ប្រមុខ​ការទូត​កម្ពុជា និង​ថៃ​បាន​វាយប្រហារ​គ្នា ក្រោយ​កិច្ចប្រជុំ UNCLOS លើកទី២

0
22
រដ្ឋមន្ត្រី​ក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន (ឆ្វេង) និងរដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ថ្លែងក្នុងកិច្ចប្រជុំ​នៅអង្គការសហប្រជាជាតិ។ រូប៖ គេហទំព័រ UN
រដ្ឋមន្ត្រី​ក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន (ឆ្វេង) និងរដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ថ្លែងក្នុងកិច្ចប្រជុំ​នៅអង្គការសហប្រជាជាតិ។ រូប៖ គេហទំព័រ UN

ប្រមុខ​ការទូត​កម្ពុជា និង​ថៃ បាន​បន្ត​វាយប្រហារ​គ្នា​តាម​សម្ដី បន្ទាប់ពី​មន្រ្តី​ការទូត​ទាំងពីរ ទើប​តែ​បាន​បញ្ចប់​កិច្ច​ប្រជុំ​របស់​គណៈកម្មការ​ផ្សះផ្សា​ដោយ​បង្ខំ UNCLOS ជា​លើក​ទី​២ ដែល​ធ្វើឡើង​នៅ​តុលាការ​មជ្ឈិត្តការ​អចិន្ត្រៃយ៍ (PCA) នា​ទី​ក្រុង​ឡាអេ (Hague) ក្នុង​ប្រទេស​ហូឡង់ (Netherlands)។ ក្នុង​នោះ​ភាគី​ថៃ​បាន​រិះគន់​កម្ពុជា ថា បាន​ចេញ​សេចក្ដីថ្លែងការណ៍​អំពី​លទ្ធផល នៃ​កិច្ច​ប្រជុំ​នៅ​មុន​ការ​ប្រការ​របស់​គណៈកម្មការ​ផ្សះផ្សា និង​ចោទ​កម្ពុជា​ថា​កេង​ចំណេញ​នយោបាយ។ ចំណែក​ប្រមុខ​ការទូត​កម្ពុជា បាន​ធ្វើ​សេចក្ដីថ្លែងការណ៍​ដោយ​រំលេច​អំពី​សកម្មភាព​ឈ្លានពាន​របស់​ភាគី​ថៃ​មក​លើ​កម្ពុជា និង​ចង់​ភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើងវិញ។

បន្ទាប់ពី​តតាំង​គ្នា​នៅក្នុង​កិច្ច​ប្រជុំ​របស់​គណៈកម្មការ​ផ្សះផ្សា​ដោយ​បង្ខំ ក្រោម​អនុសញ្ញា​ច្បាប់​សមុទ្រ​របស់​អង្គការ​សហប្រជាជាតិ ដែល​ហៅ​កាត់​ថា UNCLOS រួច​មក ប្រមុខ​ការទូត​របស់​កម្ពុជា និង​ថៃ​ហាក់​មិន​ទាន់​អស់ចិត្ត​នៅឡើយ និង​បន្ត​លើក​យក​បញ្ហា​នេះ មក​វាយប្រហារ​គ្នា​ក្រោយពេល​ត្រឡប់​មក​ដល់​ប្រទេស​រៀង​ខ្លួន​វិញ។

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​លើកឡើង​នៅក្នុង​សេចក្ដីថ្លែងការណ៍ កាលពី​ថ្ងៃ​ទី​២០ ខែ​តុលា ថា ភាគី​កម្ពុជា​បាន​ស្នើ​ចំណុច​សំខាន់​ៗ​ចំនួន ៤ ដាក់​ជូន​ទៅ​គណៈកម្មការ​ផ្សះផ្សា UNCLOS អំឡុង​កិច្ចប្រជុំ​លើក​ទី​២ នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់។

លោក ប្រាក់ សុខុន បន្ត​ថា ចំណុច​ទាំង​៤ នោះ​រួម​មាន ការ​ស្នើសុំ​ឱ្យ​ការ​ធ្វើ​ទំនាក់ទំនង​ជា​សាធារណៈ​រវាង​ប្រទេស​ទាំងពីរ​ឡើង​វិញ ចំណុច​ទី​២ កម្ពុជា​ស្នើ​ឱ្យ​ចៀសវាង​ការ​គំរាមកំហែង ឬ​ការ​ប្រើប្រាស់​កម្លាំង​នៅក្នុង​ដែនសមុទ្រ ដែល​ផ្សារភ្ជាប់​រវាង​ប្រទេស​ទាំង​២ ទោះបីជា​ពាក់ព័ន្ធ​ចំពោះ​ការ​ធ្វើ​នាវាចរណ៍ ឬ​ការ​នេសាទ​របស់​ពលរដ្ឋ​ក៏​ដោយ។ ចំណុច​ទី​៣ កម្ពុជា​បាន​ស្នើ​ឱ្យ​ដំឡើង​កម្រិត​ការទូត ដើម្បី​អនុញ្ញាតឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បង្កើត​ខ្សែ​ទំនាក់ទំនង​ដោយ​ផ្ទាល់ រវាង​នាយករដ្ឋមន្រ្តី និង​ថ្នាក់​រដ្ឋមន្រ្តី។

ចំណែក​ចំណុច​ទី​៤ ភាគី​កម្ពុជា​បាន​ស្នើ​ឱ្យ​អនុវត្ត​ឱ្យ​ពេញលេញ ចំពោះ​កិច្ចព្រមព្រៀង​ដែល​កម្ពុជា និង​ថៃ បាន​អនុម័ត​រួមគ្នា រួម​មាន បទ​ឈប់​បាញ់​ទាំង​២​លើក និង​កិច្ចព្រមព្រៀង​មួយចំនួន​ទៀត។ ទោះជា​យ៉ាងណា លោក ប្រាក់ សុខុន បាន​លើកឡើង​ដោយ​ស្រពេចស្រពិល​ថា លក្ខខណ្ឌ​នេះ មិន​ដឹង​ថា​អាច​ផុត​ពី​ដែន​សមត្ថកិច្ច​របស់​គណៈកម្មការ​ផ្សះផ្សា ឬ​អត់​នោះ​ទេ ក៏​ប៉ុន្តែ​ចំណុច​ទាំងនេះ​គឺ​មាន​ភាព​ចាំបាច់ ក្នុង​ការ​ធានា​ដល់​ដំណើរការ​ផ្សះផ្សា និង​ការ​កសាង​ទំនុកចិត្ត​ឡើង​វិញ​ជាមួយ​ភាគី​ថៃ។

បន្ថែម​ពីលើ​នេះ លោក ប្រាក់ សុខុន បាន​ព្យាករណ៍​ថា ភាព​តានតឹង​នៅលើ​ដី​គោក នឹង​ចៀស​មិន​ផុត​ពី​ការ​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​ដំណើរការ​ផ្សះផ្សា​បញ្ហា​ដែន​សមុទ្រ​នោះឡើយ ដោយ​ហេតុ​នេះ គណៈកម្មការ​ក៏​ទទួល​យក​នូវ​សិទ្ធិ​បញ្ចេញ​មតិ និង​ការ​ធ្វើ​សេចក្តី​ថ្លែងការណ៍ ដើម្បី​ការពារ​សិទ្ធិ​ស្របច្បាប់​របស់​ភាគី​ទាំងពីរ។ លោក​បន្ត​ថា ក្នុង​នោះ​ភាគី​កម្ពុជា​ក៏​បាន​បដិសេធ​នៅ​ចំពោះ​មុខ​គណៈកម្មការ​ផ្សះផ្សា ដោយ​មិន​ទទួល​ស្គាល់​ការ​កាន់កាប់​របស់​យោធា​ថៃ នៅក្នុង​ទឹកដី​កម្ពុជា ដែល​ធ្វើឱ្យ​ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់ មិន​អាច​វិលត្រឡប់​ទៅកាន់​ផ្ទះសម្បែង​របស់​ពួក​គេ​បាន។

លោក ប្រាក់ សុខុន៖ «គណៈកម្មការ​ក៏​ទទួលស្គាល់​ថា កិច្ចព្រមព្រៀង​ទាំងអស់​នោះ មិន​ទាន់​បាន​អនុវត្ត​ទាំងស្រុង​នៅឡើយ​ទេ។ អញ្ចឹង​ហើយ បាន​នៅ​ពេល​ដែល​គាត់​យល់​ពី​បញ្ហា​ទាំងអស់​នេះ គាត់​ប្រគល់​ឱ្យ​យើង​បន្ត​មាន​សិទ្ធិ​និយាយ​ការពិត​ទៅកាន់​ពិភពលោក។ ពីព្រោះ​កន្លងទៅ គឺ​ខាង​ភាគី​ម្ខាង​ទៀត តែងតែ​ខិតខំ​រារាំង មិន​ឱ្យ​យើង​និយាយ​អំពី​ការពិត​ទៅកាន់​វេទិកា​អន្តរជាតិ»។

ក្រោយ​ប្រមុខ​ការទូត​កម្ពុជា​ធ្វើ​សេចក្ដីថ្លែងការណ៍​រួច មួយ​ថ្ងៃ​បន្ទាប់​ ប្រមុខ​ការទូត​ថៃ​បាន​ប្រតិកម្ម​មក​លើ​ភាគី​កម្ពុជា​យ៉ាង​ខ្លាំងក្លា។ ថ្លែង​នៅ​ថ្ងៃ​ទី​២១ ខែ​តុលា នេះ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ដោយ​ចោទប្រកាន់​មក​លើ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា ថា បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍ ដោយ​បំភ្លៃ​ខ្លឹមសារ​នៃ​លទ្ធផល​កិច្ច​ពិភាក្សា​របស់​គណៈកម្មការ​ផ្សះផ្សា ដើម្បី​កេង​ចំណេញ​ផលប្រយោជន៍​នយោបាយ។ លោក​បាន​រិះគន់​ថា ភាគី​កម្ពុជា​បាន​លើក​យក​បញ្ហា​ជម្លោះ​ព្រំដែន​គោក មក​និយាយ​លាយ​ឡំ​នៅក្នុង​កិច្ចប្រជុំ​ផ្សះផ្សា​របស់​ UNCLOS ដែល​ជា​យន្តការ​ដោះស្រាយ​ជម្លោះ​ដែនសមុទ្រ ដែល​ជា​រឿង​ដាច់ដោយឡែក​ពី​គ្នា។

ប្រមុខ​ការទូត​ថៃ​រូប​នេះ បាន​អះអាង​ថា ប្រទេស​ថៃ​បាន​ដាក់​លិខិត​តវ៉ា​ទៅកាន់​គណៈកម្មការ​ផ្សះផ្សា ដើម្បី​ប្រឆាំង​នឹក​កម្ពុជា ដែល​លោក​ចោទ​ថា បាន​ចេញ​សេចក្ដីថ្លែងការណ៍​ស្ដី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ នៅ​មុន​ការ​ចេញ​របាយការណ៍​របស់​គណៈកម្មការ​ផ្សះផ្សា ដែល​ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​លើ​ចំណុច​នេះ​រួច​ទៅហើយ។ ទន្ទឹម​គ្នា​នេះ លោក ស៊ីហាសាក់ បាន​ចោទប្រកាន់​មក​លើ​កម្ពុជា​ថា បាន​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​ថៃ​នៅក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មការ​ផ្សះផ្សា​របស់ UNCLOS ដែល​បញ្ហា​នេះ​នឹង​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ថៃ​គ្មាន​ថ្ងៃ​នឹង​ត្រូវរ៉ូវ​គ្នា​វិញ​នោះឡើយ។

ទូរទស្សន៍​អាស៊ី​សេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ចាន់ រតនា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​កិច្ចប្រជុំ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២១ ខែ​តុលា។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា ការ​ចោទប្រកាន់​របស់​ភាគី​ថៃ គឺ​ធ្វើឡើង​ដើម្បី​បង្កហេតុ​ដាក់​សម្ពាធ​មក​លើ​កម្ពុជា។ លោក​បន្ត​ថា ភាគី​កម្ពុជា​មិន​បាន​ធ្វើ​ខុស​ពី​ការ​ព្រមព្រៀង​របស់ UNCLOS នោះ​ឡើយ ដោយ​សេចក្ដីថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​កម្ពុជា ដែល​បាន​ប្រកាស​ក្នុង​ថ្ងៃ​នៃ​កិច្ចប្រជុំ​នោះ គឺជា​ព័ត៌មាន​បែប​ពិធី​ការ និង​មិន​បាន​បញ្ចេញ​លទ្ធផល​អំពី​កិច្ច​ប្រជុំ​នោះ​ឡើយ។

លោក ម៉ែន ណាត៖ «រដ្ឋាភិបាល​កម្ពុជា ដែល​តំណាង​ដោយ​ក្រសួងការបរទេស​ហ្នឹង គួរតែ​បញ្ជាក់​ជូន​ឱ្យ​បាន​ច្បាស់លាស់​ដែរ ទៅកាន់​សមាជិក​គណៈកម្មការ (UNCLOS) ឱ្យ​គេ​យល់​ច្បាស់​អំពី​ជំហរ​របស់​កម្ពុជា ថា កម្ពុជា​អត់​បាន​រំលោភ​លក្ខខណ្ឌ​ណា​ក៏ដោយ នៅ​ក្នុង​ដំណើរការ​នៃ​ការ​ចរចា​ទេ។ បញ្ជាក់​ជូន​ប៉ុណ្ណឹង វា​គ្រប់គ្រាន់​ហើយ»។

កម្ពុជា និង​ថៃ​បាន​ចូលរួម​ក្នុង​កិច្ច​ចរចា​ជម្លោះ​ដែនសមុទ្រ តាម​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ ជា​លើក​ដំបូង​នៅ​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃ​ទី១៤ ដល់​១៦ ខែ​កញ្ញា និង​លើក​ទី​២ នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ កាលពី​ថ្ងៃ​ទី​១៤ ដល់ ១៨ ខែ​តុលា។ នៅ​ក្នុង​កិច្ចប្រជុំ​ទាំងពីរ​លើក​នេះ​ហាក់​មិន​មាន​ការ​ផ្លាស់ប្ដូរ​ច្រើន​នោះ​ឡើយ ដោយ​ភាគី​ទាំងពីរ​នៅតែ​បង្ហាញ​ពី​គោលជំហរ​ផ្សេង​គ្នា។ ក្នុង​នោះ​ភាគី​កម្ពុជា បាន​បង្ហាញ​ពី​គោលជំហរ កំណត់​ព្រំដែន​សមុទ្រ និង​ការ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ថៃ ដើម្បី​អភិវឌ្ឍ និង​បែងចែក​ធនធាន​រួមគ្នា។ ចំណែក​ភាគី​ថៃ បាន​បង្ហាញ​ពី​គោលជំហរ​ឱ្យ​មាន​ការ​កំណត់​ព្រំដែន​សមុទ្រ​ច្បាស់លាស់​នៅក្នុង​តំបន់​សមុទ្រ​ត្រួតស៊ីគ្នា​មួយ​កម្ពុជា។

យ៉ាងណា​ក៏ដោយ​ចុះ តុលាការ​មជ្ឈត្តការ​អចិន្ត្រៃយ៍ (PCA) បាន​ចេញ​សេចក្ដី​ប្រកាស កាលពី​ថ្ងៃ​ទី​១៩ ខែ​តុលា ដោយ​បាន​កត់សម្គាល់​ឃើញ​ថា ការ​ឯកភាព​និង​វិធានការ​ដែល​ភាគី​ទាំង​ពីរ​ធ្លាប់​បាន​ព្រមព្រៀង​ពី​មុន មិន​ទាន់​ត្រូវ​បាន​អនុវត្ត​ពេញលេញ​នៅ​ឡើយ។ ក្នុង​នោះ គណៈកម្មការ​បាន​លើកទឹកចិត្ត​ឱ្យ​ភាគី​ទាំងពីរ​អនុវត្ត​ការ​ប្ដេជ្ញា​ចិត្ត​ទាំងនោះ​ឡើង​វិញ និង​បាន​លើកទឹកចិត្ត​ឱ្យ​ខិតខំ​ដំឡើង​កម្រិត​តំណាង​ការទូត ដោយ​តែងតាំង​តំណាង​ជាន់ខ្ពស់​ម្នាក់​ប្រចាំ​នៅ​រាជធានី​របស់​ភាគី​ម្ខាង​ទៀត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ