អង្គការ​សិទ្ធិ​មនុស្ស​បង់ក្លាដែក​ស្នើ​កម្ពុជា​បញ្ជូន​ពលករ​ខ្លួន​ជិត ២ពាន់​នាក់​ទៅ​ប្រទេស​កំណើត​វិញ

0
55
សកម្មភាព​ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​ទាក់ទង​ក្រុមឆបោក អនឡាញ ទៅលើ​ទីតាំង​ផ្ទះ​វីឡា​ទោល​ចំនួន ១​កន្លែង​ ស្ថិត​ក្នុងភូមិ​ទួល​ប្រាសាទ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម
សកម្មភាព​ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​ទាក់ទង​ក្រុមឆបោក អនឡាញ ទៅលើ​ទីតាំង​ផ្ទះ​វីឡា​ទោល​ចំនួន ១​កន្លែង​ ស្ថិត​ក្នុងភូមិ​ទួល​ប្រាសាទ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម

អង្គការ​សិទ្ធិ​មនុស្ស និង​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​ប្រទេស​បង់ក្លាដែស (Bangladesh) អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​បង់ក្លាដែស​ពន្លឿន​នីតិវិធី​បញ្ជូន​ពលរដ្ឋ​បង់ក្លាដែស​ជិត ២ពាន់​នាក់​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ក្រោយ​ពួកគេ​បន្ត​ជាប់​គាំង​នៅ​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជា​ច្រើន​ខែ។ អង្គការ​សិទ្ធិ​មនុស្ស​ដដែល​បញ្ជាក់​ថា ពលករ​បង់ក្លាដែស​ទាំង​នោះ​ត្រូវ​បាន​បណ្ដាញ​ឧក្រិដ្ឋជន​បោក​បញ្ឆោត និង​ជួញដូរ​យក​ទៅ​បង្ខាំង​ធ្វើ​ទារុណកម្ម​ក្នុង​មជ្ឈមណ្ឌល ដើម្បី​បង្ខំ​ឱ្យ​ពួក​គាត់​ធ្វើ​ការ​ជា​អ្នក​ឆបោក​តាម​អនឡាញ ខណៈ​អ្នក​ខ្លះ​ទៀត​ត្រូវ​បាន​គេ​ដក​ហូត​ឯកសារ​លិខិត​ឆ្លងដែន​ជាដើម។

អង្គការ​សិទ្ធិមនុស្ស និង​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​ប្រទេស​បង់ក្លាដែស (Bangladesh) ឈ្មោះ អានីរបាន់ សឺវ៉ាយវ័រ វ៉យស៍ ហ្វោនដេសិន (Anirban Survivor Voice Foundation) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បង់ក្លាដែស​សហការ​ជាមួយ​កម្ពុជា ពន្លឿន​ការ​បញ្ជូន​ពលរដ្ឋ​ខ្លួន​ជិត ២ពាន់​នាក់ ដែល​កំពុង​ជាប់​គាំង​នៅ​កម្ពុជា ឱ្យ​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។

អង្គការ​ដដែល​បញ្ជាក់​ថា ពលរដ្ឋ​បង់ក្លាដែស​ទាំង​នេះ​កំពុង​ប្រឈម​នឹង​ភាព​មិន​ប្រាកដប្រជា ខណៈ​អ្នក​ខ្លះ​អស់​សង្ឃឹម​ដោយសារ​ការ​សម្របសម្រួល​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​កំណើត​មាន​ភាព​យឺតយ៉ាវ។ ស្ថានភាព​នេះ​ធ្វើ​ឱ្យ​អ្នក​ខ្លះ​រង​សម្ពាធ​ផ្លូវ​ចិត្ត ដោយសារ​ខ្វះ​កន្លែង​ស្នាក់​នៅ​សមរម្យ និង​គ្មាន​អាហារ​ហូប​ចុក​គ្រប់​គ្រាន់ អំឡុង​ពេល​ពួកគេ​ជាប់​ឃុំ​ក្នុង​មជ្ឈមណ្ឌល​អន្តោប្រវេសន៍​នៅ​កម្ពុជា។

ប្រភព​ដដែល​បញ្ជាក់​ថា ពលករ​បង់ក្លាដែស​ភាគច្រើន​មាន​លិខិត​ឆ្លងដែន និង​ទិដ្ឋាការ​ស្រប​តាម​ច្បាប់ ប៉ុន្តែ​ពេល​មក​ដល់​កម្ពុជា ពួកគេ​បែរ​ជា​ត្រូវ​បាន​គេ​បោកបញ្ឆោត ឃុំឃាំង និង​បង្ខំ​ឱ្យ​ធ្វើ​ការ​ក្នុង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ។ ជនរងគ្រោះ និង​ក្រុម​គ្រួសារ​អះអាង​ថា ពលរដ្ឋ​បង់ក្លាដេស​មួយ​ចំនួន​បាន​រង​ការ​រំលោភបំពាន​ធ្ងន់ធ្ងរ រួម​ទាំង​ការ​វាយដំ​ធ្វើ​ទារុណកម្ម​លើ​រាងកាយ និង​ផ្លូវ​ចិត្ត រង​ការ​បង្ខាំង​ក្នុង​អគារ ត្រូវ​បណ្ដាញ​ឧក្រិដ្ឋជន​រឹបអូស​លិខិត​ឆ្លងដែន និង​រង​ការ​ជំរិត​ទាមទារ​ប្រាក់​ពី​ក្រុម​សាច់​ញាតិ ដើម្បី​ជា​ថ្នូរ​ដោះលែង។

អង្គការ​សិទ្ធិ​មនុស្ស​ដដែល​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​បង់ក្លាដេស​រៀបចំ​ជើង​ហោះហើរ​ពិសេស និង​សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា​ឱ្យ​បាន​ឆាប់រហ័ស ដើម្បី​បញ្ជូន​ពលរដ្ឋ​របស់​ខ្លួន​ដែល​បន្ត​ជាប់​គាំង​នៅ​កម្ពុជា​បាន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ មុន​ថ្ងៃ​ទី៣១ ខែតុលា ដើម្បី​ឱ្យ​ពួកគេ​បាន​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ​សាច់ញាតិ​ឡើងវិញ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​បង់ក្លាដែស​ក៏​បាន​បន្ត​ចុះ​ព្រោងព្រាត​ពាក់ព័ន្ធ​ជនជាតិ​បង់ក្លាដែស​ដែល​បន្ត​ឃុំឃាំង​នៅ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា។ កាសែត​បង់ក្លាដែស​ជាច្រើន​ក៏​រាយការណ៍​បង្ហាញ​ពី​ជីវិត​សោកសៅ និង​ការ​ទន្ទឹង​រង់​ចាំ​មើល​ផ្លូវ​របស់​ក្រុម​គ្រួសារ​ដែល​មាន​សាច់​ញាតិ ឬ​កូន​ចៅ​ទៅ​ធ្វើ​ជា​ពលករ​នៅ​កម្ពុជា​ត្រូវ​បាន​បណ្ដាញ​ឧក្រិដ្ឋជន​បង្ខាំង​ធ្វើ​ទារុណកម្ម។

ការ​ទទូច​របស់​អង្គការ​សិទ្ធិមនុស្ស​ដែល​មាន​នៅ​មូលដ្ឋាន​ប្រទេស​បង់ក្លាដែស​នេះ​ក៏​ឡើង​ក្រោយ​ពេល​ដែល​សាកសព​យុវជន​បង់ក្លាដែស (Bangladesh) ម្នាក់​ត្រូវ​បាន​បញ្ជូន​មក​ដល់​ប្រទេស​កំណើត​វិញ​កាល​ពី​ដើម​ខែតុលា បន្ទាប់​ពី​ជនរងគ្រោះ​រង​ការ​ធ្វើ​ទារុណកម្ម​រហូត​ដល់​ស្លាប់​នៅ​ក្នុង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ទូរទស្សន៍​អាស៊ីសេរី​មិន​អាច​ទាក់ទង អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២០ ខែតុលា។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​សម្ព័ន្ធ​ភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ច្រាក់ (CHRAC) លោក រស់ សុដ្ឋា សោកស្ដាយ​ដែល​ជនជាតិ​បង់ក្លាដែស និង​ជនបរទេស​ផ្សេង​ទៀត​ចាញ់​បោក​ការ​លួងលោម និង​រង​អំពើ​ទារុណកម្ម​ពី​ក្រុម​ឆបោក​តាម​អនឡាញ។ លោក​បន្ថែម​ទៀត​ថា កម្ពុជា​គួរ​បង្កើន​កិច្ច​សហការ​ជាមួយ​ស្ថាន​ទូត​ប្រទេស​សាម៉ី ដើម្បី​ពិនិត្យ​លើ​ការ​យឺតយ៉ាវ​បញ្ជូន​ជនបរទេស​ដែល​មួយ​ចំនួន​អាច​រងគ្រោះ​ពី​ការ​ជួញដូរ​ទៅ​ប្រទេស​កំណើត​ពួកគេ​វិញ។

លោក រស់ សុដ្ឋា៖ «ការណ៍​ដែល​យើង​បាន​រំដោះ​ពួក​គាត់​មក​ហើយ គាត់​បាន​រួច​ផុត​ពី​ក្រញាំ​នៃ​មេខ្លោង (Scam online) ហើយ ពួកគាត់​នៅ​តែ​អូស​បន្លាយ​បន្ត​ទៅ​ទៀត ហើយ​ធ្លាក់​ទៅ​លើ​បញ្ហា​ផ្សេងៗ​ដូចជា​បន្ត​ទៅ (Scam) អី​បន្ត​ទៅ​ទៀត អា​ហ្នឹង​គឺ​ជា​បញ្ហា​ដែល​អាជ្ញាធរ​ត្រូវ​ទទួល​ស្គាល់​ត្រូវ​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​ទាំង​អស់​នេះ ដែល​អ្នក​ពាក់ព័ន្ធ​ជាតិ អន្តរជាតិ ត្រូវ​តែ​ពិនិត្យ​មើល ហើយ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​បុគ្គល​ទាំង​ឡាយ​ណា​ដែល​ពាក់ព័ន្ធ»។

កន្លង​ទៅ ក៏​មាន​ជនជាតិ​ឥណ្ឌូណេស៊ី​រាប់​រយ​នាក់​បាន​ដាក់​សំណើ​ទៅ​កាន់​រដ្ឋាភិបាល​របស់​ខ្លួន ដើម្បី​បញ្ជូន​ពួកគេ​ទៅ​ប្រទេស​កំណើត​វិញ​ឱ្យ​បាន​ឆាប់។

ទាក់ទង​នឹង​ជនជាតិ​ឥណ្ឌូណេស៊ី​នេះ អាជ្ញាធរ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី១៩ ខែតុលា បាន​បញ្ជូន​ជនជាតិ​ឥណ្ឌូណេស៊ី ជាង ១រយ​នាក់ (១៧៥នាក់) ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។ អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​ឱ្យ​ដឹង​ថា ជនជាតិ​ឥណ្ឌូណេស៊ី​ទាំង​នេះ​បាន​ចូល​កម្ពុជា​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ ហើយ​ការ​បណ្ដេញ​ចេញ​នេះ​គឺ​ជា​ផ្នែក​មួយ ដើម្បី​លុប​បំបាត់​ឧក្រិដ្ឋកម្ម​តាម​អនឡាញ ស្រាវជ្រាវ​បង្ក្រាប​ដល់​មេខ្លោង និង​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ដែល​ត្រូវ​គេ​បោកបញ្ឆោត​ឱ្យ​ទទួល​បាន​សេរីភាព​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។

ចំណែក ស្ថាន​ទូត​ហ្វីលីពីន​ប្រចាំ​កម្ពុជា​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២០ ខែតុលា ថា ថ្មីៗ​នេះ​ខ្លួន​ក៏​បាន​សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា បញ្ជូន​ពលរដ្ឋ​របស់​ខ្លួន​ចំនួន ២៩នាក់​ទៅ​ប្រទេស​កំណើត​វិញ ក្រោយ​ពួកគេ​បាន​ចាញ់​បោក​មេ​ខ្យល់ និង​រង​ការ​បង្ខាំង​ក្នុង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា។

ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក និង​អង្គការ​អន្តរជាតិ​ជំនាញ​បាន​រក​ឃើញ​ថា បណ្ដាញ​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា ប្រើប្រាស់​បណ្ដាញ​សង្គម ដើម្បី​ប្រកាស​ជ្រើសរើស​បុគ្គលិក​ទាំង​ពលរដ្ឋ​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់​ដូចជា ចិន វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ប៉ាគីស្ថាន ឥណ្ឌា បង់ក្លាដែស រួម​ទាំង​ជនបរទេស​មក​ពី​តំបន់​អាហ្វ្រិក​ផ្សេង​ទៀត​ដោយ​បោក​បញ្ឆោត​ថា មាន​ឱកាស​ការងារ​ដែល​ផ្ដល់​ប្រាក់​ខែ​ខ្ពស់។ ប៉ុន្តែ ពេល​មក​ដល់​កម្ពុជា ជនរងគ្រោះ​មួយ​ចំនួន​ត្រូវ​បាន​បណ្ដាញ​ឧក្រិដ្ឋជន​បង្ខាំង ដក​ហូត​លិខិត​ឆ្លងដែន និង​បង្ខំ​ឱ្យ​ធ្វើ​ការ​ឆបោក​តាម​អនឡាញ។

រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ សមត្ថកិច្ច​បាន​បង្ក្រាប និង​បិទ​ទីតាំង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ជាង ៨រយ​ទីតាំង (៨៣២)។ ក្នុង​នោះ​អាជ្ញាធរ​កម្ពុជា​អះអាង​ថា បាន​បញ្ជូន​សំណុំ​រឿង​ជាង ៤រយ​ករណី​ទៅ​តុលាការ​ដោយ​មាន​ជនសង្ស័យ​ជិត ៤ពាន់​នាក់ (៣,៩២៧) និង​បាន​បណ្ដេញ​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ជាង ២២ម៉ឺន​នាក់​ចេញ​ពី​កម្ពុជា។

ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​លើកឡើង​ក្នុង​របាយការណ៍​ស្ដីពី​ការ​ជួញដូរ​មនុស្ស​ប្រចាំ​ឆ្នាំ២០២៦ ថា ការ​បរាជ័យ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​ដែល​ត្រូវ​បាន​ជួញដូរ​ទៅ​កាន់​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ បាន​ធ្វើ​ឱ្យ​ពួកគេ​រស់​នៅ​ក្នុង​ស្ថានភាព​ឯកោ ខ្វះ​កន្លែង​ស្នាក់​នៅ​សមរម្យ និង​អាហារ​ហូប​ចុក​គ្រប់គ្រាន់។ អាមេរិក​ព្រមាន​ថា ស្ថានភាព​នេះ​បាន​ធ្វើ​ឱ្យ​ជនរងគ្រោះ​ប្រឈម​នឹង​ហានិភ័យ​ធ្លាក់​ចូល​ក្នុង​កណ្ដាប់​ដៃ​របស់​បណ្ដាញ​ឧក្រិដ្ឋជន​ជួញដូរ​មនុស្ស​ជា​ថ្មី​ម្ដង​ទៀត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ