

ពលរដ្ឋខ្មែរមួយចំនួនជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដកអភិបាលខេត្តបាត់ដំបង លោក សុខ លូ ចេញពីតំណែងបន្ទាប់ពីលោក សុខ លូ កាលពីថ្មីៗនេះ អះអាងថា ថៃធ្វើរបងព្រំដែនមិនបានរំលោភយកដីខ្មែរទេ។ ពួកគាត់ថា អ្វីដែលលោក សុខ លូ និយាយ គឺបង្ហាញពីកង្វះការទទួលខុសត្រូវ និងធ្វើឲ្យបាត់បង់ទឹកដីកម្ពុជា។
ពលរដ្ឋខ្មែរទាមទារឲ្យលោក ហ៊ុន ម៉ាណែត ដកលោក សុខ លូ ចេញពីតំណែងអភិបាលខេត្តបាត់ដំបងពីព្រោះអភិបាលខេត្តរូបនេះ បានប្រព្រឹត្តកំហុសធំ ចំពោះ ទឹកដីជាតិ ដោយនិយាយការពារទង្វើឈ្លានពានរបស់ភាគីថៃ ដែលប្រើកម្លាំងធ្វើ របងព័ទ្ធយកទឹកដីនៃប្រទេសកម្ពុជា។
ពលករនៅកូរ៉េខាងត្បូង លោក ឃឹម វិជ្ជាធន ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៥ ខែឧសភា ថា ពលរដ្ឋខ្មែរទូទៅ គួររួមគ្នាជំរុញឲ្យលោកនាយករដ្ឋ មន្ត្រី ហ៊ុន ម៉ាណែត ដកអភិបាលខេត្តបាត់ដំបង លោក សុខ លូ ចេញតំណែង និងបណ្ដេញចេញពីក្របខណ្ឌឲ្យបាន។ លោកចាត់ទុកការបកស្រាយរបស់លោក សុខ លូ ដែលថា ថៃធ្វើរបងព្រំដែនមិនរំលោភយកដីខ្មែរនោះ គឺផ្ទុយទាំងស្រុង ពីក្រសួងការបរទេស។ លោក ឃឹម វិជ្ជាធន ហៅការអះអាងរបស់លោក សុខ លូ ថា ជាអំពើក្បត់ជាតិកម្ពុជា ដែលមិនអាចលើកលែងឱ្យបាន។
លោក ឃឹម វិជ្ជាធន៖ «ប្រជាពលរដ្ឋគួរតែនាំគ្នាដកគាត់ចេញពីតួនាទី ក្នុងនាមជាអភិបាលខេត្តបាត់ដំបង ដែលគ្មានសមត្ថភាពការពារផលប្រយោជន៍ជាតិ។ រាជរដ្ឋាភិបាល គួរតែដកតំណែងមន្ត្រីរាជការបែបនេះជាបន្ទាន់ ព្រោះថា បើទុកមន្ត្រីរាជការបែបនេះ វាធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ។ យើងដឹងហើយថាមន្ត្រី រាជការគឺមានតួនាទីក្នុងការការពារផលប្រយោជន៍ប្រទេសជាតិ ប៉ុន្តែបើមន្ត្រីរាជការនិយាយមិនការពារប្រយោជន៍ប្រទេសជាតិ ហើយទៅការពារផលប្រយោជន៍សត្រូវបែបនេះ ខ្ញុំយល់ថា ល្មមដកគាត់ចេញពីតំណែងនិងតួនាទីហើយ»។
អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានផ្ដល់បទសម្ភាសដល់សារព័ត៌មាន ក្នុងស្រុកកាលពីពេលថ្មីៗនេះថា ការសាងសង់របងជញ្ជាំងអចិន្ត្រៃយ៍ នៅក្នុងតំបន់ បង្គោលព្រំដែនលេខ ៥២ និង៥៤ ក្នុងស្រុកកំរៀង គឺធ្វើឡើងនៅលើទីតាំងដែល ក្រុមបច្ចេកទេសនៃប្រទេសទាំងពីរបានឯកភាពគ្នា ខណៈការសាងសង់ នោះមិន បានចូលក្នុងទឹកដីរបស់កម្ពុជានោះឡើយ។
ផ្ទុយស្រឡះពីការអះអាងរបស់លោក សុខ លូ ដែលជាអភិបាលខេត្តបាត់ដំបង ក្រសួងការបរទេសកាលពីថ្ងៃទី១០ ខែមេសា បានតវ៉ាប្រឆាំងនឹងសកម្មភាពរបស់ភាគីថៃ ដែលសាងសង់របងព្រំដែនឯកតោភាគីនៅក្នុងតំបន់ចន្លោះបង្គោលព្រំដែនលេខ ៥២ និង ៥៤។ ក្រសួងការបរទេស ចាត់ទុកការសាងសង់របងព្រំដែនពីសំណាក់ភាគីថៃនេះថា ផ្ទុយទៅនឹងអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងបានប៉ះពាល់ទៅលើការដាំបង្គោលព្រំដែនបណ្ដោះអាសន្ន ដែលបានធ្វើឡើងដោយក្រុមវាស់វែងចម្រុះ នៃភាគីទាំងពីរ។
ពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន លោកស្រី ម៉ូរី បូរ៉ា ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៥ ខែឧសភាថា រដ្ឋាភិបាលបានទទួលស្គាល់អំពីការរំលោភរបស់ភាគីថៃ ហើយពលរដ្ឋខ្មែរ ក៏បានឃើញជាក់ស្ដែងថា កម្លាំងយោធាថៃធ្វើរបង ព្រំដែនព័ទ្ធយកដីកម្ពុជា។ លោកស្រីថា កាលណាអភិបាលខេត្តដែនដី បែរជានិយាយដោយមិនដឹង រឿងពិតបែបនេះ រដ្ឋាភិបាលត្រូវតែដកអភិបាលខេត្តអសមត្ថភាពរបៀបនេះចេញពីតំណែងភ្លាម ពីព្រោះបើទុកនៅយូរទៀត នោះនឹងកាន់តែធ្វើឱ្យខូចប្រយោជន៍ប្រទេសជាតិ ជាពិសេសបញ្ហាទឹកដីជាតិ ជាករណី ដែលត្រូវតែហ្មត់ចត់។
លោកស្រី ម៉ូរី បូរ៉ា៖ «គាត់និយាយពីផ្ទុយពីរដ្ឋាភិបាល គាត់និយាយខុសហើយ បើសិនជារដ្ឋាភិបាលកម្ពុជាយើងនៅតែទុកមន្ត្រីបែបនេះ វាអត់ចំណេញអីដល់ជាតិ អត់ចំណេញអីដល់រដ្ឋ ហើយកាន់តែបាត់បន្ថែមទៀត។ យើងខាតបង់ណាស់ យើងគួរនិយាយអ្វីដែលការពារហើយចំណេញមកដល់រដ្ឋ មកដល់ប្រទេសរបស់យើង ហើយបើយើងជាមន្ត្រីបែបហ្នឹង និយាយផ្ទុយអ្វីជាការពិត គឺវាខុសខ្លាំងមែនទែន ហើយជាអំពើក្បត់ជាតិជាក់ស្ដែងមែនទែនតែម្ដង»។
ទាក់ទិនរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន លើកឡើងថា ក្នុងនាមជាអភិបាលខេត្តបាត់ដំបង លោក សុខ លូ មិនគួរចេះតែឆ្លើយការពាររដ្ឋាភិបាលឲ្យតែរួចពីមាត់នោះទេ លោកគួរតែតាមដានស្ថានការណ៍ព្រំដែនឲ្យបានដិតដល់បំផុត ថា តើយោធាថៃ ធ្វើរបងដល់ត្រឹមណា ? អតីតតំណាងរាស្ត្របក្សប្រឆាំងរូបនេះ បន្តថា ជារឿងសោកស្តាយបំផុតដែលលោក សុខ លូ មិនបានចុះទៅពិនិត្យមើលដោយផ្ទាល់ តែបែរជានិយាយទាំងមិនច្បាស់លាស់ថា យោធាថៃ ធ្វើរបងចូលដីខ្មែរឬអត់ទៅវិញ។ លោក អ៊ំ សំអាន ពិនិត្យឃើញថា យោធាថៃដែលកំពុងសាងសង់របងព្រំដែនជាឯកតោភាគីនេះ គឺប្រាកដជាចំណេញបានទឹកដីខ្មែរ ។ប្រសិនបើធ្វើរបបនោះត្រឹមត្រូវដោយមិនចំណេញទឹកដីខ្មែរយោធាថៃ គួរតែសហការជាមួយកម្ពុជា និងមិនត្រូវធ្វើឯកតោភាគីនោះទេ៕









