

ទាហានខ្មែរដែលឈរជើងនៅតាមព្រំដែន អះអាងថា មានករណីផ្ទុះអាវុធនៅតាមតំបន់ព្រំដែនមួយចំនួនជាបន្តបន្ទាប់ ចេញពីទីតាំងទាហានថៃ ក៏ប៉ុន្តែមិនបង្កឱ្យមានគ្រោះថ្នាក់នោះឡើយ។ យោធាថៃបានចោទថា ករណីនេះបង្កឡើងពីភាពគ្មានវិន័យរបស់ទាហានខ្មែរ ក៏ប៉ុន្តែទាហានខ្មែរបានច្រានចោល និងអះអាងថា ពួកគាត់តែងតែគោរពបទបញ្ជាពីថ្នាក់លើ ដោយមិនបានផ្ទុះអាវុធស្រេចតែចិត្តនោះឡើយ។
ស្ថានភាពជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ នៅតែមានភាពតានតឹង ទោះបីជាភាគីថៃ បានដកកម្លាំងទ័ពមួយចំនួនក្ដី។
ទាហានខ្មែរម្នាក់ ដែលកំពុងឈរជើងនៅតំបន់ប្រាសាទតាក្របី បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា នៅទីតាំងឈរជើងរបស់លោក មានការផ្ទុះអាវុធរប៉េះរប៉ោះជាច្រើនថ្ងៃជាប់គ្នា ចេញពីទីតាំងរបស់ទាហានថៃ ដែលពេលខ្លះបានកើតឡើងនៅពេលថ្ងៃ ពេលខ្លះនៅកណ្ដាលអធ្រាត្រ។ លោកបន្តថា ទោះបីជាការផ្ទុះអាវុធនេះ មិនបានបង្កគ្រោះថ្នាក់ដល់ភាគីណាមួយក៏ដោយ ក៏ករណីនេះបានធ្វើឱ្យភាគីកងទ័ពខ្មែរ មានអារម្មណ៍មិនស្រណុកក្នុងចិត្ត ដោយបារម្ភពីការលួចវាយឆ្មក់ ឬចេតនាបង្កជម្លោះពីសំណាក់ទាហានថៃ។
ចំណែកនៅព្រំដែនខេត្តព្រះវិហារ វិញ ទាហានខ្មែរបានអះអាងថា ទាហានថៃបានបាញ់កាំភ្លើងជាច្រើនគ្រាប់ មកលើលេណដ្ឋានរបស់ទាហានខ្មែរ នៅតំបន់ភ្នំ៤៦៩ ក្បែរតំបន់មុំបី នៅកណ្ដាលអធ្រាត្រយប់ថ្ងៃទី២៣ ខែមីនា។ នេះបើតាមសារឆ្លើយឆ្លងគ្នារបស់ទាហានខ្មែរ ដែលឈរជើងនៅតំបន់មុំបី ក្រោយការផ្ទុះអាវុធ។
ទាហានខ្មែរ៖«ថៃបាញ់ពីលើភ្នំមកលេណដ្ឋាន។ បាញ់ទល់មុខគ្នា នៅភ្នំ៤៦៩ហ្នឹង»។
ដោយឡែកនៅតំបន់អូរស្មាច់ ទាហានខ្មែរម្នាក់ បានអះអាងថា ទាហានថៃបានឆ្មក់បាញ់កាំភ្លើង ចេញពីទីតាំងអាគារកាស៊ីណូ មកលើទីតាំងទាហានខ្មែរជាញឹកញាប់ ជាពិសេសនៅពេលដែលទាហានខ្មែរដើរល្បាតក្បែរទីតាំងបន្លាលួស និងប្រឡាយ ដែលទាហានថៃបានសាងសង់នៅក្នុងទឹកដីកម្ពុជា។ លោកបន្តថា ក្រោយកើតហេតុការណ៍នេះ ថ្នាក់លើបានដាក់បទបញ្ជាឱ្យទាហានជួរមុខរក្សាការអត់ធ្មត់ និងហាមមិនឱ្យផ្សព្វផ្សាយរឿងនេះចេញទៅក្រៅនោះឡើយ ។
ទាក់ទិននឹងករណីផ្ទុះអាវុធនេះ អ្នកនាំពាក្យកងទ័ពជើងគោកថៃ លោក វីនថៃ ស៊ូវារី (Winthai Suvari) បានអះអាងកាលពីថ្ងៃទី២៣ ខែមីនា ដោយចោទថា ករណីនេះកើតឡើងដោយសារទាហានខ្មែរខ្វះវិន័យ និងតែងតែបង្កទំនាស់ជាមួយទាហានថៃ។ ទោះជាបែបនេះក្ដី ទាហានខ្មែរអះអាងថា គឺទាហានថៃទៅវិញទេ ដែលតែងតែបើកការបាញ់ប្រហារមកលើទាហានខ្មែរ រហូតករណីខ្លះបណ្ដាលឱ្យមានអ្នករងរបួសទៀតផង។
ការផ្ទុះអាវុធនៅតាមព្រំដែននេះ បានកើតឡើងក្រោយពេលយោធាថៃ បានដកកម្លាំងទ័ព និងសព្វាវុធធុនធ្ងន់មួយចំនួន ចេញពីតំបន់ព្រំដែន។ តាមរយៈវីដេអូរបស់ទាហានថៃ ដែលបង្ហោះនៅលើបណ្ដាញសង្គម បានបង្ហាញថា សព្វាវុធដែលដឹកចេញពីតំបន់ព្រំដែនកម្ពុជានោះ រួមមាន កាំភ្លើងធំប្រភេទ ១៥៥ និង១០៥ មិល្លីម៉ែត្រ រួមទាំងរថក្រោះធុនធ្ងន់ប្រភេទ VT4 T84 oplot M60 M48 និងយានចម្បាំងជាច្រើនគ្រឿងទៀត។
ស្ថាប័នយោធាថៃ មិនបានបញ្ជាក់ជាផ្លូវការអំពីមូលហេតុនៃការដកកម្លាំងនៅតាមព្រំដែននោះឡើយ ខណៈមេបញ្ជាការយោធាថៃមួយចំនួន បានអះអាងប្រាប់សារព័ត៌មានរបស់ថៃថា ការដកកម្លាំងនេះ គឺដើម្បីកាត់បន្ថយការចំណាយ និងទុកឱកាសឱ្យកងទ័ពថៃបានសម្រាក ដើម្បីត្រៀមខ្លួនសាជាថ្មីសម្រាប់បន្តបេសកកម្ម។ ទោះជាបែបនេះក្ដី យោធាថៃបញ្ជាក់ថា ពួកគេបានរក្សាទុកកងកម្លាំងនៅតំបន់ឈរជើងមួយចំនួន ដោយយោធាថៃ បានវាយតម្លៃថា ក្រោយការដកកម្លាំងទ័ពហើយ ភាគីកម្ពុជាក៏គ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការវាយដណ្ដើមយកទឹកដីត្រឡប់ទៅវិញនោះឡើយ។
ចំណែកភាគីទាហានខ្មែរវិញ បានអះអាងថា ទោះបីជាមានការដកកម្លាងមួយចំនួនក្ដី ក៏ទាហានថៃនៅតែធ្វើសកម្មភាពចូលឈ្លានពានក្នុងទឹកដីកម្ពុជា គ្រប់រូបភាព និងបានធ្វើការគំរាមកំហែងប្រមាថមកលើទាហានខ្មែរសព្វបែបយ៉ាង នៅពេលទាហានខ្មែរចូលទៅហាមឃាត់។
ពាក់ព័ន្ធនឹងរឿងវិវាទព្រំដែនកម្ពុជា-ថៃ នេះដែរ នាយកផ្នែកចារកម្មព័ត៌មានយោធាថៃ លោក ធីរ៉ាណាន់ ណាន់ថាខ្វាង (Theeranant Nanthakhwang) បានលើកឡើងនៅថ្ងៃនេះថា កម្ពុជាទំនងជានឹងចាប់ផ្ដើមជម្លោះលើកទីបី បន្ទាប់ពីលោកបានអះអាងថា កម្ពុជាបានសម្រុកទិញអាវុធជាច្រើន ពីប្រទេសនៅអឺរ៉ុបខាងកើត។ លោកបានព្រមានថា សង្គ្រាមតាមព្រំដែនជាលើកទីបី អាចនឹងផ្ទុះឡើងមុនពេលមានការបោះឆ្នោតក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០២៧ ខាងមុខនេះ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានឡើយ នៅថ្ងៃទី២៤ ខែមីនា។
ជុំវិញរឿងនេះ ប្រធានអ្នកឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បារម្ភថា ករណីផ្ទុះអាវុធនៅតាមតំបន់ព្រំដែននេះ អាចនឹងក្លាយជារងើកភ្លើងដុតបញ្ឆេះឱ្យមានសង្គ្រាមធំកើតឡើង ខណៈភាគីថៃ ដែលមានកម្លាំងយោធាធំជាងកម្ពុជា តែងតែបង្កជម្លោះ និងឈ្លានពានមកលើកម្ពុជា ជាញឹកញាប់។ លោកជំរុញឱ្យមេដឹកនាំកម្ពុជាប្រញាប់ប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ដើម្បីទប់ស្កាត់ការឈ្លានពានរបស់យោធាថៃ ដែលជាវិធីអាចជៀសវាងពីការផ្ទុះសង្គ្រាមសាជាថ្មី។
លោក ម៉ែន ណាត៖ «យើងរម្លឹកឡើងវិញថា មេដឹកនាំកម្ពុជាខ្សោយ មិនទាន់ហ៊ានតដៃជាមួយថៃវិញ បន្ទាប់ពីមានសង្គ្រាមជាមួយថៃចំនួនពីរលើកហ្នឹង។ ហើយយន្តការការទូតហ្នឹង ក៏ខ្សោយនៅឡើយដែរ មិនទាន់បានទាក់ទាញទំនុកចិត្តពីអន្តរជាតិ។ ដើម្បីបញ្ចៀសអំពីហិង្សា ត្រូវរៀបចំឯកសារប្ដឹងថៃ ឱ្យបានដាច់ស្រេច ទៅតុលាការអន្តរជាតិទាំងពីរ ទាំង ICC និងICJ»។
អ្នកឃ្លាំមើលយល់ថា ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ អាចនឹងមានការប្រែប្រួល នៅក្រោយពេលប្រទេសទាំងពីរបើកការចរចាគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ក្រោយពេលថៃបង្កើតរដ្ឋាភិបាលថ្មីរួច៕









