

ព្រីតថេនបានជំរុញឱ្យកម្ពុជាដោះស្រាយការរឹតត្បិតលើសេរីភាពពលរដ្ឋ និងនយោបាយ និងបង្កើតលក្ខខណ្ឌសម្រាប់ការបោះឆ្នោតដែលមានសេរីភាព បរិយាបន្ន និងគួរឱ្យជឿទុកចិត្ត ក្នុងរយៈពេលពីរឆ្នាំខាងមុខ។ ការអំពាវនាវនេះឆ្លើយតបទៅនឹងរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ដែលបានអះអាងថា កម្ពុជាកំពុងស្ថិតនៅចន្លោះការពិតពីរដែលមានភាពផ្ទុយគ្នា។ មួយគឺកម្ពុជាដែលប្រកាសជាសាធារណៈអំពីការប្តេជ្ញាចិត្តចំពោះសិទ្ធិមនុស្ស និងនីតិរដ្ឋ ខណៈមួយទៀតត្រូវបានកំណត់ដោយការរឹតត្បិតលើសេរីភាពជាមូលដ្ឋាន និងការឃុំខ្លួនមនុស្សដោយសារពួកគេប្រើប្រាស់សិទ្ធិរបស់ខ្លួន។
ស្ថានទូតព្រីតថេនប្រចាំនៅប្រទេសកម្ពុជា បានបង្ហោះសារនៅលើហ្វេសប៊ុក នៅថ្ងៃទី៦ ខែតុលា របស់ខ្លួនថា ការអំពាវនាវនេះធ្វើឡើងក្នុងកិច្ចសន្ទនាអន្តរកម្មនៃសម័យប្រជុំលើកទី៦៣ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស (Switzerland) ជាកន្លែងដែលចក្រភពអង់គ្លេសបានឆ្លើយតបទៅនឹងរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលោក ថម អេនឌ្រូ។
ព្រីតថេន ទទួលស្គាល់វឌ្ឍនភាពរបស់កម្ពុជាក្នុងវិស័យអប់រំ និងការកាត់បន្ថយភាពក្រីក្រ ស្វាគមន៍កិច្ចខិតខំប្រឹងប្រែងក្នុងការបង្ក្រាបមជ្ឈមណ្ឌលឆបោកតាមអនឡាញ និងឧក្រិដ្ឋកម្មឆ្លងដែនដែលមានការរៀបចំ ព្រមទាំងបង្ហាញការគាំទ្រចំពោះការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។ ប៉ុន្តែព្រីតថេន មានក្តីបារម្ភដូចលោក ថម អេនឌ្រូស អំពីអ្វីដែលលោកបានអះអាងថា ជាការរួមតូចនៃលំហស៊ីវិល និងនយោបាយនៅកម្ពុជា និងផលប៉ះពាល់ដែលអាចកើតមានចំពោះទំនុកចិត្តលើការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជាតិដែលនឹងមកដល់។
ព្រីតថេនបាននិយាយថា ខ្លួនលើកទឹកចិត្តឱ្យរាជរដ្ឋាភិបាលកម្ពុជាចូលរួមប្រកបដោយស្ថាបនាជាមួយអនុសាសន៍របស់អ្នករាយការណ៍ពិសេស និងលើកកម្ពស់បរិយាកាសបើកចំហ និងបរិយាបន្ន ដែលសំឡេងទាំងអស់អាចចូលរួមដោយសេរី។ ព្រីតថេន បានសួរលោក ថម អេនឌ្រូ ថា តើវិធានការអ្វីខ្លះដែលអាចជួយបង្កើតលក្ខខណ្ឌសម្រាប់ការបោះឆ្នោតដែលមានសេរីភាព បរិយាបន្ន និងគួរឱ្យជឿទុកចិត្តនៅកម្ពុជាក្នុងរយៈពេលពីរឆ្នាំខាងមុខ។
នៅក្នុងសម័យប្រជុំលើកទី៦៣នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ បានបង្ហាញការព្រួយបារម្ភជុំវិញសេរីភាពបញ្ចេញមតិ លំហសង្គមស៊ីវិល និងការចូលរួមនយោបាយ ជាពិសេសនៅពេលការបោះឆ្នោតឃុំសង្កាត់ និងថ្នាក់ជាតិខិតជិតមកដល់។
លោក ថម អេនឌ្រូ លើកឡើងថ្លែងថា កម្ពុជាបានបញ្ជាក់ជាបន្តបន្ទាប់អំពីការប្តេជ្ញាចិត្តចំពោះសិទ្ធិមនុស្ស និងនីតិរដ្ឋ ដោយបានផ្តល់សច្ចាប័នលើអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោម៩ និងបានគាំទ្រអនុសាសន៍ចំនួន៨៤% ក្នុងការត្រួតពិនិត្យជាសកលតាមកាលកំណត់ចុងក្រោយ (UPR)។ លោក ក៏បានទទួលស្គាល់ថា កម្ពុជានៅតែបន្តចូលរួមជាមួយអ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិគ្រប់អាណត្តិ រួមទាំងរូបលោកផ្ទាល់ ទោះបីជាការចូលរួមនេះពេលខ្លះមានបញ្ហាប្រឈមក៏ដោយ។
លោក ថម អេនឌ្រូ ក៏បានលើកឡើងពីការព្រួយបារម្ភចំពោះការរឹតត្បិតសេរីភាពបញ្ចេញមតិ និងលំហសង្គមស៊ីវិល ការប្រើប្រាស់ច្បាប់មួយចំនួនដែលប៉ះពាល់ដល់អ្នកនយោបាយជំទាស់ ព្រមទាំងការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស សកម្មជននយោបាយ និងអ្នកសារព័ត៌មានជាដើម។
ជុំវិញបញ្ហានេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានចាត់ទុកការអំពាវនាវរបស់ចក្រភពអង់គ្លេសឱ្យកម្ពុជាពង្រីកលំហនយោបាយ និងស៊ីវិលថា ជាសារដែលរដ្ឋាភិបាលគួរយកចិត្តទុកដាក់ ដោយសារ កម្ពុជាកំពុងប្រឈមនឹងវិបត្តិនយោបាយ និងការរួមតូចនៃលំហប្រជាធិបតេយ្យ។
លោក ស៊ឹង សែនករុណា បានជំរុញឱ្យរដ្ឋាភិបាល និងគណបក្សកាន់អំណាចពិនិត្យមើល និងពិចារណាចំពោះការលើកឡើងរបស់អង់គ្លេស ដោយសារប្រទេសនេះមានទំនាក់ទំនងសេដ្ឋកិច្ច និងការទូតជាមួយកម្ពុជា ហើយបានផ្តល់ការគាំទ្រដល់កម្ពុជាក្នុងរយៈពេលកន្លងមក។
លោក ស៊ឹង សែនករុណា៖ «ការអំពាវនាវរបស់ចក្រភពអង់គ្លេសនេះ គឺជារឿងមួយដ៏ត្រឹមត្រូវ ពីព្រោះកម្ពុជាកំពុងតែជួបនូវវិបត្តិផ្នែកនយោបាយ ហើយប្រជាធិបតេយ្យត្រូវបានបំផ្លាញជាប្រព័ន្ធរួចទៅហើយ» ។
លោក ស៊ឹង សែនករុណា ព្រមានថា ប្រសិនបើការព្រួយបារម្ភរបស់អង់គ្លេសមិនត្រូវបានយកចិត្តទុកដាក់ អាចមានផលប៉ះពាល់ដល់ទំនាក់ទំនងរបស់កម្ពុជាជាមួយអង់គ្លេស និងប្រទេសដៃគូផ្សេងទៀត។ ហើយអ្វីដែលជាបញ្ហានឹងអាចមានភាពប្រឈមក្នុងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ឬក៏ការទូតផ្សេងៗជាមួយចក្រភពអង់គ្លេស ហើយរួមទាំងប្រទេសសម្ព័ន្ធមិត្តរបស់អង់គ្លេសផ្សេងទៀតដែរ។
លោក ស៊ឹង សែនករុណា បានអំពាវនាវឱ្យរដ្ឋាភិបាលយកការលើកឡើងនេះធ្វើជាឱកាសសម្រាប់ពិនិត្យឡើងវិញនូវបញ្ហានយោបាយ និងលំហប្រជាធិបតេយ្យ ដើម្បីជៀសវាងផលប៉ះពាល់ដែលអាចកើតមានចំពោះទំនាក់ទំនងអន្តរជាតិ និងសេដ្ឋកិច្ចរបស់កម្ពុជា។
នៅក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ជាង៤ទសវត្សរ៍មកនេះ បានរំលោភបំពានសិទ្ធិនមនុស្សធ្ងន់ធ្ងរ និងមនុស្សជាច្រើនដែលមានមតិផ្ទុយពីលោក ត្រូវបានគេបាញ់សម្លាប់ ក្នុងនោះមានទាំងអ្នកសារព័ត៌មាន ព្រះសង្ឃ មេដឹកនាំសហជីពសកម្មជនការពារព្រៃឈើនិង ចុងក្រោយគឺការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ប៉ុន្តែរដ្ឋាភិបាលត្រកូលហ៊ុនមិនបានតាមរកមេខ្លោងពិតប្រាកដនៅពីក្រោយឃាតកម្មទាំងអស់នេះឡើយ។ លោក ហ៊ុន សែន ហាក់ខ្វល់ខ្វាយតែរឿងអយុត្តិធម៌កើតឡើងចំពោះរូបលោក និងក្រុមគ្រួសារលោកតែប៉ុណ្ណោះ។ លោកមិនសូវយកចិត្តទុកដាក់នោះឡើយចំពោះការឈឺចាប់ និងភាពអយុត្តិធម៌កើតឡើងចំពោះអ្នកដទៃស្ថិតនៅក្រោមការដឹកនាំរបស់លោក៕









