សង្គម​ស៊ីវិល​ថា សិទ្ធិ​សេរីភាព​ពលរដ្ឋ​បន្ត​រង​ការ​រឹតត្បិត​ធ្ងន់ធ្ងរ ក្រោយ​អាជ្ញាធរ​បដិសេធ​ការ​ប្រារព្ធ​ខួប២៣ តុលា​

0
60
មន្ត្រីខណ្ឌដង្កោដែលព្យាយមលាក់អត្តសញ្ញាណ បានចុះថតរូបពលរដ្ឋមន្ត្រីសង្គមស៊ីវិល និងអ្នកកាសែតក្នុងសន្និសីទកាសែត នៅមជ្ឈមណ្ឌលអប់រំច្បាប់ដើម្បីសហគមន៍ កាលពីថ្ងៃទី២៥ តុលា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
មន្ត្រីខណ្ឌដង្កោដែលព្យាយមលាក់អត្តសញ្ញាណ បានចុះថតរូបពលរដ្ឋមន្ត្រីសង្គមស៊ីវិល និងអ្នកកាសែតក្នុងសន្និសីទកាសែត នៅមជ្ឈមណ្ឌលអប់រំច្បាប់ដើម្បីសហគមន៍ កាលពីថ្ងៃទី២៥ តុលា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

អង្គការ​សង្គម​ស៊ីវិល​ថា ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​បន្តរង​ការ​រឹតត្បិត​ធ្ងន់ធ្ងរ​ទោះបី​សិទ្ធិ​សេរីភាព​ទាំង​អស់​នោះ​ត្រូវ​បាន​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​ក្តី។ ការ​លើកឡើង​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្ដីពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​សង្គម​ស៊ីវិល​ជួបជុំ​នៅ​ទី​សាធារណៈ​ដោយ​សន្តិវិធី​សម្រាប់​ការ​ប្រារព្ធ​កម្មវិធី​រំលឹក​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លើក​ទី៣៥ កាល​ពី​ថ្ងៃ​ទី២៥ តុលា ។

សហជីព សមាគម និង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​បារម្ភ​ថា ការ​អនុវត្ត​សិទ្ធិ​សម្តែង​មតិ និង​ការ​ជួបជុំ​នៅ​ទីសារធារណៈ បន្តរង​ការ​រឹតត្បិត​និង​កាន់តែ​រួម​តូច​ជាងមុន ដោយសារ​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មិន​បាន​ពេញ​លេញ និង​ការ​អនុវត្ត​ផ្ទុយពី​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ ១៩៩៣។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ធ្វើ​ឡើង​នៅ​ការិយាល័យ​មជ្ឍមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៏ (CLEC) ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៥ តុលា  មេធាវី​ការពារ​ក្តី និង​ជា​អ្នក​ជំនាញ​ផ្នែក​ច្បាប់​លោក សុខ សំអឿន ថ្លែង​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​បារីស នេះ​ហើយ ដែល​ធ្វើ​ឲ្យ​កម្ពុជា ចាប់​ផ្តើម​មាន​ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​សភា និង​រដ្ឋាភិបាល​ដឹកនាំ​ប្រទេស និង​ប្រសូត្រ​បាន​រដ្ឋ​ធម្មនុញ្ញ​ថ្មី​មួយ​ដែល​ជាច្បាប់​កំពូល​របស់​ជាតិ។ លោកថា រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ ១៩៩៣ បាន​កំណត់​ឲ្យ​កម្ពុជា ត្រូវ​ប្រកាន់​របបប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស និង​របបរាជា​និយម​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ។ លោក​បន្ត​ថា ប្រសិនបើ​កម្ពុជា​អនុវត្ត​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​ត្រឹមត្រូវ នោះ​ប្រជា​ពលរដ្ឋ​នឹង​ទទួល​បាន​នូវ​សិទ្ធិ​សេរីភាព ដែល​ជា​ការ​ប្រកាន់​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​ពេញ​លេញ។
លោក សុខ សំអឿន ថ្លែង​ថា ថ្វីត្បិត​តែ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​បាន​កើត​ឡើង និង​ឆ្លុះ​បញ្ចាំង​ពី​ស្មារតី នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​បារីស​ពិត​មែន ប៉ុន្តែ​រដ្ឋ​ធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​មួយ​នេះ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ញឹកញាប់​ពេក ដែល​លោក​ហាក់​ចង់​សំដៅ​ថា ការ​ធ្វើ​វិសោធនកម្ម​ញឹកញាប់​នេះ ធ្វើ​ឲ្យ​ច្បាប់​កំពូល​នេះ ផ្ទុយ​ពី​ស្មារតី​ដើម​ឆ្នាំ១៩៩៣។ លោក​ថា កម្ពុជា​មិនទាន់​បាន​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​បារីស​នេះ​បាន​ពេញ​លេញ​នៅ​ឡើយ។

លោក សុខ សំអឿន៖ «ប្រសិន​បើ​យើង​មិន​មាន​ច្បាប់​ដាក់​ទោស​ដាក់ៗ​អីអស់​ហ្នឹង​ទេ សេរីភាព​ប្រជាពលរដ្ឋ​ត្រូវ​បាន​ស្ថាប័ន​រដ្ឋ ត្រូវ​បាន​មន្ត្រី​រាជការ​បិទ​ដោយ​អនាធិបតេយ្យ។ សង្ឃឹម​ថា​ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ដឹកនាំ និង​អ្នក​នយោបាយ​វ័យ​ក្មេង​សព្វថ្ងៃ នឹង​ទាញ​កម្ពុជា​ឲ្យ​ស្រប​តាមការ​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ឲ្យ​បាន​ពេញលេញ​ឡើង​វិញ»។

ក្នុង​ពេល​អង្គការ​សង្គម​ស៊ីវិល​ជួបជុំ​ធ្វើ​សន្និសីទ​សារព័ត៌មាន អាជ្ញាធរ​ខណ្ឌដង្កោ​ក្នុង​សម្លៀកបំពាក់​ស៊ីវិល​ជាច្រើន​នាក់​បាន​មក​ព័ទ្ធ​ជុំវិញ​កន្លែង​ធ្វើ​សន្និសីទ​នៅ​ការិយាល័យ​មជ្ឍមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៏ (CLEC)។  អាជ្ញាធរ ក៏​បាន​ឃ្លាំមើល និង​ថតរូប អង្គការ​សង្គម​ស៊ីវិល អ្នក​កាសែត និង​អ្នក​ចូលរួម​ទាំង​អស់​ផងដែរ។

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក នី សុខា ថ្លែងថា រដ្ឋាភិបាល​បាន​ផ្តល់​សច្ចាប័ន​ច្រើន​ទៅ​លើ​ឧបករណ៍​សិទ្ធិមនុស្សអន្តរជាតិ រួមមាន​សេចក្តី​ប្រកាស​ជាសកលស្តីពីសិទ្ធិមនុស្ស កត្តិកា​សញ្ញា​អន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ​និង​នយោបាយ ជាដើម ដែល​និយាយ​អំពី​ការ​ធានា​នូវ​សិទ្ធិ​ជួបជុំ។ លោក​ថា ឆ្នាំ១៩៩៣ គឺជា​ឆ្នាំ​ចាប់ផ្តើម​នៃ​រដ្ឋាភិបាល​ដែល​បាន​ឯកភាព​ក្នុងការ​ដឹកនាំ​តាម​ដំណើរ​ការ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស ប៉ុន្តែ​បច្ចុប្បន្ន​មនុស្ស​ជាង១០០នាក់​បែរ​ជាបន្ត​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ដោយសារ​ការអនុវត្ត​សិទ្ធិ​ជាមូលដ្ឋាន​របស់​ខ្លួន​ទៅវិញ។ លោក នី សុខា ខកចិត្ត​និង​សោក​ស្តាយ ដែល​អាជ្ញាធរ​ក្រុង​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ប្រារព្ធ​កម្មវិធី​​រំលឹក​ខួប​កិច្ច​ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លើកទី៣៥នេះ។ លោកថា អាជ្ញាធរ​លើក​ឡើង​មិន​សមហេតុ​ផល​ទាល់តែ​សោះ​ក្នុង​ការ​បដិសេធ​សំណើរ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល។ លោកថា អាជ្ញាធរ​​មាន​សិទ្ធិ​ធ្វើការ​រឹត​បន្តឹង​ក្តី ប៉ុន្តែ​ត្រូវ​មាន​ហេតុ​ផល​ច្បាស់​លាស់ សមាមាត្រ​ទៅ​នឹង​អ្វី​ដែល​កើត​មាន​ឡើង។

លោក នី សុខា ត្អូញត្អែរ​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អាជ្ញាធរ​តែង​បដិសេធ​សំណើរ​សុំធ្វើ​វេទិកា ឬការ​ជួបជុំ​ជា​សាធារណៈ របស់​គណបក្ស​នយោបាយ​ប្រឆាំង អង្គការ​ធ្វើការ​លើក​ស្ទួយ​ផ្នែក​សិទ្ធិស្ត្រី និង​អង្គការ​មួយ​ចំនួន​ទៀត​ផងដែរ។ លោក​ចោទ​ជា​សំនួរ​ថា តើ​នេះ ជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ដែរ​ទេ? លោក​ផ្ញើសារ​ទៅ​កាន់​រដ្ឋាភិបាល ស្ថាប័ន​បកស្រាយ​ច្បាប់​ជា​ពិសេស​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ឲ្យ​ធ្វើការ​បកស្រាយ​ឲ្យ​បាន​ច្បាស់​ចំពោះ​រឿង​នេះ ថា តើ​សេរីភាព​ដែល​ត្រូវ​បាន​ហាម​ឃាត់​នោះ មាន​កម្រិត​ព្រំដែន​ប៉ុណ្ណា ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ភ័ន​ច្រលំ។

លោក នី សុខា៖ «ជៀស​វាង​កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​យើង លោក​យល់​ថា​ មាន​សេរីភាព​ហើយៗ ការជួបជុំ ការ​សម្ដែង​មតិ។ ប៉ុន្តែ​ពេល​ជួបជុំ​សម្ដែង​មតិ បើមិនហាមឃាត់ ពេលខ្លះ​ចាប់។ ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​មាន​ការ​បកស្រាយ​រឿង​នេះ ដើម្បី​ជៀសវាង​ទេ។ ជៀសវាង​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើ​ទៅ អាជ្ញាធរ​លោ​កថា​ខុស។ ពលរដ្ឋ​ប្រើ ពលរដ្ឋ​យល់​ថា​ខ្លួន​ត្រឹមត្រូវ ប៉ុន្តែ​ពេល​អាជ្ញាធរ​ទៅ​ចាប់ ថា​អា​ហ្នឹង​ខុស។ ដូច្នេះ នៅ​ក្នុង​សង្គម​យើង​បច្ចុប្បន្ន វា​ប្រទូងប្រទះគ្នា​ណាស់ រឿង​អស់នេះ ហើយ​ធ្វើ​ឲ្យ​អ្នក​ដែល​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ហ្នឹង យូរៗ​មិន​ដឹង​ថា​ប្រើ​ត្រូវ ឬក៏​ខុស ឬក៏​យ៉ាងម៉េច​ណា។ ហើយ​មិន​មាន​ការ​បកស្រាយ មិន​មាន​អី​ឲ្យ​បាន​ច្បាស់លាស់ ទី​បញ្ចប់​គ្រោះថ្នាក់​ដោយសារ​តែ​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ទៅ​វិញ។»

សាលា​​រាជធានី​ភ្នំពេញ បាន​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល សមាគម និង​សហជីព ប្រារព្វ​ទិវា​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លើកទី៣៥ នៅ​ទីតាំង​សួន​ច្បារ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) តាម​ការ​ស្នើសុំ ប៉ុន្តែ​តម្រូវ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល រៀបចំ​នៅ​ស្នាក់ការ​របស់​ខ្លួន និង​ទីតាំង​ឯកជន​ដែល​ម្ចាស់​ទីតាំង​អនុញ្ញាត។ សាលា​រាជធានី​ភ្នំពេញ បាន​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​អង្គការ​សង្គម​ស៊ីវិល សមាគម និង​សហជីព ក្នុង​ករណី​ដែល ពួកគាត់ នៅតែ​ធ្វើ​សកម្មភាព​ជួបជុំ ប្រមូល​ផ្តុំ នៅ​ទីតាំង​សួនច្បារ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)។ 

ក្រុម​សង្គម​ស៊ីវិល សមាគម និង​សហជីព ចំនួន៣០ ស្ថាប័ន ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួមគ្នា​មួយ​នៅ​ថ្ងៃ​ទី២៣ តុលា ដោយ​បង្ហាញ​ការ​សោក​ស្តាយ ចំពោះ​ការ​បដិសេធ​របស់​សាលា​រាជធានី​ភ្នំពេញ។ អង្គការ​ទាំង​នោះ លើក​ឡើង​ថា ការ​រឹតត្បិត​មិន​សម​ហេតុផល​នេះ ជា​ការ​រំលោភ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួបជុំ និង​បញ្ចេញមតិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​មិនស្រប​តាម​ច្បាប់​ស្តីពី​បាតុកម្ម​ដោយ​សន្តិវិធី។

នាយក​ប្រតិបត្តិ នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក សេង សុវឌ្ឍនា ថ្លែង​ថា ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាពទីក្រុង​បារីស​គឺជា​ការ​បង្រួប​បង្រួម​ជាតិ ផ្សះផ្សា​ជាតិ​ការ​គោរព​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជា​ធិបតេយ្យ ហើយ​វាជា​របស់​សាធារណៈ ជា​របស់​ពលរដ្ឋខ្មែរ​ទាំង​អស់​គ្នា ដូច្នេះ​ពលរដ្ឋ​ទាំង​អស់​មាន​សិទ្ធិ​ប្រារព្ធ​ពិធី​នេះ​នៅទី​សាធារណៈ។ លោក​ថា អាជ្ញាធរ​ក៏ជា​តួអង្គ​សំខាន់​ក្នុង​ការ​ចូលរួម​អនុវត្ត​គោល​ការណ៍​សិទ្ធិ​មនុស្ស​ផង​ដែរ ហើយ​ត្រូវ​ចូលរួម​ការពារ​ពលរដ្ឋ​ក្នុង​ការ​ប្រារព្ធ​ពិធី​នេះ និង​ការ​អនុវត្ត​សិទ្ធិ​របស់​ពួកគេ។

លោក សេង សុវឌ្ឍនា៖ «ការ​រក្សា​សន្តិភាព​ឲ្យ​មាន​និរន្តរភាព​យូរអង្វែង​នេះ ចំណុច​ដែល​សំខាន់​គឺ ការ​ផ្សះផ្សា និង​សម្របសម្រួល ធ្វើ​ម៉េច​ឲ្យ​ដំណើរការ​ហ្នឹងអនុវត្ត​ទៅ​ប្រកប​ទៅ​ដោយ​ភាព​យុត្តិធម៌ ទទួល​បាន​ទាំង​អស់​គ្នា។ ទាំង​អស់​គ្នា​នេះ​មិន​សំដៅ​ថា​គណបក្ស​កាន់​អំណាច គណបក្ស​នៅ​ក្រៅ​រដ្ឋាភិបាល យើង​ទទួល​ស្គាល់​អំពី​ការ​ចូលរួម​នូវ​ចម្រុះ​គំនិត និង​ទស្សនៈ។ មាន​ក្រុម​បុរស ក្រុម​ស្ត្រី ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា និង​ក្រុម​ផ្សេងៗ​ទៀត ដែល​គាត់​អត់​សូវ​មាន​ឱកាស​ចូលរួម​សង្គម យើង​ចង់​ឲ្យ​គាត់​បាន​ស្តាប់ បាន​ឮ ជា​សាធារណៈ​នេះ​ឯង។ នេះ​ជា​រឿង​ដែល​សំខាន់​ដែល​ខ្ញុំ​ចង់​បញ្ជាក់ ហើយ​នេះ​ជា​ដំណើរការ​នៅ​ក្នុង​ការ​កសាង​ប្រទេស​កម្ពុជា​មួយ​ដែល​មាន​ភាព​រុងរឿង។»

កាល​ពីថ្ងៃ​ទី២៣ ខែតុលា ប្រធាន​ព្រឹទ្ធ​សភា លោក ហ៊ុន សែន ក៏​បាន​បង្ហោះ​សារ​ដោយ​អួត​ក្តែងៗ​ថា ប្រសិនបើ​គ្មាន​ជំនួប​រវាង​លោក និង​សម្ដេច​ព្រះនរោត្តម​សីហនុ កាល​ពីថ្ងៃ​ទី២ខែធ្នូ ឆ្នាំ១៩៨៧ ទេ ក៏​គ្មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​បារីស​ដែរ។ លោក​ថា លោក​គឺជា​មនុស្ស​តែម្នាក់​គត់​ដែល​មាន​វេទិកា​ចរចា​ច្រើន​ជាងគេ ដើម្បី​ស្វែងរក​សន្តិភាព ក្នុង​ការ​ជជែក​តទល់​ជាមួយ សម្ដេច​ព្រះនរោត្តម សីហនុ លោកតា សឺន សាន និង​មេដឹកនាំ​ខ្មែរ​ក្រហម គឺ​លោកខៀវ សំផន។ មិន​តែ​ប៉ុណ្ណោះ ក៏​មាន​ដៃគូ​បរទេស​ជាច្រើន​ទៀត ទាំង​អ្នក​ដែល មិន​គាំទ្រ និង​អ្នក​ដែល​គាំទ្រ​លោក ដើម្បី​ជជែក​គ្នា រក​ដំណោះ​ស្រាយ​សន្តិភាព។

ទោះបី​ជា​មាន​ការ​អះអាង​របស់​លោក ហ៊ុន សែន បែបនេះ​ក្តី ក៏​អ្នកវិភាគ ពលរដ្ឋ សង្គម​ស៊ីវិល អង្គការ​ជាតិ និង​អន្តរជាតិ​ជាច្រើន មើល​ឃើញ​ថា កម្ពុជា បាន​បន្តរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ការ​ប្រើ​អំណាច​គាប​សង្កត់​ពលរដ្ឋ​ស្លូត​ត្រង់ និង​ជ្រៀតជ្រែក​ចូល​ប្រព័ន្ធ​យុត្តិធម៌ គឺ​តុលាការ ក្នុង​ការ​ចាប់ចង និង​ឃុំខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស សកម្មជន​បរិស្ថាន សកម្មជន​ដីធ្លី អ្នក​កាសែត និង​ពលរដ្ឋ​ដែល​ប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្លួន​សម្តែងមតិ​លើ​បណ្តាញ​សង្គម​ជាដើម។ មិនតែ​ប៉ុណ្ណោះ កូនប្រុស​របស់​លោក ដែល​ឡើង​កាន់​អំណាច​ដោយការ​លើក​បន្តប់​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ក៏​មិន​ខុស​គ្នា​ដែរ ដោយ​រងការ​រិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរ​ជាតិ ជា​បន្ត​បន្ទាប់​ពី​ការ​រឹតត្បិត​សេរីភាព​របស់​ពលរដ្ឋ ជាពិសេស​ការ​រឹតត្បិត​មិន​ឲ្យ​មាន​ការ​ជួបជុំ ប្រមូល​ផ្តុំ​សម្តែងមតិ ឬ​ប្រារព្ធ​កម្មវិធី​នានា របស់​អង្គការ សមាគម សហជីព ដែល​ធ្វើការ​លើក​ស្ទួយ​ផ្នែក​សិទ្ធិ​មនុស្ស និង​គណបក្ស​ប្រឆាំង​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ