លោក ហ៊ុន ម៉ាណែត រង​ការ​ចោទ​ថា ជា​អ្នក​នៅ​ពីក្រោយខ្នង​ក្រុមហ៊ុន​របស់​អ្នកស្រី ឡេង ចាន់ណា បោក​ពលរដ្ឋ

0
172
រូបឯកសារ៖ (ឆ្វេង) លោក ហ៊ុន ម៉ាណែត និង​អ្នកស្រី ឡេង ចាន់ណា (ស្ដាំ) ​អគ្គនាយិកា​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) នៅ​ក្នុង​ពិធី​បញ្ចូល​សមាជិក​គណបក្សប្រជាជន នៅ​ខេត្តសៀមរាប កាល​ពី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុក Oknha Leng Channa
រូបឯកសារ៖ (ឆ្វេង) លោក ហ៊ុន ម៉ាណែត និង​អ្នកស្រី ឡេង ចាន់ណា (ស្ដាំ) ​អគ្គនាយិកា​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) នៅ​ក្នុង​ពិធី​បញ្ចូល​សមាជិក​គណបក្សប្រជាជន នៅ​ខេត្តសៀមរាប កាល​ពី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុក Oknha Leng Channa

អតីតមេបណ្ដាញដែលជាអ្នកបំរើការងារឱ្យក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City World Co., Ltd.) របស់​អ្នកស្រី ឡេង ចាន់ណា និង​ពលរដ្ឋ​ចាញ់​បោកប្រាក់ក្រុមហ៊ុនេះ អះអាងថា ពួកគាត់​មានភស្ដុតាងបង្ហាញ​ថា ក្រុមហ៊ុននេះ​រកស៊ីដើម្បីចិញ្ចឹមគណបក្សប្រជាជនកម្ពុជា និងមាន​ការ​ពាក់ព័ន្ធរបស់លោក ហ៊ុន ម៉ាណែត ដែលឈរនៅពីក្រោយខ្នងដើម្បី​ង្កើតក្រុមហ៊ុន​ឆបោក​មួយ​នេះ។

អតីតមេបណ្ដាញក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី របស់អតីតឧកញ៉ា ឡេង ចាន់ណា និង ពលរដ្ឋរងគ្រោះ ដែលចាញ់បោកក្រុមហ៊ុននេះ បានទម្លាយឲ្យដឹងថា ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី និង សមាគមដែលជាបណ្ដាញក្រុមហ៊ុននេះ គឺត្រូវបានបង្កើតឡើង​ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ហើយដែលជនរងគ្រោះតែង​ហៅក្រៅ​ថា ជាបុគ្គលដែលមានអំណាចបំផុតនៅកម្ពុជា។ ក្រុមជនរងគ្រោះ អះអាងថា ពួកគាត់មានវីដេអូ និង​រូបថតជាច្រើនជាភស្ដុតាងបញ្ជាក់។ 

អតីតមេបណ្ដាញម្នាក់ ហើយក៏ជាអ្នករងគ្រោះចាញ់បោកក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ដែរនោះ ប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ឱ្យដឹងថា ក្រោយបំរើការងារ​ក្នុងក្រុមហ៊ុនរបស់អ្នកស្រី ឡេង ចាន់ណា អស់រយៈពេល​ជាច្រើនខែ ទើបចាប់ផ្តើមដឹងច្បាស់ថា ក្រុមហ៊ុន អ្នកស្រី ឡេង ចាន់ណា ត្រូវបាន​បង្កើតឡើង​ក្នុងគោលដៅបោកលុយពលរដ្ឋ យកទៅ​ផ្គត់ផ្គង់គណបក្ស​ប្រជាជន​កម្ពុជា និង​មានគោលដៅចងក្រងកម្លាំងនៅទូទាំង ២៥រាជធានីខេត្ត​រហូតដល់​ប្រទេសកូរ៉េខាងត្បូង ដើម្បីទុកធ្វើចលនាឃោសនា រកការគាំទ្រឱ្យគណបក្ស​កាន់​អំណាច។

អតីតមេបណ្ដាញរូបនេះ អះអាងថា អ្នកស្រី ឡេង ចាន់ណា គ្រាន់តែជាអ្នក​ឈរ​ឈ្មោះ​ជា​នាយិកា​ក្រុមហ៊ុន តែអ្នកបញ្ជាការងារ គឺអនុប្រធានយុវជន​គណបក្ស​ប្រជាជនកម្ពុជា លោក ស៊ាន បូរ៉ាត់ ដែលធ្វើការជំនួសមុខឱ្យលោក ហ៊ុន ម៉ាណែត ក្នុងការងារដឹកនាំ និង​តម្រង់ទិសក្រុមហ៊ុន។ អតីតមេបណ្ដាញ​ដដែល ឲ្យដឹងថា ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី នេះ មានផែនការផ្ទេរការគ្រប់គ្រង តជំនាន់ ទុកឱ្យ​បម្រើគណបក្សប្រជាជន​កម្ពុជា ប៉ុន្តែ ត្រូវអស់ខ្យល់ត្រឹមពេលបែក ធ្លាយនូវអំពើ​ឆបោក​ទ្រង់ទ្រាយធំ។  

អតីតមេបណ្ដាញដដែលនេះ ឲ្យដឹងដែរថា បុគ្គលមានអំណាចបំផុត ដែល​លោកស្រីចង់ សំដៅ​ដល់លោក ហ៊ុន ម៉ាណែត គឺជាអ្នកជួយបង្កើតសមាគម​បណ្ដាញផ្សេងទៀតឱ្យអ្នកស្រី ឡេង ចាន់ណា ដើម្បីធ្វើសកម្មភាពពង្រីកការ​ឆបោក។

អតីតមេបណ្ដាញ៖«និយាយរួមចេតនារបស់ក្រុមហ៊ុននេះ បង្កើតឡើងជារូបភាព មួយ ដើម្បីបោកប្រាស់តែប៉ុណ្ណោះឯង មិនថាផ្នែកសំអាង មិនថាអចលនទ្រព្យ មិនថា អ្វីទេ ជាពិសេស គឺសមាគមហ្នឹងតែម្ដង ហើយស្រឡាញ់អ្នកបង្កើតសមាគម  ហ្នឹង ឱ្យឡេង ចាន់ណា គឺជាមនុស្សដែលមានឥទ្ធិពលខ្ពស់បំផុត សមាគមពលករ លើកកម្ពស់ពលរដ្ឋ ដើម្បីសប្បុរសធម៌។ ជាទឹកចុងក្រោយនៃការបោកប្រាស់នេះ គឺ សមាគមហ្នឹងនេះ វាយលុកខ្លាំង។ សមាគមនេះ គម្រោង ២៥ ខេត្តក្រុង ខេត្តណា ដែលធ្លាក់សន្លឹកឆ្នោត គេដាក់សមាគមនេះឱ្យចូលទៅ រុករើប្រមូលផ្ដុំ ដើម្បីឃោសនា»។

ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីបំភ្លឺជុំវិញការលើកឡើងនេះបានទេ។ ប៉ុន្តែកន្លង ទៅ លោក ហ៊ុន ម៉ាណែត ធ្លាប់ចេញមុខបដិសេធថា លោកមិនបានពាក់ព័ន្ធ ឬនៅពីក្រោយខ្នង ក្រុមហ៊ុន របស់អ្នកស្រី ឡេង ចាន់ណា នោះទេ។ 

តែយ៉ាងណា ការទម្លាយឲ្យដឹងពីអតីតមេបណ្ដាញក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ស្របនឹងការប្រកាសរបស់អ្នកស្រី ឡេង ចាន់ណា កាលនៅមានងារជាឧកញ៉ា ថា លោក ហ៊ុន ម៉ាណែត ជាខ្នងបង្អែកនៃមុខជំនួញ និង សមាគមរបស់អ្នកស្រី ហើយបានណែនាំកុំឱ្យកូនចៅមានការព្រួយបារម្ភទៀតផង ។ 

អ្នកស្រី ឡេង ចាន់ណា៖ «ហេតុផលដែលគាត់ឱ្យដករូបភាពនេះចេញ ទី១ គាត់ មិនឱ្យសាធារណជនទាំងអស់មើលមកក្រុមហ៊ុនយើង ថា យើងអាងខ្នង អាងខ្សែ ទើបសម្រេចចិត្តបែបនេះ ហ្នឹងជារឿងទី១។ ដាក់រូបសម្ដេច ហ៊ុន ម៉ាណែត គេថា យើងអាងខ្នង អាងខ្សែ ដាក់រូបបងបូរ៉ាត់ ក៏គេថា យើងអាងខ្នង អាងខ្សែ ត្រូវដែលទេ។ អ៊ីចឹង ហេតុផលទី១ គឺគាត់មិនចង់ឱ្យគេគិតថា យើងមានអាងខ្នង អាងខ្សែ ប៉ុន្តែសំណួរ ថាយើង នៅមាន ខ្នងអត់ដករូបថតចេញ ដករូបថតតើ មានដកគាត់ចេញណា ដកតែរូបថត ខ្នងយើង ខ្សែយើងនៅតែមានដដែល។ ត្រូវទេទាំងអស់គ្នា។ ទី២ គឺកាត់បន្ថយ អ្នកដែលគាត់ឆាតទៅរកគាត់ មិនឱ្យប៉ះពាល់ ការងារគាត់»។

 មកដល់ពេលនេះ ពលរដ្ឋរងគ្រោះមួយចំនួន មិនជឿថា អ្នកស្រី ឡេង ចាន់ណា កំពុងជាប់ពន្ធនាគារពិតប្រាកដនោះទេ។ ពួកគាត់លើកឡើងថា រដ្ឋាភិបាល និង តុលាការខេត្ត សៀមរាប ចេះតែប្រកាសអំពីការជាប់ឃុំរបស់អគ្គនាយិកា​ឆបោករូបនេះ ឲ្យពលរដ្ឋ រងគ្រោះស្ងប់ចិត្តខ្លះប៉ុណ្ណោះ។ 

ពលរដ្ឋរងគ្រោះ សង្ស័យថា លោក ហ៊ុន ម៉ាណែត អាចកាងការពារឲ្យអ្នកស្រី ឡេង ចាន់ណា រស់នៅលាក់ខ្លួន ក្រៅមន្ទីរឃុំឃាំង ពីព្រោះ អ្នកស្រី ជាបុគ្គលស្មោះស្ម័គ្រ បម្រើលោកនាយករដ្ឋមន្ត្រី។ លោក ហ៊ុន ម៉ាណែត ក៏ធ្លាប់ប្រកាសប្រៀបធៀបពួក អ្នកជំនួញដែលជាមនុស្សរកលុយឱ្យលោក ថាជាមេមាន់បង្កើតពងមាន់ទៀតផង។

លោក ហ៊ុន ម៉ាណែត ៖ «យើងមិនអាចយករូបមន្តសម្លាប់មេមាន់ទេ យើងត្រូវធ្វើម៉េចឱ្យមេមាន់នៅរស់ ដើម្បីយកពងមាន់ »។

 កាលពីដើម ឆ្នាំ២០២៤ អ្នកស្រី ឡេង ចាន់ណា ត្រូវបានតុលាការចោទប្រកាន់ចំនួនបីបទល្មើស រួមមាន បទឆបោកមានស្ថានទម្ងន់ទោស បទមិនបំពេញ កាតព្វកិច្ច ឧបករណ៍ដែលអាចជួញដូរបាន និង​បទសម្អាតប្រាក់ ។ ប្រជាពលរដ្ឋ ជាង ១ម៉ឺន ២ពាន់នាក់ ទាំងក្នុងប្រទេស និងក្រៅប្រទេស ចាញ់បោកក្រុមហ៊ុននេះ អស់ប្រាក់ជាង ៣០០លានដុល្លារ ។

សំណុំរឿងរកស៊ីឆបោកដ៏ធំនេះ មានរយៈពេលប្រមាណ ៣ឆ្នាំហើយ ប៉ុន្តែ មិនមាន ដំណោះស្រាយអ្វីទាំងអស់ ក្រៅតែពីការប្រកាសឱ្យដឹង ត្រឹមតែការឃុំខ្លួនអ្នកស្រី ឡេង ចាន់ណា និងបក្ខពួកប្រមាណ១០នាក់ ក្នុងពន្ធនាគារប៉ុណ្ណោះ។ រីឯមេក្លោង សំខាន់ៗ ដូចជា អនុប្រធានយុវជនគណបក្សប្រជាកម្ពុជា ជាអនុប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ និង ក៏ជារដ្ឋលេខាធិការក្រសួងអប់រំ លោក ស៊ាន បូរ៉ាត់ និង អនុរដ្ឋលេខាធិការក្រសួងការពារជាតិលោក ស ថាវី ដែលត្រូវបានព្យួរតំណែង សុទ្ធតែមានសេរីភាពពីសំណាញ់ច្បាប់។ លើសពីនេះ មេធំ គឺលោក ហ៊ុន ម៉ាណែត វិញ ពុំមានស្ថាប័នណាហ៊ានបើកការស៊ើបអង្កេតរកការពិតទេ។

 ជុំវិញការពាក់ព័ន្ធរបស់លោក ហ៊ុន ម៉ាណែត និង លោក ស៊ាន បូរ៉ាត់ ជាមួយ ក្រុមហ៊ុនឆបោករបស់អ្នកស្រី ឡេង ចាន់ណា ក៏ធ្លាប់ត្រូវបានពលរដ្ឋម្នាក់ ដែល ចាញ់បោកក្រុមហ៊ុននេះ រៀបរាប់ប្រាប់ទូរទស្សន៍អាស៊ីសេរី ថា ខ្លួនមានវីដេអូ និង រូបថតជាច្រើន ជាភស្ដុតាង។

ពលរដ្ឋរងគ្រោះរូបនេះ អះអាងថា លោក ស៊ាន ប៉ូរ៉ាត់ ដែលជាមនុស្សរបស់លោក ហ៊ុន ម៉ាណែត បានទៅដេកនៅទីស្នាក់ការក្រុមហ៊ុន ស្ទើរតែជាអចិន្ត្រៃយ៍ទៅហើយ ដើម្បីឈរជើងបណ្ដុះបណ្ដាលមេបណ្ដាញ និង​រៀបផែនការដឹកនាំឲ្យអ្នកស្រី ឡេង ចាន់ណា។ ពលរដ្ឋរងគ្រោះដដែលនេះ និយាយថា អ្នកស្រី ឡេង ចាន់ណា បាននិយាយអំពីការពង្រឹងកម្លាំងបណ្ដាញក្រុមហ៊ុនទូទាំងប្រទេស ដើម្បីទុកឲ្យធ្វើ ចលនា​ឃោសនា ជួយរកការគាំទ្រឱ្យគណបក្សប្រជាជនកម្ពុជា ហើយលោក ហ៊ុន ម៉ាណែត ក៏បានប្រើប្រាស់ទីតាំងក្រុមហ៊ុនដើម្បីប្រកាសបញ្ចូលសមាជិកគណបក្ស កាន់អំណាចរបស់លោកដែរ។ 

ពលរដ្ឋរងគ្រោះរូបនេះ៖ «ឡេង ចាន់ណា ចាប់ផ្ដើមរកស៊ីជាបន្តបន្ទាប់ហ្នឹង គេ​កៀរគរខ្លាំងយុវជន ពីមិត្តមួយទៅមិត្តភក្ដិហ្នឹង គេអូសទាញមក  គេថា នឹងចូលបក្សប្រជាជនកម្ពុជាចេះមួយចេះពីហ្នឹងហើយ  ខាងបក្សគេជួយអ៊ីចឹងទៅ មាន សម្បទានដី ការឱ្យគេហៅថា តំបន់ពិសេសអីអ៊ីចឹងទៅ គឺថា អាជីវកម្ម អីក៏គេធ្វើការ រលូនអ៊ីចឹងទៅ។ អ៊ីចឹងកុំខ្លាចអី ក្នុងការវិនិយោគ ហើយអ្វីដែលខ្ញុំ កាន់តែមានទំនុក ចិត្តទៅលើកក្រុមហ៊ុនេះ បន្ថែមទៀត  គឺដោយសារដូច ជាឆ្នាំ ២០២៣ សម្ដេចហ៊ុន ម៉ាណែត គាត់មិនទាន់ឡើងកាន់អំណាចទេ គឺគាត់បានទៅ បញ្ចូនបក្សនៅក្រុមហ៊ុន ហ្នឹង ៥ពាន់នាក់ជាង បញ្ចូនសមាជិកគណបក្ស ប្រជាជន»។

ពលរដ្ឋរងគ្រោះ សោកស្ដាយ ដែលអ្នកមានអំណាចកំពូល មានជាប់ពាក់ព័ន្ធនឹង​ក្រុមហ៊ុន​ឆបោកមួយនេះ។ ពួកគាត់ថា ក្រៅពីឈឺចាប់ដោយសារក្រុមហ៊ុន បោកប្រាក់ ហើយនោះ ពួកគាត់ត្រូវជាប់បន្ទុក សងបំណុលធនាគារ ឬមីក្រូហិរញ្ញ វត្ថុ វ័ណ្ឌកទៀត ។

អ្នកឃ្លាំមើលលើកឡើងថា លោក ហ៊ុន ម៉ាណែត គួរតែហ៊ាន បើកឱ្យមានការស៊ើប​អង្កេត ឱ្យបានហ្មត់ចត់ និង​ដោយតម្លាភាព ថាតើលោកនាយករដ្ឋមន្ត្រី ពិតជាធ្លាប់ បានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនឆបោករបស់អ្នកស្រី ឡេង ចាន់ណា ដូចការចោទ ប្រកាន់ឬក៏អត់ ដើម្បីជម្រះមន្ទិលសង្ស័យរបស់ពលរដ្ឋ និងដើម្បី​ដោះស្រាយ​សំណងជូនពលរដ្ឋរងគ្រោះឱ្យបានឆាប់រហ័ស៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ