អាស៊ាន និង​អាមេរិក​ប្ដេជ្ញា​រួម​គ្នា​បង្ក្រាប​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ

0
108
កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក (ASEAN-US Special Summit) នៅ​ទីក្រុង​ម៉ានីល (Manila) ប្រទេស​ហ្វីលីពីន (Philippines) កាល​ពី​យប់​ថ្ងៃ​ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក (ASEAN-US Special Summit) នៅ​ទីក្រុង​ម៉ានីល (Manila) ប្រទេស​ហ្វីលីពីន (Philippines) កាល​ពី​យប់​ថ្ងៃ​ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

ក្រុម​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន និង​សហរដ្ឋអាមេរិក​បាន​អនុម័ត​ព្រមព្រៀង​លើ​គោលការណ៍​ចំនួន ១០​ចំណុច ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​នឹង​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ដែល​កំពុង​រីក​រាល​ដាល និង​បង្ក​ការ​ខាតបង់​ដល់​ប្រជាពលរដ្ឋ​ទាំង​ក្នុង​តំបន់ និង​ជុំវិញ​ពិភព​លោក។ កិច្ច​ព្រមព្រៀង​នេះ​អាស៊ាន និង​អាមេរិក​ក៏​ប្ដេជ្ញា​លើ​ការ​បង្ក្រាប​មេខ្លោង​ដែល​នៅ​ពី​ក្រោយ​បណ្ដាញ​ឧក្រិដ្ឋកម្ម​នេះ និង​ការ​សហការ​តាម​ដាន​លំហូរ​ហិរញ្ញវត្ថុ​ខុស​ច្បាប់ ព្រម​ទាំង​សកម្មភាព​លាង​លុយ​កខ្វក់​របស់​ក្រុម​ឧក្រិដ្ឋជន។

បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ បាន​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​គគុក​ក្នុង​ជំនួប​រវាង​មេដឹកនាំ​ប្រទេស​អាស៊ាន និង​ប្រធានាធិបតី​សហរដ្ឋអាមេរិក ក្នុង​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក (ASEAN-US Special Summit) នៅ​ទីក្រុង​ម៉ានីល (Manila) ប្រទេស​ហ្វីលីពីន (Philippines) កាល​ពី​យប់​ថ្ងៃ​ទី១៧ ខែវិច្ឆិកា។

មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន និង​សហរដ្ឋអាមេរិក បាន​បង្ហាញ​ក្ដី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បន្ត​រីក​រាល​ដាល​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ដោយ​ចាត់​ទុក​ថា ឧក្រិដ្ឋកម្ម​នេះ​មិន​ត្រឹម​តែ​បង្ក​ការ​ខាតបង់​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​របស់​ប្រជាជន​អាមេរិក និង​ពលរដ្ឋ​ក្នុង​តំបន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ឧក្រិដ្ឋកម្ម​ឆបោក​នេះ​ក៏​កំពុង​បំផ្លាញ​សេដ្ឋកិច្ច និង​គំរាម​កំហែង​ដល់​ស្ថិរភាព​ក្នុង​តំបន់​ទាំង​មូល។

សេចក្ដី​ថ្លែងការណ៍​រួម​របស់​អាស៊ាន និង​សហរដ្ឋអាមេរិក​ប្រកាស​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន បាន​លើកឡើង​ពី​ភាព​ចាំបាច់​មិន​អាច​ខ្វះ​បាន​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ដែល​កំពុង​បន្ត​គំរាមកំហែង​ដល់​សន្តិសុខ សេដ្ឋកិច្ច និង​ប្រទេស​ក្នុង​តំបន់។

សេចក្ដីថ្លែងការណ៍​រួម​នេះ​បាន​ចាត់​ទុក​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ជា​បញ្ហា​អាទិភាព​ផ្នែក​សន្តិសុខ​ជាតិ និង​ទាមទារ​ឱ្យ​មាន​ការ​ឆ្លើយតប​រួម​គ្នា ដោយសារ​សកម្មភាព​ឆបោក​ជាច្រើន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ឧក្រិដ្ឋជន​ឆ្លង​ដែន​រៀប​ចំ​ជា​ប្រព័ន្ធ និង​ភ្ជាប់​នឹង​បទល្មើស​ផ្សេង​ទៀត​ដូចជា ការ​ជួញដូរ​មនុស្ស និង​ការ​លាង​លុយ​កខ្វក់​ជាដើម។

អាស៊ាន និង​អាមេរិក ក៏​បាន​អនុម័ត​លើ​គោលការណ៍​សំខាន់ៗ​ចំណុច ១០ ដែល​ភាគី​ទាំង​ពីរ​បាន​ប្រកាស​ប្ដេជ្ញា​អនុវត្ត ដើម្បី​ប្រឆាំង​នឹង​បណ្ដាញ​ឆបោក​ទាំង​នេះ។ ក្នុង​នោះ​រួម​មាន ការ​ពង្រឹង​កិច្ច​សហការ​ឆ្លង​កាត់​ព្រំដែន ចែក​រំលែក​ព័ត៌មាន​សម្ងាត់​អំពី​សកម្មភាព​ឆបោក ការ​ស៊ើបអង្កេត​លើ​បណ្ដាញ​ឧក្រិដ្ឋជន និង​មេខ្លោង​ដែល​នៅ​ពី​ក្រោយ ការ​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​ដល់​ជនរងគ្រោះ ការ​តាម​ដាន​លំហូរ​សាច់​ប្រាក់​របស់​ក្រុម​ឧក្រិដ្ឋជន និង​ការ​ស្វែងរក​វិធីសាស្ត្រ​ស្ដារ​ទ្រព្យ​សម្បត្តិ​ជនរងគ្រោះ​ដែល​បាត់បង់​ត្រឡប់​មក​វិញ។

សេចក្ដីថ្លែងការណ៍​ដដែល​ក៏​ជំរុញ​ឱ្យ​ធនាគារ ក្រុមហ៊ុន​បច្ចេកវិទ្យា គ្រឹះ​ស្ថាប័ន​ហិរញ្ញវត្ថុ និង​ស្ថាប័ន​ពាក់ព័ន្ធ ពង្រឹង​ការ​ត្រួត​ពិនិត្យ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​គួរ​ឱ្យ​សង្ស័យ ដើម្បី​ទប់ស្កាត់​លំហូរ​ប្រាក់​ខុស​ច្បាប់ និង​សកម្មភាព​លាង​លុយ​កខ្វក់​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ។ ក្រៅ​ពី​នេះ អាស៊ាន និង​សហរដ្ឋអាមេរិក ក៏​បាន​ប្ដេជ្ញា​ចិត្ត​បង្កើន​កិច្ច​ការពារ​ជនរងគ្រោះ​ពី​ការ​ជួញដូរ​មនុស្ស និង​អ្នក​ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ។

ជុំវិញ​រឿង​នេះ អ្នក​ជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​លោក សេង វណ្ណលី លើកឡើង​ថា ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ ទាមទារ​កិច្ច​សហការ​រវាង​ប្រទេស​ពាក់ព័ន្ធ ដោយសារ​មេខ្លោង ទីតាំង​ប្រតិបត្តិការ លំហូរ​ប្រាក់ និង​ជនរងគ្រោះ​ស្ថិត​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​គ្នា។ លោក​ថា គោលការណ៍​ទាំង ១០របស់​អាស៊ាន និង​អាមេរិក មាន​សារៈសំខាន់​ក្នុង​ការ​ជំរុញ​ការ​ចែករំលែក​ព័ត៌មាន ការ​តាម​ដាន​ប្រាក់​សង្ស័យ និង​ការ​រុះរើ​បណ្ដាញ​ឧក្រិដ្ឋជន ប៉ុន្តែ​ប្រសិទ្ធភាព​គឺ​អាស្រ័យ​លើ​ការ​អនុវត្ត​ជាក់ស្ដែង និង​ឆន្ទៈ​របស់​ប្រទេស​នីមួយៗ។

លោក សេង វណ្ណលី បារម្ភ​ថា ប្រសិនបើ​កម្ពុជា និង​សមាជិក​អាស៊ាន​មួយ​ចំនួន​គ្មាន​ឆន្ទៈ​បង្ក្រាប​ឱ្យ​ដល់​ឫសគល់​មេខ្លោង និង​អ្នក​មាន​អំណាច​ដែល​ជាប់​ពាក់ព័ន្ធ​ក្រុម​បណ្ដាញ​ឆបោក​អាច​នឹង​បន្ត​ពង្រីក​បណ្ដាញ​ទ្រង់ទ្រាយ​ធំ​ដដែល។ លោក សេង វណ្ណលី សង្កត់​ធ្ងន់​ថា ការ​វាស់វែង​លទ្ធផល​ប្រឆាំង​ឧក្រិដ្ឋកម្ម​នេះ​មិនមែន​ផ្អែក​លើ​ចំនួន​មនុស្ស​ត្រូវ​បាន​ឃាត់​ខ្លួន​ទេ ប៉ុន្តែ​កម្ពុជា និង​ប្រទេស​ពាក់ព័ន្ធ​ត្រូវ​តែ​បង្ហាញ​ពី​ការ​ផ្ដន្ទាទោស​មេខ្លោង ការ​រឹបអូស​ទ្រព្យសម្បត្តិ​បណ្ដាញ​ឧក្រិដ្ឋជន និង​ការ​ជួយ​ជនរងគ្រោះ​ឱ្យ​ទទួល​បាន​កិច្ច​គាំពារ​តាម​ផ្លូវ​ច្បាប់។

«ក្រោយ​កិច្ច​ប្រជុំ​នេះ​ខ្ញុំ​គិត​ថា សម្ពាធ​លើ​កម្ពុជា​អាច​កើន​ឡើង ព្រោះ​ដៃគូ​មាន​ការ​ប្ដេជ្ញា​ចិត្ត​រួម​ជា​មូលដ្ឋាន​សម្រាប់​សួរ​រក​លទ្ធផល និង​ស្នើ​កិច្ច​សហការ​លើ​សំណុំ​រឿង​ជាក់លាក់។ ការ​ចែក​ព័ត៌មាន​កាន់​តែ​ប្រសើរ​អាច​ជួយ​បង្ហាញ​ថា អ្នក​ណា​បញ្ជា​បណ្ដាញ និង​អ្នក​ណា​ទទួល​ប្រាក់​ពី​បទល្មើស។ ប៉ុន្តែ​យើង​មិន​ទាន់​អាច​សន្និដ្ឋាន​ថា ក្រោយ​កិច្ច​ប្រជុំ​នេះ​នឹង​មាន​ការ​ចាប់​ខ្លួន​មេខ្លោង​ណា​ម្នាក់​ជាក់លាក់​ទេ។ លទ្ធផល​នឹង​អាស្រ័យ​លើ​ភស្តុតាង កិច្ច​សហការ​រវាង​ប្រទេស និង​ការ​ហ៊ាន​អនុវត្ត​ច្បាប់​របស់​មេដឹកនាំ​កម្ពុជា។ សម្រាប់​ខ្ញុំ​ការ​សាកល្បង​ឆន្ទៈ​ពិតប្រាកដ​របស់​លោក ហ៊ុន ម៉ាណែត គឺថា តើ​រដ្ឋាភិបាល​ហ៊ាន​ឱ្យ​ការ​ស៊ើបអង្កេត​ទៅ​ដល់​អ្នក​មាន​លុយ និង​មាន​អំណាច​ដែរ​ឬ​ទេ? ប្រសិនបើ​មាន​ភស្តុតាង​ទៅ​ដល់​ពួកគេ។ បើ​គ្មាន​ការ​ទទួល​ខុសត្រូវ​នៅ​កម្រិត​មេខ្លោង ការ​បង្ក្រាប​តាម​ទីតាំង​នឹង​ពិបាក​បញ្ចប់​ឧក្រិដ្ឋកម្ម​ឆបោក​ចេញ​ពី​កម្ពុជា​ណាស់ បាទ»។

លោក សេង វណ្ណលី

លោក សេង វណ្ណលី បន្ថែម​ថា កម្ពុជា​ក្នុង​នាម​ជា​ប្រទេស​ចូលរួម​អនុម័ត​សេចក្ដីថ្លែង​ការណ៍​អាស៊ាន និង​អាមេរិក​ក៏​ត្រូវ​ទទួល​ខុស​ត្រូវ​ផ្នែក​នយោបាយ​ក្នុង​ការ​បង្ហាញ​លទ្ធផល​ជាក់ស្ដែង​ដែរ។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បើក​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​លើ​ម្ចាស់​ទីតាំង ម្ចាស់​អាជីវកម្ម អ្នក​ផ្ដល់​ទុន និង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​អ្នក​មាន​អំណាច និង​មន្ត្រី​ទាំង​ឡាយ​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក ដោយ​មិនមែន​ផ្ទេរ​តំណែង ឬ​ដក​តួនាទី​ពួកគេ​ជំនួស​ឱ្យ​ការ​ទទួល​ខុសត្រូវ​ទោស​ព្រហ្មទណ្ឌ​ឡើយ។

ប្រទេស​ហ្វីលីពីន (Philippines) បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ និង​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤៩ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ ដោយ​មាន​មេដឹកនាំ​ប្រទេស​មហា​អំណាច​សហរដ្ឋអាមេរិក ចិន និង​ប្រទេស​ដៃគូ​សំខាន់ៗ​ពាក់ព័ន្ធ​ចូល​រួម កាល​ពី​ថ្ងៃ​ទី១៦-១៧ ខែ​វិច្ឆិកា។

ក្រៅ​ពី​កិច្ច​ប្រជុំ​អាស៊ាន-អាមេរិក ក្រុម​មេដឹកនាំ​អាស៊ាន​ក៏​បាន​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា (East Asia Summit) លើក​ទី២១ ដោយ​មាន​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump) នាយករដ្ឋមន្ត្រី​ចិន​លោក លី ឈាង (Li Qiang) ព្រម​ទាំង​មេដឹកនាំ​ដែល​ជា​សមាជិក​ចំនួន ១៩ ប្រទេស​ដូចជា អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន នូវែលហ្សេឡង់ កូរ៉េខាងត្បូង រុស្ស៊ី ចូល​រួម​ពិភាក្សា​លើ​បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ និង​បញ្ហា​សន្តិសុខ​ក្នុង​តំបន់។ សេចក្ដីថ្លែងការណ៍​រួម​ស្ដីពី​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី២១ អាស៊ាន និង​ប្រទេស​ដៃគូ​ក៏​បាន​អនុម័ត​សេចក្ដី​ថ្លែងការណ៍​ដាច់​ដោយឡែក​មួយ​ទៀត​ដែល​មាន ១៩ចំណុច ដើម្បី​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ និង​បទល្មើស​ពាក់ព័ន្ធ។ ក្នុង​នោះ​រួម​មាន សកម្មភាព​តាមដាន បង្កក និង​រឹបអូស​ទ្រព្យ​សម្បត្តិ​ដែល​បាន​មក​ពី​ការ​ឆបោក ស៊ើបអង្កេត​បណ្ដាញ​លាង​លុយ​ដែល​ពាក់ព័ន្ធ​នឹង​មជ្ឈមណ្ឌល​ឆបោក សហការ​ចាប់​ខ្លួន និង​កាត់​ទោស​មេខ្លោង អ្នក​ជ្រើសរើស​មនុស្ស និង​អ្នក​សម្របសម្រួល ការពារ និង​បញ្ជូន​ជនរងគ្រោះ​ដោយ​ការ​ជួញដូរ​មនុស្ស​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ និង​ការ​បង្កើត​យន្តការ​ស៊ើបអង្កេត​រួម។

ទាក់ទង​នឹង​រឿង​នេះ​ដែរ អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា លើកឡើង​ថា សេចក្ដី​អនុម័ត​របស់​អាស៊ាន និង​អាមេរិក អាច​នឹង​គ្មាន​លទ្ធផល​ជា​ដុំ​កំភួន​ឡើយ ដរាបណា​មេដឹកនាំ​កម្ពុជា ព្រម​ទាំង​ប្រទេស​សមាជិក​ដូចជា ឡាវ ថៃ និង​មីយ៉ាន់ម៉ា ជាដើម​គ្មាន​ឆន្ទៈ​រុះរើ​មជ្ឈមណ្ឌល​ឆបោក​ឱ្យ​ដល់​ឫសគល់ និង​ស៊ើបអង្កេត​មេខ្លោង​ពាក់ព័ន្ធ​សំខាន់ៗ​ដែល​នៅ​ពី​ក្រោយ​ឧក្រិដ្ឋកម្ម​ទាំង​នេះ។ លោក​វាយតម្លៃ​ថា យន្តការ​អាស៊ាន​នឹង​មិន​អាច​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​បាន​ឡើយ។ ប៉ុន្តែ​លោក​ថា សហរដ្ឋអាមេរិក​នឹង​បន្ត​ដើរ​តួនាទី​ស្នូល ដើម្បី​ដាក់​សម្ពាធ​កម្ពុជា និង​ប្រទេស​ពាក់ព័ន្ធ ព្រម​ទាំង​អាច​ចាត់​វិធានការ​ដោយ​ឯកតោ​ភាគី ប្រសិនបើ​មេដឹកនាំ​កម្ពុជា និង​សមាជិក​អាស៊ាន​មួយ​ចំនួន​នៅ​តែ​មិន​ចាត់​ការ​លើ​ក្រុម​មេខ្លោង​ដែល​មាន​ឥទ្ធិពល។

លោក ឯម សុវណ្ណារ៉ា «សហរដ្ឋអាមេរិក​មាន​វិធីសាស្ត្រ ឬ​គេ​ហៅ​ថា មធ្យោបាយ​ពេញលេញ​របស់​គេ។ គេ​អាច​ធ្វើ​បាន ប៉ុន្តែ​ក៏​ទាមទារ​កិច្ច​សហប្រតិបត្តិការ។ ចំណុច​កន្លែង​ហ្នឹង​កម្ពុជា​ក៏​ហាក់​ដូចជា​មិន​មាន​លក្ខណៈ​អាច​បដិសេធ​បាន​ទេ គ្រាន់តែ​មិន​ទាន់​បាន​ចូលរួម​សហការ​ពេញលេញ​ទៅ​លើ​ប្រតិបត្តិការ​មួយ​ចំនួន ឬ​ក៏​ទៅ​លើ​បុគ្គល​មួយ​ចំនួន​ដែល​សហរដ្ឋអាមេរិក​ចោទ​ប្រកាន់​ដាក់​បន្ទុក​ដូចជា ឧកញ៉ា​មួយ​ចំនួន ឬ​ក៏​មន្ត្រី​មួយ​ចំនួន​អ៊ីចឹង ដូចជា​មិន​ទាន់​មាន​ការ​ស៊ើបអង្កេត​ដេញ​ដោល នៅ​ពេល​សហរដ្ឋអាមេរិក​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ​អី​ជាដើម។ អា​ហ្នឹង​ជា​កិច្ចការ​មួយ​ដែល​កម្ពុជា​ត្រូវ​ការ​ជំរុញ​សហប្រតិបត្តិការ​ហ្នឹង​បន្ថែម​ទៀត»។

លោក ឯម សុវណ្ណារ៉ា

ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​បាន​ពង្រីក​ខ្លួន និង​រីក​ដុះដាល​យ៉ាង​ឆាប់​រហ័ស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ និង​បាន​ប្លន់​លុយ​ពី​ពលរដ្ឋ​អាមេរិក និង​ពលរដ្ឋ​ក្នុង​តំបន់​ក្នុង​មួយ​ឆ្នាំៗ​រាប់​សិប​ពាន់​លាន​ដុល្លារ។ ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​កម្ពុជា​ត្រូវ​បាន​សហរដ្ឋអាមេរិក និង​ពិភព​លោក​ចាត់​ទុក​ថា ជា​មជ្ឈមណ្ឌល​ឆបោក​ដ៏​សំខាន់​មួយ​រហូត​សារព័ត៌មាន​អន្តរជាតិ​ហៅ​កម្ពុជា​ថា ជា​ប្រទេស ស្កេមបូឌា (Scambodia)។

សហរដ្ឋអាមេរិក​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ២០២៥ ពលរដ្ឋ​អាមេរិក​បាន​ខាតបង់​លុយ​ប្រមាណ​ជិត ២១ពាន់​លាន​ដុល្លារ ដោយសារ​តែ​បណ្ដាញ​ឆបោក​តាម​អនឡាញ​ដែល​ប្រតិបត្តិការ​នៅ​កម្ពុជា និង​ពី​តំបន់​អាស៊ីអាគ្នេយ៍។ ជាមួយ​គ្នា​នេះ ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម (UNODC) រក​ឃើញ​ថា ប្រជាជន​នៅ​អាស៊ី​បូព៌ា អាស៊ីអាគ្នេយ៍ អូស្ត្រាលី និង​នូវែលហ្សេឡង់ ក៏​បាន​ខាតបង់​ប្រាក់​ជាង ១១៤ ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ២០២៥ ដោយសារ​ការ​ឆបោក​តាម​អនឡាញ​នៅ​អាស៊ីអាគ្នេយ៍៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ