

អ្នកឃ្លាំមើល រិះគន់មេបក្សកាន់អំណាច លោក ហ៊ុន សែន ថា ជាអ្នកផ្ដល់គំរូអាក្រក់ ដល់មន្ត្រីថ្នាក់ក្រោម ពាក់ព័ន្ធការចាប់ខ្លួនពលរដ្ឋ ដាក់ពន្ធនាគារមិនរើសមុខ ការអភិវឌ្ឍ រំលោភដីធ្លីពលរដ្ឋ និង ការច្បាមយកអំណាច តាមរយៈការ វាយកម្ទេចគូប្រជែង នយោបាយ។ ជាមួយគ្នានោះ ពួកគាត់ថា មន្ត្រីធំៗ និងឧកញ៉ាដែលនៅជុំវិញ លោក ហ៊ុន សែន ភាគច្រើនសុទ្ធសឹងតែ រកស៊ីបានមកពីការ ប្រព្រឹត្តអំពើពុករលួយ ការឆបោកអ្នកដទៃ និងការឆក់ប្លន់ដីធ្លី ពលរដ្ឋ មិនញញើតដៃ។ ការលើកឡើងនេះ ក្រោយពី លោក ហ៊ុន សែន បានប្រៀនប្រដៅដល់មន្ត្រីថ្នាក់ក្រោម ឱ្យបម្រើប្រជាពលរដ្ឋ ដោយស្មោះត្រង់ និងមិនត្រូវធ្វើ ជាចៅហ្វាយនោះទេ ហើយលោកថាការបម្រើពលរដ្ឋ ដោយស្មោះត្រង់ នឹងមិនរងការ ជេរប្រមាថ ឬការ ស្ដីបន្ទោសពីពលរដ្ឋនោះឡើយ។
អ្នកឃ្លាំមើលលើកឡើងថា ច្រើនទសវត្សរ៍មកហើយប្រទេសកម្ពុជា និងពលរដ្ឋខ្មែរ ពុំទាន់ទទួលបាន មេដឹកនាំល្អ និងមន្ត្រីរាជការ ដែលធ្វើការងារបម្រើពលរដ្ឋ ប្រកបដោយភាពថ្លៃថ្នូរនោះទេ រហូត មកទល់បច្ចុប្បន្ន ។ ពួកគាត់ថា ការរំពឹងថា នឹងមានមន្ត្រីរាជការ និងអ្នកនយោបាយបក្ស កាន់អំណាច ងាកមកធ្វើរឿង ដែលត្រឹមត្រូវ និងគិតពីផលប្រយោជន៍ពលរដ្ឋជាធំ គឺជារឿងដ៏ពិបាកបំផុត ប៉ុន្តែទោះជាយ៉ាងណា ពួកគាត់ នៅតែជំរុញឱ្យ រដ្ឋាភិបាល លោក ហ៊ុន សែន និងលោក ហ៊ុន សែន គួរតែធ្វើជាគំរូល្អ ហើយរៀនកែប្រែ កំហុស និងស្ដាប់មតិពលរដ្ឋជាធំ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី០៧ ខែកក្កដា ថា ជារឿងដែលមិនងាយស្រួលនោះទេ ក្នុងការណែនាំឱ្យមន្ត្រីក្រោមឱវាទធ្វើកិច្ចការងារដែលសុចរិត ស្មោះត្រង់ និងគិតពីផលប្រយោជន៍ជាតិជាធំ ខណៈដែលមន្ត្រីធំៗ ដែលនៅជុំវិញលោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត គឺភាគជាច្រើនសម្បូរដោយមន្ត្រីពុករលួយ អែបអប និងរំលោភបំពានសិទ្ធិមនុស្ស និងប្លន់យកដីធ្លី ពលរដ្ឋ មិនញញើតដៃ។
លោកថា បញ្ហាអយុត្តិធម៌ទាំងនេះវាបានកើតឡើងអស់ជាច្រើនឆ្នាំមកហើយ ក៏ព្រោះតែលោក ហ៊ុន សែន ជាអ្នកចាំកាងការពារពីក្រោយ ហើយលុយដែលមន្ត្រីទាំងនោះរកបាន ដោយអំពើទុច្ចរិត និងការឆក់ប្លន់ពលរដ្ឋ ភាគច្រើនបានបរិច្ចាគដល់គណបក្សប្រជាជនកម្ពុជាផង និងទុកដើម្បី ផលប្រយោជន៍ ខ្លួនឯងផង។ ជាមួយគ្នានោះ លោកថា លោក ហ៊ុន សែន ក៏មិនមែនជាមេដឹកនាំល្អ ផ្ដល់នូវគំរូភាព ដល់មន្ត្រីក្រោមឱវាទនោះដែរ លោក ហ៊ុន សែន ជាមេដឹកនាំផ្ដាច់ការ ពុករលួយ គ្រួសារនិយម និងជាមេដឹកនាំដែលខ្វល់តែពីអំណាច ជាជាងការពារ ផលប្រយោជន៍ពលរដ្ឋ និងប្រទេសជាតិ។ លោកថា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែនប្រព័ន្ធតុលាការបានក្លាយជាឧបករណ៍នយោបាយ តាមបំបិទមាត់ អ្នកវិភាគឯករាជ្យ អ្នកនយោបាយ អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន និង ករណីសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការរាប់មិនអស់ជាដើម។
លោក ម៉ែន ណាត៖ «លោក ហ៊ុន សែន ចេះតែនិយាយទៅ ហើយនិយាយ ម៉េច បើគាត់តំណាងនៃអំពើអាក្រក់ក្នុងជួររដ្ឋាភិបាលកម្ពុជា។ ក្នុងគ្រួសារមេដឹកនាំ ដដែល ទៅហើយហ្នឹង។ ទៅដោះស្រាយបញ្ហាអ្វីចេញ។ ដើម្បីដោះស្រាយបញ្ហាហ្នឹង វាទាល់តែមានមន្ត្រីល្អ ពួកមេដឹកនាំល្អ។ មេដឹកនាំល្អដែលពោរពេញដោយគុណធម៌ ព្រហ្មវិហារធម៌ ហ្នឹង។ អញ្ចឹងមេដឹកនាំល្អ បានអនុវត្ត ច្បាប់ទៅ វាមានប្រសិទ្ធភាព ហើយវាល្អទាំងអស់គ្នា»។
ប្រតិកម្មនេះធ្វើក្រោយពីប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃទី០៧ ខែកក្កដា បានថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និងឃុំ នៅខេត្តមណ្ឌលគិរី ហើយត្រូវបានអ្នកគាំទ្រ បក្សកាន់អំណាច យកមកផ្សព្វផ្សាយបន្តលើបណ្ដាញសង្គមព្រោងព្រាតថាលោក ហ៊ុន សែនបានណែនាំដល់ មន្ត្រីទាំងអស់ ត្រូវតែតាំង ខ្លួនជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយនោះទេ។ លោកថា ការខិតខំបម្រើប្រជាជនដោយភាពស្មោះត្រង់ គឺជាវិធីតែមួយគត់ និងមិនទទួលរង ការជេរស្ដីពីសំណាក់ប្រជាជននោះឡើយ ហើយ មន្ត្រីក៏ត្រូវខិតខំ លុបបំបាត់ រាល់ទង្វើមួយចំនួន ដែលធ្វើឱ្យពលរដ្ឋមានការថ្នាំងថ្នាក់ចិត្ត។
លោក ហ៊ុន សែន បានបញ្ជាក់ថា មានតែការធ្វើអំពើល្អទេ ទើបទទួលបានការគោរពស្រលាញ់ពីប្រជាជន ហើយមិនទទួលរងការដាក់បណ្ដាសាពីពលរដ្ឋផងដែរ។ ជាមួយគ្នានោះ លោក ហ៊ុន សែន ប្រកាសពីការចងក្រងទស្សនៈមួយរបស់លោក ទុកក្រើនរំលឹកមន្ត្រីក្រោមឱវាទ កុំឱ្យយកអំណាចទៅជិះជាន់សង្កត់សង្កិនលើប្រជាពលរដ្ឋ ដោយលោកពោលថា «បើលោកជារាស្ត្រ តើលោកឈឺចាប់ទេ? ប្រសិនបើមានគេ ប្រមាថទិតៀន គឺដូចគ្នាទេ មនុស្សមានវិញ្ញាណ ប្រសិនបើ ជាមានគេបំពានសិទ្ធិ។
បើទោះបីជា លោក ហ៊ុន សែន បានប្រៀនប្រដៅដល់មន្ត្រីក្រោមឱវាទ កុំឱ្យយកអំណាចទៅជិះជាន់ពលរដ្ឋក្ដី ក៏ក្រោមការដឹកនាំរបស់ លោក ហ៊ុន សែន មានរឿងអយុត្តិធម៌ជាច្រើនបានកើតឡើង ហើយនៅតែមិនទាន់រកឃើញ«យុត្តិធម៌»នៅឡើយ រហូតមកទល់បច្ចុប្បន្ន ដូចជាករណី ឃាតកម្ម មកលើតារាសម្ដែងដ៏ល្បីល្បាញបំផុត អ្នកស្រី ពិសិដ្ឋ ពិលីកា ព្រះតេជព្រះគុណ សំ ប៊ុនធឿន មេដឹកនាំសហជីព លោក ជា វិជ្ជា សកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី និងអ្នកវិភាគនយោបាយដ៏លេចធ្លោ គឺ បណ្ឌិត កែម ឡី ជាដើម។
ក្រៅពីនោះ លោក ហ៊ុន សែនក៏បានប្រើអំណាចផ្ដាច់ការរបស់លោក បញ្ជាឱ្យអាជ្ញាធរចាប់ខ្លួន សកម្មជននយោបាយ សកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស ពលរដ្ឋរងគ្រោះដីធ្លី និងពលរដ្ឋឈឺឆ្អាល បញ្ហាប្រទេសជាតិជាច្រើននាក់ទៀត ក្រោមពាក្យស្លោករបស់លោកថា «ងើបមួយវាយមួយ» ដែលធ្វើឱ្យពលរដ្ឋបាន ព្រាតប្រាសប្រពន្ធកូន និងគ្រួសារ ហើយ អ្នកខ្លះទៀត រត់ចោលប្រទេសកំណើត ទៅរស់នៅក្រៅប្រទេស នៅ ឆ្ងាយពី មាតុភូមិជាដើម។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី យល់ឃើញថា ការថ្លែងរបស់លោក ហ៊ុន សែន ដែលរំលឹកដល់មន្ត្រីរាជការឱ្យបម្រើពលរដ្ឋដោយស្មោះត្រង់ ចៀសវាងការធ្វើឲ្យពលរដ្ឋថ្នាំងថ្នាក់ចិត្ត ឆ្លុះបញ្ចាំងពីការយល់ដឹងយ៉ាងច្បាស់អំពីឥទ្ធិពលនៃមតិសាធារណៈ និងតួនាទីរបស់មន្ត្រីថ្នាក់មូលដ្ឋាន ក្នុងការរក្សាលំនឹងស្ថិរភាពនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។ លោកថា ក្នុងនាមជាអ្នកនយោបាយជើងចាស់ លោក ហ៊ុន សែន ដឹងថាការមិនពេញចិត្តពីពលរដ្ឋ គឺជាដើមចមដែលអាចអង្រួនអំណាចកូនរបស់លោកបាន ទើបលោកតែងតែប្រើប្រាស់វោហារសាស្ត្របែបនេះ ដើម្បីព្រមានផង និងដើម្បីទាក់ទាញប្រជាប្រិយភាពផង។
ទោះជាយ៉ាងណា លោកថា ប្រសិនបើពិនិត្យលើទិដ្ឋភាពជាក់ស្ដែង និងគំរូភាពដែលលោក សែនបានបន្សល់ទុកក្នុងនាមជានាយករដ្ឋមន្ត្រីរាប់ទសវត្សរ៍ វាមានគម្លាតយ៉ាងធំធេងរវាងពាក្យសម្ដី និងសកម្មភាពផ្ទាល់។ លោកថា នៅលើឆាកនយោបាយ លោក ហ៊ុន សែន ជារឿយៗមិនបានបង្ហាញពីភាពអត់ធ្មត់ ឬក៏ការបើកចំហ ចំពោះមតិរិះគន់ពីពលរដ្ឋ ឬក៏គណបក្សប្រឆាំងនោះទេ។ លោក ហ៊ុន សែនតែងតែ ប្រើប្រាស់ភាសាគំរាមកំហែងធ្ងន់ៗ ការបង្ក្រាបលើសំឡេងរិះគន់ ការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងការចាប់ខ្លួនសកម្មជននយោបាយ សុទ្ធតែជាសក្ខីកម្ម ដែលផ្ទុយស្រឡះពីទស្សនៈមិនធ្វើឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ចិត្ត។
លោកសង្កេតឃើញថា កន្លងទៅនៅពេលដែលពលរដ្ឋចេញមុខតវ៉ាដោយសារតែ រងភាពអយុត្តិធម៌សង្គម ឬការរំលោភបំពានពីសំណាក់អ្នកមានអំណាច ពួកគាតច្រើនតែរងការចោទប្រកាន់ថា ជាក្រុមប្រឆាំង ឬក៏ជាជនបង្កចលាចលទៅវិញ។ លើសពីនេះ គំរូនៃការដឹកនាំបែបគ្រួសារនិយម និងការផ្ទេរអំណាចតត្រកូល ក៏ជាចំណុចមួយដែលបង្កើតឲ្យមានការរិះគន់ និងការមិនពេញចិត្តយ៉ាងខ្លាំងពីមហាជន ដែលចង់ឃើញប្រព័ន្ធដឹកនាំមួយដែលផ្អែកទៅលើសមត្ថភាព និងប្រជាធិបតេយ្យពិតប្រាកដ។ ដូច្នេះ លោកថា ការទូន្មានរបស់លោក ហ៊ុន សែន ទៅកាន់មន្ត្រីថ្នាក់ក្រោម វាហាក់ដូចជាយុទ្ធសាស្ត្ររុញកំហុស និងទម្លាក់ការទទួលខុសត្រូវទៅលើមន្ត្រីតូចតាច ដើម្បីការពាររូបភាពរបស់មេដឹកនាំកំពូលទៅវិញទេ។
លោក សេង វណ្ណលី៖ «នៅពេលដែលប្រព័ន្ធយុត្តិធម៌ ប្រព័ន្ធតុលាការ និងការបែងចែកផលលាភសង្គមនៅតែមានភាពលម្អៀង និងពុករលួយជាប្រព័ន្ធនោះ ការគ្រាន់តែប្រើសម្ដីណែនាំឲ្យមន្ត្រីធ្វើខ្លួនល្អ គឺមិនអាចដោះស្រាយឫសគល់នៃបញ្ហា ឬក៏លុបបំបាត់ការរិះគន់ និងការដាក់បណ្ដាសា របស់ប្រជាពលរដ្ឋបាននោះទេ។ ដរាបណាមេដឹកនាំកំពូលខ្លួនឯងមិនទាន់ធ្វើជាគំរូ នៅក្នុងការគោរពច្បាប់ និងការបើកទូលាយសិទ្ធិសេរីភាពពិតប្រាកដដល់ម្ចាស់ឆ្នោតនោះឡើយ»។
នេះមិនមែនជាលើកទីមួយទេ ដែលលោក ហ៊ុន សែន ក្រើនរំលឹកមន្ត្រីថ្នាក់ក្រោមឱ្យគោរពតួនាទីរបស់ខ្លួន ដោយខិតខំបម្រើពលរដ្ឋដោយស្មោះត្រង់ ហើយមានពេលខ្លះ លោកបានព្រមានដកមន្ត្រីណាដែលមិនបម្រើពលរដ្ឋទៀតផង។ ប៉ុន្តែពាក្យសម្ដីរបស់លោក ហ៊ុន សែន គ្មានប្រសិទ្ធភាពឡើយ ព្រោះពេលនេះ លោកខ្លួនឯង ក៏កំពុងរងការរិះគន់ថា ជាមេដឹកនាំគិតតែពីប្រយោជន៍អំណាចរបស់ខ្លួន ហើយសុខចិត្តធ្វើបាបរាស្ត្រ ឬប្រកាសយាយីជាតិសាសន៍របស់ខ្លួនដោយគ្មានញញើត ជាញឹកញាប់ទៀតផង។
អ្នកឃ្លាំមើលយល់ថា ទាល់តែមានការផ្លាស់ប្ដូររមេដឹកនាំសព្វថ្ងៃ ទើបកម្ពុជាអាចមានមន្ត្រីល្អច្រើនដែលបម្រើរាស្ត្រពិតប្រាកដ ក៏ប៉ុន្តែប្រសិនបើលោក ហ៊ុន សែន និងក្រុមគ្រួសាររបស់លោក នៅតែបន្តកាន់អំណាចនោះ កម្ពុជានឹងមិនអាចផ្លាស់ប្ដូរទៅរកប្រព័ន្ធដឹកនាំរដ្ឋដែលឱ្យតម្លៃខ្លាំងលើផលប្រយោជន៍ពលរដ្ឋបាននោះឡើយ៕









