

សមត្ថកិច្ចខេត្តបាត់ដំបងស្លៀកពាក់ស៊ីវិល បានចាប់ផ្សឹក និងឃុំព្រះភិក្ខុ ជា វុទ្ធី នៅថ្ងៃទី០១ ខែមេសា ដោយសារព្រះអង្គបង្ហោះសារនិយាយពីបញ្ហាព្រំដែនកម្ពុជា-ថៃនៅលើបណ្តាញសង្គមហ្វេសប៊ុក (Facebook)។
សង្គមស៊ីវិល និងអ្នកជំនាញសារព័ត៌មានទទូចឲ្យសមត្ថកិច្ចដោះលែងព្រះភិក្ខុ ជា វុទ្ធី វិញ ដោយថា ការបន្តចាប់ខ្លួនពលរដ្ឋដែលបញ្ចេញមតិ នឹងធ្វើឲ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល។
ការស្នើនេះ បន្ទាប់ពីព្រះភិក្ខុ ជា វុទ្ធី ត្រូវបានសមត្ថកិច្ចចាប់ផ្សឹកនៅក្នុងវត្តពោធិ៍វាលខេត្តបាត់ដបង ទីដែលមន្ត្រីសង្ឃ និងសមត្ថកិច្ចបានណាត់ជួបព្រះអង្គនៅទីនោះ។
ព្រះភិក្ខុ ជា វុទ្ធី គង់នៅវត្តប៉ាឆា ក្រុងបាត់ដំបង គឺជាព្រះសង្ឃមួយអង្គដែលសកម្មក្នុងការងារសង្គម និងតែងបញ្ចេញមតិ ពាក់ព័ន្ធបញ្ហារបស់ប្រទេសជាតិ ការគ្រប់គ្រងរដ្ឋ និងបញ្ហាព្រំដែនជាដើម។ ក្រៅពីនោះ ព្រះអង្គក៏ជា អ្នកសារព័ត៌មានពលរដ្ឋដែរ។
ព្រះសង្ឃគង់នៅខេត្តបាត់ដំបង សុំមិនបញ្ចេញព្រះនាម និងសំឡេង មានថេរដីកា ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី០១ ខែមេសាថា ព្រះភិក្ខុ ជា វុទ្ធី ត្រូវបានមន្ត្រីមន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង ណាត់ជួបនៅវត្តពោធិ៍វាល ក្នុងក្រុងបាត់ដំបង និងត្រូវបានផ្សឹកនៅវត្តដដែលនេះ រួចវាយខ្នោះ ដាក់រថយន្ត ដោយមិនដឹងថាដឹកនាំយកទៅកន្លែងណានោះទេ។
ព្រះអង្គបញ្ជាក់ថា ការចាប់ផ្សឹក និងវាយខ្នោះនេះ ធ្វើឡើងបន្ទាប់ពីព្រះភិក្ខុ ជា វុទ្ធី បានបង្ហោះសារនៅលើបណ្ដាញសង្គម ពាក់ព័ន្ធរឿងព្រំដែន ប៉ុន្តែក្រោយមក ព្រះភិក្ខុ ជា វុទ្ធី បានលុបសារនោះចេញវិញ មុនថ្ងៃទៅជួបមន្ត្រីមន្ទីរ ធម្មការ និង សាសនា នៅវត្តពោធិ៍វាល នៅថ្ងៃទី០១ ខែ មេសា។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី ដែលតាមដានរឿងនេះប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១ ខែមេសា ថា ព័ត៌មានចុងក្រោយ ដែលលោកទទួលបាន គឺព្រះភិក្ខុ ជា វុទ្ធី ត្រូវបានកម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះទៅចាប់ និងនាំខ្លួនទៅកាន់រាជធានីភ្នំពេញ។
លោកទទូចឲ្យសមត្ថកិច្ចដោះលែង ភិក្ខុ ជា វុទ្ធី និងស្នើឲ្យរដ្ឋាភិបាលបើកសេរីភាពឲ្យប្រជាពលរដ្ឋបញ្ចេញមតិ ពាក់ព័ន្ធនឹងរឿងព្រំដែន ទោះបីជារឿងនោះរសើបក៏ដោយ ហើយប្រមូលព័ត៌មានទាំងអស់ ធ្វើការពិចារណា និងដោះស្រាយ ជាជាងធ្វើការចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួន អ្នកបញ្ចេញមតិ ពីព្រោះ វិធានការនេះ នឹងប៉ះពាល់រដ្ឋាភិបាល។
លោក យិន ម៉េងលី៖ «អ្នកដែលខាត គឺរដ្ឋាភិបាល លោកមិនបានព័ត៌មានពិតទេ ពីបញ្ហាអស់ទាំងហ្នឹង ដោយសារតែប្រជាពលរដ្ឋមិនហ៊ានបញ្ចេញ ដោយសារតែការរឹតត្បិតនេះ ព័ត៌មានដែលអសកម្ម ព័ត៌មានដែលអវិជ្ជមាននៅតាមមូលដ្ឋាន ដែលមិនល្អ គឺត្រូវបានបិទ។ អ៊ីចឹងធ្វើឲ្យរដ្ឋាភិបាលមានការលំបាកនៅក្នុងការធ្វើសេចក្ដីសម្រេចចិត្ត ពីព្រោះព័ត៌មានវាអត់មានព័ត៌មានវិជ្ជមាន និងអវិជ្ជាមានទេ កាលណាយើងធ្វើសេចក្ដីសម្រេចចិត្ត កាលណាចង់ធ្វើការកែទម្រង់អីមួយ ទាល់តែបានព័ត៌មានគ្រប់ជ្រុងជ្រោយ។ អ៊ីចឹងបានជាសេរីភាពបញ្ចេញមតិវាសំខាន់ណាស់ អ៊ីចឹងចង់ឲ្យបើកលំហឡើងវិញ។ អ៊ីចឹងសូមឲ្យពិចារណាទៅលើការ ដោះលែងព្រះអង្គឡើងវិញ នៅក្នុងបញ្ហានេះ»។
ទូរទស្សន៍អាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយពីអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ បានទេ នៅថ្ងៃទី១ ខែមេសា។
នាយកប្រតិបត្តិ នៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ ខេមបូចា (CamboJa) លោក ណុប វី ថា នៅក្នុងសង្គមប្រជាធិបតេយ្យ ប្រជាពលរដ្ឋមានអំណាច ក្នុងការបញ្ចេញមតិ ដែលធានាដោយ រដ្ឋធម្មនុញ្ញ ប៉ុន្តែបើករណីមានការគំរាមកំហែង ចំពោះអ្នកបញ្ចេញមតិ នឹងប៉ះពាល់ដំណើរការប្រជាធិបតេយ្យ។ លោកថា ប្រសិនបើរដ្ឋាភិបាល មិនកែសម្រួល ដើម្បីទទួលមតិយោបល់ប្រជាពលរដ្ឋនោះទេ លោកថា នឹងជះឥទ្ធិពលអវិជ្ជមានដល់សង្គមជាតិ ពីព្រោះបញ្ហាឆបោកអនឡាញ និងបញ្ហាអំពើខុសច្បាប់មួយចំនួន ដែលកើតឡើងបច្ចុប្បន្ននេះ ដោយសារតែខ្វះការចូលរួមចំណែកពីភាគីពាក់ព័ន្ធ ដូចជាសង្គមស៊ីវិល និងពលរដ្ឋនៅមូលដ្ឋាន។
លោក ណុប វី ទទូចឲ្យរដ្ឋាភិបាលទទួលយកការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ បើ ទោះបីជាមតិយោបល់ខ្លះធ្វើឲ្យប៉ះពាល់ដល់ដំណើរការ ឬមុខមាត់មន្ត្រីរដ្ឋាភិបាលក៏ដោយ។
លោក ណុប វី៖ «សម្រាប់ខ្ញុំ គឺក្នុងន័យមួយដែលប្រជាពលរដ្ឋលោកតែងតែចង់ ចូលរួមចំណែកនៅក្នុងការលើកឡើងនូវដែលជាទស្សនៈ អ្វីដែលជាការយល់ឃើញនៅក្នុងន័យមួយ ដើម្បីឲ្យរដ្ឋាភិបាលគាត់បានដឹង បានឮហើយក្នុងន័យមួយជំរុញឲ្យឆ្លើយតប និងដោះស្រាយនូវអ្វីដែលជាបញ្ហាទាំងអស់ហ្នឹង។ អ៊ីចឹងចំណុចនេះ គួរតែមានការពិនិត្យពិចារណា។ សម្រាប់ខ្ញុំការបញ្ចេញមតិគួរតែទទួលបាននូវការទទួលយកច្រើនជាងការប្ដឹងផ្ដល់ ឬមួយក៏រូបភាពនៃការគំរាមកំហែងផ្សេងៗទៅដល់អ្នកដែលបញ្ចេញមតិយោបល់ហ្នឹង»។
ក្នុងពេលកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ លោក ហ៊ុន ម៉ាណែត ធ្លាប់បានប្រកាសថា ពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ពីបញ្ហាសង្គម ជាពិសេស ពីបញ្ហាព្រំដែន ពីព្រោះពលរដ្ឋក៏ចេះបារម្ភពីបញ្ហាបូរណភាពទឹកដីដែរ។ ទោះជាយ៉ាងណា សមត្ថកិច្ចនៃរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នៅតែបន្ត ចាប់ខ្លួនពលរដ្ឋដាក់ពន្ធនាគារដោយសារតែ ការបញ្ចេញមតិឈឺឆ្អាលពីបញ្ហាសង្គមនិងទឹកដីដែលគិតមកដល់ពេលនេះមានជិត ១០០ នាក់ហើយ រួមមាន ព្រះសង្ឃ កម្មករសកម្មជនសង្គម សកម្មជននយោបាយ និងអ្នកសារព័ត៌មានជាដើម៕









