រដ្ឋាភិបាល​ថៃ​ប្រកាស​ផ្ដល់​ទិដ្ឋាការ​ការងារ​ដល់​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ឡើង​វិញ

0
39
ទិដ្ឋភាពពលករខ្មែរត្រឡប់ពីប្រទេសថៃ តាមច្រកព្រំដែន​បានឡែម ខេត្ត​បាត់ដំបង។ រូប៖ ហ្វេសប៊ុករដ្ឋបាលខេត្ត​បាត់ដំបង
ទិដ្ឋភាពពលករខ្មែរត្រឡប់ពីប្រទេសថៃ តាមច្រកព្រំដែន​បានឡែម ខេត្ត​បាត់ដំបង។ រូប៖ ហ្វេសប៊ុករដ្ឋបាលខេត្ត​បាត់ដំបង


ថ្មី​ៗ​នេះ រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​ផ្ដល់​ទិដ្ឋាការ​ការងារ​ដល់​ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ឡើង​វិញ ក្រោយ​ពី​បាន​ផ្អាក​អស់​មួយ​រយៈ ដោយ​សារ​ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​ព្រំដែន​ជិត​មួយ​ឆ្នាំ។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​សម្រេច​នេះ​ថា ជា​រឿង​ល្អ ដើម្បី​ជួយ​សម្រួល​ដល់​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់ ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ទាំង​ដោយ​ខុស​ច្បាប់ និង​ស្រប​ច្បាប់ ហើយ​បាន​ជួប​ប្រទះ​ការ​លំបាក​ជា​ច្រើន​ក្នុង​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​មក​នេះ​។

​សេចក្ដី​សម្រេច​របស់​គណៈរដ្ឋមន្ត្រី​ថៃ​ ចុះ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ដែល​ទូរទស្សន៍​អាស៊ីសេរី​ទើប​ទទួល​បាន​នៅ​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា​នេះ បាន​បង្ហាញ​ថា រដ្ឋាភិបាល​ថៃ​បាន​សម្រេច​ជា​ថ្មី​រៀបចំ​បញ្ជី​ឈ្មោះ និង​ផ្ដល់​សិទ្ធិ​ស្នាក់នៅ ព្រម​ទាំង​ទិដ្ឋាការ​ការងារ​ដល់​ជន​បរទេស​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់ និង​អ្នក​ដែល​ជិត​ផុត​សុពល​ភាព​ឯកសារ ដើម្បី​អាច​បន្ត​សុពល​ភាព​ឡើង​វិញ។

ការ​សម្រេច​ជា​ថ្មី​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ក្រសួង​ការងារ​ថៃ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០២៦ ថា ថៃ​លែង​អនុញ្ញាត​ឱ្យ​ជ្រើស​រើស ឬ​ទទួល​ពលករ​ខ្មែរ​ចូល​មក​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​ក៏​លែង​ផ្ដល់​ទិដ្ឋាការ​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ថៃ​ស្រាប់​ដែរ។ មន្ត្រី​ថៃ​អះអាង​នៅ​ពេល​នោះ​ថា​ វិធាន​ការ​នេះ​ធ្វើ​ឡើង​ដោយ​សារ​បារម្ភ​ពី​សន្តិសុខ​ជាតិ បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​ប្រដាប់​អាវុធ​តាម​ព្រំដែន​កាល​ពី​ឆ្នាំ​២០២៥។ ករណី​នេះ​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ជួប​ការ​លំបាក ហើយ​អ្នក​ខ្លះ​ត្រូវ​ប៉ូលិស​ថៃ​ចាប់​ពិន័យ​ជា​ប្រាក់​រាប់​ម៉ឺន​បាត ដោយ​សារ​ផុត​សុពល​ភាព​ទិដ្ឋាការ​ការងារ និង​ឯកសារ​ស្នាក់​នៅ​ស្រប​ច្បាប់​។

ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ លោកស្រី លាង បុប្ផា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា លោក​ស្រី​សប្បាយ​ចិត្ត​ជា​ខ្លាំង នៅ​ពេល​បាន​ឮ​ថា រដ្ឋាភិបាល​ថៃ​នឹង​ផ្ដល់​ទិដ្ឋាការ​ការងារ និង​លិខិត​អនុញ្ញាត​ស្នាក់នៅ​ដល់​ពលរដ្ឋ​ខ្មែរ​ឡើង​វិញ។ លោក​ស្រី​រៀបរាប់​ថា ក្នុង​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​មក​នេះ ពលករ​ខ្មែរ​រាប់​ពាន់​នាក់​ត្រូវ​រស់​នៅ​ក្នុង​ប្រទេស​ថៃ​ដោយ​ភ័យ​ខ្លាច និង​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​ពលរដ្ឋ និង​ប៉ូលិស​ថៃ ដោយ​សារ​គ្មាន​ទិដ្ឋាការ​ការងារ និង​ឯកសារ​ស្នាក់​នៅ​ត្រឹម​ត្រូវ។

​លោកស្រី លាង បុប្ផា៖ «ចង់​នៅ​ស្រប​ច្បាប់ ពេល​យើង​ទៅ​ណា​ទៅ​ណី យើង​មិន​បាច់​ខ្លាច​ថា គេ​ចាប់​យើង ឬ​មួយ​ក៏​ម៉េច ព្រោះ​អី​យើង​មាន​ស្រប​ច្បាប់ ​អញ្ចឹង»។

សេចក្ដី​សម្រេច​របស់​គណៈរដ្ឋមន្ត្រី​ថៃ​ដដែល​បាន​បញ្ជាក់​ថា ជនបរទេស​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ រួម​ទាំង​ពលករ​ខ្មែរ ដែល​នឹង​ផុត​សុពលភាព​ទិដ្ឋាការ និង​ឯកសារ​ស្នាក់​នៅ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២៧ ត្រូវ​ទៅ​រៀបចំ​ឯកសារ និង​ដាក់​ពាក្យ​ស្នើ​សុំ​បន្ត​ទិដ្ឋាការ​ការងារ​ជា​ថ្មី ចាប់​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៦។ ចំណែក​ជន​បរទេស​ដែល​កំពុង​រស់​នៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់ ឬ​បាន​ផុត​សុពលភាព​ទិដ្ឋាការ​យូរ​មក​ហើយ រដ្ឋាភិបាល​ថៃ​មិន​ទាន់​កំណត់​កាល​បរិច្ឆេទ​ជាក់លាក់​សម្រាប់​ឱ្យ​ពួក​គេ​បន្ត ឬ​រៀបចំ​ឯកសារ​នៅ​ឡើយ​ទេ។

ជាមួយ​គ្នា​នេះ ពលករ​ខ្មែរ​ភាគ​ច្រើន​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់ ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា​សហការ​ល្អ​ជា​មួយ​អាជ្ញាធរ​ថៃ​ឡើង​វិញ ដើម្បី​ជួយ​សម្រួល​ដល់​ពលករ​ខ្មែរ​ឱ្យ​អាច​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដោយ​ស្រប​ច្បាប់។ ជាពិសេស ពួក​គេ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ជួយ​សម្រួល​ថ្លៃ​ធ្វើ​លិខិត​ឆ្លង​ដែន​ឱ្យ​មាន​តម្លៃ​ទាប និង​អាច​ទទួល​បាន​ឆាប់​រហ័ស នៅ​ពេល​ពួក​គេ​ត្រឡប់​មក​កម្ពុជា​ដើម្បី​ធ្វើ​លិខិត​ឆ្លង​ដែន​ឡើង​វិញ។ ពួក​គេ​ក៏​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យ​បាន​ទូលំទូលាយ​អំពី​នីតិវិធី​នៃ​ការ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ឡើង​វិញ​ដោយ​ស្រប​ច្បាប់ និង​មាន​សុវត្ថិភាព​។

ទូរទស្សន៍​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ស៊ុន មេសា ដើម្បី​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា។

មន្ត្រី​គម្រោង​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាក​ស្រុក​ប្រចាំ​ប្រទេស​ថៃ នៃ​អង្គការ​សង់​ត្រាល់ លោក លឹង សុផុន មានប្រសាសន៍ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ជាង​២​ម៉ឺន​នាក់​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដោយ​ស្រប​ច្បាប់ ហើយ​នឹង​ត្រូវ​ផុត​សុពលភាព​ឯកសារ​នៅ​ដើម​ឆ្នាំ​២០២៧។ លោក​ថា រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​ឱ្យ​ពួក​គេ​ទៅ​បន្ត​សុពលភាព​ទិដ្ឋាការ​ការងារ និង​ឯកសារ​ឡើង​វិញ ចាប់​ពី​ខែ​វិច្ឆិកា​នេះ​។ លោក​បន្ត​ថា ចំពោះ​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់ រដ្ឋាភិបាល​ថៃ​ក៏​បាន​ប្រកាស​ឱ្យ​ត្រៀម​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​អនឡាញ ដើម្បី​ស្នើ​សុំ​ទិដ្ឋាការ​ការងារ​ផង​ដែរ​។

លោក​យល់​ថា នេះ​ជា​ដំណឹង​ដ៏​ល្អ ហើយ​លោក​សង្ឃឹម​ថា អ្នក​នយោបាយ​ខ្មែរ និង​ថៃ​គួរតែ​បញ្ឈប់​ការ​ប្រើ​ប្រាស់​សារ​នយោបាយ​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ព្រោះ​ពួក​គេ​បាន​ជួប​ការ​លំបាក​ជា​ច្រើន​ក្នុង​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​មក​នេះ​។ លោក​សង្ឃឹម​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​សហការ​ល្អ​ជា​មួយ​អាជ្ញាធរ​ថៃ ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទទួល​បាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​បន្ត​ធ្វើ​ការ​នៅ​ប្រទេស​ថៃ និង​អាច​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​បាន។

«ខ្ញុំ​សំណូម​ពរ​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ហើយ​និង​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​ខាង​ក្រសួង​ការ​បរទេស​ខ្មែរ មាន​ប្រចាំ​ការ​នៅ​ទី​ក្រុង​បាងកក ហ្នឹង​រក​វិធី​សាស្ត្រ​ណា គោលការណ៍​ណា​ ដើម្បី​ជួយ​សម្របសម្រួល​កិច្ចការ​ជា​មួយ​រដ្ឋាភិបាល​ថៃ​ហ្នឹង​។​ ជួយ​លើក​កម្ពស់​ដល់​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​តែ​រស់​នៅ​ក្នុង​ប្រទេស​ថៃ ដែល​ពួក​គាត់​ហ្នឹង​ព្រួយ​បារម្ភ​ណាស់​រាល់​ថ្ងៃ​ហ្នឹង​។​​ ខ្ញុំ​មើល​ឃើញ​ហ្នឹង​ថា លំបាក​ច្រើន​មែន​ទែន​តែ​ម្ដង​ បាទ»។

​លោក លឹង សុផុន

ចាប់​តាំង​ពី​យោធា​ថៃ​ធ្វើ​សង្គ្រាម​វាយ​ប្រហារ​ឈ្លានពាន​កម្ពុជា​​​កាល​ពី​ឆ្នាំ​២០២៥​មក​ ពលករ​ខ្មែរ​រាប់​សែន​នាក់​ដែល​ធ្លាប់​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​បាន​សម្រុក​ត្រឡប់​មក​មាតុភូមិ​វិញ ដោយ​សារ​បារម្ភ​ពី​សុវត្ថិភាព។ ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​ថៃ​ក៏​បាន​ប្រកាស​លែង​ទទួល​ពលករ​ខ្មែរ​ឱ្យ​ចូល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ និង​លែង​ផ្ដល់​ទិដ្ឋាការ​ការងារ​ដល់​ពលករ​ខ្មែរ​ផង​ដែរ។

​ទោះ​ជា​យ៉ាង​ណា ពលករ​ខ្មែរ​ជា​ច្រើន​ដែល​ត្រឡប់​មក​ភូមិ​កំណើត​វិញ​បាន​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ដោយ​សារ​ពិបាក​រក​ការងារ​ដែល​មាន​ស្ថិរភាព​ធ្វើ​នៅ​ក្នុង​ស្រុក។ ស្ថានភាព​នេះ​ធ្វើ​ឱ្យ​ពួក​គេ​ប្រឈម​នឹង​បញ្ហា​ជីវភាព និង​ជំពាក់​បំណុល​ធនាគារ​កាន់​តែ​ច្រើន។

ជា​មួយ​គ្នា​នេះ ពលករ​ខ្មែរ​រាប់​រយ​នាក់​បាន​បង្ខំ​ចិត្ត​ត្រឡប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​វិញ​ដោយ​ខុស​ច្បាប់។ អ្នក​ខ្លះ​ត្រូវ​ប៉ូលិស​ថៃ​ចាប់​ដាក់​ពន្ធនាគារ និង​អ្នក​ខ្លះ​ទៀត​ត្រូវ​ពិន័យ​ជា​ប្រាក់​រាប់​ម៉ឺន​បាត។ ករណី​នេះ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) បាន​ចាត់​ទុក​ថា ជា​ការ​បរាជ័យ​ធ្ងន់ធ្ងរ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ក្នុង​ការ​ផ្ដល់​ការងារ​គ្រប់​គ្រាន់ និង​កម្រៃ​សមរម្យ​សម្រាប់​ពលករ​ខ្មែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ