ក្រុមប្រឹក្សា​បក្ស​ភ្លើងទៀន​ខេត្ត​ឧត្ដរមានជ័យ លោក ញាន សារុំ ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​គ្មាន​មូលហេតុ

0
52
សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន ខេត្តឧត្ដរមានជ័យ​លោក ញាន សា​រុំ។ រូប៖ ផ្ដល់ឱ្យ
សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន ខេត្តឧត្ដរមានជ័យ​លោក ញាន សា​រុំ។ រូប៖ ផ្ដល់ឱ្យ

សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន ខេត្តឧត្ដរមានជ័យ​លោក ញាន សា​រុំ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន ដោយ​មិន​ទាន់​ដឹង​ពី​មូលហេតុ និង​បាន​បញ្ជូន​ខ្លួន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ​។ សង្គម​ស៊ីវិល ព្រួយបារម្ភ​អំពី​ការ​រឹតត្បិត​សិទ្ធិ​នយោបាយ​បញ្ចេញមតិ និង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាន់តែ​រួម​តូច។

គណបក្ស​ភ្លើងទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ អះអាង​ថា ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន ខេត្ត​ឧត្តរមានជ័យ និង​ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង លោក ញាន សារុំ ត្រូវ​បាន​អាជ្ញាធរ ចាប់​ឃុំខ្លួន កាលពី​យប់​ថ្ងៃទី​៥ ខែសីហា ដោយ​មិនទាន់​ដឹង​ពី​មូលហេតុ​។ អាជ្ញាធរ​បាន​បញ្ជូន​ខ្លួន​លោក​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ​ហើយ នៅ​ថ្ងៃទី​០៦ ខែសីហា​។ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​ទាំងពីរ​ចេញផ្សាយ​នៅ​រសៀល​ថ្ងៃទី​០៦ ខែសីហា។

គណបក្ស​ភ្លើងទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ ចាត់ទុក​ការ​ចាប់ខ្លួន លោក ញាន សារុំ ជា​រូបភាព​គំរាមកំហែង ដើម្បី​បំបាក់ស្មារតី​ពលរដ្ឋ និង​សកម្មជន​នយោបាយ​បក្សប្រឆាំង និង​ធ្វើ​ឲ្យ​នយោបាយ​មុន​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​នៅ​ឆ្នាំ​២០២៧ រឹតតែ​មាន​ភាព​អាប់អួរ​ថែមទៀត​។​

គណបក្ស​ភ្លើងទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អូរ​ស្មាច់ លោក ញាន សា​រុំ ឲ្យ​មាន​សេរីភាព​ឡើងវិញ និង​អាជ្ញាធរ​បញ្ឈប់​សកម្មភាព​ធ្វើទុក្ខបុកម្នេញ ទៅលើ​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន ដើម្បី​ធានា​នូវ​បរិយាកាស​នយោបាយ​ឲ្យ​ល្អ​ប្រសើរ​នៅ​មុន​ពេល​បោះឆ្នោត​ខាងមុខនេះ។

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង ស្នងការ​ខេត្តឧត្ដរមានជ័យ លោក ខូវ លី ដើម្បី​សុំ​ការ​ឆ្លើយតប​បានទេ នៅ​ថ្ងៃទី​០៦ ខែ​សីហា។

ប្រពន្ធ​របស់​លោក ញាន សារុំ គឺ​លោកស្រី អៀន អួក អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​០៦ ខែសីហា​ថា ប្ដី​របស់​លោកស្រី​ត្រូវ​បាន​សមត្ថកិច្ច​ខេត្តឧត្ដរមានជ័យ បញ្ជូន​ខ្លួន​ទៅ​តុលាការ​ដើម្បី​សាកសួរ​ហើយ​នៅ​ថ្ងៃទី​០៦ ខែសីហា និង​បាន​បញ្ជូន​មក​ឃុំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​វិញ ដើម្បី​រង់​ចាំ​នីតិវិធី​នៅ​ថ្ងៃ​បន្ទាប់​ទៀត។

លោកស្រី អៀន អួក៖ «​ពេល​គេ តេ​មក​គាត់​និយាយ​ពី​នេះ​ពី​នោះ​ថា​គាត់​និយាយ​ប៉ះពាល់​ព្រះឥន្ទ្រ​ប៉ះ​អីចឹង ទេវតា​ព្រះឥន្ទ្រ​អី​ទៅ សំណូមពរ​ថា​ប្តី​ខ្ញុំ​មិន​មាន​កំហុស​អី​សូម​ឲ្យ​ដោះលែង​គាត់»។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី ដែល​កំពុង​តាមដាន​បញ្ហា​នេះ លើកឡើង​ថា ប្រសិនបើ​សមាជិក​បក្ស​ប្រឆាំង​គ្រាន់តែ​បញ្ចេញមតិ​ពាក់ព័ន្ធ​និង​ផលប្រយោជន៍​គណបក្ស និង​ប្រយោជន៍​សង្គមជាតិ វា​មិនមែនជា​បទល្មើស​រហូត​ដល់​ចាប់​ឃុំខ្លួន​បែបនេះ​ឡើយ​។ លោក​ព្រួយបារម្ភ​អំពី​ការ​រឹតត្បិត​សិទ្ធិ​នយោបាយ ការ​បញ្ចេញមតិ និង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាន់តែ​រួម​តូច នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ។

លោក យិន ម៉េងលី៖ «រដ្ឋាភិបាល​ថ្មីៗ នេះ​ក៏បាន​និយាយ​ដែរ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ រឿងលើក​ស្ទួយ​រឿង​សេរីភាព​បញ្ចេញមតិ ប៉ុន្តែ​កុំ​ឲ្យ​ប្រើ​ពាក្យ​អសុរោះ បើ​គ្រាន់តែ​ថា​យល់ឃើញ​ពី​បញ្ហា​រឿង​នេះ​រឿង​នោះ​ចឹ​ងៗ មិន​មាន​ការ​ជេរប្រមាថ​និង​ការ​តិះដៀល​នោះ​ទេ ខ្ញុំ​គិត​ថា គម្បី​តែ​ពិនិត្យ​ទ្បើង​វិញ ហើយ​យើង​ចង់​ឲ្យ​បើក​លំហ​ឲ្យ​កាន់តែ​បាន​ទូលាយ​ថែមទៀត ព្រោះ​ពេលវេលា​នៃ​ការ​បោះឆ្នោត​ជាតិ បោះឆ្នោត​ឃុំ​សង្កាត់​ក៏​ជិត​មកដល់​ដែរ»។

អ្នកឃ្លាំមើល​លើកឡើង​ថា បរិយាកាស​នយោបាយ​នៅ​កម្ពុជា កាន់តែ​ធ្លាក់​ក្នុង​វិបត្តិ នៃ​ការ​រឹតត្បិត ខណៈ​សកម្មជន​នយោបាយ និង​សមាជិក​គណបក្ស​ក្រៅ​រដ្ឋាភិបាល យ៉ាងតិច ២២​នាក់ កំពុង​ជាប់ពន្ធនាគារ ជាប់ក្ដី​ក្ដាំ​នៅ​តុលាការ និង បំបិទ​សិទ្ធិ​ធ្វើ នយោបាយ រីឯ អ្នក​ទោស​នយោបាយ និង​អ្នកទោស​មនសិការ​ជាង​១០០​នាក់​ហើយ កំពុង​ជាប់ពន្ធនាគារ ដោយសារ​ការ​បញ្ចេញមតិ ស្របតាម​រដ្ឋធម្មនុញ្ញ​។ ពួកគេ​ថា ប្រសិនបើ​រដ្ឋាភិបាល លោក ហ៊ុន ម៉ា​ណែ​ត មិន​ដោះលែង​អ្នកទោស នយោបាយ និង អ្នកទោស​មនសិការ​ទាំ​ង​អស់នេះ ឱ្យ​មាន​សេរីភាព​ឡើងវិញ និង​មិន​ដោះស្រាយ​វិបត្តិ​នយោបាយ​ឱ្យ​បាន​សមស្រប នៅមុន​ការបោះឆ្នោត ឆ្នាំ​២០២៧ ទេ​នោះ រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត នឹង​រង​ទណ្ឌកម្ម​កាន់តែ​ធ្ងន់​ពី​សហគមន៍​អន្តរជាតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ