អាជ្ញាធរ​ខេត្ត​កំពត​រឹតត្បិត​គណបក្ស​ប្រឆាំង​មិន​ឲ្យ​ជួបជុំ​ធ្វើ​វេទិកា​នយោបាយ

0
33
អភិបាលខេត្ត​កំពត លោក ម៉ៅ ធនិន។ រូប៖ បណ្ដាញសង្គម
អភិបាលខេត្ត​កំពត លោក ម៉ៅ ធនិន។ រូប៖ បណ្ដាញសង្គម

អាជ្ញាធរ​ស្រុក​ទឹកឈូ ខេត្ត​កំពត បង្កើន​ការ​ធ្វើ​ទុក្ខ​បុកម្នេញ រឹតត្បិត គំរាមកំហែង និង​បំភិត​បំភ័យ​មក​លើ​គណបក្ស​កម្លាំង​ជាតិ មិន​ឲ្យ​រៀបចំ​វេទិកា​នយោបាយ ជួបជុំ​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ។ មន្ត្រី​សិទ្ធិ​មនុស្ស​បារម្ភ​ថា ការ​បន្តបិទ​ខ្ទប់​សិទ្ធិ​សេរីភាព​របស់​គណបក្ស​ប្រឆាំង​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​នេះ អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។

ស្រប​ពេល​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ២០២៧ និង​ថ្នាក់​ជាតិ​ឆ្នាំ២០២៨ ខិត​ជិត​មក​ដល់​អាជ្ញាធរ​របបក្រុង​ភ្នំពេញ​បង្កើន​សកម្មភាព​យាយី គំរាម​កំហែង​ផ្នែក​ស្មារតី និង​រឹតបន្តឹង​ទៅ​លើ​សកម្ម​ភាព​ជួបជុំ​គណបក្ស​ប្រឆាំង​កាន់តែ​ខ្លាំង​ជាង​មុន។

ជាក់ស្តែង កាលពីថ្ងៃទី២២ វិច្ឆិកា កន្លង​ទៅ​នេះ គណបក្ស​កម្លាំង​ជាតិ​គ្រោង​រៀបចំ​វេទិកា​សាធារណៈ​ធំមួយ ដែល​មាន​ការ​ចូលរួម​ពី​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ជា មុនី អនុប្រធាន​គណបក្ស​លោក សុខ គឹមសេង និង​ថ្នាក់​ដឹកនាំ​គណបក្ស​មួយ​ចំនួន​ទៀត នៅ​ទីតាំង​ដី​របស់​តំណាង​គណបក្ស​ខ្លួន ក្នុង​ភូមិ​ព្រៃថ្នង ឃុំព្រៃថ្នង ស្រុក​ទឹកឈូ ខេត្តកំពត ប៉ុន្តែ​ត្រូវ​រំសាយ​ទៅវិញ ដោយសារ​អាជ្ញាធរ​នៅ​មូល​ដ្ឋាន បាន​ព្រមាន​ចាត់​វិធាន​ការ​ច្បាប់ បំបាក់​ស្មារតី​លើ​ម្ចាស់ទី​តាំងដី និងប្រើ​គ្រប់​មធ្យោបាយ​ទប់ស្កាត់​ការ​រៀបចំ​កម្មវិធី​នេះ។

តំណាង​គណបក្ស​កម្លាំង​ជាតិ​ខេត្តកំពត និង​ជា​អនុប្រធាន​យុវជន​ថ្នាក់ជាតិ​គណបក្ស​កម្លាំង​ជាតិ ​លោក ព្រំ រ័ត្ន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា គណបក្ស​បាន​ដាក់​លិខិត​ជូន​ដំណឹង​ស្នើសុំ​រៀបចំ​កម្មវិធី​ធំនេះ ទៅ​អាជ្ញាធរ​ឃុំ​ស្រប​តាម​នីតិវិធី ប៉ុន្តែ​អាជ្ញាធរ​បាន​បង្កការ​លំបាក និងណែនាំ​ឲ្យ​គណបក្ស​ដាក់​លិខិត​ជាថ្មី​ថា ជា​កម្មវិធី​ជួបជុំ​ធម្មតា​បែប​តូចចង្អៀត​វិញ ហើយ​គណបក្ស​ក៏​បាន​យល់ព្រម​ធ្វើ​តាម ដោយសារ​កៀក​នឹង​ថ្ងៃ​កម្មវិធី​ទៅ​ហើយ។ លោក​បន្ត​ថា នៅ​ពេល​គណបក្ស បាន​ធ្វើ​តាម​ការ​ណែនាំ ស្រាប់តែ អភិបាល​ស្រុក​ទឹកឈូ លោក អ៊ឹម ច័ន្ទសោធន ក៏បាន​ចេញ​លិខិត​អញ្ជើញ​ម្ចាស់ទី​តាំងដី​២រូប គឺ​លោក នូ សាវ៉ាត ត្រូវ​ជាប្តី និង​លោកស្រី ឡេស ម៉ៃសារ៉ស់ ជាប្រពន្ធ ឲ្យចូល​ទៅជួប​កាលពី​ថ្ងៃទី១៩ ​វិច្ឆិកា កន្លង​ទៅ​នេះ។ លោក​ថា អភិបាល​ស្រុក​រូបនេះ បាន​ព្រមាន​អនុវត្ត​នីតិវិធី​ច្បាប់ និង​បាន​ដាក់​បំរាម​មួយ​ចំនួន​ដូចជា មិន​ឲ្យ​បំពង​សម្លេង​ខ្លាំង​លឺ​ដល់​អ្នក​ជិតខាង សុំ​បញ្ចី​វត្តមាន​អ្នក​ដែល​ចូលរួម​ប្រជុំ​ទាំង​អស់ មិន​ឲ្យ​មាន​ពលរដ្ឋ​ចូលរួម​ក្នុង​កម្មវិធី ហើយ​ត្រូវមាន​តែ​សមាជិក​សមាជិកា​របស់​ខ្លួន​ប៉ុណ្នោះ ហើយ​ក្នុង​​ករណី​មាន​អ្នកប្តឹង​ពី​ការ​ប្រជុំ​នោះ​មាន​ការ​បំពង​សម្លេង​រំខាន នោះ​​ម្ចាស់​ទីតាំង​និង​អ្នក​តំណាង​គណបក្ស​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។

លោក ព្រំ រ័ត្ន អះអាង​ទៀត​ថា អាជ្ញាធរ​អនុវត្ត​ផ្ទុយ​ពី​គោល​ការណ៍​ច្បាប់​ដែល​មានចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ។ លោក​ថា អាជ្ញាធរ បាន​ប្រើប្រាស់​មធ្យោបាយ គាប​សង្កត់ បំបាក់​ស្មារតី​ដល់​សកម្មជន​គណបក្ស ដាក់​លក្ខខណ្ឌ​ដែល​មិន​សមស្រប និង​រឹតត្បិត​បំបិទ​សិទ្ធិ​សេរីភាព​ដល់ពលរដ្ឋយ៉ាងខ្លាំង។ លោកថ្លែង​ថា អាជ្ញាធរ​អនុវត្ត​ច្បាប់​ហាក់លើ​សពីកាតព្វកិច្ច​របស់​ខ្លួន​ទៅ​ទៀត។

«ខាង​អឺ​អភិបាល​ស្រុក គាត​ដាក់​លក្ខខណ្ឌ​ចង្អៀត មិន​ឱ្យ​មាន​សំឡេង​បំពង​ឮទៅ​ក្រៅ ហើយ​ចុះបើ​សិនជានៅក្នុងហេតុផល​ហ្នឹង បើ​មាន​អ្នក​ណា​ម្នាក់​ដែលត្រូវ​បាន​រៀបចំ​ដើម្បី​ឱ្យមាន​ការ​ប្តឹង​ផ្តល់​ម្ចាស់ផ្ទះ ឬតំណាង​គណបក្ស​យើង វា​ធ្វើ​ឱ្យ​មាន​បញ្ហា។ ដូច្នេះ​ហើយ​ការ​អនុវត្ត​នេះវា​ផ្ទុយ​ធម្មតា ការ​បំពង​សំឡេង​ឬអី​ហ្នឹង វាតែង​តែ​ឮមិន​ខាន​ទេ។ គាត់​យក​លក្ខខណ្ឌ​បែបនេះ​ជា​ការតឹងរ៉ឹង។ ហើយ​មួយ​ទៀត ដែល​ថា​ការ​អញ្ជើញ​តំណាង​ឃុំ ឬ​តំណាង​គណបក្ស​ស្រុក​ហ្នឹង គឺ​ប៉ះពាល់​ដល់​ស្មារតី​របស់​គាត់​បាត់ហើយ ធ្វើឱ្យ​មាន​សម្ពាធផ្លូវចិត្ត ហើយ​ទៅ​ដល់​កន្លែង​ហើយ យើង​ដាក់​លក្ខ​ខណ្ឌ​ដែល​តឹងរ៉ឹង ដែលមិនអាច​ទទួល​យក​បាន​ទៀត វាចូល​លក្ខណៈ​បិទ​សិទ្ធិ​សេរីភាព ទាក់ទង​ទៅនឹង​លំហ​សេរីភាព លំហ​នៃ​ការធ្វើ​សកម្មភាព​នយោបាយ ដែលៗ​យើង​មិនអាច​ទទួល​យក​បាន»។

លោក ព្រំ រ័ត្ន

ទូរទស្សន៍​អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាល​ស្រុក​ទឹកឈូ លោក អ៊ឹម ច័ន្ទសោធន ដើម្បី​ឆ្លើយ​បំភ្លឺ​ជុំវិញ​រឿង​នេះ​បានទេ នៅថ្ងៃ​ទី២៤ វិច្ឆិកា​នេះ។

កាលពី​ថ្ងៃ​ទី១៨ ខែវិច្ឆិកា ប្រធាន​គណៈកម្មការ​ទី១ នៃ​រដ្ឋសភា​លោក សរ ចំរុង បាន​ណែនាំ​ទៅ​អភិបាល​ខេត្ត​កំពត​លោក ម៉ៅ ធនិន និង​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​យកចិត្ត​ទុកដាក់ និងប្រុង​ប្រយ័ត្ន​ចំពោះ​សកម្មភាព​នយោបាយ​របស់​គណបក្ស​ប្រឆាំង​ទាំង​នៅ​មូលដ្ឋាន និង​លើ​បណ្តាញ​សង្គម មុន​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ២០២៧ ដែល​អាច​បង្កការ​បំផុស​បំផុល ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ជំនឿ ប៉ះពាល់​ដល់​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល។

គណបក្ស​កម្លាំងជាតិ យល់​ឃើញ​ថា ការ​បង្គាប់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន តាមដាន និង​ប្រុង​ប្រយ័ត្ន​សកម្ម​ភាព​របស់​គណបក្ស​ប្រឆាំង​នេះ ជារឿង​មិន​សមហេតុ​ផល​ទាល់តែ​សោះ ហើយ​ថា គណបក្ស​ប្រឆាំង​ជាពិសេស​គណបក្ស​កម្លាំង​ជាតិ គឺ​ធ្វើ​សកម្មភាព​ស្រប​តាម​ច្បាប់នានា ហើយ​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​ជាមួយ​ក្រសួង​មហាផ្ទៃ​ផងដែរ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា កម្ពុជា ជា​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស ហើយ​រាល់​គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ដោយ​ស្របច្បាប់ និង​មាន​តម្កល់​លក្ខ​ខន្ធិកៈ​ជាមួយ​ក្រសួង​មហាផ្ទៃ នោះ​គណបក្ស​ទាំង​នោះ អាចធ្វើ​សកម្មភាព​នយោបាយ​បាន​ដោយ​ស្រប​ច្បាប់​នៅ​កម្ពុជា និង​ត្រូវ​បាន​ធានាដោយ​ច្បាប់ ដោយស្មើភាពគ្នា។ លោកថា ប្រសិនបើ​គណបក្ស​ទាំង​នោះ​ធ្វើការ​ជួបជុំ ហើយ​ត្រូវ​រងការ​បំភិត​បំភ័យ ហាមឃាត់ និងគំរាម​កំហែង​តាម​រូបភាព​ណា​មួយ នោះគឺ​បង្ហាញ​ឲ្យ​ឃើញ​ពីការ​រឹតត្បិត​សេរីភាព​នយោបាយ និង​ប៉ះពាល់​ដល់​ដំណើរ​ការលទ្ធិ​ប្រជា​ធិបតេយ្យ។

«​អាហ្នឹង​ហើយ ដែល​កន្លង​មក​គេតែង​តែ​រិះគន់​ថា លំហសេរីភាព​នយោបាយ​ត្រូវបាន​រឹតត្បិត លំហ​ស៊ីវិល​ត្រូវ​បាន​រឹតត្បិត ឬ​ក៏​លំហ​សារព័ត៌មាន​ត្រូវ​បាន​រឹតត្បិត ហើយ​សហគមន៍​អន្តរជាតិ​តែងតែ​អំពាវនាវ​ឱ្យ​កម្ពុជា​យើងបើក​នូវ​លំហ​សេរីភាព​ទាំង​អស់​ហ្នឹង ឱ្យ​ស្រប​តាម​ទៅតាម​គោល​ការណ៍​នៃ​លទ្ធិប្រជា​ធិបតេយ្យ ដើម្បី​កុំ​ឱ្យ​មាន​រឹតត្បិត​ទៅ​លើ​លំហ​សេរីភាព​ទាំង​អស់​ហ្នឹង ជាពិសេស​គឺ​លំហ​សេរីភាព​នយោបាយ​ហ្នឹង​ឯង​បាទ។»

លោក អំ សំអាត

គណបក្ស​កម្លាំង​ជាតិ​ខេត្ត​កំពត គ្រោង​ដាក់​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ណែនាំ និង​ពិនិត្យ​មើល​បន្ថែម​លើ​ការ​អនុវត្ត​ច្បាប់​របស់អាជ្ញាធរ​នៅ​ថ្នាក់​​មូល​ដ្ឋានថា សមស្រប​ទៅ​នឹង​ស្មារតី សជណ លេខ ៤១១០ ដែល​និយាយ​អំពី​ការ​ណែនាំ​ឲ្យមន្ត្រី​មូលដ្ឋាន​បង្ក​ភាព​ងាយ​ស្រួល​ដល់​គណបក្ស​នយោបាយ​ទាំ​ងអស់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ