

តំណាងខ្មែរក្រោមស្នើឱ្យសភា និងរដ្ឋាភិបាលបារាំងពិនិត្យឡើងវិញលើច្បាប់ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ដែលបារាំងបានផ្ទេរទឹកដីកម្ពុជាក្រោម ឬបារាំងហៅថាកូសាំងស៊ីន ទៅឱ្យវៀតណាមគ្រប់គ្រងបន្តរហូតដល់ពេលបច្ចុប្បន្ន។ អ្នកច្បាប់លើកឡើងថា នៅមុនពេលអនុម័តច្បាប់ឆ្នាំ ១៩៤៩ នោះបារាំងមិនបានសួរយោបល់របស់ប្រជាពលរដ្ឋខ្មែរក្រោម ដែលជាម្ចាស់ទឹកដី និងនៅមិនមានច្បាស់លាស់ជាច្រើនខាងផ្លូវច្បាប់។
ក្រុមអ្នកតំណាងខ្មែរកម្ពុជាក្រោម កាលពីថ្ងៃទី២០ ខែវិច្ឆិកា បានដាក់ញត្តិទៅកាន់ស្ថានទូតបារាំងប្រចាំកម្ពុជាដើម្បីផ្ញើជូនសភា និងរដ្ឋាភិបាលបារាំង ដោយស្នើឱ្យពិនិត្យឡើងវិញ លើច្បាប់លេខ ៤៩-៧៣៣ ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ដែលពាក់ព័ន្ធនឹងឋានៈទឹកដីកម្ពុជាក្រោម ឬកូសាំងស៊ីនក្នុងអតីតសហភាពបារាំង នៅគ្រាដែលបារាំងជាអាណាព្យាបាលលើប្រទេសកម្ពុជា និងជាអាណានិគមនៅដែនដីកម្ពុជាក្រោម ។ តំណាងខ្មែរកម្ពុជាក្រោម ដែលដាក់ញត្តិទាំងនេះ រួមមាន អង្គការសង្គមស៊ីវិលខ្មែរកម្ពុជាក្រោម អ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្ស អ្នកជំនាញ អ្នកស្រាវជ្រាវ និងនិស្សិត។
ញត្តិរបស់តំណាងខ្មែរកម្ពុជាក្រោមនេះ ធ្វើឡើងតែ៤ថ្ងៃ នៅក្រោយពេលប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានចាកចេញពីកម្ពុជា ជាទីដែលលោក បានចូលរួមកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០។ ក្នុងសន្និសីទនៅទីក្រុងភ្នំពេញគ្រានោះ ប្រមុខរដ្ឋបារាំង បានថ្លែងគួរឱ្យកត់សម្គាល់ថា កម្ពុជាអាចទុកចិត្តបារាំង ទាំងក្នុងអតីតកាល បច្ចុប្បន្ន និងទៅអនាគត។
ក្នុងសំណើសំខាន់ៗចំនួន ៧ចំណុច ដល់រដ្ឋាភិបាលបារាំង ក្រុមអ្នកតំណាងខ្មែរ កម្ពុជាក្រោម មានបំណងឱ្យរដ្ឋាភិបាលបារាំង ពិនិត្យឡើងវិញលើទិដ្ឋភាពច្បាប់ និងប្រវត្តិសាស្ត្រ ដោយស្នើឱ្យពិនិត្យលទ្ធភាពធ្វើវិសោធនកម្ម ឬលុបចោលច្បាប់នេះទាំងស្រុង ប្រសិនបើរកឃើញមូលដ្ឋានគ្រប់គ្រាន់។
អនុប្រធានសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោកបណ្ឌិត សឺន ជុំជួន មានប្រសាសន៍ថា ការផ្ទេរកូសាំងស៊ីន ឬ ទឹកដីកម្ពុជាក្រោម ទៅឱ្យអាណា្ណម ឬ វៀតណាមសព្វថ្ងៃ មានចំណុចមិនច្បាស់លាស់ជាច្រើន ហើយប្រជាពលរដ្ឋខ្មែរក្រោម ចង់ដឹង ថាតើ ភាគីបារាំងមានសំអាងគ្រប់ជ្រុងជ្រោយដែរឬទេ ពាក់ព័ន្ធទៅនឹងឯកសារគោលលក្ខខណ្ឌគតិយុត្តិអន្តរជាតិ ជាពិសេស ករណី ដែលបារាំងមិនបានសួរយោបល់ ប្រជាពលរដ្ឋខ្មែរជាមុន។ លោកថា តំណាងខ្មែរក្រោម ក៏ចង់ឱ្យបារាំងបំភ្លឺផងដែរ ពីផលប៉ះពាល់ដល់សិទ្ធិពលរដ្ឋខ្មែរកម្ពុជាក្រោម។
លោកបណ្ឌិត សឺន ជុំជួន សង្ឃឹមថា ញត្តិរបស់តំណាងខ្មែរកម្ពុជាក្រោម ដាក់ទៅកាន់ទាំងសភា និងរដ្ឋាភិបាលបារាំង ភាគីបារាំងនឹងបកស្រាយឱ្យទូលំទូលាយ នៅចំពោះមុខអ្នកតំណាងខ្មែរកម្ពុជាក្រោម និងក្រុមអ្នកជំនាញ។
«គោលបំណងសំខាន់ហ្នឹង គឺចង់ឱ្យរដ្ឋាភិបាលបារាំងហ្នឹង បកស្រាយបន្ថែមទៅលើថា តើកាលដែលច្បាប់លេខ៤៩-៧៧៣ ហ្នឹងតើការអនុម័តច្បាប់ហ្នឹង គឺវាត្រឹមត្រូវទៅតាមអ្វីដែលជាច្បាប់អន្តរជាតិ ឬមួយក៏មានទំនាក់ទំនង ច្បាស់លាស់អត់? មានលក្ខណៈជាគតិយុត្តអី ដែលអាចជាផ្លូវការថា ការផ្ទេររបស់ បារាំងទៅឱ្យវៀតណាមអាណានិគមបន្តហ្នឹង តើវាត្រឹមត្រូវជាលក្ខណៈគតិយុត្តអត់?ជាចំណុច ដែលយើងមានការងឿងឆ្ងល់ ហើយវានៅតែជាការស្រពិចស្រពិល ដោយសារមិនបានឆ្លងកាត់ជាមួយប្រជាពលរដ្ឋខ្មែរទេ»។
លោក សឺន ជុំជួន
ទឹកដីកម្ពុជាក្រោម មានទំហំប្រមាណ ៦ម៉ឺន៨ពាន់(៦៨.០០០) គីឡូម៉ែត្រការ៉េ។ អំឡុងពេលបារាំងធ្វើជាអាណាព្យាបាលលើកម្ពុជា ទឹកដីខ្មែរដ៏ធំនេះ ត្រូវបានបារាំង ផ្ទេរទៅឲ្យស្តេចអាណ្ណាម គ្រប់គ្រងបន្តកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ រហូតមកដល់សព្វថ្ងៃ។
ច្បាប់លេខ ៤៩-៧៣៣ ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ មាន៣មាត្រា ។ មាត្រា២នៃ ច្បាប់នេះចែងថា «ទឹកដីកូសំាងស៊ីនត្រូវបានភ្ជាប់ទៅជារដ្ឋចំណុះវៀតណាម យោងតាមសេចក្តីប្រកាសរួម កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៤៨ និងសេចក្តីប្រកាស របស់រដ្ឋាភិបាលបារាំង កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៤៨ ហើយដែនដីនេះ ត្រូវបញ្ចប់លក្ខនិ្តកៈជាទឹកដីឯនាយសមុទ្ររបស់បារាំង»។
ចំណែកមាត្រា៣ចែងថា «ក្នុងករណីដែលលក្ខន្តិកៈរបស់ប្រទេសវៀតណាមមានការផ្លាស់ប្តូរ លក្ខន្តិកៈនៃ ដែនដី កូសាំងស៊ីននឹងត្រូវយកមកពិភាក្សាឡើងវិញ ដោយសភាទាំងឡាយ ដែលមានចែងក្នុងមាត្រា៧៥នៃរដ្ឋធម្មនុញ្ញ (ជំពូកទី៧ស្តីពីសហភាពបារាំង)»។
តំណាងខ្មែរក្រោម ស្នើឱ្យបារាំងពិនិត្យ ឱ្យបានជាក់លាក់ លើវិសាលភាព នៃការអនុវត្តផ្នែកច្បាប់នៃមាត្រា ៣ ក្នុងច្បាប់ឆ្នាំ១៩៤៩ ដោយគិតគូរដល់ការផ្លាស់ប្តូរ ឋានៈរបស់ប្រទេសវៀតណាម នៅក្នុងដំណាក់កាលជាបន្តបន្ទាប់។ ពួកគាត់ចង់ឱ្យ បារាំងកំណត់ឱ្យបានច្បាស់ ថាតើនីតិវិធី ឬដំណើរការពិគ្រោះយោបល់ ដែលចែងក្នុងបទប្បញ្ញត្តិនោះ ត្រូវបានអនុវត្តជាក់ស្តែងហើយ ឬនៅ?
លោក ឡាំ ជា នៅមុនពេលឡើង ធ្វើជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការ ដ្ឋាន កិច្ចការព្រំដែន ធ្លាប់បានមានប្រសាសន៍ថា ត្រង់ចំណុចទី៣ នៃច្បាប់ឆ្នាំ១៩៤៩ អំពីបញ្ហាដែនដី កូសាំងស៊ីន ឬ ទឹកដីកម្ពុជាក្រោមនេះ សភាបារាំងទុកសិទ្ធិឱ្យកម្ពុជាតវ៉ា នៅពេលវៀតណាមប្ដូរលក្ខន្តិកៈប្រទេសរបស់ខ្លួន។
«ចំណុចទី៣ មានន័យថា គឺបញ្ហាដែនដីកូសាំងស៊ីននេះ ទុកឱ្យតវ៉ានៅពេលដែលវៀតណាមប្ដូរលក្ខន្តិកៈ បើកសិទ្ធិឱ្យ[ខ្មែរ] កម្ពុជាតវ៉ា»។
លោក ឡាំ ជា
លោក ឡាំ ជា ពន្យល់ថា កាលនោះវៀតណាម ស្ថិតនៅក្រោមអាណានិគមនិយម បារាំងដូចប្រទេសកម្ពុជាដែរ ដូច្នេះការប្ដូរលក្ខន្តិកៈប្រទេស មានន័យថា «នៅពេលដែលវៀតណាមឯករាជ្យ»។ លោកថា តាមការសម្រេចរបស់សភាបារាំងប្រទេស កម្ពុជាអាចតវ៉ាបញ្ហាទឹកដីកម្ពុជាក្រោមឡើងវិញបានពេលវៀតណាមទទួលបានឯករាជ្យ។
បន្ថែមលើការស្នើឱ្យបំភ្លឺបញ្ហាទឹកដីកម្ពុជាក្រោម តំណាងខ្មែរកម្ពុជាក្រោមក៏ចង់ឱ្យ រដ្ឋាភិបាលបារាំង ចូលរួមលើកកម្ពស់ និងការពារសិទ្ធិសេរីភាពជាមូលដ្ឋាន របស់ ប្រជាពលរដ្ឋខ្មែរក្រោម ដែលជាជនជាតិដើមរស់នៅលើទឹកដីដូនតាខ្មែរ រួមមាន សិទ្ធិវប្បធម៌ ភាសា សាសនា ដីធ្លី និងការចូលរួមកិច្ចការសាធារណៈ។
អ្នកតំណាងខ្មែរកម្ពុជាក្រោម បានអះអាងថា ញត្តិរបស់ខ្លួន មិនមានគោលបំណង លើកកម្ពស់ការស្អប់ខ្ពើម ឬប៉ះពាល់ដល់សិទ្ធិ របស់ប្រជាជនណាមួយផ្សេងទៀតឡើយ។ ពួកគាត់ថា នេះគឺជាគំនិតផ្តួចផ្តើមដោយសន្តិវិធីស្របច្បាប់ និងប្រកបដោយលក្ខណៈប្រជាធិបតេយ្យ ដែលមានមូលដ្ឋានលើការស្វែងរកការពិតប្រវត្តិសាស្ត្រ ការគោរពច្បាប់អន្តរជាតិ និងការការពារសេចក្តីថ្លៃថ្នូររបស់មនុស្ស។
រហូតមកដល់ពេលនេះ គេនៅមិនទាន់ឃើញមានការឆ្លើយតបបែបណាពីស្ថានទូតបារាំងប្រចាំកម្ពុជានៅឡើយទេ។ ទោះជាយ៉ាងណា ការស្នើសុំរបស់តំណាងខ្មែរកម្ពុជាក្រោមធ្វើឡើងក្នុងពេលរដ្ឋអំណាចវៀតណាមកំពុងធ្វើទុក្ខបុកម្នេញ ធ្ងន់ធ្ងរលើព្រះសង្ឃ សកម្មជន និងពលរដ្ឋខ្មែរក្រោម ដែលបានតស៊ូមតិទាមទារឱ្យរដ្ឋាភិបាលវៀណាម គោរពសិទ្ធិជនជាតិដើមខ្មែរក្រោមជាម្ចាស់ស្រុក។ គិតមកដល់ពេលនេះ នៅមានព្រះសង្ឃសកម្មជន និងពលរដ្ឋខ្មែរក្រោមចំនួន ១២អង្គ និងរូបកំពុងជាប់ពន្ធនាគារនៅឡើយ៕









