ថៃ​បដិសេធ​ការ​ថ្លែង​របស់​មេដឹកនាំ​កម្ពុជា​ដែល​ថា អាមេរិក​បាន​ប្រាប់​ថៃ​ឱ្យ​ឈប់​ឈ្លានពាន​កម្ពុជា

0
17
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ថ្លែង​នៅ​ទីក្រុង​សេប៊ូ ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ថ្លែង​នៅ​ទីក្រុង​សេប៊ូ ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត

ក្រសួងការបរទេស​ថៃ បាន​ចេញ​មក​បដិសេធ​ចំពោះ​ការ​អះអាង​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ដែល​បាន​អះអាង​ថា អាមេរិក​បាន​ប្រាប់​ភាគី​ថៃ​ឱ្យ​បញ្ឈប់​សកម្មភាព​វាតទី​លើ​ទឹកដី​កម្ពុជា។ ក្រសួង​ការ​បរទេស​ថៃ បាន​ចាត់ទុក​ការ​អះអាង​របស់​មេដឹកនាំ​កម្ពុជា​នេះ គឺ​ជា​ការ​បង្កើត​ព័ត៌មាន​ក្លែង​ក្លាយ ដើម្បី​កេង​ចំណេញ​នយោបាយ។

ក្រសួងការបរទេស​ថៃ បាន​ចេញ​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ​ទី៧ ខែ​តុលា នេះ ​ដោយ​បញ្ជាក់​ថា កន្លងទៅ​ប្រមុខ​ការទូត​ថៃ​បាន​ទៅ​ជួប​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​ឯក​អគ្គ​រដ្ឋទូត​របស់​សហរដ្ឋ​អាមេរិក ប្រចាំ​ប្រទេស​ថៃ​ជា​ច្រើន​លើក ក៏​ប៉ុន្តែ​មន្ត្រី​របស់​សហរដ្ឋ​អាមេរិក​ទាំងនេះ មិន​បាន​ប្រាប់​មកកាន់​ប្រទេស​ថៃ​ឱ្យ​បញ្ឈប់​សកម្មភាព​ណាមួយ​នៅ​តំបន់​ព្រំដែន​កម្ពុជា ដូច​ដែល​មេដឹកនាំ​កម្ពុជា​បាន​លើកឡើង​នោះ​ឡើយ។

ក្នុង​នោះ​ក្រសួង​ការ​បរទេស​ថៃ បាន​ប្រតិកម្ម​ថា ការ​អះអាង​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា ​លោក ហ៊ុន ម៉ាណែត ដែល​ថា សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឱ្យ​ប្រទេស​ថៃ បញ្ឈប់​សកម្មភាព​រំលោភបំពាន​លើ​ទឹកដី​កម្ពុជា​នោះ គឺ​ជា​ការ​បំភ្លៃ​ព័ត៌មាន​ដើម្បី​វាយប្រហារ​នយោបាយ​ផ្ទៃក្នុង​របស់​ប្រទេស​ថៃ និង​ជា​ការ​កេងចំណេញ​នយោបាយ​របស់​បក្ស​កាន់​អំណាច​នៅ​កម្ពុជា។ ក្រសួងការបរទេស​ថៃ​បាន​ព្រមាន​ថា បញ្ហា​នេះ នឹង​ធ្វើឱ្យ​ការ​ស្ដារ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​ត្រូវ​បាត់បង់ ដោយសារ​ការ​បាត់បង់​ទំនុកចិត្ត ហើយ​បញ្ហា​ជម្លោះ​ព្រំដែន​ក៏​នឹង​កាន់តែ​រីក​ធំ។

ការ​ថ្លែង​របស់​ក្រសួង​ការ​បរទេស​ថៃ​នេះ គឺ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​អះអាង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​បាន​លើកឡើង​កាលពី​ម្សិលមិញ​ថា លោក​បាន​ជួប​ឧបការី​របស់​សហរដ្ឋ​អាមេរិក​មួយ​រូប កាលពី​ថ្ងៃ​ទី​៤ ខែ​តុលា កន្លងទៅ ដោយ​ឧបការី​អាមេរិក​រូប​នេះ បាន​ប្រាប់​លោក​ថា រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក គឺ​លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បាន​ប្រាប់​ភាគី​ថៃ​ដែល​ជា​គូ​ជម្លោះ​ជាមួយ​កម្ពុជា ឱ្យ​បញ្ឈប់​បង្ក​ភាព​តានតឹង និង​សកម្មភាព​វាតទី​លើ​ទឹកដី​កម្ពុជា។ លោក ហ៊ុន ម៉ាណែត បន្ត​ថា ក្រៅ​ពី​នេះ​ឧបការី​របស់​សហរដ្ឋ​អាមេរិក ក៏​បាន​ស្នើ​ឱ្យ​ភាគី​កម្ពុជា​កុំ​បង្ក​កម្តៅ​តាម​បន្ទាត់​ព្រំដែន ដូចគ្នា​ផងដែរ។

នៅក្នុង​កិច្ច​សន្ទនា​ដដែល​នេះ លោក ហ៊ុន ម៉ាណែត បាន​ឆ្លើយតប​ទៅកាន់​ឧបការី​អាមេរិក​នោះ​វិញ​ថា កម្ពុជា​មិន​ដែល​ធ្វើ​សកម្មភាព​បង្កហេតុ​តាម​បន្ទាត់​ព្រំដែន​ជាមួយ​ភាគី​ថៃ​នោះ​ទេ។

ទូរទស្សន៍​អាស៊ី​សេរី មិន​អាច​ទាក់ទង​រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស អ្នក​ស្រី អ៊ាត សោភា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៨ ខែ​តុលា។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ឡើយ ដែល​ភាគី​ថៃ​បាន​ចោទប្រកាន់​មក​លើ​មេដឹកនាំ​ ​និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ថា​បាន​វាយប្រហារ​មក​លើ​ភាគី​ថៃ ដើម្បី​កូរ​ស្ថានការណ៍ និង​ស្ដារ​ប្រជាប្រិយភាព​នយោបាយ។ ក្នុង​នោះ​អ្នក​នយោបាយ និង​យោធា​ថៃ ធ្លាប់​បាន​ចោទប្រកាន់​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ដែល​បាន​ធ្វើឱ្យ​បែក​ធ្លាយ​សំឡេង​កិច្ច​សន្ទនា​របស់​អតីត​មេដឹកនាំ​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ បណ្ដាលឱ្យ​ប្រទេស​ថៃ​កើត​វិបត្តិ​នយោបាយ ខណៈ​លោក ហ៊ុន សែន កាល​នោះ​បាន​កើនឡើង​នូវ​ប្រជាប្រិយភាព នៅ​មុនពេល​សង្គ្រាម​តាម​ព្រំដែន​បាន​ផ្ទុះឡើង ដែល​ធ្វើឱ្យ​យោធា​ថៃ​ចូលកាន់​កាប់​ទឹកដី​របស់​កម្ពុជា​ជា​ច្រើន​ទីតាំង នៅ​តាម​បណ្ដោយ​ព្រំដែន​រហូត​មក​ដល់​សព្វ​ថ្ងៃ។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា ការ​លើកឡើង​របស់​លោក ហ៊ុន ម៉ាណែត ដែល​ថា ឧបការី​អាមេរិក​បាន​ប្រាប់​ថៃ​ឱ្យ​បញ្ឈប់​ការ​ឈ្លានពាន​កម្ពុជា​នោះ អាច​ជា​រឿង​ពិត ព្រោះ​ដោយសារ​រដ្ឋាភិបាល​អាមេរិក អាចនឹង​បាន​ទទួល​របាយការណ៍​ពី​អង្គការ​អន្តរជាតិ​នានា ដែល​បាន​ចុះ​ទៅ​អង្កេត​ផ្ទាល់​នៅ​តំបន់​ព្រំដែន​កម្ពុជា។ ទៅ​ជា​យ៉ាងណា លោក​បន្ត​ថា ការ​ថ្លែង​របស់​លោក ហ៊ុន ម៉ាណែត នៅ​ពេលនេះ ក៏​មាន​ចរិត​នយោបាយ​ផងដែរ ដោយ​លោក​បាន​លើកឡើង​តែ​ពី​ចំណុច​វិជ្ជមាន​របស់​រដ្ឋាភិបាល​របស់​ខ្លួនឯង​ប៉ុណ្ណោះ ខណៈ​បញ្ហា​យោធា​ថៃ បាន​ធ្វើ​សកម្មភាព​ឈ្លានពាន​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន ជា​រៀងរាល់​ថ្ងៃ​នោះ លោក ហ៊ុន ម៉ាណែត មិន​បាន​លើក​យក​មក​និយាយ​ប្រាប់​ឱ្យ​ប្រជា​ពលរដ្ឋ​បាន​ដឹង​នោះ​ឡើយ។

លោក ម៉ែន ណាត៖ «កម្ពុជា​មិន​អាច​ធ្វើ​ឥរិយាបថ​ដូច​ជា​ជនរងគ្រោះ​ដែល​គួរ​ឱ្យ​អាណិត​ទេតែ​ធ្វើ​ជា​ជនរងគ្រោះ​ដែល​មាន​គោលការណ៍ដែល​ប្តឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ​ដំឡើង​កម្រិត​ការទូត​ខ្លាំងក្លា»។

អ្នកឃ្លាំមើល​លើកឡើង​ថា ស្ថិត​ក្នុង​ស្ថានភាព​ដែល​កងទ័ព​ខ្មែរ និង​កងទ័ព​ថៃ​កំពុង​ភ្ជង់​កាណុង​កាំភ្លើង​តម្រង់​រក​គ្នា នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​បែបនេះ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​គួរតែ​ចរចា​ដើម្បី​ដោះស្រាយ​គ្នា ជា​ជាង​ការ​ផ្លោង​ពាក្យសម្ដី​ដាក់​គ្នា​ទៅវិញទៅមក ក្នុង​រូបភាព​ជា​ការ​ថ្លែង​សារ​នយោបាយ ដែល​ធ្វើឱ្យ​ស្ថានភាព​ជម្លោះ​កាន់តែ​មាន​ភាព​តានតឹង។

យ៉ាងណា​ក៏ដោយ​ចុះ អ្នក​ឃ្លាំមើល​បាន​កត់សម្គាល់​ឃើញ​ថា ក្រោយ​ទទួល​រង​ការ​ឈ្លានពាន​ពីសំណាក់​យោធា​ថៃ​នៅ​តាម​ព្រំដែន មេ​ដឹកនាំ​កម្ពុជា បាន​ប្រើប្រាស់​មធ្យោបាយ​ប្រជាភិថុតិ ដើម្បី​ស្ដារ​ប្រជាប្រិយភាព ជា​ជាង​ការ​ទប់ស្កាត់​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ។ ក្នុង​នោះ​លោក ហ៊ុន សែន ធ្លាប់​បាន​លើកឡើង​ដោយ​ស្ម័គ្រ​ខ្លួន​ទទួល​ស្គាល់​កំហុស​ជំនួស​កូន គឺ​លោក ហ៊ុន ម៉ាណែត ក្រោយពេល​យោធា​ថៃ​ចូល​កាន់​កាប់​តាម​តំបន់​ព្រំដែន ខណៈ​លោក ហ៊ុន ម៉ាណែត វិញ បាន​ថ្លែង​សារ ​ការពារ​កំហុស​ឪពុក ថា​មិនមែន​ជា​អ្នក​បង្ក​សង្គ្រាម និង​វាយប្រហារ​អ្នក​ប្រឆាំង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ