លោក ហ៊ុន ម៉ាណែត ដាក់​លក្ខខណ្ឌ​ថ្មី​ក្នុង​ការ​​ជជែក​​ព្រំដែន​ជា​មួយ​​លោក អ៊ុំ សំអាន​​ នៅ​​កម្ពុជា

0
109
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) និង​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត និង​លោក អ៊ុំ សំអាន
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) និង​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត និង​លោក អ៊ុំ សំអាន

សារឆ្លើយឆ្លងគ្នា​រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងអតីតតំណាងរាស្ត្រគណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន ពាក់ព័ន្ធបញ្ហាព្រំដែន មានការវិវត្តន៍ថ្មីមួយទៀត នៅដើមសប្ដាហ៍​នេះ ដោយលោក ហ៊ុន ម៉ាណែត បានស្នើថា ប្រសិនបើលោក អ៊ុំ សំអាន មិនហ៊ានចូលកម្ពុជា ព្រោះតែបារម្ភពីសុវត្ថិភាព លោកអាចឱ្យតំណាងមកតតាំងជំនួសបាន។ ប៉ុន្តែលោក អ៊ុំ សំអាន បានបដិសេធ ដោយចាត់ទុកលក្ខខណ្ឌខាងលើ ថា ជាល្បិចនយោបាយ ។ អ្នកឃ្លាំមើលយល់​ថា សារ​របស់លោក ហ៊ុន ម៉ាណែត គឺជាយុទ្ធសាស្ត្រឌឺដងដើម្បីគេចវេះមិនទទួលសំណើរបស់លោក អ៊ុំ សំអាន ដែលស្នើឱ្យលើកលែងទោស មុន​ទៅកម្ពុជា។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៩ ខែតុលា បានចេញសារវែងអន្លាយជាថ្មី ដើម្បីឆ្លើយតបទៅកាន់ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន ដោយផ្ដើមពីការប្រមាថមើលឃើញ និងបន្ទាបបន្ថោកមកលើ លោក អ៊ុំ សំអាន ថា ជាមនុស្សភ័យខ្លាចហួសហេតុ មិនហ៊ានចូល​ទឹកដីខ្មែរ ហើយថែមទាំងគ្មានភស្តុតាងត្រឹមត្រូវ ក្នុងការយកមកជជែកដេញ​ដោលគ្នាជាមួយ​រដ្ឋាភិបាល ពាក់ព័ន្ធបញ្ហាព្រំដែន នៅចន្លោះបង្គោលលេខ៥២ និង ៥៩ ។

ក្នុងនោះ លោក ហ៊ុន ម៉ាណែត ក៏បានសរសេរបែបឌឺដងថា លោកមានការភ្ញាក់ផ្អើល​នៅពេល​ដែល​បានឮ លោក អ៊ុំ សំអាន និយាយតាមបណ្ដាញហ្វេសប៊ុកថា ហ៊ានប្រយុទ្ធជាមួយថៃមិនខ្លាច​ស្លាប់ ដើម្បីទឹកដី ប៉ុន្តែពេលដែលលោកបើកឱ្យចូលទឹកដី​កម្ពុជាដោយមានការធានាសុវត្ថិភាព ដើម្បីជជែករឿងព្រំដែនដោយផ្ទាល់ បែរជាភ័យខ្លាច ហើយរកហេតុផលដើម្បីគេចវេះជាដើម។

លោក ហ៊ុន ម៉ាណែត បន្តចោទលោក អ៊ុំ សំអានថា គ្មានភស្តុតាង ឬឯកសារព្រំដែនច្បាស់លាស់​នោះទេ ដោយគ្រាន់តែសំអាងឮគេនិយាយតៗគ្នា។ លោក ហ៊ុន ម៉ាណែត ក៏បានចាត់ទុកការស្នើ​សុំលើក​លែងទោស របស់ លោក អ៊ុំ សំអាន មុនទៅកម្ពុជា គឺជាការគេចវេះនិងបង្វែរប្រធានបទ។ ប៉ុន្តែលោក ហ៊ុន ម៉ាណែត អះអាងថា បើទោះបីជា លោក អ៊ុំ សំអាន ព្យាយាមគេចវេះមិនចូល​ទឹកដី​ខ្មែរក្ដីលោកថា ការចរចាមិនទាន់បានបិទនោះទេ គឺលោក អ៊ុំ សំអាន អាចចាត់តាំង តំណាងមកជជែកផ្ទៀងផ្ទាត់​ជាមួយក្រុមការងាររដ្ឋាភិបាល តាមការអញ្ជើញលោកបានដដែល។

ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្នុងករណីលោក អ៊ុំ សំអាន យល់ព្រមចាត់តាំង​តំណាងមកចូលរួម​ពិភាក្សាដេញដោលគ្នា គឺតម្រូវឱ្យលោក អ៊ុំ សំអាន គោរពតាម​លក្ខខណ្ឌ​មួយ​ចំនួន​ដូចជា ត្រូវប្រគល់សិទ្ធិពេញលេញ ឱ្យ​តំណាងក្នុងការជជែក ផ្ទៀងផ្ទាត់ ជាមួយក្រុមការងារ​ព្រំដែនរបស់រដ្ឋាភិបាល និងត្រូវប្រគល់ រាល់ឯកសារ ភស្តុតាង និងសាក្សី​ទាំងអស់ដែលពាក់ព័ន្ធ​នឹងព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលលេខ ៥២-៥៩ ទៅឱ្យទៅក្រុមតំណាង រួមនឹងត្រូវទទួល​ស្គាល់​ចំពោះ ខ្លឹមសារ ដែលបានជជែករួច នៅលើទឹកដីកម្ពុជាផងដែរ។

លោក ហ៊ុន ម៉ាណែត ទុកពេលឱ្យលោក អ៊ុំ សំអាន សម្រេចចិត្តរហូតដល់ដាច់ខែតុលា ដើម្បីរៀបចំចាត់តំណាង និងឯកសារ ពាក់ព័ន្ធ យកមកជជែក ផ្ទៀងផ្ទាត់ជាមួយរដ្ឋាភិបាល នៅដើមខែ វិច្ឆិកា ដូច ដែល លោក អ៊ុំ សំអាន បានស្នើសុំកន្លងទៅ។

ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន យល់ថា ការដាក់លក្ខខណ្ឌថ្មី របស់ លោក ហ៊ុន ម៉ាណែត មិនអាច​ទទួលយកបាននោះទេ ព្រោះកាលណាដែលលោក មិនអាចចូលទឹកដីខ្មែរបាន គឺគ្មានតំណាង​ណាម្នាក់ហ៊ានចូលទឹកដីខ្មែរ ដោយប្រថុយប្រថាន ក្រោមការសន្យាសុវត្ថិភាព ខ្យល់របស់លោក ហ៊ុន ម៉ាណែត ឡើយ។ លោកអះអាងថា ប្រសិនបើ លោក ហ៊ុន ម៉ាណែត ពិតជាចង់ដោះស្រាយ​ជម្លោះព្រំដែន និងបង្ហាញពីភាពស្អាតស្អំពិតមែន គួរតែធ្វើតាមសំណើ របស់លោក​ដែលស្នើឱ្យ មានការលើកលែងទោសលើរូបលោក និងប្រតិភូ ដទៃទៀត ពីព្រះមហាក្សត្រជាមុន និងត្រូវ​ចេញ​លិខិតធានាសុវត្ថិភាពពីលោក ហ៊ុន ម៉ាណែត ជាផ្លូវការជាដើម។ «»

ជុំវិញរឿងនេះដែរ កាលពីម្សិលមិញ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានខឹងសម្បារ​យ៉ាងខ្លាំង ដោយប្រើពាក្យអសុរោះជេរប្រមាថមកលើលោក អ៊ុំ សំអាន ដែលបានស្នើសុំឱ្យ​រដ្ឋាភិបាល​ជួយអន្តរាគមន៍ដល់ព្រះមហាក្សត្រ ឱ្យលើកលែងដល់រូបលោក និង​ប្រតិភូដទៃទៀត មុននឹងលោក​ទៅប្រទេសកម្ពុជា ជជែកពីបញ្ហាព្រំដែន។ អ្នកឃ្លាំមើលចាត់ទុកសារជេរប្រមាថ របស់លោក ហ៊ុន សែន គឺជាការកាច់ផ្ដាច់ឱកាស របស់ លោក អ៊ុំ សំអាន ក្នុងការវិលត្រឡប់​ទៅ​មាតុភូមិកំណើត ដើម្បីជួប​ជាមួយ លោក ហ៊ុន ម៉ាណែត។
អ្នកតាមដានភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី លើកឡើងថាការអះអាងជាថ្មី​របស់​លោក ហ៊ុន ម៉ាណែត និងការដាក់លក្ខខណ្ឌឱ្យលោក អ៊ុំ សំអាន ជ្រើសរើសតំណាង​មកតតាំង​ជំនួស ដោយគេចវេះ ពីការឆ្លើយតបលើសំណើលើកលែងទោសផ្លូវការ គឺជាយុទ្ធសាស្ត្រ​នយោបាយ​ឌឺដង និងបង្វែរដាន។ ជាមួយគ្នានោះលោកថា ការដែលលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បន្តដាក់បន្ទុកចោទប្រកាន់ដៃគូប្រកួតប្រជែងថា ខ្លាចហួសហេតុ ឬរកលេស គឺជាការវាយប្រហារលើផ្លូវចិត្តដើម្បីធ្វើឱ្យមតិសាធារណៈយល់ថាអ្នកប្រឆាំងខ្វះភាពក្លាហាន។

ទន្ទឹមគ្នានោះ លោកមើលឃើញថា នៅក្នុងបរិបទ​បច្ចុប្បន្ន ដែល​យុត្តិធម៌​កម្ពុជា ក្លាយជា​ឧបករណ៍​នយោបាយ​បក្ស​កាន់អំណាច ការទាមទារការលើកលែងទោស និងការធានាសុវត្ថិភាព​ផ្លូវច្បាប់ជាលាយលក្ខណ៍អក្សរ គឺជាលក្ខខណ្ឌចាំបាច់បំផុតមុននឹងឈានជើងចូលស្រុក​របស់​លោក អ៊ុំ សំអាន ព្រោះការធានាត្រឹមតែមាត់ មិនមែនជាការធានាសុវត្ថិភាពពិតប្រាកដនោះទេ។លោកបន្តថា ព្រឹត្តិការណ៍នេះបង្ហាញពីល្បិចកលនយោបាយច្រើនជាងបំណង​ពិតប្រាកដ​ក្នុងការ​ដោះស្រាយបញ្ហាព្រំដែន ប្រកបដោយតម្លាភាព និងទំនួលខុសត្រូវ។

លោក សេង វណ្ណលី៖ «អ្វីដែលប្រជាពលរដ្ឋខ្មែរគួរចាប់អារម្មណ៍ក្នុងព្រឹត្តិការណ៍នេះ គឺការបែងចែក​ឱ្យដាច់រវាងល្បិចកលនយោបាយផ្ទាល់ខ្លួន និង ប្រយោជន៍ជាតិពិតប្រាកដ។ ការឆ្លើយតបឌឺដងគ្នាតាមបណ្ដាញសង្គម និងការបង្កើតព្រឹត្តិការណ៍ក្ដៅគគុកលើបញ្ហាព្រំដែន​នៅពេលនេះ គឺជាយុទ្ធសាស្ត្រនយោបាយមួយដើម្បីបង្វែរអារម្មណ៍សាធារណជន​ចេញពីបញ្ហា​សង្គមដ៏ក្ដៅគគុកផ្សេងទៀត រួមមាន បញ្ហាសេដ្ឋកិច្ច ការធ្លាក់ចុះនៃតម្លៃសីលធម៌របស់មេដឹកនាំ និងសាររិះគន់អំពីបទល្មើសឆបោកតាមអនឡាញ ជាដើម»។

លោក សេង វណ្ណលី បញ្ជាក់​ថា ប្រយោជន៍ជាតិពិតប្រាកដមិនមែនស្ថិតលើការជេរប្រមាថ ឬការ​ដេញដោលយកឈ្នះចាញ់រវាងអ្នកនយោបាយនោះទេ ប៉ុន្តែវាស្ថិតនៅលើការបោះបង្គោល​ព្រំដែន​ដោយ​ផ្អែក​លើ​ច្បាប់​អន្តរជាតិ តម្លាភាពក្នុងការចរចា និងការបើកសិទ្ធិឱ្យពលរដ្ឋមាន​សេរីភាព​ក្នុងការរិះគន់ និងការពារទឹកដីដោយគ្មានការគំរាមកំហែង។ បន្ថែមពីលើនោះលោកថា ប្រសិនបើរដ្ឋាភិបាលមានឆន្ទៈបរិសុទ្ធក្នុងការបកស្រាយភាពស្អាតស្អំជុំវិញបង្គោលព្រំដែនលេខ៥២ ដល់៥៩ ពិតប្រាកដមែននោះ រដ្ឋាភិបាលមិនចាំបាច់តម្រូវឱ្យទាល់តែលោក អ៊ុ សំអាន ចូល​មក​ជាន់ដីខ្មែរ ឬចាត់តាំងតំណាងមកជួបផ្ទាល់ទើបអាចបង្ហាញភស្តុតាងនោះទេ។

លោក​បន្តថា អាជ្ញាធរមានសមត្ថកិច្ច និងគណៈកម្មាធិការព្រំដែន អាចធ្វើការផ្សាយបន្តផ្ទាល់តាម​អនឡាញ បញ្ចេញឯកសារ ផែនទី និងទិន្នន័យបច្ចេកទេសជាសាធារណៈនៅ​លើប្រព័ន្ធ​អ៊ីនធឺណិត ដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកជំនាញទូទាំងពិភពលោកបានឃើញ និងពិនិត្យដេញ​ដោល​ដោយសេរី។ ការជ្រើសរើសយកវិធីសាស្ត្រដាក់លក្ខខណ្ឌ និងការប្រើប្រាស់ភាសាមើល​ងាយ​បែបនេះ គ្រាន់តែជាល្បិចកលដើម្បីទាញយកប្រជាប្រិយភាព និងទម្លាក់កំហុសទៅលើភាគីម្ខាងទៀតតែប៉ុណ្ណោះ។

ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ និងការឈ្លោះប្រកែកគ្នា មិនដាច់ស្រេចលើបញ្ហា ដែលភាគីថៃសង់របងបេតុងនៅចន្លោះ បង្គោលព្រំដែន លេខ៥២ ដល់៥៩ ក្នុងខេត្តបាត់ដំបង គឺរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នៅពុំទាន់បានបង្ហាញភស្តុតាង និងរូបភាព ជាក់ស្ដែងចេញ ពីតំបន់ទាំងនោះឡើយ។ កន្លងមកនេះ គេឃើញតែពីភាគីថៃប៉ុណ្ណោះ ជាអ្នកបង្ហោះ និងផ្សព្វផ្សាយរូបភាពទាំងនោះ។ ដូច្នេះ អ្នកឃ្លាំមើលចាត់ទុកការធ្វើរបងបេតុងរបស់ថៃ ដោយ ឯកតោភាគី គឺជាមានភាពមិនប្រក្រតីជាច្រើន ខណៈដែលរដ្ឋាភិបាលបែរ ជាប្រើប្រាស់​វេទិកា និងបណ្ដាញសង្គម​វាយប្រហារ​មក​លើ​អ្នក​ប្រឆាំង និងពលរដ្ឋ​ដែលឈឺឆ្អាលលើរឿងទាំងនោះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ