

តុលាការប្រទេសចិនកំពុងបើកការស៊ើបអង្កេតលើបណ្ដាញក្រុមហ៊ុនបុត្រសម្ព័ន្ធ យូណាន ជីង ឆឹង គ្រុប (Yunnan Jingcheng Group) របស់អ្នកជំនួញខ្មែរដើមកំណើតចិន លោក តុង លីឆឹង (Dong Lecheng) ដែលបានបោះទុនវិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់ជិត ៥០០លានដុល្លារអាមេរិក។ ការស៊ើបអង្កេតនេះតុលាការមានគោលដៅប្រមូលទ្រព្យសម្បត្តិក្រុមហ៊ុន លោក តុង លីឆឹង នៅក្រៅប្រទេស ដើម្បីទូទាត់បំណុលជាង ១ពាន់លានដុល្លារអាមេរិក បន្ទាប់ពីក្រុមហ៊ុននេះបានក្ស័យធនក្រោយពីចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មបង្កកទ្រព្យតាំងពីឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ លំហូរប្រាក់រាប់លានដុល្លារ និងការពង្រីកបណ្ដាញអាជីវកម្មរបស់លោក តុង លីឆឹង នៅកម្ពុជា ក៏ត្រូវបានសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសចោទថា ពាក់ព័ន្ធនឹងការលាងលុយកខ្វក់ និងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការឆបោកតាមអនឡាញ។
តុលាការខេត្តយូណាន (Yunnan) ប្រទេសចិន បានបង្គាប់ឱ្យក្រុមហ៊ុនជម្រះបញ្ជីបើកការស៊ើបអង្កេតទៅលើបណ្ដាញក្រុមហ៊ុន ជីង ឆឹង គ្រុប (Yunnan Jingcheng Group) របស់មហាសេដ្ឋីខ្មែរដើមកំណើតចិន លោក តុង លីឆឹង (Dong Lecheng) ដែលបានបោះទុនវិនិយោគលើវិស័យកាស៊ីណូ អចលនវត្ថុ ធនាគារ និងអាកាសចរណ៍នៅកម្ពុជា ក្នុងទំហំទឹកប្រាក់ជិត ៥០០លានដុល្លារអាមេរិក ក្នុងរយៈពេលប្រមាណមួយទសវត្សរ៍ចុងក្រោយនេះ។
ការស៊ើបអង្កេតនេះមានគោលបំណងស្វែងរកថា តើទ្រព្យសម្បត្តិដែលបណ្ដាញក្រុមហ៊ុននេះបានវិនិយោគនៅកម្ពុជានៅសល់អ្វីខ្លះ និងអាចប្រមូលយកមកវិញបានប៉ុន្មាន ដើម្បីយកទៅទូទាត់បំណុលរបស់ក្រុមហ៊ុន។ ក្រុមហ៊ុន ជីង ឆឹង គ្រុប ដែលជាក្រុមហ៊ុនមេ និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនទាំងនៅក្នុងប្រទេសចិន និងនៅកម្ពុជា បានប្រកាសក្ស័យធនកាលពីឆ្នាំ២០២៣ ក្រោយមិនមានលទ្ធភាពសងបំណុល។ បន្ទាប់មក នៅខែមីនា ឆ្នាំ២០២៦ តុលាការចិនបានតែងតាំងក្រុមហ៊ុន ឆុងឈីង ហៃឈួន (Chongqing Haichuan) ដែលមានជំនាញខាងជម្រះបញ្ជី និងដោះស្រាយបញ្ហាក្ស័យធនអាជីវកម្ម ឱ្យធ្វើជាអ្នកគ្រប់គ្រងនីតិវិធីក្ស័យធនរបស់ក្រុមហ៊ុន យូណាន ជីង ឆឹង និងទទួលខុសត្រូវលើការស្វែងរកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននេះនៅកម្ពុជា។
មកដល់ពេលនេះ ក្រុមហ៊ុនជម្រះបញ្ជី ឆុងឈីង ហៃឈួន នៅតែបន្តដំណើរការស៊ើបអង្កេត បន្ទាប់ពីបានជ្រើសរើសក្រុមហ៊ុនសវនកម្មចំនួន ៣ កាលពីខែឧសភា ឆ្នាំ២០២៦ ដើម្បីឱ្យចូលរួមសហការ និងវាយតម្លៃទ្រព្យសម្បត្តិនៃបណ្ដាញក្រុមហ៊ុន យូណាន ជីង ឆឹង របស់លោក តុង លីឆឹង នៅកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានរបស់អ្នកគ្រប់គ្រងនីតិវិធីក្ស័យធននៃក្រុមហ៊ុន យូណាន ជីង ឆឹង កាលពីខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា បណ្ដាញក្រុមហ៊ុនរបស់លោក តុង លីឆឹង បានបោះទុនវិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់ជិត ៥០០លានដុល្លារអាមេរិក។ ក្នុងនោះ រួមមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ជេ ស៊ី ខេមបូឌា អ៊ែរឡាញស៍ (JC Cambodia Airlines) ដែលមានទុនវិនិយោគជិត ៤០០លានដុល្លារអាមេរិក។ ក្រុមហ៊ុនជម្រះបញ្ជីបញ្ជាក់ថា លំហូរទុនវិនិយោគរបស់លោក តុង លីឆឹង នៅកម្ពុជាអាចមានចំនួនច្រើនជាងនេះ ដែលក្រុមអ្នកស៊ើបអង្កេតមិនទាន់ស្វែងរកឃើញ។ សេចក្ដីប្រកាសដដែលបញ្ជាក់ថា ការស៊ើបអង្កេតនឹងផ្តោតលើការស្វែងរកទីតាំងអាជីវកម្ម អចលនវត្ថុ យន្តហោះ រថយន្ត ប្រាក់បញ្ញើនៅធនាគារ និងទ្រព្យសម្បត្តិផ្សេងៗទៀត ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ យូណាន ជីង ឆឹង កាន់កាប់នៅកម្ពុជា។ ក្រៅពីនេះ ការស៊ើបអង្កេតនេះក៏នឹងត្រួតពិនិត្យលើការផ្ទេរភាគហ៊ុនរបស់ក្រុមហ៊ុន លោក តុង លីឆឹង ព្រមទាំងការដាក់បញ្ចាំទ្រព្យសម្បត្តិ និងការផ្ទេរទ្រព្យសម្បត្តិទៅឱ្យភាគីទីបីទៀតផង។
ជាមួយគ្នានេះ ក្រុមហ៊ុនជម្រះបញ្ជី ឆុងឈីង ហៃឈួន ក៏បានណែនាំឱ្យស្ថាប័នស៊ើបអង្កេតជាដៃគូត្រួតពិនិត្យបណ្ដាញក្រុមហ៊ុន និងអាជីវកម្មពាក់ព័ន្ធដែលកំពុងស្ថិតក្នុងនីតិវិធីក្ស័យធន ការរំលាយក្រុមហ៊ុន ការរឹបអូសទ្រព្យសម្បត្តិ ឬកំពុងស្ថិតក្រោមការស៊ើបអង្កេតបទល្មើសឧក្រិដ្ឋកម្មដោយអាជ្ញាធរកម្ពុជា។
ទោះជាយ៉ាងណា មកទល់ពេលនេះ ពុំមានរបាយការណ៍ណាមួយបញ្ជាក់ថា តុលាការចិនបានពង្រីកការស៊ើបអង្កេតលើបណ្ដាញក្រុមហ៊ុន និងអាជីវកម្មរបស់លោក តុង លីឆឹង នៅកម្ពុជា ពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែននៅឡើយទេ ទោះបីជាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្ម និងបង្កកទ្រព្យសម្បត្តិរបស់អ្នកជំនួញខ្មែរដើមកំណើតចិនរូបនេះ ព្រមទាំងបណ្ដាញក្រុមហ៊ុនជាច្រើនរបស់លោកនៅកម្ពុជា ដោយចោទថា ពាក់ព័ន្ធនឹងការលាងលុយកខ្វក់ និងឧក្រិដ្ឋកម្មឆបោកតាមអនឡាញក៏ដោយ។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញលោក ឆៃ ស៊ីណារិទ្ធ ដើម្បីសុំអត្ថាធិប្បាយជុំវិញរឿងនេះ បាននៅឡើយនៅថ្ងៃទី៤ ខែវិច្ឆិកា។
ជុំវិញរឿងនេះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក គឹម សុខ លើកឡើងថា ចំណាត់ឱ្យមានការស៊ើបអង្កេតទ្រព្យសម្បត្តិនេះបង្ហាញថា ប្រទេសចិនកំពុងតែដាក់សម្ពាធដោយផ្ទាល់លើរដ្ឋាភិបាលត្រកូល ហ៊ុន ដើម្បីចាប់លោក តុង លីឆឹង ដែលជាមេខ្លោងសំខាន់មួយរូបដែលរៀបចំបង្កើតមជ្ឈមណ្ឌលឆបោកតាមអនឡាញ។
«ការចាប់ តុង លីឆឹង (Dong Lecheng) គឺជារឿងដែលត្រូវតែធ្វើដែលរដ្ឋាភិបាលចិនដាក់បញ្ជាឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ធ្វើតែម្ដង ប៉ុន្តែជ្រៅជាងហ្នឹងទៅទៀតចាប់ តុង លីឆឹង ហើយត្រូវសើរើអំពីប្រព័ន្ធហិរញ្ញវត្ថុ និងមនុស្សពាក់ព័ន្ធ តុង លីឆឹង នៅកម្ពុជាទៀត។ នេះជារឿងធ្ងន់ធ្ងរបំផុត មិនជារឿងដែលត្រឹមតែចាប់ តុង លីឆឹង ទេ។ ហើយកាលណាសើរើទៅដល់ប្រព័ន្ធមនុស្ស ប្រព័ន្ធហិរញ្ញវត្ថុច្បាស់ជាជាប់ក្រុមគ្រួសារត្រកូល ហ៊ុន ហើយ។ អ៊ីចឹង ហើយបានជាខ្ញុំបញ្ជាក់ថា ដល់ដំណាក់កាលនេះរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត វ័ណ្ឌកហើយនៅតែថ្ងៃដួលរលំទេ»។
លោក គឹម សុខ
ក្រុមហ៊ុន យូណាន ជីង ឆឹង គ្រុប (Yunnan Jingcheng Group) គឺជាក្រុមហ៊ុនសាជីវកម្មឯកជនដ៏ធំមួយមានទីស្នាក់ការកណ្ដាលក្នុងខេត្តយូណាន ប្រទេសចិន ដែលរកស៊ីផ្ដោតលើវិស័យអាកាសចរណ៍ កាស៊ីណូ ធនាគារ សេវាកម្មហិរញ្ញវត្ថុ វិស័យដឹកជញ្ជូន រុករករ៉ែ សំណង់ ហេដ្ឋារចនាសម្ព័ន្ធ វិស័យទេសចរណ៍ សណ្ឋាគារ អចលនទ្រព្យ និងវិស័យសុខាភិបាល ជាដើម។ ក្រុមហ៊ុនមួយនេះក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន។ ស្ថាបនិកក្រុមហ៊ុននេះ គឺលោក តុង លីឆឹង ដែលមានកេរ្តិ៍ឈ្មោះអាស្រូវពាក់ព័ន្ធនឹងសកម្មភាពអំពើឧក្រិដ្ឋកម្មលាងលុយកខ្វក់ និងឆបោកតាមអនឡាញ។
លោក តុង លីឆឹង ឬដុង លីឆេង (Dong Lecheng) ក៏ធ្លាប់ត្រូវបានតុលាការប្រទេសចិនផ្ដន្ទាទោសកាលពីឆ្នាំ២០០៨ ពាក់ព័ន្ធនឹងអំពើលាងលុយកខ្វក់ និងបើកបនល្បែងកាស៊ីណូខុសច្បាប់នៅប្រទេសចិន។ ប៉ុន្តែក្រោយមក លោក តុង លីឆឹង បានរត់ចូលមកកម្ពុជាក្នុងអំឡុងឆ្នាំ២០១០ និងបានទិញសញ្ជាតិខ្មែរពីអតីតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពង្រីកការរកស៊ីលើវិស័យបនល្បែងកាស៊ីណូ ក្រុមហ៊ុនអាកាសចរណ៍ អចលនទ្រព្យ និងធនាគារ។ លោក តុង លីឆឹង ក៏ជាម្ចាស់ក្រុមហ៊ុន ហ្គោលឌិន សាន់ ស្កាយ អិនធើធេនមិន (Golden Sun Sky Entertainment Co.Ltd) និងទទួលបានសិទ្ធិវិនិយោគនៅតំបន់ឆ្នេរអូរត្រេះនៅក្នុងខេត្តព្រះសីហនុក្នុងទំហំផ្ទៃដីជាង ៥៥ហិកតារពីលោក ហ៊ុន សែន កាលពីឆ្នាំ២០១៦។ គម្រោងអភិវឌ្ឍនៃក្រុមហ៊ុននេះគឺផ្ដោតលើការបង្កើតជាអគារកាស៊ីណូ សណ្ឋាគារ ផ្សារទំនើប និងលំនៅឋានជាដើមដែលមានទំហំវិនិយោគក្នុងទឹកប្រាក់ជាង ៣៦០លានដុល្លារ។ លោក តុង លីឆឹង ក៏ជាពាណិជ្ជករចិនមានឥទ្ធិពលមួយរូប និងបានរួមចំណែកសាងសង់អគារពាណិជ្ជកម្មតំបន់ក្រុងព្រះសីហនុដែលគេហៅថា ឆៃណាថោន (ChinaTown) ក្នុងទំហំទឹកប្រាក់រាប់រយលានដុល្លារ ដើម្បីបម្លែងទៅជាមជ្ឈមណ្ឌលសម្រាប់បណ្ដាញក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ។ បច្ចុប្បន្ន ទីក្រុង ឆៃណាថោន (ChinaTown) ក្នុងខេត្តព្រះសីហនុប្រៀបដូចជាទីក្រុងខ្មោច បន្ទាប់ពីអាជ្ញាធរបានចុះបង្ក្រាបមជ្ឈមណ្ឌលឆបោកនៅទីនោះ។
រដ្ឋាភិបាលសហរដ្ឋអាមេរិក និងអង់គ្លេស កាលពីឆ្នាំ២០២៥ បានចាត់វិធានការដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិលើលោក ដុង លីឆេង និងក្រុមហ៊ុនធំៗចំនួន ៦ ក្នុងនោះរួមទាំងក្រុមហ៊ុន ធី.ស៊ី ខាប់ពីតូល (T.C Capital Co. Ltd) និងក្រុមហ៊ុន ហ្គោលឌិន សាន់ ស្កាយ អិនធើធេនមិន (Golden Sun Sky Entertainment Co.Ltd) ដែលមានមូលដ្ឋាននៅកម្ពុជាចូលក្នុងបញ្ជីខ្មៅ ដោយសាររកឃើញពាក់ព័ន្ធអំពើឆបោកតាមអនឡាញ និងការបង្ខាំងមនុស្សខុសច្បាប់។ អាមេរិក និងអង់គ្លេសឃើញថា បណ្ដាបរិវេណអគារកាស៊ីណូរបស់ក្រុមហ៊ុនរបស់លោក តុង លីឆឹង នៅខេត្តព្រះសីហនុត្រូវបានបម្លែងទៅជាមូលដ្ឋាននៃមជ្ឈមណ្ឌលឆបោកតាមអនឡាញដ៏ធំសម្បើម និងមានជនរងគ្រោះជាច្រើននាក់ត្រូវបានគេជួញដូរ និងបង្ខំឱ្យធ្វើការបោកប្រាស់តាមអនឡាញក្រោមរូបភាពគំរាមកំហែង និងការធ្វើទារុណកម្ម។
ពាក់ព័ន្ធនឹងរឿងនេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនទាន់បង្ហាញភស្ដុតាងថា បរិវេណអគារកាស៊ីណូនៃក្រុមហ៊ុន ហ្គោលឌិន សាន់ ស្កាយ អិនធើធេនមិន (Golden Sun Sky Entertainment Co.Ltd) របស់លោក តុង លីឆឹង ត្រូវបានបិទខ្ទប់ ឬមានវិធានការបែបណាឡើយ បន្ទាប់ពីប្រកាសថា អាជ្ញាធរបានបិទមជ្ឈមណ្ឌលឆបោកចំនួនជិត ៨រយកន្លែងក្នុងរយៈពេលជាង ១ឆ្នាំកន្លងទៅនេះ៕









