

ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលនៅកម្ពុជា បានបើកវេទិកាជជែកពិភាក្សាគ្នាក្នុងឱកាសប្រារព្ធខួប៣៥ឆ្នាំនៃ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្រោមប្រធានបទ «សារៈសំខាន់នៃការធានាឱ្យបាននូវគោលនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍបែបសិទ្ធិមនុស្សនៅកម្ពុជា»។ ក្រុមអង្គការសង្គមស៊ីវិល ក៏គ្រោងនឹងប្រារព្ធពិធីធំមួយ នៅថ្ងៃ២៥ តុលា ខាងមុខ ដើម្បីរំលឹកទិវាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិសេរីភាព បានបើកកិច្ចសន្ទនាតុកាហ្វេ ឬ Cafe Talk និងបានផ្សព្វផ្សាយតាមបណ្តាញសង្គម ដោយលើកឡើង អំពីសារសំខាន់នៃកិច្ចព្រមព្រៀងនេះ ដែលបានកើតចេញពីការប្តេជ្ញាចិត្តរួមគ្នាជាអន្តរជាតិមួយ ក្នុងការធានាឱ្យបាននូវគោលនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ការគោរពសិទ្ធិមនុស្ស និងការការពារបូរណភាពទឹកដីដែលមិនមានប្រទេសណាមួយអាចរំលោភបំពានបានជាដើម។
នាយកប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC – Cambodian Human Rights Action Committee) លោក រស់ សុដ្ឋា ថ្លែង ថា កិច្ចព្រមព្រៀងអន្តរជាតិនេះ គ្មានថ្ងៃអស់សុពលភាពនោះទេ បើទោះបីជាកម្ពុជាមានច្បាប់រដ្ឋធម្មនុញ្ញដែលបង្កើតឡើងដោយរដ្ឋាភិបាលដំបូងក្នុងឆ្នាំ១៩៩៣ ក្តី។ លោកថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានចែងយ៉ាងច្បាស់អំពីការអនុវត្តនិងដំណោះស្រាយពេញលញនៅពេលមានការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ ការរំលោភអធិបតេយ្យភាពកម្ពុជា ដែលច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមិនមានចែងគ្រប់គ្រាន់ឡើយ។
លោកមើលឃើញថា កម្ពុជាអនុវត្តកិច្ចព្រមព្រៀងនេះ មិនបានពេញលេញទាំងស្រុងនោះទេ ពាក់ព័ន្ធលំហសេរីភាពរបស់ពលរដ្ឋ យុត្តិធម៌ ប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស បញ្ហាព្រំដែន និងសន្តិភាពពិតប្រាកដជាដើម។
លោក រស់ សុដ្ឋា៖ «ហើយឃើញអស់លោកខ្លះគាត់មានឥទ្ធិពលនយោបាយ ដូច្នេះលោក បើសិនជាលោកនិយាយទៅវាត្រូវល្អសម្រាប់ប្រទេសជាតិ សម្រាប់អ្នកជំនាន់ក្រោយ យើងបណ្តុះពូជល្អសម្រាប់ខ្មែរយើង។ តែបើសិនជាយើងនិយាយខុស គឺយើងនាំអឺប្រទេសជាតិយើងទៅខុស អត់ត្រូវ អត់ល្អទេ គឺគ្រាប់ពូជអត់ល្អ។ ច្បាប់ទាំង២ហ្នឹងអត់មានអីខ្ទាស់គ្នាទេ ហើយធម្មតា ការដែលយើងឯកភាពគ្នាហើយ គឺបានដឹងហើយថា វាអាចនឹងមានការរំលោភ ឬក៏ការអនុវត្តមិនសម មិនត្រឹមត្រូវដែលយើងត្រូវក្រឡែកទៅលើសេចក្តីប្តេជ្ញាចិត្ត ទាំងអស់នុងឡើងវិញ ដើម្បីឲ្យឆ្ពោះទៅរកការអនុវត្តឲ្យបានប្រសើរ។»
លោក រស់ សិដ្ឋា ទទូចឲ្យអ្នកនយោបាយគ្រប់និន្នាការ និងប្រជាពលរដ្ឋ ឈប់ភ័ន្តច្រលំ និងបញ្ឈប់ការបកស្រាយខុសអំពីកិច្ចព្រមព្រៀងនេះ ថា អស់សុពលភាព ពោលមិនអាចប្រើប្រាស់បាន ដើម្បីកុំឲ្យអ្នកជំនាន់ក្រោយយល់ខុសតាម។
នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក សេង សុវឌ្ឍនា បង្ហាញក្តីបារម្ភថា ការធ្វើវិសោធនកម្មច្បាប់ញឹកញាប់ពេកនៅកម្ពុជា អាចធ្វើឲ្យរបូតខ្លឹមសារសំខាន់ពាក់ព័ន្ធនឹងសេរីពហុបក្ស។ លោកថា ដើម្បីទទួលបានសន្តិភាពពិតប្រាកដ មិនមែនគ្រាន់តែបញ្ចប់សង្គ្រាមមួយមុខនោះទេ គឺត្រូវមានការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ នីតិរដ្ឋឲ្យបានពេញលេញ។ លោកសង្កេតឃើញថា ការអនុវត្តសិទ្ធិនៅកម្ពុជា ដូចជាសិទ្ធិបញ្ចេញមតិ សិទ្ធិជួបជុំគ្នា សិទ្ធិក្នុងផ្សព្វផ្សាយព័ត៌មាន ជាដើម គឺស្ថិតក្នុងស្ថានភាពមួយរឹតបន្តឹង និងការធ្វើទុក្ខបុកម្នេញតាមគ្រប់រូបភាព។
លោក សេង សុវឌ្ឍនា៖ «ការអនុវត្តផ្ទាល់នៅក្នុងការគោរពសិទ្ធិ លំហពលរដ្ឋ លំហសិទ្ធិនយោបាយនេះ គឺថា មិនគួរមានស្តង់ដារ២ទេ បើថា មាន១ក្រុមគេធ្វើហែក្បួនរាប់រយរាប់ម៉ឺននាក់ ប៉ុន្តែមួយក្រុមទៀត គ្រាន់តែសុំធ្វើកិច្ចការអឺវេទិកាមួយអឺនៅទីលានប្រជាធិបតេយ្យ មិនអនុញ្ញាតឲ្យគ្នាផង។ ជួនកាលបញ្ចូនគ្នាទៅធ្វើកន្លែងនេះ ធ្វើកន្លែងនោះ ទៅកន្លែងធ្វើការនៅអឺប្រារព្ធពិធីៗហ្នឹងនៅការិយាល័យរបស់ខ្លួនអីចឹងៗយើងមើលថា អាហ្នឹងវាស្តង់ដា២។ កាលណា វាមានស្តង់ដា២ អញ្ចឹងចំណោតសួរថា កន្លែងណាដែលយើងថា ជាស្មារតីបង្រួបបង្រួមជាតិ? ចឹងអាការអនុវត្តហ្នឹងវាផ្ទុយពីស្មារតីដើមនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហ្នឹង។»
ជាមួយគ្នានេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា បានលើកឡើងថា ខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សំខាន់ចំនួន៣ចំណុច គឺ ទី១ និយាយអំពីកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយរួមនៃជម្លោះកម្ពុជា ទី២ និយាយអំពីកិច្ចព្រមព្រៀងស្តីអំពីអធិបតេយ្យភាព ឯករាជ្យភាព បូរណភាពដែនដី និងអព្យាក្រឹត្តភាពជាដើម ហើយទី៣ គឺអំពីការស្តារឡើងវិញពីការកសាងប្រទេសជាតិ។ លោកថា កិច្ចព្រមព្រៀងនេះ បានធានាដល់សន្តិសុខក្នុងតំបន់ ហើយដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ ឲ្យមានការអភិវឌ្ឍន៍បាន ច្បាប់ត្រូវអនុវត្តឲ្យស្មើភាពគ្នា តម្លាភាព និងមិនមានអំពើពុករលួយជាដើម។
លោកមើលឃើញថា អ្នកនយោបាយខ្មែរបច្ចុប្បន្ន គឺមានការបែកបាក់គ្នា ដោយអ្នកនយោបាយមួយចំនួនបាននិរទេសខ្លួនទៅក្រៅប្រទេស មានការចាប់ខ្លួនដាក់ពន្ធនាគារ គណបក្សនយោបាយមួយចំនួនត្រូវបានរំលាយ និងមិនអាចចូលរួមប្រកួតប្រជែងបាន និងការធ្វើទុក្ខបុកម្នេញផ្សេងៗ។
លោក នី សុខា៖ «ខ្មែរយើងគួរដល់ពេលផ្សះផ្សាជាតិហើយ ចំណុចគន្លឹះសំខាន់គឺការផ្សះផ្សាជាតិឲ្យមានស្មារតីជាតិសិនដើម្បីងាកទៅជជែកគ្នា រកវិធីក្នុងការប្រកួតប្រជែងគ្នា អំណាចគ្នា ដោយយុត្តិធម៌ នៅពេលនុងបញ្ហាសិទ្ធិមនុស្សក៏ត្រូវដោះស្រាយ អឺបញ្ហាអធិបតេយ្យភាពក៏ត្រូវដោះស្រាយ បញ្ហាយុត្តិធម៌សង្គមក៏ត្រូវបានដោះស្រាយ ជារួមគឺអាចនឹងដោះស្រាយបានបញ្ហាច្រើនណាស់ បើសិនយើងមានអាហ្នឹង។ សូមឲ្យអ្នកនយោបាយវិលមករកការចរចា ជជែកគ្នារកផ្លូវឯកភាពជាតិមួយដើម្បីឲ្យងាកទៅរៀបចំដំណើរការបោះឆ្នោតឲ្យបានល្អ ត្រឹមត្រូវ។»
កន្លងមក សង្គមស៊ីវិល និងអ្នកវិភាគមួយចំនួនក៏បានមើលឃើញពីវិបត្តិធំៗជាច្រើនដោយសារការបែកបាក់ផ្ទៃក្នុងកម្ពុជា ដូចជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ រឹតត្បិតសេរីភាពប្រជាពលរដ្ឋ អំពើពុករលួយក្នុងស្ថាប័នរដ្ឋ បក្សពួកនិយមដែលធ្វើឲ្យកម្ពុជាចុះទន់ខ្សោយ រហូតត្រូវបានថៃឈ្លានពាន និងបានកាន់កាប់ទឹកដីខ្មែរចំនួន៨៥ ទីតាំង។ ប៉ុន្តែទោះមានការឈ្លានពានបែបនេះក្តី ក៏រដ្ឋាភិបាលកម្ពុជាមិនអើពើយកបញ្ហានេះ ដោះស្រាយរួមជាមួយប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងប្តឹងថៃទៅតុលាការអន្តរជាតិដែរ។
ពលករដ្ឋខ្មែរនៅក្រៅប្រទេសជាច្រើនក៏បានធ្វើបាតុកម្មតវ៉ាតាមបណ្តាប្រទេសនានា ដូចជា ជប៉ុន កូរ៉េ អូស្ត្រាលី និងកាណាដាជាដើម ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាអនុវត្តកិច្ចព្រៀងសន្តិភាពទីក្រុងប៉ារីសឲ្យបានត្រឹមត្រូវ បើកលំហសេរីភាពពលរដ្ឋ គោរពសិទ្ធិមនុស្ស និងដោះលែងអ្នកទោសនយោបាយជាង១០០នាក់ ដែលកំពុងជាប់ឃុំដោយសារការប្រើប្រាស់សិទ្ធិរបស់ខ្លួនផងដែរ៕









