មន្ត្រី​រដ្ឋាភិបាល​បារាំង​ថា ខ្លួនតែង​ស្នើរដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិមនុស្ស និង​ដោះលែង​សកម្មជន​បរិស្ថាន​៥រូប

0
99
(ពីឆ្វេងទៅស្ដាំ) សកម្មជន​ចលនា​មាតា​ធម្មជាតិ ៥រូប គឺ​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី ​លោក លី ចាន់ដារ៉ាវុត និង​កញ្ញា ភួន កែវរស្មី ដែល​នឹង​ត្រូវ​ចូលរួម​សវនាការ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១១ ខែមិថុនា ឆ្នាំ២០២៤។ RFA
(ពីឆ្វេងទៅស្ដាំ) សកម្មជន​ចលនា​មាតា​ធម្មជាតិ ៥រូប គឺ​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី ​លោក លី ចាន់ដារ៉ាវុត និង​កញ្ញា ភួន កែវរស្មី ដែល​នឹង​ត្រូវ​ចូលរួម​សវនាការ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១១ ខែមិថុនា ឆ្នាំ២០២៤។ RFA

មន្ត្រីជាន់ខ្ពស់បារាំង អះអាងថា កន្លងទៅស្ថានទូតបារាំងប្រចាំ​នៅកម្ពុជា តែងតែលើកឡើងអំពី​បញ្ហាសិទ្ធិមនុស្ស និងក្ដីបារម្ភពីការផ្ដន្ទាទោសសកម្មជនមាតាធម្មជាតិ៥រូប។ ការអះអាងនេះ ធ្វើឡើងនៅក្នុងលិខិតមួយឆ្លើយតបទៅកាន់អង្គការ​អន្តរជាតិ មូលនិធិ ប្រ៊ូណូ មែនសឺរ ( Bruno Manser Fonds) ដែលអំពាវនាវឲ្យអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដាក់សម្ពាធ​លើរដ្ឋាភិបាល​ក្រុងភ្នំពេញ ឱ្យដោះលែងសកម្មជនបរិស្ថាន នៅមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie summit) ដែលនឹងធ្វើនៅកម្ពុជាក្នុងខែវិច្ឆិកាខាងមុខ។

អនុប្រធាន​នាយកដ្ឋានអាស៊ី និងអូសេអានី នៃ​ក្រសួង​អឺរ៉ុប និង​ការបរទេស​នៃសាធារណរដ្ឋ​បារាំង អ្នកស្រី ម៉ារី អ៊ួរ (Marie HOURS) បានលើកឡើងក្នុងលិខិតដែលផ្ញើទៅកាន់​អង្គការ​អន្តរជាតិ មូលនិធិប្រ៊ូណូ មែនសឺរ ដែល​ទទួលបាននៅថ្ងៃទី១៥ ខែតុលាថា ប្រទេសបារាំង​បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការគាំទ្រដល់អ្នកការពារបរិស្ថាននៅកម្ពុជា និងកំពុងតាមដាន​យ៉ាងដិត​ដល់​នូវស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

អ្នកស្រី ម៉ារី អ៊ួរ បានរៀបរាប់ថា ប្រធានបទ​ស្ដីពី​សិទ្ធិមនុស្ស ត្រូវបានបញ្ចូល​យ៉ាងពេញលេញ​ទៅក្នុងកិច្ចសន្ទនារបស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង រវាង​រដ្ឋាភិបាលកម្ពុជា ជាពិសេស នៅពេលមានជំនួបពិភាក្សាទ្វេភាគីរវាងថ្នាក់ដឹកនាំនយោបាយនៃប្រទេសទាំងពីរ។ ជាមួយគ្នា​នោះ អ្នកស្រីបន្តថា មន្ត្រីស្ថានទូតបារាំងប្រចាំ​នៅ​កម្ពុជា ក៏កំពុងតាមដាន​ស្ថានភាព​សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដោយមានទំនាក់ទំនងជាមួយសមាគមការពារសិទ្ធិមនុស្សលីកាដូ (LICADHO)។

អ្នកស្រីបញ្ជាក់ថា ក្ដីបារម្ភរបស់អង្គការអន្តរជាតិ និងអង្គការមាតាធម្មជាតិកម្ពុជា ជុំវិញ​ការ​រំលោភ​សិទ្ធិមនុស្ស មក​លើ​សកម្មជន​បរិស្ថាន​ទាំង៥រូប ត្រូវ​បាន​នាំយកទៅ​ជម្រាបជូនអាជ្ញាធរកម្ពុជា​ឱ្យបាន​ជ្រាបរួចរាល់​ហើយ។ ហើយ ជាពិសេសនៅក្នុងលិខិតនោះ បានសង្កត់ធ្ងន់ថា ប្រធានបទ​សិទ្ធិមនុស្ស និងករណី​សកម្មជន​បរិស្ថាន កំពុងក្លាយជាប្រធានបទនៃការ​ពិគ្រោះយោបល់​ជាមួយ​ដៃគូសហភាពអឺរ៉ុប និងបណ្ដាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សផងដែរ។

ការលើកឡើងនេះ តាមរយៈលិខិតឆ្លើយតប ទៅកាន់​អង្គការ​ចលនាមាតាធម្មជាតិ និងអង្គការ​អន្តរជាតិ​ឈ្មោះ មូលនិធិ ប្រ៊ូណូ មែនសឺរ ដែលបាន យកលិខិតទៅដាក់នៅ​ទីស្នាក់ការ អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ក្នុងប្រទេសបារាំង កាលពីថ្ងៃទី៦ ខែកក្កដា។ លិខិតនោះ ត្រូវបាន​ដាក់​ទៅកាន់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដើម្បីអំពាវនាវឱ្យដាក់សម្ពាធ ដល់រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជនបរិស្ថានទាំង៥រូប ដែលកំពុងជាប់ឃុំ នៅមុន​កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie summit) ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ។

បន្ថែមពីលើនោះ ក្រុមអង្គការ​ដែលធ្វើការផ្នែកការពារបរិស្ថានទាំងនេះ បាន​ទាមទារ​ឲ្យ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី ប្រើតួនាទីពិសេសរបស់ខ្លួនជាអ្នករៀបចំកិច្ចប្រជុំកំពូល​នៃប្រទេស​និយាយ​ភាសាបារាំង ដើម្បីចូលរួមជាបន្ទាន់ និង​ខ្លាំងក្លាជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីកែលំអ​ស្ថានភាព​សិទ្ធិមនុស្សនៅ​ក្នុង​ប្រទេសកម្ពុជា និង​ជាពិសេសធានា​ដល់​ការ​ដោះលែង​សកម្មជនចលនា​មាតាធម្មជាតិវ័យក្មេងទាំង ៥នាក់ រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុធ និង លោក យីម លាងហ៊ី។

ស្ថាបិកអង្គការ​ចលនាមាតាធម្មជាតិ លោក  អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson ) ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ថ្វីត្បិតបារាំង មិន​បាន​បញ្ជាក់ថា នឹង​យក​បញ្ហាសកម្មជនបរិស្ថានដើម្បីស្នើឱ្យរដ្ឋាភិបាលកម្ពុជាត្រូវតែដោះលែងដោយត្រង់ៗក្ដី លោក​សង្ឃឹមថា នឹងមានមេដឹកនាំនៃបណ្ដាប្រទេសដែលនិយាយភាសាបារាំងជាច្រើនទៀត នឹង​លើកយកករណីនេះ​ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា។

លោក អាឡិចហាន់ដ្រូ​៖ «ស្ថានទូតបារាំង និងរដ្ឋមន្ត្រីក្រសួងបារាំងមិនហ៊ាននិយាយចំៗពេកទៅលើរឿងហ្នឹងក៏ដោយ ក៏ខ្ញុំឃើញថាមានសង្ឃឹមមួយចំនួនដែរ ដែលសកម្មជនទាំង៥នាក់នឹងត្រូវបានដោះលែងនាពេលប្រមាណសប្ដាហ៍ទៅមុខ ដោយសាររដ្ឋមន្ត្រី លោកហុន ម៉ាណែត ហ៊ុនសែនហ្នឹងអាចនឹងសម្រេចចិត្តសម្អាតផ្ទះមុនភ្ញៀវមកដល់។ បូកហ្នឹងអី? បូកហ្នឹងសម្ពាធដូចខ្ញុំបាននិយាយរួចរាល់ហើយហ្នឹងសម្ពាធមានពីប្រទេសច្រើន។ បូកហ្នឹងអី? បូកហ្នឹងការរកឃើញរបស់អង្គការសហប្រជាជាតិថ្មីៗនេះដែលប្រកាសហើយថា សកម្មជនទាំង៥នាក់ត្រូវបានគេចាប់តាមអំពើចិត្ត»។

ទូរទស្សន៍អាស៊ីសេរី ពុំអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៤ ខែតុលា។

អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិ មនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី យល់​ថា សកម្មជនបរិស្ថានទាំង៥រូបនេះ ជា​ករណី​ដែល សហគមន៍អន្តរជាតិ តែងតែ​ចាប់អារម្មណ៍ ហើយពេលដែលលើកឡើងពីបញ្ហាសិទ្ធិមនុស្ស​គឺតែងតែស្នើឱ្យមានការដោះលែងអ្នកទាំងនោះ។ ដូច្នេះលោកថា ការបន្តឃុំខ្លួន​សកម្មជន​បរិស្ថាន ពុំផ្ដល់ផលចំណេញអ្វីដល់ជាតិនោះទេ ក្រៅតែពីធ្វើឱ្យកម្ពុជាខូចមុខមាត់។

លោក យិន ម៉េងលី៖ «យើងចង់ឲ្យរដ្ឋាភិបាលធ្វើការពិចារណាឡើងវិញជាពិសេសតុលាការនៅក្នុងករណីរឿងមាតាធម្មជាតិបាទ ហើយការអូសបន្លាយពេលវេលាយូរពេកនៅក្នុងករណីនេះក៏ជារឿងមួយដែលមិនអាចស្វែងរកយុត្តិធម៌បានដែរ»។

កន្លងទៅ ក្រុមការងារអង្គការសហប្រជាជាតិទទួលបន្ទុកដោះស្រាយការឃុំខ្លួន​តាមទំនើង​ចិត្ត (UNWGAD) បានចេញរបាយការណ៍វាយតម្លៃ និងប្រកាសថា ការចាប់ខ្លួន និងឃុំខ្លួនសកម្មជន​បរិស្ថានទាំង ៥ រូបគឺជាការធ្វើឡើងដោយបំពាន និងរំលោភលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ។

រីឯ អ្នករាយការណ៍ពិសេស ផ្នែកសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ក៏បានបង្ហាញពីការបារម្ភផងដែរ អំពីស្ថានភាពសិទ្ធិមនុស្ស និងការចាប់ខ្លួន​ពលរដ្ឋ អ្នកនយោបាយ សកម្មជនបរិស្ថាន និងអ្នកសារព័ត៌មានតាមអំពើចិត្ត​របស់​រដ្ឋាភិបាលកម្ពុជា ក្រោយពីពួកគាត់បានប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិ ឈឺឆ្អាល​រឿងនយោបាយ ធនធានធម្មជាតិ និងបញ្ហាព្រំដែន​ជាដើម។ លោកបានអំពាវនាវឱ្យ រដ្ឋាភិបាល​ដោះលែងពួកគេឱ្យមានសេរីភាពឡើងវិញ និងធានាការគោរពសិទ្ធិមនុស្សឱ្យបានពេញលេញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ