

ទាហានខ្មែរអះអាងថា ទាហានថៃបានបន្តឈូសឆាយធ្វើផ្លូវ សាងសង់អាគារ និងលេណដ្ឋានធំៗ នៅលើទឹកដីកម្ពុជា ចាប់តាំងពីអំឡុងពេលដែលកម្ពុជា កំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី។ ទាហានខ្មែរបន្តថា នៅតាមតំបន់ព្រំដែន ទាហានថៃបានបណ្ដេញទាហានខ្មែរ មិនឱ្យចូលក្បែរបន្លាលួសនោះឡើយ ដោយពួកគេនៅតែព្យាយាមរាយបន្លាលួស កាយប្រឡាយ និងសាងសង់សំណង់ក្នុងទីតាំងជាច្រើនទៀត ដែលពួកគេដណ្ដើមបានពីកម្ពុជា។
ក្នុងអំឡុងពេលដែលកម្ពុជា កំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីអស់រយៈពេលជិតមួយសប្ដាហ៍ ទាហានថៃបានធ្វើសកម្មភាពឈ្លានពានក្នុងទឹកដីកម្ពុជា ដោយគ្មានលើកលែងសូម្បីតែក្នុងរដូវកាលបុណ្យទាននោះឡើយ។
ទាហានខ្មែរម្នាក់ ដែលកំពុងឈរជើងនៅតំបន់ព្រំដែនក្នុងខេត្តឧត្តរមានជ័យ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និងសំឡេងថា ក្នុងអំឡុងពេលដែលកម្ពុជា កំពុងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ដែលប្រារព្ធឡើងតាំងពីថ្ងៃទី១៤ ខែមេសា នោះ ក្រុមទាហានថៃបានធ្វើសកម្មភាពឈូសឆាយព្រៃកសាងផ្លូវ នៅតាមបណ្ដោយព្រំដែនក្បែរបន្លាលួស និងប្រឡាយជាច្រើនទីតាំង នៅតំបន់ក្នុងស្រុកត្រពាំងប្រាសាទ ស្រុកបន្ទាយអំពិល និងទីតាំងមួយចំនួនទៀត។
ទាហានខ្មែររូបនេះបន្តថា ក្នុងសកម្មភាពសាងសង់សំណង់រឹងនេះ ទាហានថៃបានអះអាងថា ពួកគេសាងសង់នៅក្នុងតំបន់ ដែលជាទឹកដីរបស់ថៃ និងបានបណ្ដេញទាហានខ្មែរ មិនឱ្យចូលទៅក្បែរទីតាំងទាំងនោះឡើយ។
ដូចគ្នានេះដែរ ទាហានខ្មែរម្នាក់ទៀត ដែលកំពុងឈរជើងនៅតំបន់ព្រំដែនខេត្តព្រះវិហារ ដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណដែរនោះ បានអះអាងថា ទាហានថៃតែងតែបណ្ដេញទាហានខ្មែរ នៅពេលភាគីទាំង២បានដើរល្បាត ជ្រួសផ្លូវគ្នា ដោយទាហានថៃបានទាមទារកាន់កាប់តំបន់ទាំងនោះ និងចោទទាហានខ្មែរថា មកបង្ករឿងជាមួយទាហានថៃ។ លោកបន្តថា បញ្ហាបែបនេះបានកើតឡើងជាញឹកញាប់ រហូតពេលខ្លះទាហានថៃ បានគំរាមផ្ទុះអាវុធជាច្រើនដង។
ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី ១៩ មេសា បានចេញលិខិតតវ៉ា ពាក់ព័ន្ធករណីទាហានថៃបានពង្រឹងការកាន់កាប់ដោយខុសច្បាប់នៅទីតាំងជាច្រើន ក្នុងខេត្តចំនួនបី ដូចជាព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់។
ក្រសួងការបរទេសបញ្ជាក់ថា នៅខេត្តព្រះវិហារ ទាហានថៃបានសាងសង់ប៉ុស្តិ៍យាម នៅក្នុងតំបន់ប្រាសាទព្រះវិហារ។ ចំណែកនៅខេត្តឧត្តរមានជ័យ ទាហានថៃបានបន្តសាងសង់ផ្លូវ នៅជិតបង្គោលព្រំដែនលេខ២ និងតំបន់ដើមតាត្រាវ ស្រុកត្រពាំងប្រាសាទ ខណៈនៅស្រុកបន្ទាយអំពិល ទាហានថៃបានជីកលេណដ្ឋាននៅតំបន់ច្រកទ្វារអន្តរជាតិ ជប់គគីរ។ ក្រសួងបន្ថែមថា ទាហានថៃបានសាងសង់ប៉ុស្តិ៍យាម និងឈូសឆាយដីនៅខាងកើតតំបន់ជប់ដើមខ្នុរ នៅសង្កាត់កូនក្រៀល ក្រុងសំរោង។ រីឯនៅភាគខាងកើតតំបន់ថ្មដូន ទាហានថៃ បានបន្តសាងសង់ផ្លូវថ្នល់ និងលេណដ្ឋាន ជាច្រើនទីតាំង។
ដោយឡែកនៅខេត្តពោធិ៍សាត់ វិញ ទាហានថៃបានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ឈូសឆាយដីបន្ថែមទៀត នៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង។
កាលពីថ្ងៃទី១៤ ខែមេសា ដែលជាថ្ងៃទី១ នៃថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ប្រមុខរដ្ឋស្ដីទី លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុក ដោយដាក់ចំណងជើងថា «របួសកូនដៃមួយ មិនគួរធ្វើឱ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ»។ នៅក្នុងសំណេរស្ដីពីបញ្ហាព្រំដែនដ៏កម្រនេះ លោក ហ៊ុន សែន បានប្រដូចការបាត់បង់ទឹកដីនៅតាមបណ្ដោយព្រំដែន ទៅកាន់ប្រទេសថៃ ថាជាផ្នែកតូចមួយ ដូចរបួសកូនដៃ និងមិនត្រូវឱ្យប្រជាពលរដ្ឋទាំងជាង ១៧លាននាក់ផ្សេងទៀត ដែលមិនមែនជាជនភៀសសឹក នាំគ្នាយំស្រែកបញ្ឈប់សកម្មភាព ជីវភាពសេដ្ឋកិច្ចនោះឡើយ។
ទោះជាបែបនេះក្ដី ទាហានខ្មែរ ដែលកំពុងឈរជើនៅតំបន់ព្រំដែនយល់ថា ការបាត់បង់ទឹកដីនៅតំបន់ព្រំដែន គឺជាដំបៅដួងចិត្តដ៏ជូរចត់ ព្រោះក្នុងចំណោមពួកគាត់ មានអ្នកខ្លះបានឈរជើងនៅតំបន់ព្រំដែនជិត២០ឆ្នាំមកហើយ និងខ្លះទៀត ឈរជើងលើសពី២០ឆ្នាំ រហូតតដល់ជំនាន់កូនទៀតផង។ ពួកគាត់ពន្យល់ថា ការបាត់បង់ទឹកដីតាមបណ្ដោយព្រំដែននេះ មិនមែនជាការបាត់បង់ដីព្រៃ ភ្នំ ឬគំនរថ្មបែកបាក់នោះឡើយ ប៉ុន្តែគឺជាការបាត់បង់តំបន់យុទ្ធសាស្ត្រសំខាន់ ដែលជាទីតាំងខ្ពស់ ប្រៀបដូចជាខែលការពារព្រំដែន រួមទាំងការបាត់បង់ប្រាសាទបុរាណ ដែលជាកេរ្តិ៍មរតករបស់ដូនតាខ្មែរ។
ជុំវិញរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន បានអះអាងថា គិតចាប់ពីផ្អាកសង្គ្រាមលើកទី២ ថៃបានគ្រប់គ្រងទឹកដីខ្មែរតាមព្រំដែនមានចំនួនកើនឡើងដល់ ៥៨ទីតាំងហើយ។ លោកបន្តថា ការលើកឡើងរបស់លោក ហ៊ុន សែន ដែលប្រៀបធៀបការបាត់បង់ទឹកដីតាមព្រំដែន ថាជារបួសកូនដៃ គឺជាភាសារបស់មេដឹកនាំ ដែលគ្មានការទទួលខុសត្រូវ និងគ្មានភាពច្បាស់លាស់ ក្នុងការការពារបូរណភាពទឹកដី។
លោក អ៊ុំ សំអាន៖ «លោក ហ៊ុន សែន គាត់បានកាត់ទឹកដីទៅឱ្យបរទេសហ្នឹង គឺជារឿងធម្មតារបស់គាត់ទៅហើយ ដែលគាត់បានសមទៅហើយ ព្រោះគាត់ធ្លាប់កាត់ទឹកដីទៅឱ្យវៀតណាម ដូច្នេះគាត់មិនខ្វល់ខ្វាយទេ។ បាត់បង់ទឹកដីជាង ៥៨ទីតាំងហ្នឹង គឺជារឿងធម្មតាទៅហើយ គាត់មិនខ្វល់ខ្វាយទេ ធ្វើម៉េចឱ្យតែការពារអំណាចគាត់បាន»។
ពាក់ព័ន្ធនឹងវិវាទព្រំដែនរវាងកម្ពុជា និងថៃនេះដែរ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បានប្រកាសកាលពីថ្ងៃទី១៧ ខែមេសា ថា ប្រទេសថៃមិនបដិសេធការចរចាលើបញ្ហាព្រំដែនជាមួយកម្ពុជានោះទេ ប៉ុន្តែត្រូវចាំដល់ពេលថៃតែងតាំងគណៈកម្មាធិការព្រំដែនចម្រុះថៃ (JBC) ថ្មីជាមុនសិន។ ប្រមុខការទូតថៃរូបនេះ បានចោទកម្ពុជាថា មានភាពតក់ក្រហល់ និងបង្ខំឱ្យថៃចរចាក្នុងរយៈពេលខ្លី បន្ទាប់ពីរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃចូលកាន់តំណែង ដែលជាការឆ្លុះបញ្ចាំងពីកង្វះភាពស៊ីសង្វាក់គ្នា។
យ៉ាងណាក៏ដោយចុះ មេដឹកនាំរដ្ឋាភិបាលស៊ីវិល និងយោធាថៃ ហាក់បានត្រៀមយុទ្ធសាស្ត្រក្នុងការចរចាជាមួយកម្ពុជារួចទៅហើយ ដោយពួកគេបានប្រកាសពីគោលជំហររឹងមាំ មិនប្រគល់ទឹកដី ដែលយោធាថៃកំពុងកាន់កាប់ ប្រគល់មកឱ្យកម្ពុជាវិញនោះឡើយ ដែលធ្វើឱ្យការចរចាទ្វេភាគីក្នុងវិវាទព្រំដែននែប្រទេសទាំងពីរ ហាក់គ្មានពន្លឺវិជ្ជមាននោះឡើយ៕









