ពលរដ្ឋ​រិះគន់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ដែល​ខ្វល់​តែ​រឿង​បំបែក​សំឡេង​ប្រឆាំង​តាមរយៈ​ការ​ផ្តល់​តួនាទី​ឱ្យ​ចុះចូល ខណៈ​ថៃ​បន្ត​ឈ្លានពាន​ទឹកដី​ខ្មែរ

0
83
ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

ពលរដ្ឋ​រិះគន់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ដែល​ខ្វល់​តែ​រឿង​បំបែក​សំឡេង​ប្រឆាំង​តាមរយៈ​ការ​ផ្តល់​តួនាទី​ឱ្យ​ចុះចូល ដើម្បី​បំបាត់​សំឡេង​រិះគន់ ខណៈ​ថៃ​បន្ត​ឈ្លានពាន​ទឹកដី​ខ្មែរ ហើយ​ពលរដ្ឋ​ខ្មែរ​បន្ត​រស់នៅ​ទាំង​ទុក្ខវេទនា។ ការ​រិះគន់​នេះ​ធ្វើឡើង​បន្ទាប់​នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត បាន​ផ្តល់​តួនាទី​ដល់​កូនស្រី​លោក កឹម សុខា គឺ​កញ្ញា កឹម មនោ​វិទ្យា មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ដើម្បី​ជួយ​ការងារ​រដ្ឋាភិបាល​ទាំង​ដែល​តុលាការ​នៅតែ​បន្ត​រឹតត្បិត​សេរីភាព​នយោបាយ​របស់​លោក កឹម សុខា។ ពលរដ្ឋ ចាត់ទុក​ទង្វើ​មេដឹកនាំ​កម្ពុជា ជា​រឿង​អត់​បានការ និង​ជា​ការ​បំផ្លាញ​ជាតិ​ឯង។

ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស​ខកបំណង​ចំពោះ​ទង្វើ​មេដឹកនាំ​កម្ពុជា លោក ហ៊ុន ម៉ា​ណែ​ត និង​លោក ហ៊ុន សែន ដែល​ប្រើប្រាស់​កលល្បិច​នយោបាយ​បំបែកបំបាក់​សាមគ្គីភាព​ជាតិ​កម្ពុជា ជាពិសេស​សំឡេង​ប្រឆាំង ជាជាង​ការ​បង្រួបបង្រួម​ជាតិ ខណៈ​ប្រទេស​កម្ពុជា​កំពុង​ញាំញី​ដោយ​បញ្ហា​ធំៗ​ជាច្រើន​ដូចជា បញ្ហា​ឆបោក​អន​ឡាញ ដែល​ពិភពលោក​កំពុង​ឃ្លាំមើល បញ្ហា​ថៃ​ឈ្លានពាន​និង​គ្រប់គ្រង​ទឹកដី​ខ្មែរ​ជាច្រើន​តំបន់ និង​បញ្ហា​សេដ្ឋកិច្ចជាតិ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រងទុក្ខ​វេទនា​ជាដើម​។ ការរិះគន់​នេះ គឺ​ក្រោយពេល​លោក ហ៊ុន ម៉ាណែត តែងតាំង​កញ្ញា កឹម មនោវិទ្យា កូនស្រី​ប្រធាន​គណបក្សប្រឆាំង ជា​ប្រេសិត​ពិសេស របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

អតីត​ប្រធាន​គណៈកម្មាការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន និង​ជា​អតីត​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ភ្លើងទៀន ខេត្តកណ្តាល លោក លី ម៉េងឃាង ថ្លែង​ថា រដ្ឋាភិបាល​ត្រកូល​ហ៊ុន ហាក់​រវល់​តែ​រឿង​កំប៉ិកកំប៉ុក ដែល​គ្មាន​ប្រយោជន៍​សម្រាប់​ជាតិ​ឡើយ​។ លោក​បន្ត​ថា ទង្វើ​មេដឹកនាំ​សព្វថ្ងៃ​កំពុង​បំបែក​សំឡេង​អ្នកស្នេហាជាតិ​ដោយ​ការតែងតាំង​កូនស្រី​អតីត​មេ​បក្ស​ប្រឆាំង​ឲ្យ​កាន់​ដំណែង​ខ្យល់ ដើម្បី​សាង​រូបភាព​ឲ្យ​ប្រជាពលរដ្ឋ​លែង​ជឿជាក់​គ្នា និង​លែង​យកចិត្តទុកដាក់​លើ​រឿង​ប្រទេសជាតិ និង​រឿង​ព្រំដែន​ដែល​ថៃ​កំពុង​ឈ្លានពាន​។ លោក​ថា រដ្ឋាភិបាល​គួរ​យក​ពេលវេលា ប្តឹង​ថៃ​ទៅ​តុលាការអន្តរជាតិ​ពី​ការឈ្លានពាន​ទឹកដី ប្រសើរ​ជាង​ការ​បំបែក​ខ្មែរ​គ្នាឯង។

លោក លី ម៉េងឃាង៖ «លោក ហ៊ុន ម៉ា​ណែ​ត គួរតែ​គិតគូរ​រឿង ២ សំខាន់​ដែល​ត្រូវ​គិតគូរ ទី​១ គឺ​ដោះស្រាយ​បញ្ហា​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​សង្គ្រាម​រវាង​ខ្មែរ និង​ថៃ​ហ្នឹង ដែល​មិនទាន់​មានផ្ទះ​គ្រប់គ្រាន់​។ គាត់​បាត់បង់​ទ្រព្យសម្បត្តិ​នោះ​គឺ​ត្រូវតែ​ដោះស្រាយ។ ហើយ​និង​ពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​ដោយសារតែ​ធនាគារ ៦ បិទទ្វារ​បង្កក​ទ្រព្យ​លុយ​របស់​ពួកគាត់​ហ្នឹង ត្រូវតែ​ដោះស្រាយ​សង​លុយ​ទាំងអស់​ហ្នឹង​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​វិញ​។ ស្តារ​កិត្តិយស​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ស្តារ​កិត្តិយស​ឱ្យ​ប្រទេស​កម្ពុជា​នោះ គឺ​ត្រូវតែ​ចាប់​មេស្គេម (Scam) អន​ឡាញ​ឱ្យទៅ​សហរដ្ឋអាមេរិក មិន​ត្រូវ​បណ្តែតបណ្តោយ​ទុក​ធ្វើ​មិន​ដឹង​មិន​លឺ​នោះ​ទេ»។

យុវជន​នៅ​ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល លោក តំ សង់ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា រដ្ឋាភិបាល​គួរ​ដោះលែង​អ្នក​ទោសនយោបាយ និង​មនសិការ​ទាំងអស់​ដែល​កំពុង​ជាប់ឃុំ ដើម្បី​ឲ្យ​ពួកគាត់​មក​ចូលរួម​ជួយ​ជាតិ​ប្រឆាំង​ការឈ្លានពាន​របស់​ថៃ និង​ជួយ​សង្គម​ពិតប្រាកដ​ជាជាង​ខ្វល់ខ្វាយ​តែ​រឿង​អត់​បានការ។

លោក តំ សង់៖ «ខ្ញុំ​គិតថា​មិន​មាន​ផលប្រយោជន៍​អី​ជា​ដុំកំភួន​ដល់​ប្រទេស​កម្ពុជា​យើង​ទេ ព្រោះ​ដោយសារ​ប្រទេស​កម្ពុជា​យើង​ឥឡូវ​គឺ​សហគមន៍​អន្តរជាតិ​គេ​មើ​លម​កថា យើង​មាន​បញ្ហា​ច្រើន​ក្នុង​សង្គម​កម្ពុជា​យើង​ហ្នឹង​ណា​។ បញ្ហា​ដែល​ថៃ​ឈ្លានពាន​ក៏​យើង​ជា​បញ្ហា​ចោទ​មួយ​ដែរ ដែល​រាជរដ្ឋាភិបាល​ត្រូវ​ដោះស្រាយ ត្រូវ​យកចិត្តទុកដាក់»។

យុវជន​មកពី​ខេត្តកំពត លោក ព្រំ រ័ត្ន និយាយ​ថា លោក​ខកចិត្ត​ដែល​រដ្ឋាភិបាល​ចំណាយពេល​អត់​បានការ​ក្នុង​រឿង​ដែល​មិន​ចំណេញ​ដល់​ប្រទេសជាតិ​បែបនេះ​។ លោក​ថា ប្រសិនបើ​រដ្ឋាភិបាល​ចង់​ឲ្យ​មានការ​ផ្សះផ្សា​ជាតិ​ពិតប្រាកដ មិន​ចាំបាច់​តែងតាំង​កូន​មេ​បក្ស​ប្រឆាំង​ឲ្យ​ធ្វើជា​ប្រេសិត​ពិសេស​នាយករដ្ឋមន្ត្រី​នោះ​ទេ ប៉ុន្តែ​រដ្ឋាភិបាល គួរ​បើក​លំហ​សិទ្ធិ​សេរីភាព​ឲ្យ​ពលរដ្ឋ​អាច​អនុវត្ត​សិទ្ធ​បាន​ពេញលេញ​ក្នុង​ការ​ជួយ​សង្គមជាតិ រួម​ទាំង​អ្នកប្រឆាំង​នៅ​ក្រៅ​ប្រទេស​ឲ្យ​ចូលរួម​ជួយ​សង្គម​កម្ពុជា​ក្នុង​គ្រាអាសន្ន​នេះ។

លោក ព្រំ រ័ត្ន៖ «ភាគី​ដែល​នៅក្នុង​នយោបាយ​អឺ​សព្វថ្ងៃ​ហ្នឹង មាន​ទាំង​អ្នក​នៅក្នុង​ប្រទេស នៅក្រៅ​ប្រទេស បើ​យើង​ចង់​រួបរួម​ជាតិ​ពិតប្រាកដ​ពិតមែន យើង​បើក​លំហ​ជាទូទៅ​អញ្ចឹង​ណា ដើម្បី​យើង​មាន​គ្រប់​ភាគី​មក​ចូលរួម ដើម្បី​គិតគូរ​រឿង​ជាតិ​ទាំងអស់គ្នា ព្រោះ​ជាតិ​ជា​ជាតិ​រួម​របស់​យើង​ណាស់​។ គាត់​អាច​ចំណេញ​រូបភាព​នយោបាយ​ណាមួយ គាត់​ធ្វើ​ក្នុងនាម​គាត់​គណបក្សកាន់អំណាច​ណា ប៉ុន្តែ​ក្នុងនាម​យើង​ជា​ពលរដ្ឋ យើង​ផ្ដោត​សំខាន់​ឆ្ពោះទៅ​បញ្ហា​ធំ នោះ​គឺ​ការឈ្លានពាន​របស់​បរ​ទេស ដែល​យើង​ចង់​ឃើញ​រដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​ខ្លាំង​ជាង​នេះ»។

ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក លោកស្រី សៅ សុគន្ធា លើកឡើង​ថា លោក ហ៊ុន ម៉ាណែត កំពុង​បន្លប់​ស្ថានការណ៍ បោកប្រាស់​ប្រជាពលរដ្ឋ កុហក​ភូតភរ​អន្តរជាតិ​ពី​ការ​បង្រួបបង្រួម​ជាតិ​ក្លែងក្លាយ ដើម្បី​បិទបាំង​អំពើ​ទុច្ចរិត និង​អសមត្ថភាព​របស់​លោក ក្នុង​ការ​ដឹកនាំ​ប្រទេស​។ លោកស្រី​ថា ប្រសិនបើ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន បន្ត​ដឹកនាំ​បែប​ឡប់ឡែ​បែប​បំបែកបំបាក់​ជាតិ​ឯង​បែបនេះ កម្ពុជា​នឹង​ធ្លាក់​ក្នុង​គ្រោះមហន្តរាយ​។ មិនតែប៉ុណ្ណោះ លោកស្រី ទទូច​ឲ្យ​រដ្ឋាភិបាល​គួរ​គិតគូរ​ពី​ពលរដ្ឋ​ដែល​កំពុង​រង​ផល​ប៉ះពាល់​ពី​បញ្ហា​បង្ក្រាប​ក្រុម​ឆបោក​អន​ឡាញ ដែល​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ភ្ញៀវ​ទេសចរណ៍ ហើយ​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ការងារ និង​ចំណូល​គ្រួសារ ធ្លាក់ខ្លួន​ជំពាក់​បំណុល​ធនាគារ​ផង​ដែរ។

លោកស្រី សៅ សុគន្ធា៖ «​អ្វី​ដែល​ធាតុ​ពិត ហ៊ុន ម៉ា​ណែ​ត ធ្វើ គឺ​ដើម្បី​រក្សា​អំណាច​របស់​ខ្លួន ក៏ដូចជា​គ្រួសារ​របស់​ខ្លួន​តែប៉ុណ្ណោះ​។ អញ្ចឹង​ណា ប្រទេស​កម្ពុជា​នឹង​ធ្លាក់​នៅក្នុង​ស្ថានការណ៍​ដ៏​អាក្រក់ ដែល​មិនអាច​ស្តា​រឡើង​វិញ សឹងតែ​ថា​ដូច​របៀប​ដូច​ថា​របប ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ​អញ្ចឹង​ណា​… គឺ​ចេតនា​ពង្វក់​ទឹកចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​ជឿជាក់​ថា ខ្លួន​ពិតជា​អ្នកដឹកនាំ​ដ៏​ល្អ តែ​ធាតុ​ពិត​គ្រាន់តែ​អ្វីៗ​ជា​ការ​ក្លែងបន្លំ​តែប៉ុណ្ណោះ​ចាស៎»។

ចំណែក​ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា លោក​មាន​ក្តី​បារម្ភ​ចំពោះ​ការឈ្លានពាន​របស់​ថៃ ដែល​បន្ត​ធ្វើ​របង​ព័ទ្ធ​យក​ដី​ខ្មែរ ខណៈ​រដ្ឋាភិបាល​មិនបាន​គិតគូរ​រិះរក​វិធី​ដោះស្រាយ បែរជា​រកតែ​វិធី​ដោះសា​គ្មាន​ទទួលខុសត្រូវ​ទៅវិញ​។ លោក​ថា រដ្ឋាភិបាល​គួរ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំងក្លា​លើ​បញ្ហា​ឆបោក​អន​ឡាញ ដែល​អន្តរជាតិ​កំពុង​តាមដាន​សកម្មភាព​មេដឹកនាំ​ក្នុង​ការ​វែក​មុខ​រក​មេ​ក្លោង​ធំៗ​ដែល​បាន​បោកប្រាស់​លុយ​របស់​ពល​រដ្ឋ​ទូទាំង​ប្រទេស​រាប់ពាន់​លាន​ដុល្លារ​។ លោក​ទទូច​ឲ្យ​រដ្ឋាភិបាល​បើក​លំហ​ប្រជាធិបតេយ្យ បញ្ឈប់​ការ​ធ្វើ​ទុក​បុក​ម្នេញ​សំឡេង​ប្រឆាំង ដើម្បី​ជា​ធ្លុង​មួយ​ក្នុង​ការ​ជួយ​ជាតិ​ពិតប្រាកដ។

លោក ស៊ឹង សែនករុណា៖ «រឿង​ទាំងអស់​នេះ​មិន​ដោះស្រាយ​បានទេ​។ ខ្ញុំ​គិតថា ទោះបី​អឺ​មេដឹកនាំ​ខិតខំ​បំបែក​សំឡេង​បក្ស​ប្រឆាំង ខិតខំ​ឱ្យ​ក្រុម​ដែល​គាំទ្រ​ខ្លួន​ដែល​ពូកែ​ធ្វើ​មាតិកា​បង្វែរ ប្រឌិត បំភ័យ​ព័ត៌មាន ឬក៏​កើត​នូវ​ព័ត៌មាន​ប្លែកៗ​អី​ជាដើម ក៏ដោយ ក៏​បញ្ហា​ទាំងអស់​ហ្នឹង​វា​មិន​ត្រូវ​បាន​ដោះស្រាយ​នោះ​ទេ​។ បញ្ហា​ហ្នឹង​គឺ​នៅតែ​ធ្លាក់​ទៅលើ​ការទទួលខុសត្រូវ​របស់​មេ​ដឹកនាំ​ដដែល​ទេ»។

ការរិះគន់​របស់​ពល​រដ្ឋ និង​អ្នកឃ្លាំមើល​បែបនេះ គឺ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ថៃ កំពុង​រៀបចំ​ការគ្រប់គ្រង​ទឹកដី​ខ្មែរ​ជា​អចិន្ត្រៃយ៍​ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ​ថៃ​រស់នៅ និង​បាន​អនុម័ត​ថវិកា​ចំនួន​ជាង ១៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក​បន្ថែម​ទៀត ដើម្បី​យក​ទៅ​ចំណាយ​លើ​ការ​ពង្រឹង​ប្រព័ន្ធ​ការពារ​នៅ​តាម​បណ្ដោយ​ព្រំដែន ខណៈ​រដ្ឋាភិបាល​ឪពុក​កូន​ត្រកូល​ហ៊ុន គឺ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ា​ណែ​ត កំពុង​ខ្វាយខ្វល់​រឿង​សាង​រូបភាព​អូសទាញ និង​បំបែកបំបាក់​អ្នកនយោបាយ​បក្ស​ប្រឆាំង​។ យោធា​ថៃ​បាន​ពង្រីក​ទាំង​កម្លាំង​ទ័ព សព្វាវុធ សាងសង់​ផ្លូវ​យុទ្ធសាស្ត្រ និង​លេណដ្ឋាន​ក្នុង​តំបន់​យុទ្ធសាស្ត្រ​សំខាន់ៗ​យ៉ាង​រឹងមាំ ចំណែក​មេដឹកនាំ​កម្ពុជា​ហាក់​មិន​ខ្វល់ខ្វាយ ឬ​យក​ករណីនេះ​ប្តឹង​ទៅ​តុលាការអន្តរជាតិ ICC និង ICJ ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ