កម្ពុជា​-​អាមេរិក​បង្កើន​កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន និង​បណ្ដាញ​លាង​លុយ​តាម​គ្រីបតូ

0
75
សហប្រធានក្រុមហ៊ុន ហួយ វ័ន ផេ (Huione Pay) លោក ហ៊ុន តូ (ឆ្វេង) ទទួលបាច់ផ្កាពីអតីតមន្ត្រី​ក្រសួងមហាផ្ទៃ លោក ផែង វណ្ណៈ និងជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។ រូប៖ បណ្ដាញសង្គម
សហប្រធានក្រុមហ៊ុន ហួយ វ័ន ផេ (Huione Pay) លោក ហ៊ុន តូ (ឆ្វេង) ទទួលបាច់ផ្កាពីអតីតមន្ត្រី​ក្រសួងមហាផ្ទៃ លោក ផែង វណ្ណៈ និងជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។ រូប៖ បណ្ដាញសង្គម

កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បាន​បង្ហាញ​លទ្ធផល​គួរ​ឱ្យ​កត់​សម្គាល់ ដោយ​មានការ​រឹបអូស​គ្រឿងញៀន​ខុសច្បាប់​ជាង ២០០ គីឡូក្រាម និង​ការ​រក​ឃើញ​បណ្តាញ​លាង​លុយ​តាម​រូបិយប័ណ្ណ​គ្រីបតូ ដែល​ត្រូវ​បាន​អះអាង​ថា ពាក់ព័ន្ធ​នឹង​ក្រុម​ឧក្រិដ្ឋកម្ម​អន្តរជាតិ​។ អ្នកវិភាគ​ថា ការ​ចែករំលែក​ព័ត៌មាន​ស៊ើបការណ៍ និង​ការអនុវត្ត​ច្បាប់​ដោយ​មិន​រើសអើង គឺជា​កត្តា​សំខាន់​សម្រាប់​ធានា​ថា ការ​បង្ក្រាប​មិន​ត្រឹមតែ​ចាប់បាន​អ្នក​ប្រព្រឹត្ត​កម្រិត​ក្រោម​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​ឈាន​ដល់​មេខ្លោង​នៅ​ពីក្រោយ​បណ្ដាញ​ឧក្រិដ្ឋកម្ម។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណ​លី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ប្រតិបត្តិការ​រួមគ្នា​ទាំងនេះ​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការ​ចែករំលែក​ព័ត៌មាន​ស៊ើបការណ៍​ឆ្លងដែន ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ដែល​មាន​ការរៀបចំ​កាន់​តែ​ស្មុគស្មាញ​។ លោក ថា ការ​រឹបអូស​គ្រឿងញៀន​ជាង ២០០ គីឡូក្រាម និង​ការ​រក​ឃើញ​បណ្ដាញ​លាង​លុយ​តាម​រូបិយប័ណ្ណ​គ្រីប​តូ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ឧក្រិដ្ឋកម្ម​ធំ​មួយ បង្ហាញថា បទល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នៅ​កម្ពុជា​កំពុង​មាន​លក្ខណៈ​ជា​ឧក្រិដ្ឋកម្ម​ឆ្លងដែន​កាន់តែ​ខ្លាំង និង​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទំនើប។

លោក សេង វណ្ណលី បញ្ជាក់​ថា ការ​ចែករំលែក​ព័ត៌មាន​ស៊ើបការណ៍​ទាន់​ពេលវេលា គឺជា​កត្តា​សំខាន់​ក្នុង​ការ​កាត់ផ្ដាច់​បណ្ដាញ​ជួញដូរ​ឆ្លងដែន ខណៈ​មន្ត្រី​អនុវត្ត​ច្បាប់​កម្ពុជា​ក៏​ត្រូវការ​ការ​បណ្តុះបណ្តាល​បន្ថែម​លើ​ការ​តាមដាន​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ស្មុគស្មាញ និង​ការ​ពង្រឹង​វិធានការ​ប្រឆាំង​ការ​លាង​លុយ​។ លោក​ថា ការអនុវត្ត​ច្បាប់​ដោយ​ស្មើភាព​ចំពោះ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ឧក្រិដ្ឋកម្ម​ដែល​មាន​ការរៀបចំ​ជា​ប្រព័ន្ធ ដោយ​មិន​គិត​ពី​ទ្រព្យសម្បត្តិ ឥទ្ធិពល ឬ​តួនាទី​របស់​ពួកគេ​ឡើយ។

លោក​បាន​និយាយ​ថា ការ​មិន​ចាត់វិធានការ​លើ​មេខ្លោង​ឧក្រិដ្ឋកម្ម​ធំៗ អាច​ធ្វើ​ឱ្យ​សាធារណជន​បាត់បង់​ទំនុកចិត្ត​លើ​សមត្ថកិច្ច​អនុវត្ត​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​។ ការ​អនុញ្ញាត​ឱ្យ​បណ្តាញ​ឧក្រិដ្ឋកម្ម​ធំៗ​បន្ត​ប្រតិបត្តិការ អាច​បង្ក​ឱ្យ​មាន​អស្ថិរភាព​សង្គម បង្កើន​ឧក្រិដ្ឋកម្ម និង​ប៉ះពាល់​ជាពិសេស​ដល់​យុវជន។

ការ​អះអាង​របស់​អ្នកតាមដាន​ភូមិសាស្ត្រ​នយោបាយ រូប​នេះ បន្ទាប់ពី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ភ្នំពេញ បាន​ឱ្យដឹង​តាម​បណ្តាញ​សង្គម​កាលពី​ថ្ងៃទី​២០ ខែសីហា ថា សហរដ្ឋអាមេរិក និង​សមត្ថកិច្ច​អនុវត្ត​ច្បាប់​កម្ពុជា កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ តាមរយៈ​ការ​ពង្រឹង​ការ​ចែករំលែក​ព័ត៌មាន​ស៊ើបការណ៍ និង​ការ​សម្របសម្រួល​ប្រតិបត្តិការ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន និង​ឧក្រិដ្ឋកម្ម​ដែល​មាន​ការរៀបចំ​ជា​ប្រព័ន្ធ។

ស្ថានទូត​បាន​សរសេរ​ថា តាមរយៈ​គំនិត​ផ្តួច​ផ្តើម​រួមគ្នា​នា​ពេល​ថ្មីៗ​នេះ រដ្ឋបាល​អនុវត្ត​ច្បាប់​ប្រឆាំង​គ្រឿងញៀន​របស់​សហរដ្ឋអាមេរិក (DEA) និង​នគរបាល​ប្រឆាំង​គ្រឿងញៀន​កម្ពុជា បាន​ជួយ​ឱ្យ​មាន​ការ​ចាប់ខ្លួន​ជនបរទេស​ជាច្រើន​នាក់ និង​ការ​រឹបអូស​ទ្រព្យសម្បត្តិ មន្ទីរពិសោធន៍​ផលិត​គ្រឿងញៀន និង​ទីតាំង​ស្តុក​ទុក​។ ប្រតិបត្តិការ​ទាំងនេះ​ក៏បាន​នាំ​ទៅ​ដល់​ការ​រឹបអូស​សារធាតុ​គីមី​ដើម​សម្រាប់​ផលិត​គ្រឿងញៀន​ជាង​មួយ​តោន និង​គ្រឿងញៀន​ខុសច្បាប់​ជាង ២០០ គីឡូក្រាម​ផង​ដែរ។

ស្ថានទូត​អាមេរិក​បាន​បញ្ជាក់​ថា កិច្ច​សហប្រតិបត្តិការ​ដែល​ពាក់ព័ន្ធ​នឹង​ការិយាល័យ DEA នៅ​រាជធានី​ភ្នំពេញ និង​រដ្ឋ​ញូវជើស៊ី (New Jersey) បាន​ជួយ​រក​ឃើញ​បណ្តាញ​ក្នុងស្រុក​មួយ ដែល​លាង​លុយ​តាម​រូបិយប័ណ្ណ​គ្រីបតូ​ក្រុម Sinaloa Cartel។ ប្រតិបត្តិការ​ទាំងនេះ ជា​ភស្តុតាង​បង្ហាញ​ពី​សារៈសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ក្នុង​ការ​រុះរើ​បណ្តាញ​ឧក្រិដ្ឋកម្ម​សកល និង​ការពារ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ។

ជុំវិញ​បញ្ហា​នេះ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ បាន​ឲ្យ​ដឹង​ថា កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ជាច្រើន ឬ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី គឺ​មាន​សារៈសំខាន់​សម្រាប់​ការស្វែងរក​ប្រភព និង​លុបបំបាត់​សកម្មភាព​ខុសច្បាប់ រួមមាន​ការបោកប្រាស់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ការ​លាង​លុយ និង​ការ​ជួញដូរ​គ្រឿងញៀន។

លោក សេក សុជាតិ បន្ថែម​ថា កិច្ចព្រមព្រៀង​អន្តរជាតិ​គួរតែ​មាន​យន្តការ​ច្បាស់លាស់​សម្រាប់​ការ​ចែក​រំលែក​ព័ត៌មាន និង​ត្រូវ​មាន​ការ​ប្ដេជ្ញាចិត្ត​ពិតប្រាកដ​ពី​អាជ្ញាធរ ក្នុង​ការ​អនុវត្ត​ច្បាប់​។ លោក​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សមត្ថកិច្ច​អាច​ត្រូវ​បាន​រារាំង ប្រសិនបើ​មន្ត្រី​អនុវត្ត​ច្បាប់​មិន​មាន​សិទ្ធិអំណាច​ពេញលេញ​ក្នុង​ការ​អនុវត្ត​ការងារ ឬ​ប្រឈម​នឹង​សម្ពាធ​ពី​បុគ្គល​ដែល​មាន​ឥទ្ធិពល។

លោក សេក សុជាតិ៖ «យើង​ចង់​ឃើញ ការ​តាំង​ចិត្ត ការ​ប្តេជ្ញាចិត្ត​របស់​ភាគី​ដែល​ពាក់ព័ន្ធ ដែល​បាន​សន្យា​ជាមួយគ្នា​ថា តើ​ពួកគាត់​មាន ឆន្ទៈ​ដូចគ្នា​នៅក្នុង​ការ​លុបបំបាត់​អត់​? ហើយពី​ព្រោះ ការ​លុប​បំបាត់​ខ្លះ វារ​ពិបាក​នឹង​អាច​សម្រេច​ទៅ​បាន ដោយសារ​តែ​មាន​បញ្ហា​នៅ​ពី​ខាងក្រោយ នៃ​ការសម្រេចចិត្ត​របស់​មេ​ដឹកនាំ​ធំៗ ហើយ​ជាពិសេស គឺ​មន្ត្រី​ដែល​អនុវត្ត​ច្បាប់ គាត់​មិន​មាន​សិទ្ធិអំណាច​ពេញលេញ ឬក៏​មិន​ហ៊ាន ធ្វើ​តែ​តាមច្បាប់ ដោយសារតែ​ឥទ្ធិពល​នៃ​អ្នក​មាន​អំណាច​ស្ថិតនៅ​ពី​ខាងក្រោយ​ខ្នង ដែល​ធ្វើ​ឱ្យ​ការសម្រេចចិត្ត​ផ្សេងៗ​របស់​ពួកគាត់​ហ្នឹង គឺ​មិន​ទទួល​បាន​ជោគជ័យ​ទៅតាម​គ្រោងទុក​ទេ»។

ជុំវិញ​បញ្ហា​គ្រឿងញៀន​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​កាលពី​ខែមីនា ក្នុង​ពិធី​ផ្សព្វផ្សាយ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​១១ ថា ប្រតិបត្តិ​ការ​ប្រឆាំង​គ្រឿងញៀន​របស់​រដ្ឋាភិបាល មាន​គោលបំណង​ការពារ​អនាគត​ប្រទេស ជាពិសេស​យុវជន និង​ប្រជាពលរដ្ឋ​ទូទៅ​។ លោក ថា កម្ពុជា​ត្រូវ​ដោះស្រាយ​ចំណុចខ្សោយ​របស់​ខ្លួន ខណៈ​បន្ត​ពង្រឹង​ចំណុចខ្លាំង ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុង​ប៉ះពាល់​ដល់​សង្គម។

ចំណែក លោក ហ៊ុន តូ ដែល​ល្បីឈ្មោះ​ខាង​រកស៊ី​គ្រឿងញៀន​ឆ្លងដែន​ខុសច្បាប់ ត្រូវជា​បងប្អូន​ជីដូន​មួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​រក​ឃើញ​ជាថ្មី​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រកស៊ី​ទីផ្សារ​អន​ឡាញ​ខ្មៅ​ងងឹត ឆបោក​រូបិយប័ណ្ណ​គ្រីបតូ ក្នុង​តម្លៃ​ទឹកប្រាក់​រហូតដល់​ជាង ៤៩​ពាន់​លាន​ដុល្លារ​អាមេរិក ចាប់តាំងពី​ឆ្នាំ​២០២១ មក

នៅក្នុង​ឆ្នាំ​២០១២ ប៉ូលិស​អូស្ត្រាលី​សង្ស័យ លោក ហ៊ុន តូ ពី​បទ​ជួញដូរ​ហេរ៉ូអ៊ីន និង​លាងលុយកខ្វក់​ចូល​ប្រទេស​អូស្ត្រាលី​។ លោក ហ៊ុន តូ ត្រូវ​បាន​រកឃើញ​ថា ដឹក​គ្រឿងញៀន​ប្រភេទ​ហេរ៉ូអ៊ី​ន​ចូល​ប្រទេស​អូស្ត្រាលី ដោយ​បង្កប់​ក្នុង​ឈើ​ដែល​បាន​អារ​រួច។ គ្រឿងញៀន​ដឹក​ចូល​អូស្ត្រាលី មាន​ទឹកប្រាក់​ប្រមាណ ១​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ។

របាយការណ៍​របស់​រាជរដ្ឋាភិបាល ឱ្យដឹង​ថា អាជ្ញាធរ​បាន​បិទ​ទីតាំង​អាជីវកម្ម​ចំនួន ១២​កន្លែង បង្ក្រាប​បទល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ជាង​១​ម៉ឺន (១០,៧៤៣) ករណី និង​ចាប់ខ្លួន​ជនសង្ស័យ​ជិត​៣​ម៉ឺន (២៧,៨៨៤) នាក់ ក្នុង​ឆ្នាំ​២០២៥​។ សមត្ថកិច្ច​បាន​រឹបអូស​គ្រឿងញៀន​ជិត​៦​ពាន់ (៥,៨៩៧) គីឡូក្រាម និង​សារធាតុ​ផ្សំ​សម្រាប់​ផលិត​គ្រឿងញៀន​ជាង​៤​ម៉ឺន​(៤២,៤១៨) គីឡូក្រាម​។ មន្ត្រី​កងកម្លាំង​ចំនួន ១០៤ នាក់ បាន​ធ្វើ​តេស្ត​រក​ឃើញ​សារធាតុ​ញៀន​វិជ្ជមាន ហើយ​មន្ត្រី​ចំនួន ១០៣ នាក់ ត្រូវ​បាន​បញ្ចប់​មុខតំណែង។

អ្នកវិភាគ​និយាយ​ថា ប្រតិបត្តិការ​រួម​គ្នា​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក គឺជា​ជំហាន​វិជ្ជមាន​មួយ ប៉ុន្តែ​ការ​រក្សា​បាន​នូវ​លទ្ធផល​ទាំងនេះ តម្រូវ​ឱ្យ​មាន​ឆន្ទៈ​នយោបាយ​ជាប់លាប់ ការ​ពង្រឹង​សមត្ថភាព​បច្ចេកវិទ្យា និង​ការអនុវត្ត​ច្បាប់​ដែល​ផ្ដោត​ទៅ​លើ​មេខ្លោង​ពិតប្រាកដ​នៅ​ពីក្រោយ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ