

អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ពន្លឿនការដោះស្រាយបញ្ហាព្រំដែនជាមួយថៃឱ្យបានឆាប់ ដើម្បីឱ្យជនភៀសសឹក ជាង២ម៉ឺននាក់ បានវិលត្រឡប់ទៅភូមិឋានវិញ។ ការលើកឡើងនេះ ក្រោយពី លោក ហ៊ុន ម៉ាណែត បានទៅជួបជនភៀសសឹកនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដោយស្ងាត់ៗ រួមនឹង ពន្យល់ឱ្យពលរដ្ឋអត់ធ្ងត់ និងជឿជាក់លើរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែនដោយគ្មានកំណត់ពេលវេលាច្បាស់លាស់។
នៅថ្ងៃទី២៦ខែតុលាគឺជាខួប១ឆ្នាំនៃសេចក្ដីថ្លែងការណ៍រួមស្ដីពីការបញ្ចប់ជម្លោះព្រំដែនរវាងកម្ពុជា និង ថៃ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ក្រោមការសម្របសម្រួលដោយ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump)។ ប៉ុន្តែ អ្នកឃ្លាំមើលរិះគន់ថា ខួប១ឆ្នាំមកនេះ រដ្ឋាភិបាល លោកហ៊ុន ម៉ាណែត នៅតែគ្មានភាពច្បាស់លាស់ ក្នុងការដោះស្រាយជម្លោះព្រំដែនគោកជាមួយថៃ ដែលធ្វើជនភៀសសឹករាប់ម៉ឺននាក់ បន្តរស់នៅក្នុងជំរំទាំងក្ដីអស់សង្ឃឹម។ ពួកគាត់ជំរុញឱ្យរដ្ឋាភិបាលប្ដឹងថៃទៅកាន់តុលាការអន្តរជាតិឱ្យបានឆាប់ ដើម្បីទាមទារទឹកដីពីថៃមកវិញ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក ម៉ែន ណាត ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២៦ ខែតុលាថា ការចុះជួបជនភៀសសឹករបស់លោក ហ៊ុន ម៉ាណែត ថ្មីៗនេះ គឺគ្រាន់តែរូបភាពសម្ដែង និងស្អំចិត្តពលរដ្ឋ ក្រោយពីមាន ពលរដ្ឋ ចង់ឱ្យលោក ហ៊ុន ម៉ាណែត ចុះទៅផ្ទាល់ដើម្បីដឹងពីទុក្ខលំបាករបស់ពួកគាត់។ លោកមើលឃើញថា ប្រសិនបើលោក ហ៊ុន ម៉ាណែត ពិតជាខ្វល់ពីទុក្ខលំបាករបស់ពលរដ្ឋ ពិតមែនលោក គួរតែប្រញាប់ប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីទាមទារទឹកដីពីថៃ មកវិញ។
លោក ម៉ែន ណាត៖ «ជាងមួយឆ្នាំមកនេះ គួរណាស់តែលោក ហ៊ុន ម៉ាណែត ប្ដឹងថៃទៅតុលាការអន្តរជាតិ គួរណាស់តែលោក ហ៊ុន ម៉ាណែត មានទឹកមាត់ប្រៃ តតាំងជាមួយនឹងថៃតាមយន្តការការទូតអន្តរជាតិ ហើយស្នើឲ្យសហគមន៍អន្តរជាតិហ្នឹង ធ្វើម៉េចជំរុញដាក់សម្ពាធថៃឲ្យដកកងទ័ពចេញពីកម្ពុជា រួមទាំងឲ្យក្រសួងការបរទេសខ្មែរហ្នឹង ប្រើយុទ្ធសាស្ត្រថ្មីៗ មានប្រសិទ្ធភាព ប្រើសិទ្ធិការពារខ្លួន មិនឲ្យថៃរុលចូលឈ្លានពានបន្ថែមទៀតទេ ប៉ុន្តែ ឆន្ទៈរបស់រដ្ឋាភិបាលត្រង់ចំណុចនេះគឺទន់ខ្សោយ ធ្វើការអត់ប្រសិទ្ធភាព គ្មានយុទ្ធសាស្ត្រច្បាស់លាស់»។
ការលើកឡើងនេះ ក្រោយពីលោក ហ៊ុន ម៉ាណែត បានបង្ហោះសារ និងវីដេអូ លើគណនីហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៥ ខែតុលា ដោយបង្ហាញពីសកម្មភាពរបស់លោក ចុះជួបជនភៀសសឹក ដែលកំពុងស្នាក់នៅក្នុងជំរំ ស្ថិតនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ នៅក្នុងវីដេអូនោះបាន បង្ហាញពី សកម្មភាពលោក ហ៊ុន ម៉ាណែត ស្និទ្ធស្នាល រួមនឹង ទឹកមុខរីករាយជាមួយជនភៀសសឹកខណៈពួកកាត់ កំពុងតែកើតទុក្ខ ដោយសារតែបាត់បង់ទឹកដី និងផ្ទះសម្បែង។
នៅក្នុងវីដេអូនោះក៏ឮពលរដ្ឋរៀបរាប់ពីទុក្ខលំបាក ប៉ុន្តែលោក ហ៊ុន ម៉ាណែត បានឆ្លើយតបភ្លាមថា បើទោះបីជាពលរដ្ឋទាំងនោះ ជួបការលំបាកក្ដី លោកថា ការលំបាកពេលនេះក៏គ្រាន់បើជាង កាលដែលពលរដ្ឋរស់នៅក្រោមតង់កៅស៊ូ អំឡុងពេល ដែលកម្ពុជា និងថៃកំពុង ផ្ទុះអាវុធដាក់គ្នានៅតាមព្រំដែនកាលពីឆ្នាំ២០២៥។ ទន្ទឹមគ្នានោះ លោក ហ៊ុន ម៉ាណែត បានព្យាយាមពន្យល់ពលរដ្ឋ ឱ្យដឹងពីគុណតម្លៃរបស់លោក ដែលខិតខំទប់ស្កាត់ មិនឱ្យមាន ការផ្ទុះអាវុធបន្តទៀត និងលួងលោមឱ្យពលរដ្ឋជឿជាក់លើរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយ។
ក្រៅពីនោះ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ពលរដ្ឋដែលរស់នៅក្នុងខេត្តឧត្តរមានជ័យជាង១ម៉ឺនគ្រួសារ រួមមាន គ្រួសារជនភៀសសឹក គ្រួសារក្រីក្រ និងគ្រួសារកងទ័ព នឹងទទួលបានដីនិង ផ្ទះសម្រាប់រស់នៅ ដោយរដ្ឋាភិបាលនឹងផ្ដល់ផ្ទះ ទឹកស្អាត អគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធ ថវិកាឧបត្ថម្ភប្រចាំខែ រួមនឹង ជំនួយផ្នែកកសិកម្ម រោងដាំបន្លែ មាន់ និងដំណាំហូបផ្លែជាដើម។
ពាក់ព័ន្ធបញ្ហាព្រំដែននេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៣ ខែតុលាបានបង្ហោះសាររំលឹកខួប១ឆ្នាំនៃសេចក្ដីថ្លែងការណ៍រួម ទីក្រុងកូឡាឡាំពួរ រវាងកម្ពុជានិងថៃ។ លោកបញ្ជាក់ថា កម្ពុជានៅតែគោរពស្មារតី នៃសេចក្ដីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ និងប្ដេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី តាមច្បាប់អន្តរជាតិ។ លោកក៏បានអរគុណជាថ្មី ដល់ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ និងនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម (Datuk Seri Anwar Ibrahim) ដែលបានជួយឱ្យមានកិច្ចព្រមព្រៀងនេះឡើងដើម្បីជំរុញឱ្យកម្ពុជា និងថៃ ងាកទៅ រកការដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី។
នៅថ្ងៃដដែលនេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បានចេញសេចក្ដីថ្លែងការណ៍រំឭកខួបមួយឆ្នាំនៃការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ រវាងកម្ពុជា និងថៃ ដោយលើកឡើងថាកិច្ចព្រមព្រៀងនេះជាការត្រួសត្រាយផ្លូវសម្រាប់សន្តិភាពរវាងកម្ពុជា និងថៃ។ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះបានបញ្ជាក់ថា អាមេរិកប្ដេជ្ញាចិត្តបន្តធ្វើការជាមួយកម្ពុជា និងថៃ ដើម្បីគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងនេះ និងជួយធ្វើឱ្យក្ដី សង្ឃឹមនៃសន្តិភាពដ៏យូរអង្វែងក្លាយជាការពិត សម្រាប់ប្រជាជននៃ ប្រទេសទាំងពីរ។
ថ្វីត្បិតថា កិច្ចព្រមព្រៀងនេះ មានអាយុកាល១ឆ្នាំក្ដី គេសង្កេតឃើញថា កន្លងទៅនេះ ភាគីថៃ តែងតែរំលោភលើកិច្ចព្រមព្រៀង ហើយថែមទាំងបាន បើកការបាញ់ប្រហារយ៉ាងឃោរឃៅមកលើទឹកដីកម្ពុជា នៅក្នុងជម្លោះប្រដាប់អាវុធ ជុំទី២ ដែលបានសម្លាប់ពលរដ្ឋខ្មែរ ទាហាន និងចូលកាន់កាប់ទឹកដីខ្មែរជាច្រើនទីតាំង។ សព្វថ្ងៃនេះ យោធាថៃ ក៏នៅតែបន្ត រំលោភកិច្ចព្រមព្រៀងនេះដដែល តាម រយៈការឈូសឆាយដីព្រៃ ធ្វើលេណដ្ឋាន ជីកប្រឡាយ និងសាងសង់របងបេតុងអចិន្ត្រៃយ៍ រំលោភ លើទឹកដីខ្មែរ ដោយឯកតោភាគី ចូលកាន់តែជ្រៅ។ រីឯភាគីកម្ពុជា បានត្រឹមតែចេញលិខិតវ៉ា ខណៈដែលការប្ដឹងថៃ ទៅកាន់តុលាការអន្តរជាតិជាតិក៏គ្មាន។
អ្នកឃ្លាំមើលរិះគន់ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដែលតែងតែប្រកាសក្ដែងៗអំពីការគោរពសេចក្ដីថ្លែងការណ៍រួម ទីក្រុងកូឡាឡាំពួរ ២៦តុលា និងប្រកាន់ជំហររង់ចាំភាគីថៃចូលដោះស្រាយ ជម្លោះព្រំដែនគោក ខណៈភាគីថៃ បន្តគេចវេះ ហើយបង្កើន សកម្មភាពឈ្លានពានទឹកដីខ្មែរកាន់តែជ្រៅនោះ គឺបង្ហាញថា កម្ពុជា ជាអ្នកខាតបង់ ព្រោះទឹកដីខ្មែរជាច្រើនដែលថៃកំពុងកាន់កាប់ និងទឹកដីខ្មែរ ដែលថៃកំពុងពង្រីកការឈ្លានពាន បានប្រែក្លាយជាទឹកដីថៃ ជាបណ្ដើរៗ ខណៈដែលតំបន់ខ្លះ ដូចជាប្រាសាទតាក្របី ប្រាសាទមាន់ធំ និងប្រាសាទខ្នារ ជាដើម ថៃបានបើកឱ្យក្លាយជាតំបន់ទេសចរណ៍ ចូលលេងកម្សាន្ត របស់ប្រជាជនថៃ។
អ្នកឃ្លាំមើលថា ប្រសិនបើរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិនព្រមប្ដឹងថៃទៅកាន់តុលាការអន្តរជាតិ និងមិនដូរវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនជាមួយថៃ ឱ្យបានឆាប់ទេ គឺគ្មានថ្ងៃដែលភាគីថៃ ប្រគល់ទឹកដីឱ្យកម្ពុជាវិញឡើយ។ ក្រៅពីនោះ ពួកគាត់ថា លោក ហ៊ុន ម៉ាណែត គួរតែបញ្ឈប់ទៅ ការប្រើប្រាស់វោហារសាស្ត្រ និងរូបភាព បោកប្រាស់ ដើម្បីបន្លែបន្លំ ផ្នែកពលរដ្ឋរឿងការពារទឹកដី តាមពាក្យសម្ដី ប៉ុន្តែ ត្រូវបង្ហាញ សកម្មភាពជាក់ស្ដែង ដើម្បីជៀសវាង ការរិះគន់ថា«ជាមេដឹកនាំដែលពូកែតែនិយាយ ចំណែកការអនុវត្ត គឺគ្មានប្រសិទ្ធភាព»៕









