថា ការដឹងគុណ និងការលើកកម្ពស់ជីវភាពអតីតយុទ្ធជន និងនិវត្តជន មិនមែនគ្រាន់តែជាកិច្ចការមនុស្សធម៌របស់រដ្ឋាភិបាលនោះឡើយ តែជា «កាតព្វកិច្ចសីលធម៌ និងជាកតញ្ញុតាធម៌ជាតិ» ដែលអ្នកជំនាន់ក្រោយត្រូវតបស្នងចំពោះវីរជន និងរៀមច្បងជំនាន់មុន គ្រប់រូប។
លោកបន្តអះអាងថា មហាសន្និបាតនេះ មិនត្រឹមតែជាកម្លាំងមនុស្សធម៌ ក្នុងការលើកកម្ពស់គុណភាពជីវិតសុខុមាលភាពនិងការគាំពារសង្គមជូនអតីតយុទ្ធជន និងជនពិការដោយសារសង្គ្រាមនោះទេ ប៉ុន្តែថែមទាំងជាយន្តការតំបន់ដ៏មានឥទ្ធិពលមួយក្នុងការរួមចំណែក ដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចិរភាព។ លោកក៏បានអួតថាកន្លងទៅកម្ពុជាបានជួយជាច្រើនដល់គ្រួសារកងទ័ព និងអតីតយុទ្ធជន តាមរយៈ ការផ្ដល់របបសន្តិសុខសង្គម និងសេវាថែទាំសុខភាព ការឧបត្ថម្ភគ្រួសារជនពលី មរណៈ ការផ្ដល់ដីសម្បទានសង្គមកិច្ច និងការសាងសង់លំនៅឋាន ជាដើម។
លោក ហ៊ុន ម៉ាណែត៖ «មិនថា កម្ពុជា, ឥណ្ឌូចិន, ឬ តំបន់អាស៊ីទាំងមូល នោះទេ។ យើងចាត់ទុក អតីតយុទ្ធជន ជាអ្នកការពារប្រវត្តិសាស្ត្រ, ឯករាជ្យភាព, អធិបតេយ្យភាព, បូរណភាពទឹកដី និងសិទ្ធិស្វ័យសម្រេចលើការជ្រើសរើសផ្លូវអភិវឌ្ឍន៍ ដែលសមស្របតាម បរិបទប្រវត្តិសាស្ត្រ និងវប្បធម៌ របស់សង្គមជាតិនីមួយៗ»។
ការលើកឡើងរបស់ លោក ហ៊ុន ម៉ាណែតនេះធ្វើឡើងក្នុង ពិធីបើកមហាសន្និបាត សហព័ន្ធអតីតយុទ្ធជនបណ្ដាប្រទេសអាស៊ាន លើកទី២៤ ដែលមានតំណាងប្រទេសជាសមាជិកចំនួន១០ ចូលរួម ដូចជាប្រទេស ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាទ្បេស៊ី ហ្វីលីពីន និង សិង្ហបុរី ជាដើម។មហាសន្និបាតនេះ គឺកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមប្រធានបទ «ជាង៤ទសវត្សនៃសហព័ន្ធអតីតយុទ្ធជនអាស៊ាន៖ រួមគ្នាកសាងមិត្តភាព សាមគ្គីភាព និងគាំទ្រអតីតយុទ្ធជន»។
អ្នកតាមដានភូមិសាស្រ្តនយោបាយ លោក សេង វណ្ណលី យល់ថា ការអំពាវនាវឱ្យពលរដ្ឋគោរព និងផ្ដល់តម្លៃដល់កងទ័ព និងអតីតយុទ្ធជន គឺជារឿងត្រឹមត្រូវ។ ប៉ុន្តែលោកថា លោក ហ៊ុន ម៉ាណែត ត្រូវបង្ហាញការយកចិត្តទុកដាក់ តាមរយៈការធានាជីវភាពរបស់កងទ័ពជាមុន ដូចជាការផ្ដល់ ប្រាក់បៀវត្ស អាហារ ថ្នាំពេទ្យ ឧបករណ៍ការពារ និងប្រាក់សោធនឱ្យបានសមរម្យជាងសព្វថ្ងៃនេះ។ លោកអះអាងថា អ្នកដែលលះបង់ដើម្បីប្រទេស មិនគួរត្រូវរស់ដោយរង់ចាំអំណោយ ឬការអាណិតម្ដងម្កាល ពីមហាជនឡើយ។ លោកយល់ថា ការថែទាំពួកគាត់ និងគ្រួសារ គឺជាកាតព្វកិច្ចរបស់រដ្ឋ មិនមែនជាគុណបំណាច់ផ្ទាល់ខ្លួនរបស់មេដឹកនាំណាម្នាក់ទេ។
លោក សេង វណ្ណលី៖ «ដើម្បីវាយតម្លៃថា ការយកចិត្តទុកដាក់របស់លោក ហ៊ុន ម៉ាណែត ជាគោលនយោបាយពិត ឬគ្រាន់តែជាវោហារសាស្ត្រនយោបាយ ត្រូវមើលថា មានថវិកាច្បាស់លាស់ កាលកំណត់អនុវត្ត និងលទ្ធផលដល់កងទ័ពកម្រិតណា។ តើអ្នករងរបួសបានព្យាបាលគ្រប់គ្រាន់ ឬទេ? គ្រួសារអ្នកពលីបានការឧបត្ថម្ភទៀងទាត់ ឬទេ? អតីតយុទ្ធជនបានប្រាក់សោធន និងជីវភាពសមរម្យ ឬទេ? បើមានតែសុន្ទរកថាលើកតម្កើង ប៉ុន្តែបញ្ហាទាំងនេះនៅតែគ្មានដំណោះស្រាយ នោះការរិះគន់ថាជាការឃោសនានយោបាយ មានមូលដ្ឋាន។ តម្លៃនៃការគោរពកងទ័ព ត្រូវឃើញក្នុងជីវភាព និងសុវត្ថិភាពរបស់ពួកគាត់ មិនអាចវាស់ត្រឹមពាក្យសរសើរលើវេទិកាបានទេ»។
បន្ថែមពីលើនោះ អ្នកឃ្លាំមើលថា ការអះអាងរបស់ លោក ហ៊ុន ម៉ាណែត ដែលថារដ្ឋាភិបាលយកចិត្តទុកដាក់ជាមួយអតីតយុទ្ធជន តាមរយៈការផ្ដល់ប្រាក់សោធន និងការផ្ដល់លំនៅឋាន ជាដើម គឺជារឿងល្អ ក៏ប៉ុន្តែ គេឃើញថា គម្រោងផ្ដល់លំនៅឋាន ដល់អតីតយុទ្ធជន ភាគច្រើនហាក់ទទួលបរាជ័យ ព្រោះមានតែផ្ទះ ប៉ុន្តែគ្មានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹកភ្លើង សាលារៀន និងមន្ទីរពេទ្យ ឱ្យបានត្រឹម ទើបធ្វើឱ្យអតីតយុទ្ធជនខ្លះ បានត្រឹមតែចុះឈ្មោះយកផ្ទះនិងដី ប៉ុន្តែ មិនបានអាច ស្នាក់នៅទីនោះបានយូរនោះឡើយ ព្រោះជាតំបន់ដាច់ស្រយាល។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ចាត់ទុកការលើកឡើងរបស់ លោក ហ៊ុន ម៉ាណែត អំពីអតីតយុទ្ធជនគឺគ្រាន់តែពិធីការធ្វើដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសំណាក់សហគមន៍អន្តរជាតិ។ លោកថា អ្វីដែលលោក ហ៊ុន ម៉ាណែត គួរធ្វើនៅពេលនេះ ត្រូវបង្ហាញសកម្មភាពជាក់ស្ដែង ដូចជាការដំឡើងប្រាក់ បៀវត្សរ៍ជូនកងទ័ព ឱ្យបានចន្លោះពី៦០០ទៅ៨០០ដុល្លារក្នុង១ខែ ហើយអតីតយុទ្ធជនត្រូវផ្ដល់ប្រាក់ខែចន្លោះពី៤០០ ទៅ៥០០ដុល្លារក្នុង១ខែ និងការផ្ដល់សេវាគាំពារសង្គមផ្សេងៗទៀត ដល់គ្រួសារកងទ័ព ដើម្បីឱ្យពួកគាត់អាចមានជីវភាពសមរម្យក្នុងគ្រួសារ។ ពិសេសជាងនេះលោកថា រដ្ឋាភិបាលត្រូវលុបបាត់អំពើពុករលួយ ក្នុងជួរកងទ័ពឱ្យអស់ បើពុំដូច្នេះទេ ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត គ្រាន់តែសារប្រជាភិថុតិ។
លោក ម៉ែន ណាត៖ «លោក ហ៊ុន ម៉ាណែត និយាយនៅក្នុងវេទិកា ទាំងផ្ទៃក្នុងជាតិ ទាំងលើវេទិកាអន្តរជាតិ ហាក់ដូចជា រដ្ឋាភិបាលហ្នឹងយកចិត្តទុកដាក់សម្បើមណាស់ ទៅលើកងទ័ព ឃើញទេ? តែផ្ទុយទៅវិញ ដូចខ្ញុំលើកឡើងខាងលើអញ្ចឹង រខេករខាក ធ្វើឱ្យកងទ័ពហ្នឹងបាក់ទឹកចិត្ត ធ្វើឱ្យកងទ័ពហ្នឹងរងគ្រោះ ដោយសារការមិនយកចិត្តពី រដ្ឋាភិបាល។»
កន្លងទៅ ស្ថាប័នការពារជាតិរងការរិះគន់ថា សម្បូរដោយអំពើពុករលួយតាមរយៈការកិបកេងថវិកាពីកងទ័ព ពីសំណាក់មេបញ្ជាការ នៅតាមបន្ទាយនីមួយៗ ដោយកាត់ប្រាក់ខែ ដើម្បីចំណាយលើកម្មវិធីនយោបាយនិងការជួបជុំពិធីផ្សេងៗ ខណៈកងទ័ពខ្លះមានតែឈ្មោះ ស៊ីប្រាក់ខែរដ្ឋ ប៉ុន្តែគ្មានវត្តមាននោះទេ។ បន្ថែមពីលើនោះ តំណែងខ្ពស់ៗ ដូចជា មេបញ្ជាការ ឬអគ្គមេបញ្ជាការ ជាដើម ត្រូវបានតែងតាំងដោយខ្សែបក្ខពួក ឬ ការសូកប៉ាន់លុយរាប់ម៉ឺនដុល្លារ ដើម្បីទិញដំណែង ខណៈដែលកងទ័ពដែលស្នាដៃ ការពារជាតិ បានត្រឹមតែជាកូនទាហាន។ បន្ថែមពីលើនោះ គេសង្កេតឃើញថា វិស័យការពារជាតិនេះ បានចុះខ្សោយយ៉ាងខ្លាំង ហើយការធ្វើទំនើបកម្មយោធាក៏គ្មានទាំងលោក ហ៊ុន សែន ក៏បានទទួលស្កាលពីកំហុសនេះដែរ។
ប៉ុន្តែយ៉ាងណា ការទទួលស្គាល់កំហុស របស់ លោក ហ៊ុន សែន នេះ គឺនៅពេលដែលកម្ពុជា ត្រូវបានថៃបង្កសង្គ្រាមឈ្លានពានវាយកាន់កាប់ទឹកដីខ្មែរអស់ជាច្រើនទីតាំង។ ជាមួយគ្នានោះ អ្នកឃ្លាំមើល សង្កេតឃើញថា បើទោះបីជា លោក ហ៊ុន ម៉ាណែត អះអាងក្ដែងៗថាខ្វល់ពីកងទ័ព និង ព្យាយាមចេញមុខការពារកងទ័ព ពីការរិះគន់ផ្សេងក្ដី ក៏លោក ហ៊ុន ម៉ាណែត ពុំទាន់បានបង្ហាញ ជាលទ្ធផលជាក់ស្ដែងថាតើ រដ្ឋាភិបាលធ្វើអ្វីខ្លះ ដើម្បីលើកកម្ពស់ជីវភាពកងទ័ព និងការពង្រឹងវិស័យកងទ័ពឱ្យបានរឹងមាំនោះឡើយ ក្រៅតែពីការថ្លែងសារនយោបាយប្រជាភិថុតិ៕









