អ្នកចាញ់​បោក​អតីត​ឧកញ៉ា ហ៊ី គឹមហុង ទទូច​ឲ្យ​តុលាការ​ប្រកាស​សាលក្រម​ឲ្យ​បាន​ឆាប់

0
34
ពលរដ្ឋ​ដែល​ចាញ់បោក​ប្រាក់​ក្រុមហ៊ុន​ពិភព​ដី​មាស​របស់​លោក ហ៊ី គឹមហុង តវ៉ា​បិទផ្លូវ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៤ វិច្ឆិកា ២០២៥។
ពលរដ្ឋ​ដែល​ចាញ់បោក​ប្រាក់​ក្រុមហ៊ុន​ពិភព​ដី​មាស​របស់​លោក ហ៊ី គឹមហុង តវ៉ា​បិទផ្លូវ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៤ វិច្ឆិកា ២០២៥។

អ្នកចាញ់​បោក​អតីត​ឧកញ៉ា​ហ៊ី គឹមហុង ទទូច​ឲ្យ​តុលាការ​ប្រកាស​សាលក្រម ឲ្យ​បាន​ឆាប់ ដោយ​ថា ការ​អូសបន្លាយ​យូរ នឹង​ធ្វើ​ឲ្យ​ពួកគាត់​ជួប​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ព្រោះតែ​គ្មាន​ប្រាក់​សងបំណុល ខណៈ​កូនៗ​ក៏​បោះបង់​ការសិក្សា​។ សង្គម​ស៊ីវិល សង្ឃឹមថា តុលាការ​នឹង​ពន្លឿន​នីតិវិធី ដោយ​ថា ការ​ពន្យារ​ពេល​យូរ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ រងគ្រោះ​ផ្ទួនៗ​គ្នា។

ពលរដ្ឋ​ដែល​ដាក់​ប្រាក់​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​លោក ហ៊ី គឹមហុង លើកឡើង​ថា ការ​ពន្យារ​ពេល​ប្រកាស​សាលក្រម​សំណុំរឿង​លោក ហ៊ី គឹមហុង នេះ ធ្វើ​ឲ្យ​ពួកគាត់​មាន​វិបត្តិ​ផ្លូវចិត្ត និង​រង​សម្ពាធ​កាន់តែ​ខ្លាំង​ដោយសារ​គ្មាន​ប្រាក់​សងបំណុល​ធនាគារ។

ការ​លើកឡើង​នេះ បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​០៨ ខែ​មេសា បាន​លើក​ពេល​ប្រកាស​សាលក្រម​សំណុំរឿង​បោក​ប្រាក់​ពលរដ្ឋ ពី​សំណាក់​អតីត​ឧកញ៉ា ហ៊ី គឹមហុង និង​បក្ខពួក ទៅ​ថ្ងៃក្រោយ​វិញ ដោយ​គ្មាន​កំណត់​ថ្ងៃ​ជាក់លាក់ ដោយ​អះអាង​ថា ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​សវនាការ​សំណុំរឿង​របស់​លោក កឹម សុខា។

ពលរដ្ឋ​រងគ្រោះ​នៅ​ខេត្តបាត់ដំបង លោក សោម ឆេង ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ការ​ពន្យារពេល​របស់​តុលាការ ក្នុង​ការ​ដោះស្រាយ​ឲ្យ​ពួកគាត់​នេះ ធ្វើ​ឲ្យ​ជន​ឆបោក​មួយ​ចំនួន​ទៀត​មិន​ខ្លាច​ច្បាប់​។ លោក​ថា ពួកគាត់​ត្រូវ​រងគ្រោះ​ដោយ​ក្រុមហ៊ុន​លោក ហ៊ី គឹមហុង ហើយ​មក​រងគ្រោះ ដោយសារ​តុលាការ​យឺតយ៉ាវ ក្នុង​ការ​ដោះស្រាយ​មួយ​ជាន់​ទៀត ដែល​ធ្វើ​ឲ្យ​ពួកគាត់​ជួប​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ខណៈ​បំណុល​ធនាគារ​កាន់តែ​កើនឡើង ពីព្រោះ​មិន​មាន​លុយ​សង​ត្រឡប់។

លោក សោម ឆេង៖ «ឲ្យ​រាជរដ្ឋាភិបាល ឬមួយ​តុលាការ​ក្នុង​រាជរដ្ឋាភិបាល​ដោះស្រាយ រក​យុត្តិធម៌ ដើម្បី​ទាមទារ​លុយ​កាក​ដែល​បង់ខាត ហើយ​ហ្នឹង​ដើមទុន​យក​មក​វិញ​ទេ អត់​មាន​ពាក់ព័ន្ធ​ទៅ​នឹង​នយោបាយ ឬ​ចង់​បំផុសបំផុល ឬក៏​ប្រឆាំង​អី​ទេ អត់​ទេ​។ ខ្ញុំ​ចង់​ថា ឲ្យ​តុលាការ​ពន្លឿន​យ៉ាងណា ពីព្រោះ​អី​ជម្រើស​ចុងក្រោយ​ហើយ វា​ច្រើន​ឆ្នាំ​ហើយ បើសិន​តុលាការ​នៅ​ពន្យារពេល​ប្រជាពលរដ្ឋ​ខ្លះ​គាត់​កើតជា​ទុ​រ​ភិ​ក៌ បាន​ន័យ​ថា សតិ​មិន​ប្រក្រតី ហើយ​ជីវភាព​កូនចៅ​បាត់បង់​ការសិក្សា​និយាយ​រួម​បាត់​ទាំងអស់​បណ្ដោយ ទីលំនៅ ដី​កេរ្តិ៍​ម៉ែឪ អ្នកខ្លះ​អាច​នឹង​ហ៊ាន​ធ្វើឃាត​ខ្លួនឯង​ទៀត»។

លោក សោម ឆេង បន្ត​ថា ប្រសិនបើ​តុលាការ​នៅតែ​មិន​កំណត់ពេល​វេលា​ឲ្យ​ជាក់ លាក់ ក្នុង​ការ​ប្រកាស​សាលក្រម និង​ពន្លឿន​ដំណោះស្រាយ​ជូន​ពួកគាត់​នោះ​ទេ ពលរដ្ឋ​នឹង​បាត់បង់​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ។

ពលរដ្ឋ​ចាញ់បោក​ក្រុមហ៊ុន​លោក ហ៊ី គឹមហុង ម្នាក់ទៀត សុំ​មិន​បញ្ចេញ​ឈ្មោះ លើកឡើង​ថា ពួកគាត់​រង់ចាំ​ដំណោះស្រាយ និង​យុត្តិធម៌​ជាច្រើន​ឆ្នាំ​ហើយ ដូច្នេះ បើសិន​តុលាការ​នៅតែ​ពន្យារពេល និង​មិន​មាន​ចំណាត់ការ​លើ​អ្នក​ឆបោក​ប្រាក់​ទេ ពួកគាត់​នឹង​នាំគ្នា​ឡើង​ទៅ​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​ភ្នំពេញ​ជាថ្មី​ទៀត។

លោក សោម ឆេង៖ «ខ្ញុំ​ឡើង​ទៅ​បិទ​ទីក្រុង​ភ្នំពេញ​ដូច​រាល់ដង​អ៊ីចឹង លើក​ហ្នឹង គឺ​ខ្ញុំ​ធ្វើ ខ្លាំង​ជាង​មុន ពួក​ខ្ញុំ​អត់​ខ្លាច​ទេ​។ ខ្ញុំ​ជា​រាស្ត្រ​ធម្មតា​ទេ តូចតាច​ទេ ចៅហ្វាយក្រុង​អី សម្ដេច​អី ខ្ញុំ​ទៅ​អស់ហើយ ខុទ្ទកាល័យ​អី​ខ្ញុំ​ទៅ​ដាក់​អស់ហើយ ដាក់​គ្រប់កន្លែង​អស់ ហើយ​ទៅណា​ក៏​ខ្ញុំ​ទៅ​ដែរ​។ បើសិន​តុលាការ​មិន​មាន​ចំណាត់ការ​ទៅលើ​បុគ្គល ដែល​បោកប្រាស់​យើង បុគ្គល ហ៊ី គឹមហុង ហ្នឹង គឺ​ខ្ញុំ​ទៅទៀត ខ្ញុំ​នឹង​នាំគ្នា​ទៅទៀត ទាំង ២៥ ខេត្ត​-​ក្រុង​ដែល​ចាញ់បោក អ្នក​ដែល​បាន​ដាក់​ពាក្យ​ប្ដឹង គឺ​ទៅទៀត ប៉ុន្តែ ខ្ញុំ​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ប្រាប់​ទៅ​ខាង​តុលាការ​ថា ពួក​ខ្ញុំ​មិនមែន​ជា​អ្នកនយោបាយ ឬក៏​ជា​អ្នក​បោះ​បោល​សង្គម​អី​ទេ ពួក​ខ្ញុំ​ជា​ជនរងគ្រោះ»។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ បាន​ទេ នៅ​ថ្ងៃទី​២១ ខែ​មេសា។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត យល់ថា ដើម្បី​កុំ​ឲ្យ​សំណុំ​រឿង​នេះ អូស​បន្លាយ​កាន់តែ​យូរ​នោះ តុលា​ការគួរ​ប្រកាស​សាលក្រម​ឲ្យ​បាន​ឆាប់ ពីព្រោះ​ដំណើរការ​នៅ​តុលាការ គឺ​មិនមែន​បញ្ចប់​ត្រឹម​សាលាដំបូង​នោះ​ទេ បើសិន​ភាគី​ណាមួយ​មិន​សុខចិត្ត ពួកគេ​អាច​ប្ដឹង​បន្ត​ទៅ​តុលាការ​ជាន់ខ្ពស់​ទៀត។

លោក​កត់សម្គាល់​ថា ពលរដ្ឋ​តែងតែ​ដាក់​ក្ដី​សង្ឃឹម លើ​តុលាការ​ក្នុង​ការ​ផ្ដល់​យុត្តិធម៌ និង​ទទួល​បាន​សំណង​ខ្លះ​ជូន​ពួកគាត់ ដើម្បី​យក​ទៅ​ដោះបំណុល ប៉ុន្តែ​បើសិន​មិន​ទទួល​បាន​ដំណោះស្រាយ​ឆាប់​នោះ​ទេ លោក​ថា នឹង​ធ្វើ​ឲ្យ​ជីវភាព​របស់​ពលរដ្ឋ​កាន់តែ​លំបាក ហើយ​អាច​នឹង​ប៉ះពាល់​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ថែមទៀត។

លោក អំ សំអាត៖ «វា​បង្កើត​ភាព​អយុត្តិធម៌​សម្រាប់​ពួកគាត់​មួយទៀត​ហើយ នៅក្នុង​ដំណើរការ​នីតិវិធី​។ អ៊ីចឹង​គាត់​ក្លាយជា​ជនរងគ្រោះ​ផង ហើយ​ទទួល​នៅ​ភាព​អយុត្តិធម៌ ហើយ​អ្វី​ដែល​រង់ចាំ​អន្ទះសា​ហ្នឹង ចាំ​មើល​ដំណោះស្រាយ ឬក៏​សាលក្រម ឬ​សាលដីកា​ហ្នឹង ដើម្បី​ទទួល​បាន​នៅ​ភាព​យុត្តិធម៌​សម្រាប់​ពួកគាត់​ជាពិសេស ពួកគាត់​ដែល​ជំពាក់ បំណុល​គេ វ័ណ្ឌក ដូចជា បំណុល​មីក្រូហិរញ្ញវត្ថុ ធនាគារ ឬក៏​ឯកជន​បន្ថែម​ទៀត​។ ពួក​គាត​ដាក់​ក្ដី​សង្ឃឹមថា នឹង​ទទួល​បាន​សំណង​ខ្លះ​ឬក៏​សំណង​ដើម្បី​សង​ត្រឡប់ ទៅ​ម្ចាស់បំណុល​ទាំងអស់​នោះ​វិញ»។

អតីត​ឧកញ៉ា ហ៊ី គីមហុង ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ខែ សីហា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​នឹង​បទ​ចោទ​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស បន្ទាប់ពី​ក្រុម​ប្រជាពលរដ្ឋ បាន ដាក់ពាក្យ​បណ្ដឹង​ប្ដឹង​ឧកញ៉ា​រូប​នេះ​។ ប៉ុន្តែ​កាលពីដើម​ខែវិច្ឆិកា​ឆ្នាំ​២០២៣ ម្ចាស់ ក្រុមហ៊ុន​ពិភព​ដី​មាស​អតីត​ឧកញ៉ា ហ៊ី គឹមហុង ត្រូវ​បាន​សាលាឧទ្ធរណ៍​ភ្នំពេញ ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន បន្ទាប់ពី​ជាប់​ពន្ធនាគារ​ប្រមាណ ៣​ខែ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ