កម្ពុជាស្នើថៃបង្ហាញទិន្នន័យការបាញ់ប្រហារជុំវិញប្រាសាទព្រះវិហារដើម្បីជាមូលដ្ឋានបោសសំអាតជាតិផ្ទុះ​និង​ស្តារសុវត្ថិភាព

0
118
ទិដ្ឋភាព​ប្រាសាទព្រះវិហារ​បន្ទាប់ពី​យោធា​ថៃ​ឈ្លានពានខ្មែរ​នៅតាមព្រំដែន កាលពី​ខែ​កក្កដា ២០២៥។ រូប៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បះ
ទិដ្ឋភាព​ប្រាសាទព្រះវិហារ​បន្ទាប់ពី​យោធា​ថៃ​ឈ្លានពានខ្មែរ​នៅតាមព្រំដែន កាលពី​ខែ​កក្កដា ២០២៥។ រូប៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បះ

កម្ពុជាស្នើសុំភាគីថៃផ្តល់ព័ត៌មានអំពីទិសដៅនៃការបាញ់ប្រហារ និងទិន្នន័យពាក់ព័ន្ធនឹងការទម្លាក់គ្រាប់បែកពីលើអាកាស និងការបាញ់ប្រហារពីដី ដើម្បី​ធ្វើជាមូលដ្ឋាននៃពត៌មានក្នុងការបោសសម្អាតមីន និងអាវុធជាតិផ្ទុះនានា ដើម្បីស្តារឡើងវិញនូវសុវត្ថិភាពនៅតំបន់ប្រាសាទ និងតំបន់អភិវឌ្ឍន៍។ ចំណែក បក្សប្រឆាំងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាប្តឹងថៃទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដើម្បីដាក់សម្ពាធ ឱ្យថៃ​ផ្ដល់ព័ត៌មានអំពីការបាញ់ប្រហារ ឬទិន្នន័យផ្សេងៗ។

សេចក្តីប្រកាសព័ត៌មាន របស់អង្គប្រជុំបច្ចេកទេសលើកទី១១ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារ និងលើកតម្លៃប្រាសាទព្រះវិហារ ហៅកាត់ថា ICC-ព្រះវិហារ នៅថ្ងៃទី៣០ កញ្ញា បានស្នើសុំភាគីថៃផ្តល់ព័ត៌មានអំពីទិសដៅនៃការបាញ់ប្រហារ និងទិន្នន័យពាក់ព័ន្ធនឹងការទម្លាក់គ្រាប់បែកពីលើអាកាស និងការបាញ់ប្រហារពីដីដែលជាមូលដ្ឋាននៃពត៌មានក្នុងការបោសសម្អាតមីន និងអាវុធជាតិផ្ទុះនានាដើម្បីស្តារឡើងវិញនូវសុវត្ថិភាពនៅតំបន់ប្រាសាទ និងតំបន់អភិវឌ្ឍន៍។

សេចក្តីប្រកាសព័ត៌មានដដែលអះអាងថា អង្គប្រជុំក៏បានផ្តល់អនុសាសន៍ដល់អាជ្ញាធរជាតិព្រះវិហារ ក្នុងការកំណត់ និងរៀបចំអាទិភាពតំបន់សម្រាប់ការបោសសម្អាត សំណល់ជាតិផ្ទុះពីការប៉ះទង្គិចប្រដាប់អាវុធ និង គ្រាប់បែកចង្កោម (Cluster Munitions)។ កិច្ចការបន្ទាន់ត្រូវអនុវត្តបន្តទៀតដើម្បីសង្គ្រោះប្រាសាទព្រះវិហាររួមមាន រចនាសម្ព័ន្ធប្រាសាទចំនួន ២៥កន្លែងទៀតត្រូវទល់ទ្របន្ទាន់ ការសាងសង់រោងដើម្បីរក្សាទុកបំណែកថ្មជៀសវាងការខូចខាតនិងបាត់បង់ ការរៀបចំប្រព័ន្ធផ្លូវទឹកបន្ថែមទៀតដើម្បីបញ្ជៀសផលប៉ះពាល់ប្រាសាទ។

រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា បានប្រាប់ថៃឱ្យបញ្ឈប់ការចោទប្រកាន់កម្ពុជា ថា បានប្រើប្រាស់ប្រាសាទព្រះវិហារ ជាមូលដ្ឋានទ័ព។ លោកស្រីថា តំបន់បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ ត្រូវតែបន្តបម្រើមុខងារផ្នែកវប្បធម៌ និងបេតិកភណ្ឌរបស់ខ្លួន ហើយតំបន់នេះមិនត្រូវបាន និងមិនធ្លាប់ត្រូវបានប្រើប្រាស់សម្រាប់គោលបំណងយោធាឡើយ។

ចំណែក អគ្គនាយកអង្គភាពស៊ីម៉ាក់ លោក ហេង រតនា តាមរយៈបទបង្ហាញនៅក្នុងកិច្ចប្រជុំអាយស៊ីស៊ី-ព្រះវិហារ បានហៅសកម្មភាពបំពាន និងការបំផ្លាញរបស់យោធាថៃមកលើប្រាសាទព្រះវិហារ ថាមានផែនការ គោលដៅ និងការដឹកនាំបញ្ជាច្បាស់លាស់ ក្នុងបំណងកម្ទេចប្រាសាទនេះ។ របាយការណ៍ស៊ីម៉ាក់ បានរកឃើញថា មានរណ្តៅគ្រាប់៦២៥កន្លែង គ្រាប់នៅលើដីចំនួន ៧៣០គ្រាប់ គ្រាប់កប់ក្នុងដីចំនួន ២៤៧គ្រាប់ និងដ្រូនចំនួន ៤។

ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន ប្រាប់ទូរទស្សន៍អាស៊ីសេរី ថា លោកយល់ថា ការប្តឹងថៃទៅកាន់តុលាការ ព្រហ្មទណ្ឌអន្តរជាតិ ICC អាចដាក់សម្ពាធ ឱ្យថៃ អាចផ្ដល់ព័ត៌មានអំពីការបាញ់ប្រហារ ឬទិន្នន័យផ្សេងៗ។ បើសិនជា មិនប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នោះទេ ប្រាកដជាកម្ពុជាមិនទទួលបានយុត្តិធម៌ ដែលថៃ បាន ទម្លាក់គ្រាប់បែកមកលើប្រាសាទអាបុរាណរបស់ខ្មែរនោះទេ។

លោក អ៊ុំ សំអាន បន្ថែមទៀតថា បើសិនជាថៃមិនផ្តល់ទិន្នន័យអំពីគោលដៅ និងទិសដៅ និងទីតាំងនៃការបាញ់ប្រហារនោះទេ វាប៉ះពាល់ទៅដល់ការដោះមីន ការរុករកអាវុធជាតិផ្ទុះ ដើម្បីស្តារឡើងវិញនូវសុវត្ថិភាពនៅតំបន់ប្រាសាទ និងតំបន់ដែលអភិវឌ្ឍ។

លោក អ៊ុំ សំអាន៖ «ខ្ញុំយល់ថា ការប្តឹងថៃទៅកាន់តុលាការ ព្រហ្មទណ្ឌអន្តរជាតិ ICC អាចដាក់សម្ពាធ ឱ្យថៃ ផ្ដល់ព័ត៌មានអំពីការបាញ់ប្រហារ ឬទិន្នន័យផ្សេងៗ អាហ្នឹង ជាការដាក់សម្ពាធដ៏ខ្លាំងក្លាទៅលើថៃ។ បើសិនជា មិនប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នោះទេ ប្រាកដជាកម្ពុជាមិនទទួលបានយុត្តិធម៌ ដែលថៃ បាន ទម្លាក់គ្រាប់បែកមកលើប្រាសាទអាបុរាណរបស់ខ្មែរនោះទេ»។

លោក អ៊ំ សំអាន បន្ថែមទៀតថា នៅក្នុងកម្រិតទូត កម្ពុជាគួរតែប្រើប្រាស់យន្តការអន្តរជាតិដទៃទៀត ដូចជាអង្គការ UNESCO និងអង្គការអន្តរជាតិដទៃទៀត ដើម្បីធានាថា ការស្តារប្រាសាទ និងការស៊ើបអង្កេតអំពីការខូចខាត មានមូលដ្ឋានលើភស្តុតាងដែលអាចផ្ទៀងផ្ទាត់បាន។ ហើយដំណោះស្រាយល្អបំផុតនោះ កម្ពុជាត្រូវតែប្រញាប់ប្ដឹងថៃទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដើម្បីទាមទារសំណងខូចខាតដែលថៃបានទម្លាក់គ្រាប់បែកធ្វើឱ្យខូចខាតទៅដល់ប្រាសាទព្រះវិហារ និងប្រាសាទខ្មែរដទៃទៀត។

ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក គឹម សុខ បានថ្លែងថា ការស្នើឱ្យភាគីថៃផ្តល់ព័ត៌មាន និងទិន្នន័យនៃការបាញ់ប្រហារ និងទម្លាក់គ្រាប់បែកលើប្រទេសកម្ពុជា មិនបានផលនោះទេ ក្នុងពេលដែលភាគីទាំងពីរកំពុងតែប្រឈមមុខដាក់គ្នា និយាយគ្នាមិនបាន។  លោកថា បើយកល្អ ត្រូវប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិឱ្យកាត់សេចក្តី ពីព្រោះនោះគឺជាឧក្រិដ្ឋកម្មសង្គ្រាម ដែលកងទ័ពថៃវាយប្រហារលើកម្ពុជា។

លោក គឹម សុខ៖ «ដូច្នេះរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គួរណាស់តែប្រើប្រាស់យុទ្ធសាស្ត្រក្នុងការសរសេររបាយការណ៍ឱ្យបានជាក់លាក់ អំពី ការបាញ់ប្រហារ និងការទម្លាក់គ្រាប់បែករបស់ថៃលើទឹកដីកម្ពុជា លើប្រាសាទខ្មែរ បញ្ជូន ទៅឱ្យថៃមើល ហើយនិងប្តឹងទៅសហគមន៍អន្តរជាតិ ដើម្បីបញ្ជាក់អំពីសមត្ថភាពនៃការគ្រប់គ្រងស្ថានការណ៍របស់រដ្ឋាភិបាល»។

អង្គការយូណេស្កូបានផ្សព្វផ្សាយរបាយការណ៍ផ្លូវការរបស់បេសកកម្មរួម UNESCO–ICOMOS ដែលបានចុះពិនិត្យប្រាសាទព្រះវិហារពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ បានបញ្ជាក់ពីទំហំនៃការខូចខាតយ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីជម្លោះប្រដាប់អាវុធក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ បេសកកម្មរកឃើញថា ផលប៉ះពាល់បានធ្វើឱ្យខូចខាតដល់ភាពគង់វង្ស (Integrity), ភាពដើម (Authenticity) និងតម្លៃសកលលេចធ្លោ (Outstanding Universal Value – OUV) របស់ប្រាសាទព្រះវិហារ។

របាយការណ៍បានកត់ត្រាថា មានការកត់ត្រាចំនួន ១៤២ តំបន់ដែលបានខូចខាតពីការវាយប្រហារខែកក្កដា និងចំនួន ៤២០ តំបន់ដែលរងការខូចខាតពីការវាយប្រហារខែធ្នូ ឆ្នាំ២០២៥ ហើយបានពិពណ៌នាថា ទំហំនៃការបំផ្លិចបំផ្លាញពីជម្លោះថ្មីនេះគឺ «មិនអាចប្រៀបធៀបបាន» ជាមួយការខូចខាតពីជម្លោះមុនៗ។

អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ លោក គង់ ពុទ្ធិកា ប្រាប់អ្នកសារព័ត៌មានកន្លងមក ថា ការសង្គ្រោះប្រាសាទព្រះវិហារអាចប្រើពេលពី ៥ ទៅ ១០ឆ្នាំ។ គេត្រូវការពេលវេលាបន្ថែមយ៉ាងតិច ២០ឆ្នាំ និងថវិកាចន្លោះពី ៦០ ទៅ ៧០លានដុល្លារដើម្បីអភិរក្ស និងជួសជុលប្រាសាទព្រះវិហារឡើងវិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ