អ្នកវិភាគ​​​ថា កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី​ មិន​អាច​​ជួយ​លើ​មុខ​មាត់​កម្ពុជា​​​បាន​នោះ​ទេ

0
187
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) ជូប​ប្រធានាធិបតី​បារាំង​លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កាល​ពីថ្ងៃទ៏៨ មេសា ២០២៦។ រូប៖ ​ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) ជូប​ប្រធានាធិបតី​បារាំង​លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កាល​ពីថ្ងៃទ៏៨ មេសា ២០២៦។ រូប៖ ​ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

អ្នកវិភាគ​​​ថា​ កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី (Francophonie summit) ដែល​គ្រោង​​នឹង​​ធ្វើ​​ឡើង​​​នៅ​សប្ដាហ៍​ខាង​មុខ​នេះ​​​​​ ​​​​​​​នឹង​​​​​​​​មិន​​អាច​ជួយ​លើក​មុខ​មាត់​ ​​និង​បិទ​បាំង​​​រឿង​​​​​​​​​អាស្រូវ​​​​របស់​កម្ពុជា​​​ជុំវិញ​​​​​ ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ​​​​អំពើ​ពុក​រលួយ​ជា​​ប្រព័ន្ធ និង​បញ្ហា​ឧក្រិដ្ឋ​កម្ម​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​​​ ​​បាន​នោះ​ឡើយ។ ការ​លើក​ឡើង​នេះ​​ ​ក្រោយ​ពី​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​បាន​ប្រកាស​​​​​ដោយ​មោទនភាព​ថា​​ កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​​ គឺ​ជា​​​​​​​​​​​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​​​ ​​​ព្រោះ​​បង្ហាញ​​​​​​​​​ថា​ កម្ពុជា​ ​មាន​​​​សុខ​សន្តិភាព​​​ និង​សុវត្ថិភាព​​ខ្ពស់។

អ្នក​វិភាគ​លើក​ឡើង​ថា​ ថ្វីត្បិត​​​​​​លោក ហ៊ុន ម៉ាណែត ​​​សប្បាយ​អរ​​​​​ជា​​មួយ​នឹង​វត្ត​មាន​​របស់​​មេដឹកនាំ​​​​​​ ​​​​​​និយាយ​ភាសា​បារាំង​​ ​ដែល​នឹង​មក​​ចូលរួម​​​​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី ​​​ក្ដី ក៏​កិច្ចប្រជុំ​​នេះ ​​​​ពុំ​​​​​​​​ផ្ដល់​​​​​លទ្ធផល​​​ជា​​​ដុំកំភួន​ ​សម្រាប់​​​​​​​​​​​​​​កម្ពុជា ដូច​ជា​​​ការ​ជួយ​​ទាក់ទាញ​អ្នក​វិនិយោគ​​​​ល្អ​​​ៗ​​ ​ឱ្យ​មក​​រក​ស៊ី​នៅ​​កម្ពុជា​​​ ​​ហើយ​ក៏​មិន​អាច​បញ្ជាក់​បាន​ថា​​​​​ កម្ពុជា​​មាន​ប្រព័ន្ធ​ដឹកនាំ​​​​ ​​​​​​​ត្រឹម​ត្រូវ​ ​​​​​​​​មាន​​​​ការ​​គោរព​សិទ្ធិ​មនុស្ស​ ​​​​​​​​និង​លែង​​​​​​​ជាប់​ពាក់ព័ន្ធ​​​​​​បណ្ដាញ​ឧក្រិដ្ឋជន​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​​​នោះ​ដែរ​​​​​ ​​​ព្រោះ​​​រដ្ឋាភិបាល​​​​បក្ស​កាន់​អំណាច​​​​ នៅ​​តែ​គ្មាន​ភាព​ច្បាស់​លាស់​ ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​​​​​ទាំង​​នោះ។

អ្នក​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ បណ្ឌិត មាស​ នី ប្រាប់​ទូរទស្សន៍អាស៊ីសេរី​នៅ​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា​ថា​ ​​​​​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​នេះ​ គឺ​ជា​​រឿង​​​ដ៏​​សំខាន់​​​​​​ ​ក៏​ប៉ុន្តែ​ លោក​​​​​​​គ្មាន​សង្ឃឹម​ថា កិច្ច​ប្រជុំ​​នេះ​ ​​​មេ​ដឹកនាំ​បារាំង និង​បណ្ដា​​ប្រទេស​មួយ​ចំនួន​ ​​ដួច​ជា​កាណាដា​​ជាដើម​​ នឹង​មិន​និយាយ​អំពី​​បញ្ហា​នយោបាយ ​និង​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នោះ​ទេ​ គឺ​ពួក​គេ​នឹង​​ផ្ដោត​​លើ​ការ​កសាង​ទំនាក់​ទំនង​ការទូត​ធម្មតា​​​រវាង​ប្រទេស​និង​ប្រទេស។

ជាមួយ​គ្នា​នោះ​លោក​ថា​ កម្ពុជា​​ក៏​មិន​គួរ​យក​ព្រឹត្តិការណ៍​នេះ​ ​​​ធ្វើ​​ជា​នយោបាយ​ប្រជាភិថុតិ ​​ដើម្បី​កេង​ចំណេញ​​នយោបាយ​​​ហួសហេតុ​​នោះ​ដែរ​។ ប៉ុន្តែ​​​លោក​ថា ​​អំឡុង​ពេល​នៃ​​​​កិច្ច​ប្រជុំ​នេះ ​កម្ពុជា​គួរ​តែ​បង្ហាញ​ពី​ក្ដី​កង្វល់​​ជុំវិញ​ការ​​ឈ្លានពាន​របស់​ថៃ​ តាម​ព្រំដែន​ ​​​​និង​​​​​​បង្ហាញ​ពី​គោល​ជំហរ​​​​​​​សហការ​ជា​មួយ​បណ្ដា​ប្រទេស​​ទាំង​នោះ​ ​​​ក្នុង​ការ​​​​ប្រយុទ្ធ​​ប្រឆាំង​​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​​​​ពិត​ប្រាកដ​​ ដើម្បី​ស្ដារ​​មុខ​មាត់​​​ជាតិ​​ឡើង​វិញ។

«កម្ពុជា​ត្រូវតែ​យក​ឱកាស​ហ្នឹង ដើម្បី​បង្ហាញ​ដល់​​សហគមន៍ អន្តរជាតិ​​អំពី​ការ​ប្រឈម​​របស់​​កម្ពុជា​ជា​មួយ​​នឹង​ការ​រំលោភ​​បំពាន​​របស់​​ប្រទេស​ថៃ​​បាទ ប៉ុន្តែ​​ក្នុង ហ្នឹង​ក៏​​កម្ពុជា​​ត្រូវ​​បង្ហាញ​​ការ​ប្ដេជ្ញា​ចិត្ត​នៅ​​ក្នុង​​ការ​​ការពារ​​នូវ​​ផល​ប្រយោជន៍​​របស់​​ធុរកិច្ច​ផង ដែរ បាទ​​ពិសេស គឺ​ស្កេម​​អនឡាញ​​ដែល​​ត្រូវតែ​​បង្ហាញ​​គេ​ថា​​យើង នឹង​​បន្ត​​ការ​​ធ្វើ​ការ​​សកម្ម​​ជាមួយ នឹង​អន្តរជាតិ​​ទៅ​​លើបញ្ហា​ស្កេមអនឡាញ​​​ទៅ​​ទៀត»។

បណ្ឌិត មាស​នី

ការ​លើក​ឡើង​​នេះ​ ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​​ ហ៊ុន ម៉ាណែត បាន​ថ្លែង​​កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា នៅ​ឯ​ខេត្ត​ពោធិ៍សាត់​ថា ចាប់​ពី​​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ​​ ​កម្ពុជា​​នឹង​​មាន​​​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០​​ដែល​មាន​វត្ត​មាន​មេដឹកនាំ​សំខាន់​ៗ​នៅ​លើ​ពិភព​លោក ​​នឹង​មក​ចូល​រួម​នៅ​ប្រទេស​​កម្ពុជា​។ លោក​​​ចាត់​ទុក​ព្រឹត្តិការណ៍​​នេះ​ គឺ​ជា​​​​ប្រវត្តិសាស្ត្រ​​ដ៏​សំខាន់ ព្រោះ​​បង្ហាញ​ថា​ ​​​កម្ពុជា​​មាន​សុខ​សន្តិភាព ​​​ស្ថិរភាព​នយោបាយ​ ​និង​​សុវត្ថិភាព​ខ្ពស់។ លោក ហ៊ុន ម៉ាណែត​ ​បាន​​សង្កត់​ធ្ងន់​​ថា​ ​​ក្រោយ​ពី​ព្រឹត្តិការណ៍​នេះ​​​​ ​​បណ្ដា​ប្រទេស​​​​​ដែល​​​ធ្លាប់​​​រិះគន់​​​កម្ពុជា​ ថា​គ្មាន​សុវត្ថិភាព​ ​ព្រោះ​​បញ្ហា​​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​​ អនឡាញ នឹង​​ងាក​មក​គាំទ្រ​កម្ពុជា​​វិញ។

«​នៅ​ពេល​​ដែល​​កន្លែង​ខ្លះ​​ឆ្នាំ​ទៅ​​មាន​​ការ​យល់​​ច្រឡំ​​វ៉ៃ កម្ពុជា​​រឿង ស្កេម​ វ៉ៃ​កម្ពុជា​​រឿង​​ព្រំដែន​​ មាន​​សង្គ្រាម​អសន្តិសុខ​​នៅ​ពេល​​ដែល​ប្រទេស​​ជាង​​៧០​​ប្រទេស​អ្នក ចូល​រួម​ជាង​៥​ពាន់​នាក់ ​​ប្រមុខ​រដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​ជាង​២០​ប្រទេស​រួម​ទាំង​ប្រទេស​​មហា​អំណាច ចូល​មក​កម្ពុជា​នេះ ​គឺ​បង្ហាញ​អំពី​សន្តិភាព​ស្ថិរភាព​ របស់​​កម្ពុជា​​នៅ​លើ​​ឆាក​​សកលលោក ដែល ប្រជាជន​កម្ពុជា​ទាំង​អស់ ​​ទោះ​បី​ជា​​យើង​មាន​​បញ្ហា​ផ្សេង​ៗ នេះ​​ជា​ចំណុច​មួយ ដែល​យើង​គួរ សប្បាយ​រីករាយ ហើយ​មាន​មោទនភាព​ចំពោះ​ជាតិ​របស់​​យើង»។

លោក ហ៊ុន ម៉ាណែត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កន្លង​ទៅ​នេះ​ ​​​កម្ពុជា​​​​​​​បាន​​រង​ការ​រិះគន់​​យ៉ាង​ខ្លាំង​ពី​​អង្គការ​ជាតិ និង​អន្តរជាតិ​ ជុំវិញ​​ការ​​​រំលោភ​សិទ្ធិ​មនុស្ស​ ​និង​ការ​បំផ្លិចបំផ្លាញ​​​ប្រព័ន្ធ​ប្រជាធិបតេយ្យ ​ដែល​ធ្វើ​ឱ្យ​​​បែក​​បាក់​ផ្ទៃ​ក្នុង​ជាតិ​អស់​​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ទន្ទឹម​គ្នា​នោះ​ ​​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​​ត្រកូល ហ៊ុន បាន​បណ្ដែត​បណ្ដោយ​ឱ្យ​បណ្ដាញ​ឧក្រិដ្ឋជន​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​​​បាន​​​​រីក​ដុះដាល​​​​​​យ៉ាង​រហ័ស ​នៅ​​​ទូទាំង​​​ប្រទេស​​កម្ពុជា ​ដែល​ធ្វើ​ឱ្យ​​មុខ​មាត់​ជាតិ​ ត្រូវ​​ខួច​ខ្ទេចខ្ទី​លើ​ឆាក​អន្តរជាតិ​​ ហើយ​ជា​មួល​ហេតុ​​​​​​ដែល​​អ្នក​​​វិនិយោគ​ល្អ​ៗ​នៅ​ក្រៅ​ប្រទេស​ មិន​ហ៊ាន​​​​​ស៊ី​នៅ​កម្ពុជា​។ ​កាន់​តែ​ធ្ងន់ធ្ងរ​​​​​ទៀត​នោះ​​​​ ​បញ្ហា​​​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ គឺ​ជា​​លេស​មួយ​​​ក្នុង​ចំណោម​លេស​​មួយ​ចំនួន​ទៀត​ ដែល​យោធា​ថៃ​បាន​​បង្ក​សង្គ្រាម​ឈ្លានពាន​ទឹក​ដី​កម្ពុជា​​ រហូត​ដល់​សព្វ​ថ្ងៃ។

អ្នកឃ្លាំមើល​លើក​ឡើង​ថា​ បញ្ហា​​ចាក់ស្រេះ​ទាំង​នេះ ​​គឺ​លោក ហ៊ុន ម៉ាណែត ​​​​​​បាន​​​ព្យាយាម​គេចវេះ​​មិន​​​រក​​ដំណោះស្រាយ​ប្រកប​​ដោយ​ប្រសិទ្ធភាព និង​តម្លាភាព​នោះ​ឡើយ។ ទន្ទឹម​គ្នា​នោះ​ លោក​តែងតែ​អួតអាង​ ​អំពី​សកម្មភាព​របស់​លោក​ ថា​បាន​​ជួប​មេដឹកនាំ​នេះ​ មេដឹកនាំ​នោះ​ ​នៅ​​លើ​ពិភពលោក តាម​​រយៈ​វេទិកា​អន្តរជាតិ​​​ ​ដើម្បី​​​​បញ្ជាក់​ថា​ លោក ​គឺ​ជា​មេដឹកនាំ​ដែល​​​មាន​ការ​​គាំទ្រ​ និង​ទទួល​ស្គាល់​ជា​អន្តរជាតិ។ ជាក់ស្ដែង​ ​​​​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី ​​​​លោក ហ៊ុន ម៉ាណែត ​​ហាក់​មោទនភាព​​​​ខ្ពស់​ថា ​​ក្រោម​ការ​ដឹកនាំ​របស់​​​រដ្ឋាភិបាល​​​​​លោក​​ ​គឺ​តែងតែ​មាន​បណ្ដា​ប្រទេស​ជាតិ​ច្រើន​ ​​មក​ទស្សន​កិច្ច​នៅ​កម្ពុជា​ បើ​​ទោះ​​បី​ជា​វត្ត​មាន​មេដឹកនាំ​ទាំង​នោះ ​ពុំ​សូវ​​​ផ្ដល់​លទ្ធផល​ជា​​វិជ្ជមាន​ ក្នុង​​ការ​​​ស្ដារ​សេដ្ឋកិច្ច​ជាតិ​ក្ដី​ ក៏​លោក​​​​​នៅ​តែ​ ​​អួតអាង​​​​​អំពី​សកម្មភាព​ទាំង​នោះ។​​​

អ្នក​តាមដាន​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ​​លោក សេង វណ្ណលី ​​លើក​ឡើង​ថា​ ការ​លើកឡើង​របស់​លោក ហ៊ុន ម៉ាណែត ជុំវិញ​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី​នៅ​កម្ពុជា គឺ​​ឆ្លុះបញ្ចាំង​ពី​បំណង​ប្រាថ្នា​យ៉ាង​ច្បាស់​របស់​លោក​ក្នុង​ការ​ប្រែក្លាយ​ព្រឹត្តិការណ៍​ការ​ទូត​អន្តរជាតិ​នេះ ឱ្យ​ទៅ​ជា​សមិទ្ធផល​នយោបាយ​ដ៏​ធំ​មួយ​សម្រាប់​កសាង​ប្រជាប្រិយភាព​ និង​រូបភាព​វិជ្ជមាន​របស់​លោក​លើ​ឆាក​អន្តរជាតិ​។ ​​​​​បន្ថែម​ពី​លើ​នោះ​ លោក​​​​បន្ត​ការ​​ ​វាយ​តម្លៃ​ថា​ព្រឹត្តិការណ៍​នេះ​ជា​មោទនភាព​ប្រវត្តិសាស្ត្រ​ដ៏​ធំ​សម្បើម ​​​​គឺ​​ជា​ការ​លើក​ឡើង​​ហួស​​ហេតុ​​​​​​​​ពេក​​​ ព្រោះ​អង្គការ​អន្តរជាតិ​នៃ​បណ្ដា​ប្រទេស​និយាយ​ភាសា​បារាំង​មួយ​នេះ​ មាន​ឥទ្ធិពល​សេដ្ឋកិច្ច​ និង​នយោបាយ​ទាប​ជាង​ប្លុក​តំបន់​ផ្សេង​ទៀត​ដូច​ជា អាស៊ាន ឬ​សហគមន៍​អឺរ៉ុប។

ទន្ទឹមនឹងនេះ​​​ លោក​អះអាង​​ថា ការ​ដែល​មេដឹកនាំ​បរទេស​​មក​ចូល​រួម​​​​កិច្ចប្រជុំ​​​​​បែប​​នេះ គឺ​ជា​រឿង​ធម្មតា​នៃ​កាតព្វកិច្ច​ការ​ទូត និង​ការ​ស្វែង​រក​ផលប្រយោជន៍​រៀង​ៗ​ខ្លួន ច្រើន​ជាង​ការ​ផ្ដល់​ការ​បញ្ជាក់​​ថា មេដឹកនាំ​កម្ពុជា​មាន​ភាព​ស្អាតស្អំ ឬ​ជា​ការ​មើល​រំលង​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ ដូច​ជា​ ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ និង​បញ្ហា​សិទ្ធិ​មនុស្ស​នោះ​ឡើយ។ លោក​មើល​ឃើញ​ថា​​មេដឹកនាំ​អន្តរជាតិ ជា​ពិសេស​ប្រទេស​បារាំង មក​ចូល​​​កិច្ច​ប្រជុំ​នេះ​​ គឺ​ដើម្បី​រក្សា​ឥទ្ធិពល​វប្បធម៌ និង​ភាសា​របស់​គេ​​​​​​នៅ​តំបន់​នេះ​ប៉ុណ្ណោះ​ ដូច្នេះ​ការ​បកស្រាយ​ថា វត្តមាន​របស់​ពួក​គេ​ជា​ការ​ទទួល​ស្គាល់​ថា កម្ពុជា​គ្មាន​បញ្ហា ឬ​ជា​ការ​លុប​លាង​រូប​​ភាព​អវិជ្ជមាន ​គឺជា​ការ​​​​​គិត​​​បែប​ឯកតោ​ភាគី​របស់​លោក ហ៊ុន ម៉ាណែត។

«យ៉ាង​ណា​មិញ ផល​ប្រយោជន៍​សេដ្ឋកិច្ច​ធំ​ដុំ ឬ​ការ​ហក់​ឡើង​នៃ​ទុន​វិនិយោគ​ពី​បរទេស​នឹង​មិន​កើត​ឡើង​ដោយ​ស្វ័យប្រវត្តិ​តាម​រយៈ​តែ​ឈ្មោះ​នៃ​កិច្ចប្រជុំ​នេះ​ទេ ព្រោះ​ទីផ្សារ​សំខាន់ៗ និង​ប្រភព​ទុន​ធំៗ​របស់​កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​តំបន់​អាស៊ី និង​អាមេរិក។ ដូច្នេះ​ផ្លែ​ផ្កា​ពិត​ប្រាកដ​ដែល​កម្ពុជា​នឹង​ទទួល​បាន​ ចាំ​បាច់​ត្រូវ​ពឹង​ផ្អែក​លើ​សមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រើ​ប្រាស់​វេទិកា​នេះ​ ដើម្បី​ចុះ​កិច្ចព្រមព្រៀង​ទ្វេភាគី​ផ្ទាល់​ជា​មួយ​ប្រទេស​អភិវឌ្ឍន៍​ធំ​ៗ ដូច​ជា បារាំង ឬ​កាណាដា ជា​ជាង​ការ​រំពឹង​លើ​ផល​ប្រយោជន៍​ជា​រួម​ពី​អង្គការ​ហ្វ្រង់កូហ្វូនីទាំងមូល»។

លោក សេង វណ្ណលី

អ្នក​ឃ្លាំមើល​លើក​ឡើង​ថា ទោះ​បី​ជា​ការ​រំពឹង​ទុក​លើស​លប់​លើ​ទិដ្ឋភាព​នយោបាយ​របស់​លោក ហ៊ុន ម៉ាណែត ពី​កិច្ច​ប្រជុំ​នេះ​ ​​​​​អាច​ខុស​ពី​ការ​ពិត តែ​ស្ថាប័នរដ្ឋ និង​ប្រជាជន​កម្ពុជា​នៅតែ​អាច​ប្រមូល​ផល​ប្រយោជន៍​ជាក់ស្ដែង​មួយ​ចំនួន​ពី​ព្រឹត្តិការណ៍​នេះ​​​​​​បាន​ខ្លះ​​​​​ដែរ​​ ដូច​ជា​​​ការ​ផ្សព្វផ្សាយ​វប្បធម៌ ​និង​ទេសចរណ៍​ទៅ​កាន់​ពិភពលោក ការ​ទទួល​បាន​អាហារូបករណ៍ និង​ជំនួយ​បច្ចេកទេស​បណ្ដុះបណ្ដាល​ភាសា​បារាំង ព្រម​ទាំង​ឱកាស​បត់បែន​ក្នុង​ការ​ជួប​ពិភាក្សា​ការងារ​ផ្ទាល់​រវាង​ធុរជន និង​មន្ត្រី​ជាន់​ខ្ពស់​ជា​មួយ​បណ្ដា​ប្រទេស​ផ្សេង​​ៗ។ ប៉ុន្តែ​ ពួកគាត់​ថា​ លោក ហ៊ុន ម៉ាណែត មិន​​គួរ​យក​​ព្រឹត្តិការណ៍​​នេះ ដើម្បី​​​​​​បំភ្លេច​​បញ្ហា​ជាតិ​ជា​​​​ច្រើន​ទៀត​​​​ ដែល​​លោក ត្រូវ​តែ​​​​ទទួល​ខុស​ត្រូវ​​ខ្ពស់​ ចំពោះ​​​​​​មុខ​​​ពលរដ្ឋ​ ​និង​​ជាតិ ​​​​ដូច​ជា​ ​បញ្ហា​​​​ទឹកដី​​ ជា​មួយ​​​​​​​ថៃ​​ ​បញ្ហា​​ប្រជាធិបតេយ្យ​​ និង​​​​បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ ជា​ដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ