យោធា​ថៃ​បន្ត​ឈូសឆាយ​តំបន់​ព្រំដែន​ខេត្ត​ព្រះវិហារ និង​ឧត្តរមានជ័យ ដោយ​រំលោភ​ចូល​ដី​កម្ពុជា​មួយ​ផ្នែក

0
63
ទិដ្ឋភាព​ព្រះសង្ឃ និងយោធា​ថៃ​ឈូសឆាយសង់​ផ្លូវ នៅ​តំបន់​ព្រំដែន លើជួរភ្នំដងរែក នៃ​ខេត្ត​ឧត្ដរមានជ័យ កាលពីថ្ងៃទី២៥ កញ្ញា ២០២៦។ រូប៖ ទាហានថៃ
ទិដ្ឋភាព​ព្រះសង្ឃ និងយោធា​ថៃ​ឈូសឆាយសង់​ផ្លូវ នៅ​តំបន់​ព្រំដែន លើជួរភ្នំដងរែក នៃ​ខេត្ត​ឧត្ដរមានជ័យ កាលពីថ្ងៃទី២៥ កញ្ញា ២០២៦។ រូប៖ ទាហានថៃ

យោធា​ថៃ​នៅតែ​បន្ត​សកម្មភាព​ឈូសឆាយ និង​សាងសង់​សំណង់​ជា​ច្រើន​ទីតាំង នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្ត​ព្រះវិហារ និង​ឧត្តរមានជ័យ ដោយ​បាន​រំលោភ​ចូល​ទីតាំង​មួយចំនួន​ក្នុង​ទឹកដី​កម្ពុជា និង​ជា​ទីតាំង​ដែល​ភាគី​កម្ពុជា​ធ្លាប់​បាន​តវ៉ា។ សកម្មភាព​សាងសង់​របស់​ភាគី​ថៃ​ទាំងនេះ​រួមមាន​ផ្លូវ​យុទ្ធសាស្ត្រ រូបសំណាក លេណដ្ឋាន​យោធា និង​សំណង់​អាគារ​ជាដើម។

បច្ចុប្បន្ន​នេះ​ស្ទើរតែ​គ្រប់​ទីកន្លែង​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា យោធា​ថៃ​បាន​ធ្វើ​សកម្មភាព​ឈូសឆាយ និង​ឈ្លានពាន​ចូល​ក្នុង​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន ដែល​ធ្វើឱ្យ​ស្ថានភាព​ជម្លោះ​នៅតែ​តានតឹង និង​បន្ត​ជាប់គាំង។

តាមរយៈ​វីដេអូ ដែល​យោធា​ថៃ​បាន​ចែក​រំលែក​នៅលើ​បណ្ដាញ​សង្គម​ក្នុងពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​ពី​សកម្មភាព​របស់​យោធា​ថៃ​កំពុង​សាងសង់​ផ្លូវ​យុទ្ធសាស្ត្រ​មួយ​ខ្សែ​នៅ​តាម​បណ្ដោយ​ព្រំដែន​ខេត្ត​ព្រះវិហារ ដែល​តភ្ជាប់​ពី​តំបន់​អានសេះ ឆ្ពោះ​ទៅកាន់​តំបន់​មុំបី។ នៅក្នុង​វីដេអូ ដដែល​នោះ បាន​បង្ហាញ​ពី​ទីតាំង​ដែល​យោធា​ថៃ​បាន​សាងសង់​ផ្លូវ ដោយ​កាត់ទទឹង​លើ​ខ្នង​ភ្នំ​ដងរែក នៅក្នុង​តំបន់​ដែល​មាន​រាង​កោង​ដូច​ក្រចក​សេះ ដើម្បី​ភ្ជាប់​ពី​ភូមិសាស្ត្រ​ភ្នំ​៧៥៤ នៅ​តំបន់​អានសេះ ទៅកាន់​ភូមិសាស្ត្រ​ភ្នំ​៧៤៥ នៅ​តំបន់​មុំបី និង​មួយ​ផ្នែក​ទៀត យោធា​ថៃ​បាន​សាងសង់​ដោយ​ឈូសឆាយ​អម​តាម​ខ្សែ​បន្ទាត់​ព្រំដែន និង​រំលោភ​ចូលក្នុង​ទីតាំង​មូលដ្ឋាន​ទ័ព​របស់​កម្ពុជា​ជាច្រើន​ទីតាំង។

ចំណែក​នៅ​តំបន់​ភ្នំ​ខ្មោច និង​ភ្នំ​៥០០ យោធា​ថៃ​បាន​បន្ត​សាងសង់​ផ្លូវ និង​លេណដ្ឋាន​ជា​ច្រើន​ទីតាំង​ទៀត ដោយ​ឆ្លង​ចូលក្នុង​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា។ ទាហាន​ខ្មែរ​ម្នាក់ ដែល​កំពុង​ឈរ​ជើង​នៅ​តំបន់​ព្រំដែន​ខេត្ត​ព្រះវិហារ បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ី​សេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា យោធា​ថៃ​បាន​សាងសង់​ផ្លូវ​ជា​ច្រើន​ខ្សែ​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា ដោយ​តំបន់​ខ្លះ​យោធា​ថៃ​បាន​សាងសង់​ផ្លូវ​វា​ទី​ចូលក្នុង​ទីតាំង​ល្បាត​របស់​ទាហាន​ខ្មែរ ដែល​ស្ថិត​នៅ​តាម​ជម្រាល​ភ្នំ​ដងរែក និង​មួយ​ជាន់​ទៀត យោធា​ថៃ​បាន​សាងសង់​ជា​ទម្រង់​ផ្លូវ​យុទ្ធសាស្ត្រ មាន​សភាព​រឹងមាំ ដែល​លោក​អះអាង​ថា​ជា​ផ្លូវ​សម្រាប់​ដឹកជញ្ជូន​សម្ភារៈ​យោធា និង​ចល័ត​កម្លាំង​ទ័ព​ពី​តំបន់​ភ្នំ​ខ្មោច​ទៅកាន់​តំបន់​ភ្នំ​ទ្រព្យ ដែល​ស្ថិត​នៅ​ក្បែរ​ទីតាំង​ប្រាសាទ​ព្រះវិហារ។

ដោយឡែក​នៅ​ឯ​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ​វិញ យោធា​ថៃ​បាន​បន្ត​ចូល​ឈូស​ឆាយ សាងសង់​ផ្លូវ លេណដ្ឋាន ទីស្នាក់ការ និង​រូបសំណាក ចូលក្នុង​ទឹកដី​កម្ពុជា ក្នុង​ភូមិសាស្ត្រ​បង្គោល​ព្រំដែន​លេខ​២ និង​លេខ​៣ ដែល​ស្ថិត​នៅ​តំបន់​ភ្នំ​បេង និង​ទំនប់​តាទុំ ទោះបីជា​ភាគី​កម្ពុជា បាន​ចេញ​លិខិត​តវ៉ា​ឱ្យ​បញ្ឈប់​សកម្មភាព​ទាំងនេះ​ក៏​ដោយ​។

រីឯ​នៅ​តំបន់​ប្រាសាទ​តាក្របី និង​ភ្នំ​៣៥០ វិញ ក្រោយ​ឈ្លានពាន​ដណ្ដើម​កាន់កាប់​ពី​កម្ពុជា​បាន​រយៈពេល​ជិត​មួយ​ឆ្នាំ​មក​នេះ យោធា​ថៃ​បាន​បន្ត​ពង្រីក​សួនច្បារ កសាង​រូបសំណាក និង​សាងសង់​សំណង់​រឹង​ជាច្រើន​ទីតាំង ដែល​ធ្វើឱ្យ​តំបន់​មួយ​នេះ បាន​ក្លាយទៅជា​តំបន់​ទេសចរណ៍​ពេញលេញ​មួយ។ បច្ចុប្បន្ន​នេះ ទោះបីជា​ប្រាង្គ​ប្រាសាទ​តា​ក្របី មាន​សភាព​បែកបាក់​ដោយសារ​ការ​វាយប្រហារ​ពីសំណាក់​យោធា​ថៃ​ក្នុង​អំឡុង​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន​យ៉ាងណា​ក្ដី ក៏​ប្រជា​ពលរដ្ឋ​ថៃ​បាន​នាំគ្នា​ទៅ​ទស្សនា និង​រៃ​អង្គាស​ប្រាក់​ឱ្យ​យោធា​ថៃ​អភិវឌ្ឍ​ក្នុង​តំបន់​នេះ​ថែមទៀត។

ទូរទស្សន៍​អាស៊ី​សេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា និង​រដ្ឋមន្ត្រី​ទទួល​បន្ទុក រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន លោក ឡាំ ជា ដើម្បី​ផ្ទៀងផ្ទាត់​អំពី​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន យល់​ឃើញ​ថា យោធា​ថៃ​កំពុង​ប្រើប្រាស់​កិច្ចព្រមព្រៀង​បទឈប់បាញ់ បកស្រាយ​ច្បាប់​តាម​អំពើចិត្ត ដើម្បី​យក​លេស​ឈ្លាន​ពាន​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន។ លោក​បន្ត​ថា កម្ពុជា​មិន​គួរ​លេង​ល្បែង​តវ៉ា​ឆ្លើយឆ្លង​គ្នា​ជាមួយ​ភាគី​ថៃ​តទៅ​ទៀត​នោះ​ទេ ដោយ​កម្ពុជា​គួរតែ​រក​វិធី​ទប់ស្កាត់​សកម្មភាព​របស់​យោធា​ថៃ​នៅក្នុង​ទីតាំង​ជាក់ស្ដែង និង​លើក​យក​ករណី​នេះ​ដោះស្រាយ​តាម​យន្តការ​ច្បាប់​អន្តរជាតិ។

លោក អ៊ុំ សំអាន៖ «ថៃ​វ៉ៃ​ខ្លាំង​ទៅត្រកូល​ហ៊ុនបាក់ស្បាត​អញ្ចឹង​លែង​ហ៊ាន​ជាមួយ​ថៃអត់​ប្រើ​សិទ្ធិ​ស្វ័យ​ការពារហើយ​បណ្ដោយ​ឱ្យ​ថៃ​ឈ្លានពាន​ទឹកដី​ខ្មែរ​យើង​ស្រេច​ចិត្តហើយ​និង​ពេល​ដែល​ថៃសំណូមពរ​ដូចជា លុប​ត្រង់សេឬ​ដកថយ​ចេញពី​តំបន់ ណាមួយ អញ្ចឹង គឺ​ធ្វើ​តាម​សំណូមពរ​របស់​ថៃ»។

លោក អ៊ុំ សំអាន អះអាង​ថា បច្ចុប្បន្ន​យោធា​ថៃ​បាន​កាន់កាប់​ទឹកដី​កម្ពុជា​នៅ​តាម​បណ្ដោយ​ព្រំដែន ក្នុង​អំឡុង​ផ្ទុះ​សង្គ្រាម និង​ក្រោយ​បទឈប់បាញ់ មាន​ចំនួន ៨១ទីតាំង។

ពាក់ព័ន្ធ​នឹង​ជម្លោះ​ព្រំដែន​នេះ​ដែរ កាលពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ថៃ​លោក ស៉ូរាសាន់ គង់ស៊ីរី (Surasan Kongsiri) បាន​វាយតម្លៃ​ស្ថានភាព​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ក្នុង​កម្រិត​ទី​១.៥ ​ក្នុង​ចំណោម​កម្រិត​ទី​៥ ដែល​ចំណុច​ខ្ពស់​បំផុត និង​ជា​កម្រិត​នៃ​ការ​ផ្ទុះ​សង្គ្រាម។ លោក​បន្ត​ថា ស្ថានភាព​ជម្លោះ​ព្រំដែន​សព្វ​ថ្ងៃ​នេះ គឺ​ភាគី​ថៃ​អាច​គ្រប់គ្រង​បាន ខណៈ​យោធា​ថៃ​បាន​ត្រៀម​កងទ័ព សម្ភារៈ​យោធា និង​ឃ្លាំមើល​សកម្មភាព​របស់​កងទ័ព​ខ្មែរ​ជា​ប្រចាំ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ