កម្លាំងជាតិ​ស្នើ​សមាជិក​ហ្វ្រង់កូហ្វូនី​​ជួយ​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទោស​នយោបាយ និង​ផ្សះផ្សារ​ជាតិ

0
103
អនុប្រធាន និងជាអ្នកនាំពាក្យ​គណបក្ស​កម្លាំង​ជាតិ លោក សុខ គឹមសេង។ រូប៖ ហ្វេសប៊ុកលោក សុខ គឹមសេង
អនុប្រធាន និងជាអ្នកនាំពាក្យ​គណបក្ស​កម្លាំង​ជាតិ លោក សុខ គឹមសេង។ រូប៖ ហ្វេសប៊ុកលោក សុខ គឹមសេង

គណបក្ស​កម្លាំងជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ស្នើសុំ​ប្រទេស​សមាជិក​ហ្វ្រង់កូហ្វូនី​ទាំង​អស់ ជាពិសេស​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និង​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​កាណាដា លោក ម៉ាក យ៉ូសែប ខានី (Mark Joseph Carney) ជួយ​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​អ្នក​ទោស​នយោបាយ និង​សម្រប​សម្រួល​ឲ្យ​មាន​ការ​ផ្សះផ្សារ​ជាតិ​មួយ​រវាង​អ្នក​នយោបាយ​ខ្មែរ។

ស្រប​ពេល​អង្គការ​ហ្វ្រង់កូហ្វូនី ចាប់​ផ្តើម​បើក​កិច្ច​ប្រជុំ​ក្រោម​ប្រធាន​បទ «រួមគ្នា​បន្ត​កសាង​សន្តិភាព ដើម្បី​វិបុល​ភាពរួម និង​ស្ថិរភាព​យូរអង្វែង» ដែល​មាន​ការ​ចូលរួម​ពី​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល និង​គណៈប្រតិភូ​ជាន់​ខ្ពស់​នៃ​បណ្តា​ប្រទេស​ជាច្រើន គណបក្ស​កម្លាំង​ជាតិ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​បង្ហាញ​ក្តី​បារម្ភ​របស់​ខ្លួន ជុំវិញ​ស្ថានការណ៍​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិប​តេយ្យ​នៅ​កម្ពុជា​បច្ចុប្បន្ន ដែល​កំពុង​ដើរថយ​ក្រោយ​យ៉ាង​ធ្ងន់ធ្ងរ។

តាម​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​កម្លាំង​ជាតិ​ឲ្យដឹង​ថា ទោះបី​ជាកម្ពុជា​មាន​រដ្ឋ​ធម្មនុញ្ញ និង​កតិកា​សញ្ញា​អន្តរជាតិ​ស្តី​ពីសិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ បាន​ធានា​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ សេរីភាព​សារព័ត៌មាន សិទ្ធិ​ជួបជុំ ការ​តវ៉ា​ដោយ​សន្តិវិធី​ក្តី ប៉ុន្តែ​ការ​រំលោភ​បំពាន និង​ការ​បំបិទ​សិទ្ធ​ទាំង​នេះ​នៅតែ​បន្តកើត​មាន ដោយ​អាជ្ញាធរ​កម្ពុជា និង​ការ​រារាំង​សកម្មភាព​នយោបាយ​ស្រប​ច្បាប់​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល។

គណបក្ស​កម្លាំង​ជាតិ​យល់ថា ប្រសិន​បើអ្នក​នយោបាយ​ខ្មែរ​នៅ​បន្ត​បែកបាក់ និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​កម្ចាត់​គ្នា នោះ​សន្តិភាព​ពិត​ប្រាកដ និង​ស្ថេរភាព​យូរ​អង្វែង​មិន​អាចកើត​មាន​ឡើង​បាន​ឡើយ។

គណបក្ស​កម្លាំង​ជាតិ​លើកឡើង​ថា តួនាទី​របស់​សហគមន៍​អន្តរជាតិ​មាន​សារៈសំខាន់​ណាស់ ជាពិសេស សាធារណរដ្ឋ​បារាំង ក្នុង​នាម​ជា​សហប្រធាន រួមជាមួយ​បណ្តា​ប្រទេស​សមាជិក​ហ្វ្រង់​កូហ្វូនី​ដូចជា ប្រទេស​កាណាដា ជាដើម ក្នុង​ការ​ជួយ​សម្រប​សម្រួល រៀបចំ​កិច្ច​ចចារ និង​ការ​គាំទ្រ​កន្លង​មក រហូត​មាន​ការ​ចុះហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១ ដោយ​បាន​បញ្ចប់​សោកនាដកម្ម​សង្គ្រាម​ស៊ីវិល បង្កើត​ឱ្យ​មាន​គំរូ​នៃ​ការ​ផ្សះផ្សា​ជាតិ​រវាង​ភាគី​ខ្មែរ។

អ្នកនាំពាក្យ​គណបក្ស​កម្លាំង​ជាតិ លោក សុខ គឹមសេង ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ និង​អ្នក​នយោបាយ​នៅតែ​បន្តរង​ការរឹតត្បិត​ខ្លាំង និង​មិន​មាន​ភាព​ល្អប្រសើរ​ឡើយ។ លោក​បន្ត​ថា ការ​រក្សាទុក​អ្នកជាប់ឃុំ​ដោយ​ការប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​របស់​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ និង​ការ​បន្ត​ចាប់ខ្លួន​លើ​ថ្នាក់​ដឹកនាំ សកម្មជន និង​យុវជន​គណបក្ស​នយោបាយ សកម្មជន​សិទ្ធិ​មនុស្ស បរិស្ថាន ពលរដ្ឋ​ស្លូត​ត្រង់​ជាដើម នៅតែ​កើតមាន​ជាបន្ត​បន្ទាប់​នៅ​កម្ពុជា។ លោកថា គុណ​តម្លៃ​ដ៏ធំ​មួយ​ក្នុង​ចំណោម​គុណ​តម្លៃ​ដទៃ​ទៀត​របស់​អង្គការ​ហ្វ្រង់​កូហ្វូនី គឺពាក់ព័ន្ធ​នឹង​លទ្ធិ​ប្រជាធិប​តេយ្យ ដូច្នេះ​ហើយ​លោក​ចង់​ឲ្យ​បណ្តា​ប្រទេស​ដែល​មាន​ការ​គោរព​សិទ្ធិ​មនុស្ស គោរព​លទ្ធិ​ប្រជាធិបតេយ្យ​ទាំង​នោះ ជួយ​ជម្រុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​អនុវត្ត​ឲ្យ​បាន​ពេញលេញ នូវ​គោល​ការណ៍​ទាំង​នេះ។

«អឺ​កម្ពុជា​យើង​កំពុង​តែ​មាន​បញ្ហា​កេរ្តិ៍ឈ្មោះនៅ​លើ​អន្តរជាតិ ហើយ​ជាពិសេស​គឺ​ពាក់ព័ន្ធ​ជាមួយ​នឹង​បញ្ហាជីវភាព​របស់​ប្រជាពលរដ្ឋ គឺ​ប្រទេស​កម្ពុជា​ត្រូវការៗ​ចាំបាច់​ត្រូវតែ​រៀបចំ​ឱ្យ​មាន​ជំនឿ​ចិត្ត​ឡើង​វិញ​អឺ​ទៅ​លើ​ជាតិ និង​អន្តរជាតិ ជាពិសេស​គឺ​អ្នក​ដែល អ្នក​ជំនួញ​អន្តរជាតិ ដើម្បី​មក​រកស៊ី ដើម្បី​បង្កើន​នូវ​ចំណូល ក៏ដូចជា​សេដ្ឋកិច្ច​របស់​ជាតិ។ ប៉ុន្តែ​ដើម្បី​ឱ្យ​យើង​អាច​មាន​ជំនឿ​ជឿជាក់​ទៅ​លើ​អន្តរជាតិ និង​ជាតិ មតិជាតិ​ទាំង​អស់ គឺកម្ពុជា​ត្រូវការ​ចាំបាច់​រៀបចំ​ឱ្យ​មាន​គោល​ការណ៍​ប្រជាធិប​តេយ្យ និង​សេរី​ឡើង​វិញ ដើម្បី​ធានា​ការ​ជឿជាក់​ពី​អន្តរជាតិ។»

លោក សុខ គឹមសេង

មុន​កិច្ច​ប្រជុំ​កំពូល​នេះ កាល​ពីថ្ងៃ​ទី១១ ខែវិច្ឆិកា ក្រុម​អង្គការ​សង្គម​ស៊ីវិល កម្មករ និង​សហជីព​ជាច្រើន ក៏​ធ្លាប់​បាន​ដាក់​ញត្តិ​ជាបន្ត​បន្ទាប់​ទៅ​ស្ថាន​ទូត​បារាំង និង​កាណាដា ដើម្បី​ស្នើឱ្យ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​នេះ​ជួយ​អន្តរាគមន៍​ទៅ​កាន់ លោក ហ៊ុន ម៉ាណែត ឱ្យ​គោរព​សិទ្ធិ​មនុស្ស និង​ដោះលែង​អ្នក​ទោស​មនសិការ ដែល​កំពុង​ជាប់ឃុំ ដោយ​អយុត្តិធម៌​ផងដែរ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​មើល​ឃើញ​ដូចគ្នា​អំពី​បញ្ហាសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ថា មាន​ការ​ធ្លាក់ចុះ កាន់តែ​អាក្រក់​ជាង​មុន​ជាខ្លាំង។

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក នី សុខា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​ពិចារណា​លើ​សំណើរ​របស់​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ជុំវិញ​ការ​ទាមទារ​ឲ្យ​មាន​ការ​ផ្សះផ្សារ​ជាតិ បង្រួប​បង្រួម​ជាតិ ដោះលែង​អ្នក​ទោស​នយោបាយ មនសិការ សិទ្ធិ​មនុស្ស និង​បរិស្ថាន​ទាំង​អស់​ឲ្យ​មាន​សេរីភាព​វិញ។ លោក​ថា ប្រសិន​បើ​រដ្ឋាភិបាល នៅតែ​បន្តបិទ​ខ្ទប់​លើ​លំហប្រជាធិប​តេយ្យ​នៅ​កម្ពុជា បំបិទ​សិទ្ធិ​ប្រជាពលរដ្ឋ និង​ការធ្វើ​ទុក្ខបុក​ម្នេញ​នានា នោះ​អាច​នឹង​ជះឥទ្ធិពល​មិន​ល្អ​ដល់​ទំនាក់​ទំនង​ការទូត​របស់​កម្ពុជា​ទៅ​សហគមន៍​អន្តរជាតិ។ លោក​ថា បើ​ទោះបី​ជា​កម្ពុជា​ធ្វើ​ជាម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​ធំៗមួយ​ចំនួន និង​ព្យាយាម​បកស្រាយ​ជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស​ក្តី ក៏មិន​អាច​ផ្លាស់ប្តូរ​ក្រសែភ្នែក​របស់​អន្តរជាតិ និង​អាច​ឲ្យ​ពួកគេ​ជឿជាក់​បាន​នោះ​ទេ ប្រសិន​បើ​បញ្ហា​ទាំង​នេះ មិន​ត្រូវ​បាន​ដោះ​ស្រាយ។

«ការ​បកស្រាយ​អត់មាន​រឿង​អី​ដែល​ជា​ចំណេញ​ទេ។ ផ្ទុយ​ទៅ​វិញ គឺថា រដ្ឋាភិបាល​គួរ​ណាស់​តែ​យក​ការ​ស្នើ​ឡើង​ទាំង​មតិជាតិ អន្តរជាតិ​ទាំង​អស់​ហ្នឹង យក​មក​ពិនិត្យ ហើយ​ដោះស្រាយ​ជា​ជំហានៗ ឱ្យ​ឃើញ​ជា​លទ្ធផល​ជាក់​ស្តែង ដើម្បី​ឈាន​ទៅ​អឺពង្រីក​ការ​ទំនាក់​ទំនង​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត បាទ។ បើមិន​អញ្ចឹង​ទេ យើង​នឹង​អាច​ជួប​នូវវិបត្តិ​បន្តបន្ទាប់​ទៀត បើសិន​ជាយើង​អត់មាន​ការ​ដោះស្រាយ និង​កែសម្រួល​បញ្ហា​ប្រជាធិប​តេយ្យ សិទ្ធិ​មនុស្ស​ហ្នឹង​ឱ្យ​បាន​ល្អប្រសើរ បាទ»។

លោក នី សុខា

កន្លងមក អង្គការ​ជាតិ និង​អន្តរជាតិ​ជាច្រើន រួម​ទាំង​អ្នក​រាយការណ៍​ពិសេស​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជា​ជាតិ លោក ថម អេនដ្រូ ក៏ធ្លាប់​បាន​បង្ហាញ​ក្តីបារម្ភ​របស់ខ្លួន​ជុំវិញ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ផងដែរ។ ពួកគាត់​យល់​ថា ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ធ្វើ​ទុក្ខ​បុកម្នេញ ឃុំខ្លួន ចាប់ខ្លួន និង​យាយី​មក​លើ​ពលរដ្ឋ សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិ​មនុស្ស​ជាដើម ដែល​បាន​ប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្លួន​សម្តែងមតិ តស៊ូ​មតិ​ក្នុង​សង្គម ជារឿង​មិន​សម​ហេតុផល និង​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ទាំង​នោះ​ឲ្យ​មាន​សេរីភាព​វិញ​ផងដែរ។

ចំណែក គណបក្ស​កម្លាំង​ជាតិ​ទទូច​ឲ្យ​រដ្ឋាភិបាល ដំណើរ​កាផ្សះ​ផ្សា​ជាតិ និង​កិច្ច​សន្ទនា​នយោបាយ រវាង​អ្នក​នយោបាយ​ខ្មែរ​គ្រប់​និន្នាការ ដោយ​ឈរលើ​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​ផ្ទៃក្នុង ពង្រឹង​ឯកភាព​ជាតិ និង​រួមគ្នា​កសាង​ប្រទេស​​ជាតិ​ឡើង​វិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ