

ក្រុមមេដឹកនាំប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាមេរិកបានអនុម័តព្រមព្រៀងលើគោលការណ៍ចំនួន ១០ចំណុច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងបណ្ដាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញដែលកំពុងរីករាលដាល និងបង្កការខាតបង់ដល់ប្រជាពលរដ្ឋទាំងក្នុងតំបន់ និងជុំវិញពិភពលោក។ កិច្ចព្រមព្រៀងនេះអាស៊ាន និងអាមេរិកក៏ប្ដេជ្ញាលើការបង្ក្រាបមេខ្លោងដែលនៅពីក្រោយបណ្ដាញឧក្រិដ្ឋកម្មនេះ និងការសហការតាមដានលំហូរហិរញ្ញវត្ថុខុសច្បាប់ ព្រមទាំងសកម្មភាពលាងលុយកខ្វក់របស់ក្រុមឧក្រិដ្ឋជន។
បញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញ បានក្លាយជាប្រធានបទក្ដៅគគុកក្នុងជំនួបរវាងមេដឹកនាំប្រទេសអាស៊ាន និងប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក (ASEAN-US Special Summit) នៅទីក្រុងម៉ានីល (Manila) ប្រទេសហ្វីលីពីន (Philippines) កាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា។
មេដឹកនាំប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាមេរិក បានបង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តរីករាលដាលឧក្រិដ្ឋកម្មឆបោកតាមអនឡាញដោយចាត់ទុកថា ឧក្រិដ្ឋកម្មនេះមិនត្រឹមតែបង្កការខាតបង់ប្រាក់រាប់ពាន់លានដុល្លាររបស់ប្រជាជនអាមេរិក និងពលរដ្ឋក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែឧក្រិដ្ឋកម្មឆបោកនេះក៏កំពុងបំផ្លាញសេដ្ឋកិច្ច និងគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ទាំងមូល។
សេចក្ដីថ្លែងការណ៍រួមរបស់អាស៊ាន និងសហរដ្ឋអាមេរិកប្រកាសក្រោយបញ្ចប់កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បានលើកឡើងពីភាពចាំបាច់មិនអាចខ្វះបានលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីទប់ស្កាត់ និងបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញដែលកំពុងបន្តគំរាមកំហែងដល់សន្តិសុខ សេដ្ឋកិច្ច និងប្រទេសក្នុងតំបន់។
សេចក្ដីថ្លែងការណ៍រួមនេះបានចាត់ទុកឧក្រិដ្ឋកម្មឆបោកតាមអនឡាញជាបញ្ហាអាទិភាពផ្នែកសន្តិសុខជាតិ និងទាមទារឱ្យមានការឆ្លើយតបរួមគ្នា ដោយសារសកម្មភាពឆបោកជាច្រើនមានជាប់ពាក់ព័ន្ធនឹងបណ្ដាញឧក្រិដ្ឋជនឆ្លងដែនរៀបចំជាប្រព័ន្ធ និងភ្ជាប់នឹងបទល្មើសផ្សេងទៀតដូចជា ការជួញដូរមនុស្ស និងការលាងលុយកខ្វក់ជាដើម។
អាស៊ាន និងអាមេរិក ក៏បានអនុម័តលើគោលការណ៍សំខាន់ៗចំណុច ១០ ដែលភាគីទាំងពីរបានប្រកាសប្ដេជ្ញាអនុវត្ត ដើម្បីប្រឆាំងនឹងបណ្ដាញឆបោកទាំងនេះ។ ក្នុងនោះរួមមាន ការពង្រឹងកិច្ចសហការឆ្លងកាត់ព្រំដែន ចែករំលែកព័ត៌មានសម្ងាត់អំពីសកម្មភាពឆបោក ការស៊ើបអង្កេតលើបណ្ដាញឧក្រិដ្ឋជន និងមេខ្លោងដែលនៅពីក្រោយ ការផ្ដល់ជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះ ការតាមដានលំហូរសាច់ប្រាក់របស់ក្រុមឧក្រិដ្ឋជន និងការស្វែងរកវិធីសាស្ត្រស្ដារទ្រព្យសម្បត្តិជនរងគ្រោះដែលបាត់បង់ត្រឡប់មកវិញ។
សេចក្ដីថ្លែងការណ៍ដដែលក៏ជំរុញឱ្យធនាគារ ក្រុមហ៊ុនបច្ចេកវិទ្យា គ្រឹះស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ ពង្រឹងការត្រួតពិនិត្យប្រតិបត្តិការហិរញ្ញវត្ថុគួរឱ្យសង្ស័យ ដើម្បីទប់ស្កាត់លំហូរប្រាក់ខុសច្បាប់ និងសកម្មភាពលាងលុយកខ្វក់ដែលពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ។ ក្រៅពីនេះ អាស៊ាន និងសហរដ្ឋអាមេរិក ក៏បានប្ដេជ្ញាចិត្តបង្កើនកិច្ចការពារជនរងគ្រោះពីការជួញដូរមនុស្ស និងអ្នកដែលត្រូវបានបង្ខំឱ្យចូលរួមក្នុងសកម្មភាពឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។
ជុំវិញរឿងនេះ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយលោក សេង វណ្ណលី លើកឡើងថា ការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ទាមទារកិច្ចសហការរវាងប្រទេសពាក់ព័ន្ធ ដោយសារមេខ្លោង ទីតាំងប្រតិបត្តិការ លំហូរប្រាក់ និងជនរងគ្រោះស្ថិតនៅក្នុងប្រទេសផ្សេងៗគ្នា។ លោកថា គោលការណ៍ទាំង ១០របស់អាស៊ាន និងអាមេរិក មានសារៈសំខាន់ក្នុងការជំរុញការចែករំលែកព័ត៌មាន ការតាមដានប្រាក់សង្ស័យ និងការរុះរើបណ្ដាញឧក្រិដ្ឋជន ប៉ុន្តែប្រសិទ្ធភាពគឺអាស្រ័យលើការអនុវត្តជាក់ស្ដែង និងឆន្ទៈរបស់ប្រទេសនីមួយៗ។
លោក សេង វណ្ណលី បារម្ភថា ប្រសិនបើកម្ពុជា និងសមាជិកអាស៊ានមួយចំនួនគ្មានឆន្ទៈបង្ក្រាបឱ្យដល់ឫសគល់មេខ្លោង និងអ្នកមានអំណាចដែលជាប់ពាក់ព័ន្ធក្រុមបណ្ដាញឆបោកអាចនឹងបន្តពង្រីកបណ្ដាញទ្រង់ទ្រាយធំដដែល។ លោក សេង វណ្ណលី សង្កត់ធ្ងន់ថា ការវាស់វែងលទ្ធផលប្រឆាំងឧក្រិដ្ឋកម្មនេះមិនមែនផ្អែកលើចំនួនមនុស្សត្រូវបានឃាត់ខ្លួនទេ ប៉ុន្តែកម្ពុជា និងប្រទេសពាក់ព័ន្ធត្រូវតែបង្ហាញពីការផ្ដន្ទាទោសមេខ្លោង ការរឹបអូសទ្រព្យសម្បត្តិបណ្ដាញឧក្រិដ្ឋជន និងការជួយជនរងគ្រោះឱ្យទទួលបានកិច្ចគាំពារតាមផ្លូវច្បាប់។
«ក្រោយកិច្ចប្រជុំនេះខ្ញុំគិតថា សម្ពាធលើកម្ពុជាអាចកើនឡើង ព្រោះដៃគូមានការប្ដេជ្ញាចិត្តរួមជាមូលដ្ឋានសម្រាប់សួររកលទ្ធផល និងស្នើកិច្ចសហការលើសំណុំរឿងជាក់លាក់។ ការចែកព័ត៌មានកាន់តែប្រសើរអាចជួយបង្ហាញថា អ្នកណាបញ្ជាបណ្ដាញ និងអ្នកណាទទួលប្រាក់ពីបទល្មើស។ ប៉ុន្តែយើងមិនទាន់អាចសន្និដ្ឋានថា ក្រោយកិច្ចប្រជុំនេះនឹងមានការចាប់ខ្លួនមេខ្លោងណាម្នាក់ជាក់លាក់ទេ។ លទ្ធផលនឹងអាស្រ័យលើភស្តុតាង កិច្ចសហការរវាងប្រទេស និងការហ៊ានអនុវត្តច្បាប់របស់មេដឹកនាំកម្ពុជា។ សម្រាប់ខ្ញុំការសាកល្បងឆន្ទៈពិតប្រាកដរបស់លោក ហ៊ុន ម៉ាណែត គឺថា តើរដ្ឋាភិបាលហ៊ានឱ្យការស៊ើបអង្កេតទៅដល់អ្នកមានលុយ និងមានអំណាចដែរឬទេ? ប្រសិនបើមានភស្តុតាងទៅដល់ពួកគេ។ បើគ្មានការទទួលខុសត្រូវនៅកម្រិតមេខ្លោង ការបង្ក្រាបតាមទីតាំងនឹងពិបាកបញ្ចប់ឧក្រិដ្ឋកម្មឆបោកចេញពីកម្ពុជាណាស់ បាទ»។
លោក សេង វណ្ណលី
លោក សេង វណ្ណលី បន្ថែមថា កម្ពុជាក្នុងនាមជាប្រទេសចូលរួមអនុម័តសេចក្ដីថ្លែងការណ៍អាស៊ាន និងអាមេរិកក៏ត្រូវទទួលខុសត្រូវផ្នែកនយោបាយក្នុងការបង្ហាញលទ្ធផលជាក់ស្ដែងដែរ។ លោកជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បើកការស៊ើបអង្កេតដោយឯករាជ្យលើម្ចាស់ទីតាំង ម្ចាស់អាជីវកម្ម អ្នកផ្ដល់ទុន និងចាត់វិធានការផ្លូវច្បាប់លើអ្នកមានអំណាច និងមន្ត្រីទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោក ដោយមិនមែនផ្ទេរតំណែង ឬដកតួនាទីពួកគេជំនួសឱ្យការទទួលខុសត្រូវទោសព្រហ្មទណ្ឌឡើយ។
ប្រទេសហ្វីលីពីន (Philippines) បានធ្វើជាម្ចាស់ផ្ទះ និងរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំពាក់ព័ន្ធ ដោយមានមេដឹកនាំប្រទេសមហាអំណាចសហរដ្ឋអាមេរិក ចិន និងប្រទេសដៃគូសំខាន់ៗពាក់ព័ន្ធចូលរួម កាលពីថ្ងៃទី១៦-១៧ ខែវិច្ឆិកា។
ក្រៅពីកិច្ចប្រជុំអាស៊ាន-អាមេរិក ក្រុមមេដឹកនាំអាស៊ានក៏បានបើកកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (East Asia Summit) លើកទី២១ ដោយមានប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) នាយករដ្ឋមន្ត្រីចិនលោក លី ឈាង (Li Qiang) ព្រមទាំងមេដឹកនាំដែលជាសមាជិកចំនួន ១៩ ប្រទេសដូចជា អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន នូវែលហ្សេឡង់ កូរ៉េខាងត្បូង រុស្ស៊ី ចូលរួមពិភាក្សាលើបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងបញ្ហាសន្តិសុខក្នុងតំបន់។ សេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី២១ អាស៊ាន និងប្រទេសដៃគូក៏បានអនុម័តសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយទៀតដែលមាន ១៩ចំណុច ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញ និងបទល្មើសពាក់ព័ន្ធ។ ក្នុងនោះរួមមាន សកម្មភាពតាមដាន បង្កក និងរឹបអូសទ្រព្យសម្បត្តិដែលបានមកពីការឆបោក ស៊ើបអង្កេតបណ្ដាញលាងលុយដែលពាក់ព័ន្ធនឹងមជ្ឈមណ្ឌលឆបោក សហការចាប់ខ្លួន និងកាត់ទោសមេខ្លោង អ្នកជ្រើសរើសមនុស្ស និងអ្នកសម្របសម្រួល ការពារ និងបញ្ជូនជនរងគ្រោះដោយការជួញដូរមនុស្សត្រឡប់ទៅប្រទេសកំណើតវិញ និងការបង្កើតយន្តការស៊ើបអង្កេតរួម។
ទាក់ទងនឹងរឿងនេះដែរ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា លើកឡើងថា សេចក្ដីអនុម័តរបស់អាស៊ាន និងអាមេរិក អាចនឹងគ្មានលទ្ធផលជាដុំកំភួនឡើយ ដរាបណាមេដឹកនាំកម្ពុជា ព្រមទាំងប្រទេសសមាជិកដូចជា ឡាវ ថៃ និងមីយ៉ាន់ម៉ា ជាដើមគ្មានឆន្ទៈរុះរើមជ្ឈមណ្ឌលឆបោកឱ្យដល់ឫសគល់ និងស៊ើបអង្កេតមេខ្លោងពាក់ព័ន្ធសំខាន់ៗដែលនៅពីក្រោយឧក្រិដ្ឋកម្មទាំងនេះ។ លោកវាយតម្លៃថា យន្តការអាស៊ាននឹងមិនអាចប្រឆាំងការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆបោកតាមអនឡាញបានឡើយ។ ប៉ុន្តែលោកថា សហរដ្ឋអាមេរិកនឹងបន្តដើរតួនាទីស្នូល ដើម្បីដាក់សម្ពាធកម្ពុជា និងប្រទេសពាក់ព័ន្ធ ព្រមទាំងអាចចាត់វិធានការដោយឯកតោភាគី ប្រសិនបើមេដឹកនាំកម្ពុជា និងសមាជិកអាស៊ានមួយចំនួននៅតែមិនចាត់ការលើក្រុមមេខ្លោងដែលមានឥទ្ធិពល។
លោក ឯម សុវណ្ណារ៉ា «សហរដ្ឋអាមេរិកមានវិធីសាស្ត្រ ឬគេហៅថា មធ្យោបាយពេញលេញរបស់គេ។ គេអាចធ្វើបាន ប៉ុន្តែក៏ទាមទារកិច្ចសហប្រតិបត្តិការ។ ចំណុចកន្លែងហ្នឹងកម្ពុជាក៏ហាក់ដូចជាមិនមានលក្ខណៈអាចបដិសេធបានទេ គ្រាន់តែមិនទាន់បានចូលរួមសហការពេញលេញទៅលើប្រតិបត្តិការមួយចំនួន ឬក៏ទៅលើបុគ្គលមួយចំនួនដែលសហរដ្ឋអាមេរិកចោទប្រកាន់ដាក់បន្ទុកដូចជា ឧកញ៉ាមួយចំនួន ឬក៏មន្ត្រីមួយចំនួនអ៊ីចឹង ដូចជាមិនទាន់មានការស៊ើបអង្កេតដេញដោល នៅពេលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិអីជាដើម។ អាហ្នឹងជាកិច្ចការមួយដែលកម្ពុជាត្រូវការជំរុញសហប្រតិបត្តិការហ្នឹងបន្ថែមទៀត»។
លោក ឯម សុវណ្ណារ៉ា
ឧស្សាហកម្មឆបោកតាមអនឡាញបានពង្រីកខ្លួន និងរីកដុះដាលយ៉ាងឆាប់រហ័សក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានប្លន់លុយពីពលរដ្ឋអាមេរិក និងពលរដ្ឋក្នុងតំបន់ក្នុងមួយឆ្នាំៗរាប់សិបពាន់លានដុល្លារ។ ក្នុងចំណោមប្រទេសសមាជិកអាស៊ានកម្ពុជាត្រូវបានសហរដ្ឋអាមេរិក និងពិភពលោកចាត់ទុកថា ជាមជ្ឈមណ្ឌលឆបោកដ៏សំខាន់មួយរហូតសារព័ត៌មានអន្តរជាតិហៅកម្ពុជាថា ជាប្រទេស ស្កេមបូឌា (Scambodia)។
សហរដ្ឋអាមេរិកឱ្យដឹងថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២៥ ពលរដ្ឋអាមេរិកបានខាតបង់លុយប្រមាណជិត ២១ពាន់លានដុល្លារ ដោយសារតែបណ្ដាញឆបោកតាមអនឡាញដែលប្រតិបត្តិការនៅកម្ពុជា និងពីតំបន់អាស៊ីអាគ្នេយ៍។ ជាមួយគ្នានេះ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) រកឃើញថា ប្រជាជននៅអាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលហ្សេឡង់ ក៏បានខាតបង់ប្រាក់ជាង ១១៤ ពាន់លានដុល្លារកាលពីឆ្នាំ២០២៥ ដោយសារការឆបោកតាមអនឡាញនៅអាស៊ីអាគ្នេយ៍៕









