អង្គការសហប្រជាជាតិអំពាវនាវឱ្យ លោក ហ៊ុន ម៉ាណែត ដោះលែងអ្នកទោសមនសិការទាំងអស់ មុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

0
83
អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​មាន កាល​ពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​មាន កាល​ពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​មាន កាល​ពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​មាន កាល​ពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានអំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ដោះលែង អ្នកទោសនយោបាយ សកម្មជនបរិស្ថាន និងសកម្មជនសិទ្ធិមនុស្ស ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយអយុត្តិធម៌ នៅមុនកិច្ចប្រជុំកំពូលរបស់អង្គការហ្វ្រង់កូហ្វូនី (Francophonie summit) ដែលនឹងធ្វើឡើងនៅរាជធានីភ្នំពេញ ក្នុងចុងសប្ដាហ៍នេះ។ អង្គការសង្គមស៊ីវិលចាត់ទុកការអំពាវនាវនេះ គឺជារឿងល្អ ហើយថាការបន្តឃុំខ្លួនអ្នកទាំងនោះពុំផ្ដល់ផលចំណេញ ដល់ជាតិឡើយ ក្រៅពីធ្វើឱ្យកម្ពុជា បន្តរងការរិះគន់ ជុំវិញបញ្ហារំលោភសិទ្ធិមនុស្ស និងការធ្វើទុក្ខបុកម្នេញមកលើអ្នកនយោបាយបក្សប្រឆាំង ក្រោមអំណាចតុលាការឯកបក្ស។

សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ តែងតែសម្ដែងក្ដីបារម្ភជុំវិញបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជា ក្រោយពីរដ្ឋាភិបាលបក្សកាន់អំណាចនៅតែបន្តប្រើប្រាស់អំណាចតុលាការ ដើម្បីផ្ដន្ទាទោស និងចាប់ខ្លួនពលរដ្ឋ អ្នកនយោបាយបក្សប្រឆាំង និងសកម្មជនបរិស្ថានដាក់ពន្ធនាគារតាមអំពើចិត្ត។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក ថម អេនឌ្រូ នៅថ្ងៃទី១០ ខែវិច្ឆិកា បានចេញសេចក្ដីថ្លែងការណ៍ដ៏វែងអន្លាយ ដោយអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងពលរដ្ឋខ្មែរ ដែលកំពុងជាប់ឃុំ ដោយអយុត្តិធម៌ ពាក់ព័ន្ធការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ ការជួបប្រជុំដោយសន្តិវិធី និងសេរីភាពក្នុងការបង្កើតសមាគម ឱ្យបានមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (OIF) ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។

លោកក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសនិយាយភាសាបារាំងដែលនឹងចូលរួមកិច្ចប្រជុំនេះ ឱ្យមានការលើកកម្ពស់ និងបញ្ជាក់ឡើងវិញនូវគុណតម្លៃស្នូលរបស់អង្គការអន្តរជាតិមួយនេះ តាមរយៈការចូលរួមជាមួយកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយនាំទៅរកការដោះលែងអ្នកដែលត្រូវបានឃុំខ្លួន ដោយអយុត្តិធម៌នៅកម្ពុជា។ លោក ថម អេនឌ្រូ បានបញ្ជាក់ថា៖ «ការលើកកម្ពស់សន្តិភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គឺស្ថិតក្នុងចំណោមបេសកកម្មចម្បងរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។ ហើយការដោះលែងអ្នកជាប់ឃុំខ្លួន នឹងជួយឱ្យរាជរដ្ឋាភិបាលកម្ពុជាបង្ហាញពីការគោរពចំពោះគុណតម្លៃរបស់ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ព្រមទាំងជាការធ្វើសកម្មភាពមួយដែលផ្ដល់អត្ថន័យលើសពីពាក្យសម្ដី។»

អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) គឺជាអង្គការអន្តររដ្ឋាភិបាលមួយដែលមានគោលបំណងលើកកម្ពស់ភាសាបារាំង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសដែលមានប្រជាជននិយាយភាសាបារាំង។ នាថ្ងៃទី១៥-១៦ ខែវិច្ឆិកា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ។ កិច្ចប្រជុំនេះនឹងមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់ជាច្រើន រួមទាំងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ផងដែរ។ លោក ហ៊ុន ម៉ាណែត ធ្លាប់បានអះអាងថា កិច្ចប្រជុំកំពូលនេះ គឺជាប្រវត្តិសាស្ត្រដ៏សំខាន់ហើយក៏ជាមោទនភាពបំផុតរបស់កម្ពុជា។

ទោះជាយ៉ាងណា លោក ថម អេនឌ្រូ បានបន្ថែមថា៖ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនឹងផ្ដល់ឱកាសដល់កម្ពុជា ក្នុងការបង្ហាញអំពីបេតិកភណ្ឌវប្បធម៌ សមិទ្ធផលនានា និងការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីរបស់ខ្លួន។ ទន្ទឹមនឹងនេះ លោកថា វាក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសជាសមាជិកអង្គការហ្វ្រង់កូហ្វូនី ក្នុងការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីលើកទឹកចិត្តឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកឃុំខ្លួន ដោយសារការអនុវត្តសេរីភាពជាមូលដ្ឋាន»។

អ្នករាយការណ៍ពិសេសរូបនេះបានរំលឹកឡើងវិញ អំពីការព្រួយបារម្ភទាក់ទងនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា រួមមាន ការរឹតត្បិតលំហសង្គមស៊ីវិល ការយាយីសមាជិកគណបក្សប្រឆាំង បញ្ហាឧក្រិដ្ឋកម្ម ឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Cyberscam) ស្ថានភាពនៃការប្រព្រឹត្តចំពោះជនរងគ្រោះនៃការជួញដូរមនុស្ស និងផលប៉ះពាល់លើពលរដ្ឋកម្ពុជាដែលបានផ្លាស់ទីលំនៅដោយសារជម្លោះតាមព្រំដែន ជាមួយប្រទេសថៃ។ លោកបញ្ជាក់ថា កន្លងទៅលោកបាន រកឃើញថា នៅកម្ពុជា ការចាប់ខ្លួន និងឃុំខ្លួនតាមអំពើចិត្ត គឺមានមនុស្សជាង១០០នាក់ កំពុងរងអយុត្តិធម៌។

ទន្ទឹមគ្នានោះ ក្រុមការងារអង្គការសហប្រជាជាតិស្ដីពីការឃុំខ្លួនតាមអំពើចិត្ត (UN Working Group on Arbitrary Detention) ក៏បានចាត់ទុកការបន្តឃុំខ្លួនមេធាវីខ្មែរ សញ្ជាតិអាមេរិក កញ្ញា សេង ធារី ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ និងសកម្មជនចំនួនប្រាំរូបនៃចលនាមាតាធម្មជាតិ គឺជាការឃុំខ្លួនតាមអំពើចិត្ត និងមិនស្របតាមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់កម្ពុជា។

លោក ថម អេនឌ្រូ ជឿថាការចូលរួមកិច្ចប្រជុំកំពូលប្រកបដោយស្ថាបនារវាងកម្ពុជា និងបណ្ដាមេដឹកនាំលើពិភពលោកនេះនឹង នាំទៅរកការដោះលែងអ្នកដែលត្រូវបានឃុំខ្លួន ដោយអយុត្តិធម៌ នឹងបង្ហាញយ៉ាងច្បាស់អំពីគុណតម្លៃនិងសក្ដានុពលរបស់អង្គការហ្វ្រង់កូហ្វូនី។

ទូរទស្សន៍អាស៊ីសេរីពុំអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យតុលាការកំពូល ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី១០ខែវិច្ឆិកា។

ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក នីសុខា យល់ឃើញថា ការអំពាវនាវរបស់អ្នករាយការណ៍ពិសេសនេះ ជារឿងល្អ ។ លោកសោកស្ដាយដែលរដ្ឋាភិបាលកម្ពុជា តែងតែបដិសេធចំពោះការអំពាវនាវទាំងនោះ ហើយថែមទាំងចាត់ទុកការចាប់ខ្លួនអ្នកនយោបាយ សកម្មជនសិទ្ធិមនុស្ស និងបរិស្ថានជាដើមថាជារឿង ត្រឹមត្រូវ ដោយពុំខ្វល់ពីមតិមហាជន និងសហគមន៍អន្តរជាតិ។

លោកសង្កេតឃើញថា ការចាប់អ្នកទោសមនសិការជាង១០០នាក់កន្លងទៅនេះ គឺសុទ្ធតែពាក់ព័ន្ធនឹង ការប្រើប្រាស់សិទ្ធិជាមូលដ្ឋាន ដែលធានាដោយច្បាប់។ លោកទទូចឱ្យរដ្ឋាភិបាលគួរតែពិចារណាឡើងវិញ និងដោះលែងអ្នកទាំងនោះ តាមការអំពាវនាវរបស់សហគមន៍អន្តរជាតិ ព្រោះការបន្តឃុំខ្លួនពួកគេ ពុំផ្ដល់ផលចំណេញដល់ជាតិឡើយ។

បើកម្ពុជាយើងអាចធ្វើបានទៅតាមការអំពាវនាវរបស់អ្នករាយការណ៍ពិសេស ខ្ញុំគិតថារឿងមុខមាត់ មិនមែនមុខមាត់អ្នករាយការណ៍ពិសេសទេ គឺមុខមាត់របស់រដ្ឋាភិបាលកម្ពុជា ទៅវិញទេ។ ដូច្នេះក្នុងនាមជាសង្គមស៊ីវិល ក៏យើងអំពាវនាវ ធ្វើម៉េចឱ្យដោះលែងអ្នកជាប់ឃុំមនសិការទាំងអស់នោះឱ្យមានសេរីភាព។

លោក នីសុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក

កន្លងទៅនេះ មានអង្គការក្រៅរដ្ឋាភិបាល និងអ្នកការពារសិទ្ធិមនុស្សអន្តរជាតិជាច្រើន បានធ្វើយុទ្ធនាការអំពាវនាវឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដោះលែងសកម្មជននយោបាយ សិទ្ធិមនុស្ស និងបរិស្ថាន នៅមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ព្រោះពួកគេមើលឃើញថាអ្នកទាំងនោះគ្មានកំហុស ហើយបានចាត់ទុកការផ្ដន្ទាទោស និងឃុំខ្លួនដាក់ពន្ធនាគារ តាមអំពើចិត្ត ពីរដ្ឋាភិបាលក្រុងភ្នំពេញ គឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ពួកគាត់ថា បើទោះជាលោក ហ៊ុន ម៉ាណែត ព្យាយាមប្រាប់សហគមន៍អន្តរជាតិពីការអនុវត្តច្បាប់ក្រោមលេសផ្សេងៗក្ដី ក៏ពួកគេ មិនជឿនោះដែរ ព្រោះវាជាការរំលោភសិទ្ធិមនុស្ស មិនមែនការអនុវត្តច្បាប់ត្រឹមត្រូវ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ