ជនភៀសសឹក​ខ្លះ​បារម្ភ​ពី​សុវត្ថិភាព​ពេល​មាន​ខ្យល់​កន្ត្រាក់ និង​ត្អូញត្អែរ​ពី​ខ្វះ​ទឹក​ប្រើប្រាស់

0
62
ផ្ទះបណ្ណោះអាសន្ន​សម្រាប់ជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ ដែលត្រូវ​ថៃឈ្លានពានដីនិងផ្ទះ។ រូប៖ ​បណ្ដាញសង្គម
ផ្ទះបណ្ណោះអាសន្ន​សម្រាប់ជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ ដែលត្រូវ​ថៃឈ្លានពានដីនិងផ្ទះ។ រូប៖ ​បណ្ដាញសង្គម

ជនភៀសសឹក​ខ្លះ ដែល​កំពុង​រស់នៅ​ក្នុង ផ្ទះ​បណ្ដោះអាសន្ន​កំពុង ព្រួយបារម្ភ​ពី​សុវត្ថិភាព នៅពេល​មាន​ខ្យល់​កន្ត្រាក់​ម្ដងៗ និង ត្អូញត្អែរ​ថា គ្មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​។ ពួកគាត់​ថា ផ្ទះ​បណ្ដោះអាសន្ន​នេះ មាន​លក្ខណៈ​សមរម្យ អាច​រស់​នៅ​បាន ប៉ុន្តែ ហាក់​មិនសូវ​ធានា​មាន​សុវត្ថិភាព​នោះ​ទេ ទើប​ធ្វើ​ឱ្យ​ពលរដ្ឋ​ព្រួយ បារម្ភ​ខ្លាច​ដួល​រលំ​នៅ​រដូវវស្សា។

បើទោះបីជា នៅក្នុង​អំឡុង​រដូវ​បុណ្យ​ចូលឆ្នាំថ្មី​នេះ​អាជ្ញាធរ​មូលដ្ឋាន បាន​រៀបចំ​កម្មវិធី​រាំ​លេង​សប្បាយ ក្នុង​ជំរំ​ជនភៀសសឹក និង នៅ​តាម​ទីកន្លែង​នានា ឱ្យ​ពលរដ្ឋ សប្បាយ ដើម្បី​បំភ្លេច​ទុក្ខ​កង្វល់​ខ្លះ​ក្ដី ចំពោះ​ជនភៀសសឹក ហាក់​ពុំ​សូវ​មាន​វាសនា​ល្អ និង សើច​សប្បាយ​បាន​យូរ​នោះ​ទេ ព្រោះ​ថ្មីៗ​នេះ ពួកគាត់​ជួប​ព្យុះភ្លៀង រួម​ដោយ ខ្យល់​កន្ត្រាក់​អង្រួន​ផ្ទះសម្បែង បណ្ដាល​ឱ្យ​ផ្ទះ​ខ្លះ ប៉ើង​ប្រដាប់​បិទបាំង​រសាត់​តាម​ខ្យល់ និង​ផ្ទះ​ខ្លះទៀត ត្រូវ​ទឹក​សាច​ចូល​ដេក​ពួន​មិន​បាន។

រីឯ ជនភៀសសឹក​ខ្លះទៀត ដែល​កំពុងតែ​ស្នាក់នៅ​ក្រោម​តង់​កៅស៊ូ​ស្ថិត​ក្នុង​ស្រុក​ថ្មពួក និង​ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ ដែល​មិនទាន់​បាន​ទៅ​រស់នៅ​ក្នុងផ្ទះ​បណ្ដោះអាសន្ន បាន​ស្រែក​ទ្រហោយំ ក្រោយពី​ឃើញ​តង់​កៅស៊ូ រសាត់ តាម​ខ្យល់ ហើយ ខោអាវ ចាន​ឆ្នាំង និង​អង្ករ​ត្រូវ​ភ្លៀង​ទទឹកជោក អស់​ពេញ មួយ​យប់​។ ជនភៀសសឹក​ទាំងនោះ បាន​ត្រឹមតែ​សោកសង្រេង និង​យំ​អាណិត​ស្រណោះ ខ្លួនឯង ដែល​ត្រូវ​រង​ទុក្ខ​ម្ដង ហើយ ម្ដងទៀត ខណៈ​ដីធ្លី និង ផ្ទះសម្បែង ដែល​ថៃ​រំលោភ​យក ក៏​នៅតែ​គ្មាន ដំណោះស្រាយ នៅឡើយ។

ជនភៀសសឹក​ដែល​កំពុងតែ​រស់នៅ​ក្នុង​ផ្ទះ​បណ្ដោះអាសន្ន ស្ថិតនៅ​ឃុំ​ស្លា​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ លោកស្រី ស៊ុន ផល ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២០ ខែ​មេសា​ថា ពលរដ្ឋ​ដែល​រស់នៅ​ទីនេះ ភ័យ​បារម្ភ នៅពេល​មាន​ភ្លៀង​ម្ដងៗ ព្រោះ​សម្បូរ​ខ្យល់​កន្ត្រាក់ ព្រោះ គ្មាន​ដើមឈើ ដែល អាច​ជួយ​ទប់​កម្លាំង​ខ្យល់​បាន​។ ទន្ទឹមគ្នា​នោះ លោកស្រី​ថា នៅ​តំបន់ ដែល លោកស្រី​រស់នៅ ពុំ​ទាន់​មាន​ទឹក​សម្រាប់​ប្រើប្រាស់​ត្រឹមត្រូវ​នោះ​ទេ​។ ជា​ញឹកញាប់​លោកស្រី ទិញ​ពី​ក្រៅ ដែល​គេ​ដឹក​លក់​តាម​គោយន្ត ក្នុង​តម្លៃ ៨​ពាន់​រៀល សម្រាប់ ១​ពាង​ធំ។

លោកស្រី ស៊ុន ផល៖ «ជួរ​ខ្លះ​មាន​ទឹក​ចូល ជូរ​ខ្លះ​អត់​មាន​ទេ​។ ជួរ​ខ្ញុំ​អត់​មាន​ទឹក​ទេ បើ​ជួរ​គេ​ឯណោះ​មាន ជួនកាល​ទៅ​គេ​ដឹក​ទឹក​មក​ចែក​។ ធម្មតា​ទេ បើ​ដាច់​ទឹក​មានតែ​ទិញ​ទឹក​គេ​ប្រើ​សិន ព្រោះ​ទឹក​វា​អត់​ទាន់​ចូល​ដល់​កន្លែង​យើង​អ៊ីចឹង​។ បើ​ចាំតែ​រដ្ឋ​ជួយ​ទាំងអស់​មានតែ​ងាប់ មានតែ​យើង​ជួយ​ខ្លួនឯង​ខ្លះ»។

រីឯ​ជនភៀសសឹក​ម្នាក់ទៀត លោក ព្រហ្ម ចិត្ត លើកឡើង​ថា នៅ​តំបន់​ដែល​លោក រស់​នៅ​មាន​ប្រព័ន្ធ​ទឹក​ត្រឹមត្រូវ ប៉ុន្តែ ពុំ​សូវ​មាន​ទឹក​ប្រើប្រាស់​នោះ​ទេ គឺ​តែងតែ​ខ្វះ​ទឹក​។ ចំណែក​នៅពេល​ថ្ងៃ​ក្ដៅ ហួតហែង​ខ្លាំង រហូត ដេក​ពួន​ពុំបាន​នៅពេល​ថ្ងៃ ហើយ​ចំ​ពេល​ទឹក​ពុំ​សូវ​មាន​ទៀត គឺ​ពលរដ្ឋ​ពិបាក​រស់នៅ​ខ្លាំង ប៉ុន្តែ​លោក​ថា ពលរដ្ឋ​មានតែ​ទ្រាំ។

លោក ព្រហ្ម ចិត្ត បាន​មក​រស់នៅ​ក្នុងផ្ទះ​បណ្ដោះអាសន្ន​នេះ ជាង​១​សប្ដាហ៍​ហើយ ប៉ុន្តែ​លោក​នៅតែ​គិត​ច្រើន ដេក​ពុំ​សូវ​លក់ ព្រោះ​បារម្ភ​ពី​ជីវភាព មិនដឹង​ត្រូវ ប្រកបមុខរបរ​អ្វី ដើម្បី​បាន​ប្រាក់ចំណូល​ផ្គត់ផ្គង់ គ្រួសារ​។ សព្វថ្ងៃ លោក​ថា ជនភៀសសឹក អាច​រស់នៅ​ដោយ​ពឹង​លើ​អំណោយ​ខ្លះៗ ពី​សប្បុរសជន និង ថវិកា​ដែល អាជ្ញាធរ​ផ្ដល់​ឱ្យ​តាមរយៈ​ប័ណ្ណ​សង្គមកិច្ច​ឬ ប័ណ្ណ​ហានិភ័យ ក្នុង ១​ខែ ១០​ម៉ឺន ទៅ ២០​ម៉ឺន​រៀល តាម​សមាជិកគ្រួសារ​ច្រើន ឬ​តិច។

លោក ព្រហ្ម ចិត្ត៖ «ពិបាក​ជីវភាព​មិន​ដឹង​ថា​រក​អី ធ្វើ​អី​។ ចេះតែ​គិត​ទៅ​ទាំង​យើង​ទាំង​គេ​។ បើ​អ្នកខ្លះ​គេ​អត់​គិត​ទេ គេ​ថា​ធម្មតា​ទៅ តាម​ដំណើរ​ទៅ​។ បើ​យើង​កើតទុក្ខ​ក៏​ប៉ុណ្ណឹង សប្បាយ​ក៏​ប៉ុណ្ណឹង​។ មានតែ​ម្យ៉ាង​គត់​ដែល​សង្ឃឹម គឺ​រដ្ឋាភិបាល និង​អង្គការ គេ​ថាឱ្យ​ចិញ្ចឹម​មាន់ សម្រាប់​លក់​ឱ្យ​គេ​។ សង្ឃឹម​ចំណុច​នេះឯង​មួយ»។

ទូរទស្សន៍​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី និង​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី​២០ ខែ​មេសា។

ទោះជា​យ៉ាងណាក្ដី បើ​តាម​ការ​អះអាង​របស់​ជនភៀសសឹក អាជ្ញាធរ​បាន​សន្យា​ថា នឹង​ប្រឹងប្រែង ស្ដារ​ជីវភាព​ដល់​ជនភៀសសឹក​ឱ្យ​បាន​ឆាប់​បំផុត ក្រោយពី​ពលរដ្ឋ​ទាំងនោះ​មាន​ទីលំនៅ​គ្រប់គ្នា​។ ក្នុង​នោះ​ដែរ អាជ្ញាធរ​ថា នឹង​ផ្ដល់​កូន មាន់​ពូជ សម្រាប់​ចិញ្ចឹម​លក់ គ្រាន់​បាន​ប្រាក់ចំណូល​ខ្លះ​ដោះស្រាយ​ជីវភាព និង ផ្ដល់​គ្រប់​ពូជ ដំណាំ​ផ្សេងៗ​ដែល​អាច​ដាំ​បាន នៅ​ជិតៗ​ផ្ទះ។

ប៉ុន្តែ​យ៉ាងណា ពលរដ្ឋ​ថា ការ​ស្ដារ​ជីវភាព តាមរយៈ​វិធី​នេះ​ពុំ​មាន​ប្រសិទ្ធភាព និង​គ្មាន​ស្ថិរភាព​ប្រាក់ចំណូល​នោះ​ទេ ព្រោះ​ថា នេះ​គ្រាន់តែ​ជា មុខរបរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​តិច​តូច​ប៉ុណ្ណោះ ប្រសិនបើ​រដ្ឋាភិបាល ចង់ឱ្យ​ពលរដ្ឋ​មាន​ជីវភាព​សមរម្យ គួរតែ​រៀបចំ​ឱ្យ​មាន​រោងចក្រ​ផលិត​ខោអាវ ឬ​សម្ភារៈ​ផ្សេងៗ នៅក្នុង​ខេត្ត ដែល​ជាប់​តំបន់ ពួកគាត់​រស់នៅ ដើម្បី​ឱ្យ​ពួកគាត់​ទៅ​ធ្វើ​ការ គឺជា​រឿង​ល្អ​បំផុត។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា CHRAC លោក រស់ សុដ្ឋា យល់​ឃើញ​ថា ការរៀបចំ​ទីជម្រក​ជូន​ជនភៀសសឹក គឺជា​រឿង​ល្អ ក៏ប៉ុន្តែ បញ្ហា​នៅត្រង់​ពុំ​ទាន់​មាន ដើមឈើ ឬ ដើម​ឫស្សី ដើម្បី​អាច​ទប់ស្កាត់​ខ្យល់​កន្ត្រាក់ និង​គ្រោះធម្មជាតិ​ផ្សេងៗ​។ បន្ថែម​ពី​នោះ លោក​ថា អាជ្ញាធរ ក៏​ត្រូវ​ប្រញាប់ រៀបចំ​ប្រព័ន្ធ​ទឹក​ស្អាត ភ្លើង និង ផ្លូវ​ឱ្យ​បាន​លឿន​បំផុត ដើម្បី​កុំឱ្យ​ពលរដ្ឋ ជួប​ការ​លំបាក ព្រោះ ពួកគាត់​បាន​ជួប​ការ​លំបាក​ជាច្រើន​ហើយ។

លោក រស់ សុដ្ឋា៖ «ប្រជាពលរដ្ឋ​មិនទាន់​ទទួល​បាន​សេចក្ដី​ស្ងប់​ជាតិ​ទាំងស្រុង​ទៅលើ​អ្វី​ដែល​រដ្ឋាភិបាល​ផ្ដល់​ឱ្យ​នោះ​ទេ នៅ​មាន​បញ្ហា​មួយចំនួន​ដែល​ជា​កម្មវត្ថុ ជំរុញ​ឱ្យ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ពាក់ព័ន្ធ សិក្សា​ពី​បញ្ហា​របស់​ពួកគាត់​នឹង​បញ្ហា​មួយ​ចំនួន​ទៀត ដែល​ត្រូវ​ដោះស្រាយ​ជា​អាទិភាព ហើយ​ពន្លឿន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំងនោះ ដើម្បី​ជួយ​បំពេញ​សេចក្ដី​ត្រូវ​ការ​ជា​មូលដ្ឋាន​របស់​ពួកគាត់»។

ជាច្រើន​ខែ មក​នេះ​ជនភៀសសឹក​រាប់​ម៉ឺន​នាក់ នៅ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ឧត្តរមានជ័យ​ភាគច្រើន ទទួល​បាន ទីជម្រក​បណ្ដោះអាសន្ន សម្រាប់​រស់​នៅ ក្រោយ​ពី​ផ្ទះសម្បែង និង​ដីធ្លី របស់​ពួកគាត់​ត្រូវ​បាន​យោធា​ថៃ រំលោភ​យក​អស់។ ករណី​នេះ ជនភៀសសឹក​ខ្លះ ហាក់ ពុំ​សូវ​សង្ឃឹមថា នឹង​បាន​ត្រឡប់​ទៅ​រស់នៅ​ភូមិកំណើត​វិញ ក្នុង​ពេល​ឆាប់ៗ​នោះ​ទេ ខណៈ រដ្ឋាភិបាល​ដោះស្រាយ​ព្រំដែន ដោយ​ពឹង​អាស្រ័យ​តែ​ទៅលើ ភាគី​ថៃ ជា​អ្នក​កំណត់។

អ្នកឃ្លាំមើល​រិះគន់​ថា ការ​ដោះស្រាយ​បញ្ហា​ព្រំដែន របៀប​នេះ​ថៃ នឹង​មិន​ប្រគល់​ទឹកដី​កម្ពុជា មក​ឱ្យ​វិញ​នោះ​ទេ ខណៈ​បច្ចុប្បន្ន​ភាគី​ថៃ តែងតែ​ពង្រីក​ការ​ឈ្លានពាន តាមរយៈ​ការ​រាយ​លួស​បន្លា ចូល​ទឹក​ខ្មែរ ស្ទើរតែ​រាល់ថ្ងៃ រីឯ​កម្ពុជា​គ្មាន​ប្រៀប​អ្វី ក្នុង​ការ​ដាក់​សម្ពាធ​ភាគី​ថៃ​នោះ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ