

ខណៈយោធាថៃកំពុងធ្វើសកម្មភាពឈ្លានពានកម្ពុជានៅតាមព្រំដែននោះ នៅឯទីស្នាក់ការរបស់អង្គការសហប្រជាជាតិ ឯណោះវិញ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) បានប្រើប្រាស់វោហារសាស្ត្រដោយបង្ហាញពីបំណងចរចាសន្តិភាពជាមួយកម្ពុជា នៅមហាសន្និបាតអង្គការសហប្រជាជាតិ។ អ្នកឃ្លាំមើលថា កាលើកឡើងរបស់មេដឹកនាំថៃ មានភាពផ្ទុយស្រឡះពីទង្វើ ព្រោះភាគីថៃបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ចំនួន ២លើក និងកំពុងបន្តធ្វើសកម្មភាពកែប្រែភូមិសាស្ត្រក្នុងទឹកដីកម្ពុជានៅតាមព្រំដែនយ៉ាងសកម្ម។
ថ្លែងនៅក្នុងសម័យប្រជុំលើកទី ៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅបុរីញូវយ៉ក (New York) នៃសហរដ្ឋាអាមេរិក (USA) កាលពីថ្ងៃទី២៥ ខែកញ្ញា នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរៈគុល បាននិយាយមិនដាច់ពីមាត់អំពីសន្តិភាព ការចរចាបញ្ចប់ជម្លោះព្រំដែនជាមួយកម្ពុជា និងការសម្របសម្រួលជម្លោះរបស់ប្រទេសនៅក្នុងតំបន់។
នៅក្នុងវេទិកាដែលមិនសូវមានតំណាងប្រទេសអន្តរជាតិចូលរួមស្ដាប់នេះ លោក អានុទីន បានលើកឡើងអំពីឆន្ទៈដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់ជិតខាងរបស់ថៃ ជាពិសេសគឺជម្លោះព្រំដែនកម្ពុជា និងថៃ ដោយលោកលើកឡើងថា ប្រទេសថៃ និងកម្ពុជា បានឆ្លងកាត់ «ដំណាក់កាលដ៏លំបាកមួយ» ក្រោយលោកបានចរចាគ្នាជាមួយមេដឹកនាំកម្ពុជា លោក ហ៊ុន ម៉ាណែត ដើម្បីពិភាក្សាដោះស្រាយវិវាទព្រំដែន និងស្ដារទំនុកចិត្តជាមួយគ្នាឡើងវិញ។ លោកបន្តថា ជាចុងក្រោយភាគីកម្ពុជានៅតែជ្រើសរើស ការដោះស្រាយតាមយន្តការផ្សះផ្សាដោយបង្ខំ (UNCLOS) ដើម្បីដោះស្រាយជម្លោះដែនសមុទ្រជាមួយថៃ ជំនួសឱ្យការចរចាទ្វេភាគី ដែលធ្វើឱ្យការកសាងទំនុកចិត្តរវាងភាគីទាំងពីរត្រូវបាត់បង់។
មេដឹកនាំថៃដែលចេញមកពីក្រុមអភិរក្សនិយមរូបនេះ បានអះអាងថា «ប្រទេសថៃមិនចង់ឱ្យកើតមានការប៉ះទង្គិចគ្នានោះទេ ក៏ប៉ុន្តែសន្តិភាពអាចកសាងបានលុះត្រាតែភាគីកម្ពុជាត្រូវបង្ហាញពីភាពស្មោះត្រង់ចំពោះភាគីប្រទេសថៃ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ចាន់ រតនា ដើម្បីសាកសួរអំពីប្រតិកម្ម និងបច្ចុប្បន្នភាពជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៥ ខែកញ្ញា។
មេដឹកនាំប្រទេសនានាក្នុងពិភពលោករួមទាំងប្រទេសថៃផង បានទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីថ្លែងសារក្នុងបំណងការពារផលប្រយោជន៍ប្រទេសរបស់ខ្លួន។ ដោយឡែក លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត វិញ លោក មិនបានទៅចូលរួម មហាសន្និបាតអង្គការសហប្រជាជាតិ នេះទេ ទំនងជាលោក ជាប់រវល់ក្នុងការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីលាងកេរ្តិ៍រដ្ឋាភិបាល និងគ្រួសាររបស់លោក ពាក់ព័ន្ធនឹងរឿងឧក្រិដ្ឋកម្មឆបោកអន្តរជាតិនេះ។ ទោះជាយ៉ាងណា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានបញ្ចូនរដ្ឋមន្ត្រីការបទេស លោក ប្រាក់ សុខុន ឲ្យទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅបុរីញូវយ៉ក (New York)នេះដែរ ប៉ុន្តែគេនៅមិនទាន់ឃើញប្រមុខការទូតកម្ពុជារូបនេះ បានថ្លែងឆ្លើយតបទៅមេដឹកនាំថៃ ឬការលើកឡើងអំពីបញ្ហាជម្លោះកម្ពុជា-ថៃនោះទេ។
ទាក់ទងនឹងបញ្ហានេះ មេបក្សប្រឆាំង លោក សម រង្ស៊ី បានបង្ហោះសារថា ខណៈដែលមេដឹកនាំប្រទេសនានាក្នុងពិភពលោក ប្រមូលផ្តុំគ្នានៅទីក្រុងញូវយ៉ក ដើម្បីថ្លែងសុន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងបំណងការពារផលប្រយោជន៍ប្រទេសរបស់ខ្លួន នាយករដ្ឋមន្ត្រីកម្ពុជាបែរជាបង្ហាញថា ខ្លួនគ្មានសមត្ថភាពការពារកេរ្តិ៍ឈ្មោះ និងបូរណភាពទឹកដីរបស់ប្រទេសកម្ពុជាឡើយ។ លោក សម រង្ស៊ី ចាត់ទុកថា របប ហ៊ុន សែន បាននាំមកនូវភាពអាម៉ាស់ និងភាពឯកោដល់កម្ពុជា។
ក្នុងពេលអវត្តមានលោក ហ៊ុន ម៉ាណែត នេះ មេដឹកនាំថៃ បានប្រើវេទិកាអង្គការសហប្រជាជាតិ ដើម្បីវាយប្រហារ និងចោទលើកម្ពុជាច្រើនពាក់ព័ន្ធនឹងជម្លោះព្រំដែននេះ។
ទោះជាយ៉ាងណា ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា ការថ្លែងរបស់មេដឹកនាំថៃក្នុងវេទិកាអង្គការសហប្រជាតិ គឺគ្មានទម្ងន់នោះឡើយ ព្រោះការលើកឡើងនេះ មានភាពផ្ទុយគ្នាពីរបាយការណ៍របស់អន្តរជាតិ និងទិដ្ឋភាពជាក់ស្ដែង នៅតាមខ្សែបន្ទាត់ព្រំដែន ដែលយោធាថៃកំពុងធ្វើសកម្មភាពឈ្លានពានក្នុងទឹកដីកម្ពុជា ខណៈប្រជាពលរដ្ឋខ្មែរ ចំនួនរាប់ម៉ឺននាក់ នៅមិនអាចត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេបាននោះឡើយ ក្រោយយោធាថៃបានបណ្ដេញចេញដោយបង្ខំ។ «»
បច្ចុប្បន្ននេះ យោធាថៃកំពុងធ្វើសកម្មភាពឈូសឆាយ និងកែប្រែទីតាំងជាក់ស្ដែងយ៉ាងសកម្ម នៅក្នុងទឹកដីកម្ពុជានៅតាមព្រំដែន ក្នុងខេត្តទាំង៦ ដែលស្ថិតនៅជាប់ព្រំដែនថៃ ក្នុងទម្រង់រូបភាពផ្សេងៗ មានដូចជា រាយបន្លាលួស កាយប្រឡាយ តម្រៀបទូកុងតឺន័រ និងឈូសឆាយជាដើម។
ទោះជាបែបនេះក្ដី នៅលើវេទិការបស់អង្គការសហប្រជាជាតិ លោក អានុទីន បាននិយាយអះអាងដដែលអំពីតម្លៃសន្តិភាព និងបានទាញបញ្ហាវិបត្តិនៅប្រទេសភូមា ឬមីយ៉ាន់ម៉ា មកផ្សភ្ជាប់ផងដែរ ដោយលោកបានស្នើឱ្យមានការផ្សះផ្សាជាតិ និងដំណោះស្រាយដ៏យូរអង្វែងមួយសម្រាប់ដឹកនាំប្រទេសមីយ៉ាន់ម៉ា។ ទន្ទឹមគ្នានេះ លោកក៏បានប្រាកាសពីគោលជំហររបស់ថៃ ក្នុងការគាំទ្រឱ្យមានការកែទម្រង់អង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់សមភាពសកល និងជំរុញសន្តិភាពផងដែរ។
យ៉ាងណាក៏ដោយចុះ មហាសន្និបាតអង្គការសហប្រជាជាតិ នៅឆ្នាំនេះ តំណាងប្រទេសដែលមកចូលរួមហាក់មិនសូវផ្ដោតទៅលើបញ្ហាជម្លោះព្រំដែន រវាងកម្ពុជា និងថៃនោះឡើយ ដោយទិដ្ឋភាពនៅកិច្ចប្រជុំនេះបានពោរពេញដោយភ្លើងកំហឹង និងការថ្លែងសារវាយប្រហារគ្នា ពីសំណាក់មេដឹកនាំមហាអំណាចពាក់ព័ន្ធនឹងរឿងសង្គ្រាម រុស្សីឈ្លានពាន អ៊ុយក្រែន សង្គ្រាម អ៊ីស្រាអែល នៅតំបន់កាហ្សា និងសង្គ្រាមរវាងសហរដ្ឋអាមេរិក ជាមួយប្រទេស អ៊ីរ៉ង់ ជាដើម៕








