

អ្នកឃ្លាំមើលសង្គមចោទសួរអំពីតម្លាភាពហិរញ្ញវត្ថុរបស់រដ្ឋាភិបាល និងហេតុផលនៅពីក្រោយការដាក់ឱ្យចរាចរក្រដាសប្រាក់ថ្មីប្រភេទ ៥ម៉ឺន និង ១០ម៉ឺនរៀល ។ ការលើកឡើងនេះ គឺបន្ទាប់ពីប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន អះអាងថា រដ្ឋមិនខ្វះលុយសម្រាប់ចំណាយ និងមានសាច់ប្រាក់ក្នុងរតនាគារមិនតិចជាង ២.៥០០លានដុល្លារនោះទេ។
អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី បាននិយាយថា ការអះអាងអំពីទំហំសាច់ប្រាក់បម្រុង និងចំណូលរដ្ឋ គួរត្រូវបានគាំទ្រដោយទិន្នន័យ និងរបាយការណ៍ហិរញ្ញវត្ថុផ្លូវការ ជាជាងការបញ្ជាក់តាមបណ្តាញសង្គម។ លោកថា ប្រសិនបើរដ្ឋពិតជាមានសាច់ប្រាក់បម្រុង ២.៥០០លានដុល្លារ ការមិនបង្ហាញព័ត៌មានលម្អិតអំពីស្ថានភាពរតនាគារ បំណុលសាធារណៈ និងចំណូល-ចំណាយថវិកា អាចបង្កើតសំណួរអំពីតម្លាភាព និងការត្រួតពិនិត្យពីសាធារណជន។
លោក សេង វណ្ណលី ក៏បានព្រមានថា ការឆ្លើយតបរបស់រដ្ឋចំពោះកង្វល់ផ្នែកសេដ្ឋកិច្ច មិនគួរពឹងផ្អែកលើការធានាថា រដ្ឋមានលុយ ប៉ុណ្ណោះទេ ប៉ុន្តែគួរប្រើទិន្នន័យផ្លូវការ និងរបាយការណ៍ហិរញ្ញវត្ថុដែលអាចត្រួតពិនិត្យបាន។
លោក សេង វណ្ណលី បន្ថែមទៀតថា ចំពោះរឿងក្រដាសប្រាក់ ៥ម៉ឺន និង១០ម៉ឺនរៀលថ្មី ទោះបីជាការចោទប្រកាន់ថារដ្ឋ អស់លុយទើបបោះពុម្ពលុយ អាចជាការសន្និដ្ឋានប្រញាប់ពេកផ្នែកបច្ចេកទេស ប៉ុន្តែប្រភពដើមនៃការសង្ស័យ និងការភ័យខ្លាចរបស់ប្រជាជន គឺកើតចេញពីការលាក់បាំងព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា។ ការដាក់ឲ្យចរាចរក្រដាសប្រាក់ក្នុងស្ថានភាពសេដ្ឋកិច្ចកំពុងប្រឈមសម្ពាធ ដោយមិនព្រមបញ្ជាក់ពីទំហំពិតប្រាកដនៃប្រាក់រៀលដែលដាក់ឱ្យចរាចរ ឬបរិមាណប្រាក់ចាស់ដែលត្រូវដកហូត គឺជាការធ្វើការបែបប្រហែសដែលរុញឲ្យពលរដ្ឋធ្លាក់ក្នុងភាពសង្ស័យ។
ការអះអាងរបស់អ្នកតាមដានភូមសាស្ត្រនយោបាយកម្ពុជារូបនេះ កើតឡើងបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី និងប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុក កាលពីថ្ងៃទី៧ ខែតុលា ថា រដ្ឋាភិបាលកម្ពុជាមិនខ្វះលុយសម្រាប់ចំណាយនោះទេ ហើយរដ្ឋមានសាច់ប្រាក់ក្នុងរតនាគារមិនតិចជាង២.៥០០ លានដុល្លារនោះឡើយ។
លោក ហ៊ុន សែន ក៏បាននិយាយថា រដ្ឋចំណាយប្រមាណ ២៣០លានដុល្លារក្នុងមួយខែសម្រាប់ប្រាក់បៀវត្សរ៍ឱ្យមន្ត្រីរាជការ ខណៈចំណូលរដ្ឋក្នុងរយៈពេលប្រាំបួនខែមានច្រើនជាង ៥ពាន់លានដុល្លារ ឬជាមធ្យមប្រមាណ ៥០០ ទៅ ៦០០លានដុល្លារក្នុងមួយខែ។
ជុំវិញបញ្ហានេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន បានច្រានចោលការពន្យល់របស់លោក ហ៊ុន សែន ដោយចាត់ទុកថាជាការដោះសារ។ លោកបានអះអាងថា រដ្ឋាភិបាលកម្ពុជាកំពុងប្រឈមនឹងការខ្វះថវិកាសម្រាប់ឆ្នាំ២០២៧ ដោយសារការខ្ចីប្រាក់បន្ថែមពីចិន និងម្ចាស់បំណុលផ្សេងទៀតកាន់តែពិបាក។
លោក អ៊ុំ សំអាន បានអះអាងថា មួយរយៈពេលកន្លងមកនេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត រស់ដោយសារចំណូលទទួលបានពីក្រុមមេខ្លោងឆបោកប្រាក់តាម អនឡាញ ហើយនៅពេលសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មទៅលើឧកញ៉ាធំៗ ធ្វើឲ្យលោកហ៊ុន ម៉ាណែតខ្វះលុយ ដើម្បី បង្គ្រប់ថវិកាជាតិ និងដើម្បីបើកប្រាក់ខែឱ្យមន្ត្រីរាជការ គ្រូបង្រៀន ទាហាន ប៉ូលិស គ្រូពេទ្យ ដូច្នេះការបោះពុម្ពប្រាក់បន្ថែមអាចជាមធ្យោបាយមួយដែលរដ្ឋាភិបាលប្រើ ដើម្បីបំពេញតម្រូវការថវិកា។
លោក អ៊ុំ សំអាន៖ «បើសិនជាអត់មានលុយបើកប្រាក់ខែឱ្យមន្ត្រីរាជការទេ គេអាចធ្វើបាតុកម្មទម្លាក់ពីតំណែង មេដឹកនាំកម្ពុជា ជាពិសេសត្រកូលហ៊ុន អាច ប្រជាពលរដ្ឋទាញទម្លាក់តាមរយៈការធ្វើបាតុកម្មនៅពេលដែលអត់បើកប្រាក់ខែឱ្យមន្ត្រីរាជការ គ្រូបង្រៀន ឬក៏ទាហាន»។
ចំណែក លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបដិសេធរួចមកហើយថា ការបោះពុម្ពក្រដាសប្រាក់ថ្មីប្រភេទ ៥ម៉ឺន និង ១០ម៉ឺនរៀល មិនមែនដោយសាររដ្ឋាភិបាលអស់ប្រាក់នោះទេ។ លោកបានពន្យល់ថា ក្រដាសប្រាក់ថ្មីត្រូវបានបោះពុម្ពឡើង ដើម្បីជំនួសក្រដាសប្រាក់ចាស់ដែលត្រូវបានដកចេញពីចរាចរ និងពង្រឹងសុវត្ថិភាពប្រឆាំងនឹងការក្លែងបន្លំ។ លោក ថា ចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជាបានកម្ទេចក្រដាសប្រាក់ប្រភេទ ៥ម៉ឺន និង ១០ម៉ឺនរៀលប្រមាណ ៤៣៥លានសន្លឹក។
តាមទិន្នន័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៥ កម្ពុជាមានបំណុលសាធារណៈសរុបចំនួនជិត១៣ (១២,៦៧) ពាន់លានដុល្លារ ខណៈបំណុលទាំងនេះ ត្រូវបានប្រើប្រាស់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចជាតិ។ កម្ពុជាមានបំណុលក្រៅប្រទេស ៩៩% និងបំណុលក្នុងប្រទេស ១%។
ទន្ទឹមនឹងនេះ វិស័យធនាគារកម្ពុជាក៏បានប្រឈមនឹងការផ្លាស់ប្តូរមួយចំនួន។ គិតត្រឹមខែសីហា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជាបានដកហូតអាជ្ញាបណ្ណ និងដាក់ឱ្យជម្រះបញ្ជីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុយ៉ាងតិច៦ រួមមាន ធនាគារ ស៊ីស៊ីយូ ខមមើសល ធនាគារ ហេង ហ្វឹង ធនាគារ អេចអេច ធនាគារពាណិជ្ជផេនដា ក្រុមហ៊ុនហួយវ័នផេ និងធនាគារព្រីនស៍។
អ្នកឃ្លាំមើលសង្គម អះអាងថា ការបោះពុម្ពក្រដាសប្រាក់ថ្មីរបស់រដ្ឋាភិបាល គឺធ្វើឡើងដើម្បីទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច និងការខ្វះខាតថវិកាជាតិ បន្ទាប់ពីប្រទេសចិន និងម្ចាស់បំណុលអន្តរជាតិនានា បានបដិសេធមិនផ្តល់កម្ចីបន្ថែម។ កម្ពុជាកំពុងប្រឈមនឹងការខ្វះខាតថវិកាយ៉ាងធ្ងន់ធ្ងររហូតដល់រាប់ពាន់លានដុល្លារ។ ហេតុដូច្នេះហើយ រដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅពីការបោះពុម្ពសាច់ប្រាក់បន្ថែម ដើម្បីយកមកបង្គ្រប់កម្លាំងថវិកាជាតិ និងបើកប្រាក់ខែជូនមន្ត្រីរាជការនោះឡើយ៕









